ក្រសួង​សុខាភិបាល​បារម្ភ​ពី​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​ដែល​កំពុង​រីករាល​ដាល​នៅ​ចិន

ដោយ អេង គីមហុង
24/07/2017
RFI

media
រូបថតៈលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៤ខែកក្កដា​ឆ្នាំ២០១៧ (@ Nhak Serylak)


ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ​បាន​ធ្វើ​សន្និសីទ​កាសែត បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ជុំ​វិញ​ជំងឺ​ផ្ដាសាយ​​ប្រភេទ​ថ្មី​H7N9 ដែល​កំពុង​តែ​រីករាលដាល​នៅ​ប្រទេស​ចិន។ ជំងឺ​នេះ​ក៏​បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​ឡាវ និង​វៀតណាម​ហើយ​ដែរ។ នៅឡើយ កម្ពុជា និង​ថៃ​ជំងឺនេះ​មិន​ទាន់​ផ្ទុះ​ឡើង។

ក្ដី​ព្រួយ​បារម្ភ​របស់​ក្រសួង​សុខាភិបាល​ចំពោះ​ប្រភេទ​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី H7N9​នេះក៏​ព្រោះ​តែ​វា​ជា​ប្រភេទ​ជំងឺ​មួយ​ដែល​ឆ្លង​មក​សត្វ​មាន់ ឬ​បក្សី​ផ្សេង​ទៀត​មាន​លក្ខណៈ​សម្ងាត់ គឺ​ពិបាក​ព្យាបាល។ មិន​ដូច​ប្រភេទ​ជំងឺ​ផ្ដាសាយ​បក្សី H5N1​ឆ្លង​ទៅ​មាន់​ស្ដែង​ឲ្យ​ឃើញ​នៅ​នឹង​កន្លែង​តាមរយៈ​ការ​ប្រកាច់​ងាប់​ភ្លាមៗ។ H7N9នេះ​បើ​ឆ្លង​ទៅ​មនុស្សនឹង​កើត​​មាន​រោគ​សញ្ញា គ្រុន ក្ដៅ ពិបាក ដកដង្ហើប ជាដើម។

លោក​វេជ្ជ​បណ្ឌិត លី សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​គូសបញ្ជាក់​ថា កន្លង​មក​H7N9​នេះ​បាន​ឆ្លង​ទៅ​បុរស​ជន​ជាតិ​ចិន​ម្នាក់​នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​គាត់​បាន​ជា​ទៅ​វិញ​ក្រោយ​ព្យាបាល​នៅ​ម៉ាឡេ​ស៊ី។ ចំពោះ​វិធានការ​ទប់​ស្កាត់​ទៅ​លើ​H7N9​នេះ​គឺ​ក្រសួង​បាន​ប្រើ​ប្រាស់​វិធាន​ការ​ចាស់​ដដែល​គឺ​ឲ្យពលរដ្ឋ​រាយ​ការណ៍​មក​កាន់​លេខ​ទូរសព្ទ​១១៥​ប្រសិន​បើ​សង្ស័យ​ថា កើត​មាន​ជំងឺ​ផ្ដាសាយ​បក្សីដែល​កើត​ឡើង​ចំពោះ​មនុស្ស ឬសត្វ។

លោក លី សុវណ្ណ បន្តថា H7N9 កើត​មាន​តែ​នៅ​ចិន​មួយ​ប៉ុណ្ណោះ​ដែល​ជំងឺ​នេះ​បានកើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្លេះ។ តាំង​ពី​ឆ្នាំ​២០១៣​ដល់​២០១៧ H7N9បាន​កើតឡើង​១៥៣៣​ករណី និង​បាន​សម្លាប់​មនុស្ស​៥៩២​នាក់​នៅ​ក្នុង​ប្រទេស​ចិន​។ ក្រសួង​សុខា​ភិបា​ល​កម្ពុជា​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ចំអិន​សាច់ ព្រោះ​ខ្លាចកើត​មាន​ជំងឺ​ផ្ដាសាយ​បក្សី ដោយ​សារ​តែ​ភាគ​ច្រើន​សាច់​នាំ​ចូល​ពី​ក្រៅ​មាន​ចំនួន​ច្រើន​។

ដោយ​ឡែក​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ពេល​តែ​មួយ​នេះ​ដែរ ក្រសួង​សុខាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រភេទ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា​ហៅ​កាត់MERS។ ដូច​គ្នា​នេះ​MERS​មិន​ទាន់​មក​ដល់​កម្ពុជា​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ជំងឺ​នេះ​កំពុង​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ។ វា​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​ជិត​ស្និទ្ធ។ គិត​ចាប់​តាំង​ពី​ឆ្នាំ២០១២​មក​ដល់​ឥលូវ​MERS​បាន​សម្លាប់​មនុស្ស​៧១២​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​២៧៕

What Next?

Recent Articles