សហគមន៍​ថា​តំបន់​ព្រៃ​ព្រះ​រកា​កំពុង​រង​ការ​កាប់​ឈើ​កើន​ឡើង​ខ្លាំង

ដោយ ហង្ស សាវយុត
2017-07-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឈើ​ធំៗ​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​គេ​លួច​អារ​រំលំ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ
ឈើ​ធំៗ​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​គេ​លួច​អារ​រំលំ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ


សកម្មភាព​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​នៅ​ព្រៃ​ព្រះ​រកា ជា​តំបន់​ប្រជុំ​ភូមិសាស្ត្រ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ កំពុង​កើត​មាន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប្រមាណ ៤​ខែ​ចុង​ក្រោយ​នេះ។

សហគមន៍​ការពារ​ព្រៃឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ព្រួយ​បារម្ភ​ថា ប្រសិន​បើ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​មិន​ទប់ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ព្រៃ​ព្រះ​រកា នោះ​ទេ មិន​យូរ​មិន​ឆាប់ ព្រៃឈើ​ដ៏​កម្រ​នឹង​បាត់បង់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។

សហគមន៍​ការពារ​ព្រៃឈើ​និង​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ នៅ​ខេត្ត​ព្រះវិហារ រិះគន់​ថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ជាច្រើន​ផ្នែក កំពុង​តែ​ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប​ទៅ​លើ​សកម្មភាព​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា។

ការ​រិះគន់​នេះ បាន​កើត​ឡើង​ក្រោយ​ពី​គេ​ឃើញ​ថា សកម្មភាព​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​កំពុង​កើន​ឡើង​ខ្លាំង​នៅ​តំបន់​ព្រៃ​ព្រះ​រកា ប៉ុន្តែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ហាក់​មិន​សូវ​អើពើ​ក្នុង​រឿង​បង្ក្រាប​ទេ។

សមាជិក​សហគមន៍​ព្រះ​ព្រៃ​រកា ម្នាក់​ដែល​ទើប​តែ​បាន​ចុះ​ល្បាត​ការពារ​ព្រៃ គឺ​លោក បា ផល។ លោក​អះអាង​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កក្កដា ថា លោក​មាន​ការ​រន្ធត់​ចិត្ត​ជា​ខ្លាំង ដោយសារ​តែ​ឃើញ​ឈើ​ធំៗ​នៅ​សល់​តែ​គល់ រីឯ​ដើម​របស់​វា​ត្រូវ​បាន​គេ​អារ​ច្រៀក​ដឹក​ជញ្ជូន​យក​ទៅ​បាត់។ លោក បា ផល បញ្ជាក់​ថា បច្ចុប្បន្ន សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ព្រះ​រកា កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង ដោយសារ​តែ​គ្មាន​សមត្ថកិច្ច​បង្ក្រាប៖ «ពេល​យប់​ដឹក​ចេញ​តាម​គោយន្ត ៤៥​ច្រក ច្រក​មក​កាត់​ភូមិ​ពោធិ៍ ២​ច្រក ហើយ​កាត់​ទៅ​ប្រមេរ ចំនួន ៣​ច្រក​ទៀត»

សមាជិក​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍ លោក ពេជ្រ ពាន់ ទទួល​ស្គាល់​ថា សព្វថ្ងៃ​នេះ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា គឺ​ពិត​ជា​កើន​ឡើង​មែន ដោយ​ដើម​ឈើ​ធំៗ​នៅ​តំបន់​ជាច្រើន ត្រូវ​គេ​កាប់ ហើយ​ដឹក​ជញ្ជូន​យក​ទៅ​បាត់៖ «បើ​និយាយ​ទៅ ព្រៃ​ព្រះ​រកា​ហ្នឹង​គឺ​មាន​កាប់​នៅ​គ្រប់​តំបន់ តាំង​ពី​អូរស្កាច ខ្សាច់​ស និង​តំបន់​អូរក្រូច ជាដើម មាន​គ្រប់​តែ​កន្លែង»

កាប់​ឈើ​ព្រៃ​ព្រះ​រកា ព្រះវិហារ ២០១៧ ១៤៤០
ឈើ​ធំៗ​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​គេ​លួច​អារ​រំលំ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ


ក្រុម​សហគមន៍​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​បាន​កើត​ឡើង​តាំង​ពី​មុន​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ហើយ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​នេះ។ សហគមន៍​ការពារ​ព្រៃឈើ​រិះគន់​ថា ជា​រៀង​រាល់​ថ្ងៃ គេ​តែង​ឃើញ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ជា​ហូរហែ​នៅ​តាម​ផ្លូវ ប៉ុន្តែ​នៅ​ពេល​ដែល​គោយន្ត​ដឹក​ឈើ​មក​ដល់ គឺ​សមត្ថកិច្ច​ទាំងនោះ​មិន​ដែល​ចាប់​ទេ មាន​តែ​យក​លុយ​ពី​បទល្មើស​ទៅ​វិញ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ជុំវិញ​តំបន់​ព្រៃ​ព្រះ​រកា គឺ​មាន​ជន​ចំណាក​ស្រុក​ជាច្រើន។ ជន​ទាំងនោះ​មិន​ត្រឹម​តែ​កាប់​ឈើ​យក​ទៅ​លក់ដូរ​ខុស​ច្បាប់​ទេ ថែម​ទាំង​កាប់​ព្រៃ​ព្រះ​រកា​ក្នុង​បំណង​យក​ដី​ទៀត​ផង។ លោក ឡោ ចាន់ រិះគន់​ថា លោក​ធ្លាប់​សុំ​អន្តរាគមន៍​ទៅ​មន្ត្រី​ជំនាញ​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនោះ ប៉ុន្តែ​មន្ត្រី​ជាច្រើន​ផ្នែក​បាន​ត្រឹម​តែ​ជំរុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក៖ «នៅ​តំបន់​ព្រៃ​ព្រះ​រកា​ហ្នឹង ឥឡូវ​សម្បូរ​អ្នក​ចំណាក​ស្រុក​ណាស់ មិន​មែន​កាប់​យក​តែ​ឈើ​ទេ គឺ​ថែម​ទាំង​យក​ដី​កាន់​កាប់​ជា​កម្មសិទ្ធិ​ទៅ​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ព្រះ​រកា​កើន​ឡើង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា នៅ​ខេត្ត​ព្រះវិហារ មាន​តំបន់​ព្រៃ​ធំ​តែ​ពីរ​កន្លែង គឺ​ព្រៃ​ព្រះ​រកា និង​តំបន់​ព្រៃឡង់ ប្រសិន​បើ​សមត្ថកិច្ច​មិន​ព្រម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​ព្រះ​រកា ឲ្យ​ទាន់​ពេល​ទេ គឺ​ពលរដ្ឋ​ខេត្ត​នេះ​នឹង​គ្មាន​ព្រៃឈើ​ប្រើប្រាស់​ទៀត​ឡើយ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles