សិស្ស​១០​នាក់​ដួល​សន្លប់​នៅ​ពោធិ៍សាត់ ខណៈ​ត្រៀម​ចូល​ប្រឡង​ឆមាស​ទី​២

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧​ | ម៉ោង 3:45 PM
http://vodhotnews.com

សុខភាព

សិស្ស​​១០​នាក់ រៀន​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​រាយការណ៍​មក​ថា បាន​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ពេល​ពួកគេ​ត្រៀម​ខ្លួន​ចូល​ប្រឡង​ឆមាស​លើក​ទី​១ នៃ​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ។

ភ្នាក់ងារ​ពលរដ្ឋ​ជា​អ្នក​សារព័ត៌មាន​ប្រចាំ​នៅ​ខេត្ត​ពោធិ៍សាត់ នូ រ៉េន បាន​ប្រាប់​មក​ VOD ថា សិស្ស​ស្រីៗ ១០​នាក់ នៅ​វិទ្យាល័យ​បាក់​ចិញ្ចៀន ស្ថិត​ស្រុក​ភ្នំក្រវ៉ាញ់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​​បាក់ចិញ្ចៀន។

ប្រធាន​មណ្ឌល​សុខភាព​បាក់ចិញ្ចៀន លោក ប៉ុន ញ៉េន បាន​ឲ្យ​ដឹង​ថា សិស្ស​ស្រី​ៗ​ទាំង​នោះ បាន​ដួល​សន្លប់ បន្ទាប់​មាន​អការៈ​ថប​ដង្ហើម។ លោក​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ពិនិត្យ យុវតី​ទាំង​នោះ មាន​សុខភាព​ខ្សោយ ខ្វះ​ជីវជាតិ ជាពិសេស ជា​តិ​ស្ករ។

ចំណែក​មេ​ឃុំបាក់ចិញ្ចៀន លោក ជួប ឌិន បាន​ប្រាប់​ថា លោក​បាន​ទៅ​មើល​សិស្ស​ដួល​សន្លប់​ទាំង​នោះ​នៅ​សាលរៀន និង​មណ្ឌល​សុខភាព​ហើយ ព្រម​ទាំង​បាន​រាយការណ៍​ទៅ​ថ្នាក់​គ្រប់​គ្រង​ស្រុក​ផង​ដែរ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​សាក​សួរ​សិស្ស​សាលា​ទាំង​នោះ ហើយ​ដឹង​ថា ពួកគេ​ប្រឹង​ប្រែង​រៀន​ពេក មិន​សូវ​ហូប មិន​សូវបាន​គេង ព្រោះ​តែ​បារម្ភ​ខ្លាច​ប្រឡង​ធ្លាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មាន​សុខភាព​ខ្សោយ​ពេល​ជិត​ចូល​ប្រឡង៕

រាយការណ៍​ដោយ​​លោក នូ រ៉េន

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles