អាជ្ញាធរភ្នំពេញនឹងបិទផ្លូវជុំវិញស្តាតអូឡាំពិកដើម្បីអបអរការចុះបញ្ជីប្រាសាទសម្បូណ៌ព្រៃគុក

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

តំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក (រូបភាព៖ Facebook)


អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ជុំ​វិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ស្អែក​នេះ ដោយ​ថា ដើម្បី​រៀបចំ​ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រវត្តិសាស្ត្រ​បុរាណ​ប្រាសាទ​សម្បូណ៌​ព្រៃគុក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក។

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សាលា​រាជ​ធានី​ភ្នំពេញ ប្រកាស​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន​ នៅ​​តាម​ដង​ផ្លូវ និង​មហាវិថី​នានា ​ជុំ​វិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់​ពី​ម៉ោង ៤​រសៀល​រហូត​ដល់​ម៉ោង ១០​យប់។

សាលា​រាជ​ធានី​ភ្នំពេញ ប្រាប់​ថា ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសម្បូណ៌​ព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ស្តាត​អូឡាំពិក ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

តំបន់​ប្រាសាទ​សម្បូណ៌​ព្រៃគុក ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​នោះ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ នៅ​ទីក្រក្រាកូវ ប្រទេស​ប៉ូឡូញ។

ប្រាសាទ​សម្បូណ៌​ព្រៃគុក គឺ​ជាសំណង់​ប្រាសាទ​បុរាណ​កម្ពុជា​ទី៣​ហើយ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​តំបន់​ប្រាសាទ​អង្គរ​វត្ត​នៅ​ឆ្នាំ​១៩៩២ និង​តំបន់​ប្រាសាទ​ព្រះ​វិហារ នៅ​ឆ្នាំ​២០០៨៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

What Next?

Recent Articles