ប្រាសាទ​បន្ទាយឆ្មារ​ខេត្ត​បន្ទាយមានជ័យ​ពុំ​សូវ​មាន​អ្នក​ទៅ​ទស្សនា

ដោយ ហ៊ុំ ចំរើន
2017-07-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រាសាទ​បន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
ប្រាសាទ​បន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun



ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ជា​ប្រាសាទ​បុរាណ​របស់​ខ្មែរ​វ័យ​ចំណាស់​មួយ​ដែល​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ នៅ​សតវត្ស​ទី​១២ ដល់​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ។ នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ មាន​ភាព​ស្រស់​ស្អាត និង​មាន​ដើមឈើ​ធំៗ​ព័ទ្ធ​ជុំវិញ​ជាច្រើន គួរ​ឲ្យ​ចង់​គយគន់ ប៉ុន្តែ​បែរ​ជា​ពុំ​សូវ​មាន​អ្នក​ទៅ​ទស្សនា​ទៅ​វិញ។

ប្រាសាទ​បន្ទាយឆ្មារ មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ ផ្លូវ​ទៅ​ប្រាសាទ​មួយ​នេះ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​តាំង​ពី​ទី​រួម​ខេត្ត រហូត​ដល់​តួ​ប្រាសាទ ដោយ​ឆ្លង​កាត់​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក។ ថ្វីត្បិតតែ​ប្រាសាទ​មួយ​នេះ​ស្រស់​ស្អាត និង​មាន​ផ្លូវ​ងាយស្រួល​ធ្វើ​ដំណើរ​ក៏ដោយ​ចុះ ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ ពុំ​សូវ​មាន​ភ្ញៀវ​ទៅ​ទស្សនា​នោះ​ទេ ជាពិសេស​ភ្ញៀវ​អន្តរជាតិ​តែ​ម្ដង គឺ​ថ្ងៃ​ខ្លះ​ស្ទើរ​តែ​ពុំ​មាន​ម្នាក់​ឡើយ។

អ្នក​លក់ដូរ​នៅ​ខាង​មុខ​ប្រាសាទ​បន្ទាយឆ្មារ លោកស្រី បៀន យ៉ាធួក ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​កំពុង​លក់​អីវ៉ាន់​ថា លោកស្រី​ទើប​តែ​មក​លក់ដូរ​នៅ​តំបន់​ទេសចរណ៍​នេះ​ប្រមាណ ២​ខែ​ទេ ប៉ុន្តែ​ផ្ទះ​របស់​លោកស្រី​នៅ​ក្បែរ​ប្រាសាទ​មួយ​នេះ។ លោកស្រី​អះអាង​ថា ប្រាសាទ​បន្ទាយឆ្មារ ស្រស់​ស្អាត​ក៏​ពិត​មែន ក៏ប៉ុន្តែ​ពុំ​សូវ​មាន​ភ្ញៀវ​មក​ទស្សនា​នោះ​ទេ។ លោកស្រី​ងឿងឆ្ងល់​ថា មិន​ដឹង​មក​ពី​មូលហេតុ​អ្វី បាន​ជា​ប្រាសាទ​មួយ​នេះ​ពុំ​សូវ​មាន​ភ្ញៀវ​មក​ទស្សនា​ដូច​នៅ​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប៖ «អត់​មាន​អ្នក​ទេសចរ ហើយ​ក៏​គ្មាន​អ្នក​វិនិយោគ​ផ្នែក​ទេសចរណ៍​ក្នុង​តំបន់​នេះ​ដែរ ដូច្នេះ​ពលរដ្ឋ​នៅ​តំបន់​នេះ​លក់ដូរ​មិន​ដាច់​ទេ។ តាម​គំនិត ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន»

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​បាន​ទស្សនា​ជុំវិញ​ប្រាសាទ​មួយ​នេះ ខណៈ​ចុះ​យក​ព័ត៌មាន​ប្រហែល​ជាង ២​ម៉ោង ឃើញ​មាន​ភ្ញៀវ​ជាតិ​ទៅ​ទស្សនា​ប្រមាណ ១០​នាក់ ដោយ​ពុំ​មាន​ភ្ញៀវ​អន្តរជាតិ​នោះ​ទេ ហើយ​អ្នក​ដែល​ទៅ​ទស្សនា​នោះ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ តែ​ម្ដង។ ពួក​គាត់​មក​ទស្សនា​ប្រមាណ​កន្លះ​ម៉ោង ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។

អ្នក​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ កញ្ញា ហ៊ុន លៀងអ៊ី ផ្ដល់​សម្ភាស​ខណៈ​ចេញ​ពី​ទស្សនា​ប្រាសាទ​ថា កញ្ញា​មក​លេង​ប្រាសាទ​បន្ទាយឆ្មារ​ញឹកញាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ប្រាសាទ​មួយ​នេះ​មាន​ទេសភាព​ស្រស់​ស្អាត និង​មាន​ដើមឈើ​ធំៗ​គួរ​ឲ្យ​ចង់​ទស្សនា។ កញ្ញា​សម្បុរ​ស វ័យ ២៧​ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា បើ​ទោះ​ជា​ប្រាសាទ​បន្ទាយឆ្មារ មាន​ដើមឈើ​ធំ​ច្រើន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ខ្វះ​ការ​រៀបចំ​ប្រាសាទ និង​ការ​ផ្សព្វផ្សាយ​ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត៖ «ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រៀបចំ​ប្រាសាទ​ឡើង​វិញ ព្រោះ​អី​ខ្ញុំ​មាន​អារម្មណ៍​ថា ថ្ម​ប្រាសាទ​ធ្លាក់​បែកបាក់​ច្រើន​ជាង​កាល​ពី​មុន ដែល​ខ្ញុំ​ធ្លាប់​មក​លេង​ឃើញ​ថ្ម​ប្រាសាទ​នៅ​ល្អ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ​សូម​អាជ្ញាធរ​ជួយ​រៀបចំ​ឲ្យ​បាន​ស្អាត​ជាង​នេះ​ទៀត ព្រោះ​ប្រាសាទ​ជា​វប្បធម៌​របស់​ជាតិ​ខ្មែរ»

មន្ត្រី​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​ប្រចាំ​នៅ​ប្រាសាទ​បន្ទាយឆ្មារ លោក ម៉ៅ ស៊ី មាន​ប្រសាសន៍​ថា ប្រាសាទ​មួយ​នេះ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​មាន​អ្នក​ទេសចរ​មក​ទស្សនា​គិត​ជា​មធ្យម​ប្រមាណ ៣០​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ពី ២ ទៅ ៣​នាក់​ក្នុង​មួយ​ថ្ងៃ៖ «ប្រជាជន​ភាគច្រើន​ខ្ញុំ​សួរ​គាត់ គាត់​ថា​មក​មើល​ប្រាសាទ គឺ​គាត់​មក​មើល​តែ​ដុំ​ថ្ម។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​តែងតែ​បង្ហាញ​ប្រាប់​ពួក​គាត់​អំពី​ជីវប្រវត្តិ​របស់​ប្រាសាទ ឲ្យ​គាត់​យល់​ថា​មិន​មែន​មក​មើល​ដុំ​ថ្ម​ទេ គឺ​រឿងរ៉ាវ​មួយ​យើង​គួរ​តែ​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ព្រះរាជា​សាងសង់​ប្រាសាទ​នៅ​តំបន់​នេះ ដើម្បី​អ្វី? ហើយ​ជា​ភស្តុតាង​មែនទែន​ទៅ រឿងរ៉ាវ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាន​បង្ហាញ​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សម័យ​ព្រះបាទ​ជ័យវរ្ម័នទី៧ រួច​ទៅ​ហើយ។ ប៉ុន្តែ​ពលរដ្ឋ​យើង​ភាគច្រើន​គាត់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ឡើយ»

ដោយឡែក​ការ​រៀបចំ​ប្រាសាទ​វិញ លោក​អះអាង​ថា កាល​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អង្គការ មូលនិធិ​បេតិកភណ្ឌ​ពិភពលោក (Global Heritage Fund) បាន​ជួសជុល​ប្រាសាទ​ឡើង​វិញ​នៅ​ផ្នែក​ខាង​មុខ ដើម្បី​ឲ្យ​ប្រាសាទ​ស្រស់​ស្អាត​ជា​ទី​គយគន់​របស់​ភ្ញៀវ​ទេសចរ។ លោក​បន្ថែម​ថា ខាង​ក្រសួង​ក៏​កំពុង​ពិភាក្សា​គ្នា​ដើម្បី​ជួសជុល​បន្ត​ទៀត​ក្នុង​ពេល​ឆាប់ៗ៖ «ការពិត​ណាស់ រាជ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កំពុង​បញ្ជូន​មន្ត្រី​ជំនាញ​ជាច្រើន​ដើម្បី​សិក្សា​ចំណុច​ពិសេស​ដែល​ធ្វើ​ថ្ម​ប្រាសាទ​រលំ ហើយ​នឹង​លើក​ជា​គម្រោង​ដើម្បី​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ ជា​ដំណាក់កាល​ទៅ​តាម​ផែនការ​ដែល​យើង​បាន​ធ្វើ​ដាក់​ទៅ​ក្រសួង»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​បន្ទាយមានជ័យ លោក យ៉ង តាំងគួយ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

ប្រាសាទ​បន្ទាយឆ្មារ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ប្រាសាទ​មួយ​នេះ​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ នៅ​សតវត្ស​ទី​១២ ដល់​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ដោយ​គោល​បំណង​ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម​រាជ​កុមារ និង​មេទ័ព​ទាំង​៤។ ប្រាសាទ​មួយ​នេះ​មាន​ផ្ទៃដី​ពី​លិច​ទៅ​កើត​បណ្ដោយ ៧៧០​ម៉ែត្រ និង​ទទឹង ៦៩០​ម៉ែត្រ។ ចំណែក​តួ​ប្រាសាទ​ទទឹង ១៩០​ម៉ែត្រ និង​បណ្ដោយ ២៥០​ម៉ែត្រ និង​មាន​កម្ពស់​ចន្លោះ​ពី ៩ ទៅ ១០​ម៉ែត្រ ព្រម​ទាំង​មាន​កសិណ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​ដែល​មាន​ទទឹង ៦៣​ម៉ែត្រ។

មន្ត្រី​គាំពារ​ប្រាសាទ​បន្ទាយឆ្មារ អះអាង​ថា រដូវ​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មីនា ដែល​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២០០​នាក់​ក្នុង​មួយ​ខែ ចំណែក​រដូវ​ពុំ​សូវ​មាន​ភ្ញៀវ គឺ​ចាប់​ពី​ខែ​មេសា ដល់​ខែ​តុលា ដោយ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៦០​នាក់​ក្នុង​មួយ​ខែ។ ចំណែក​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​ពី ២៥ ទៅ ៣០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ប្រាសាទ​បន្ទាយឆ្មារ ៦២០
ដើម​ឈើ​ជំៗ​នៅ​ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧


What Next?

Recent Articles

Leave a Reply

Submit Comment