លោក ហ៊ុន សែន បណ្ដេញ​អង្គការ​អាមេរិក​មួយ​ចេញ​ពី​​កម្ពុជា​រឿង​ថា​ស្ត្រី​ខ្មែរ​លក់​កូន​ធ្វើ​ស្ត្រី​ពេស្យា

ដោយ ថា កិត្យា
2017-08-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​បណ្ដេញ​អង្គការ​អាមេរិក មួយ​ឈ្មោះ​មេត្រី​អន្តរជាតិ (Agape International Missions) ចេញ​ពី​កម្ពុជា ដែល​លោក​ចោទ​ថា អង្គការ​នេះ​ប្រមាថ​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា ថា​ម្ដាយ​យក​កូន​ទៅ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ។ រី​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ស្វែង​រក​ការពិត ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ពី​មជ្ឈដ្ឋាន​នានា​ថា វិធានការ​នេះ​ហាក់​បង្កប់​នូវ​រូបភាព​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល។

​​លោក ហ៊ុន សែន អះអាង​ថា ក្នុង​ឋានៈ​លោក​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​ប្រមាថ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ មេត្រី​អន្តរជាតិ ហៅ​កាត់​ថា (AIM) បន្ទាប់ពី​អង្គការ​មួយ​នេះ បាន​ផ្ដល់​ព័ត៌មាន​ដល់​ទូរទស្សន៍ ស៊ី.អិន.អិន (CNN) របស់​អាមេរិក និង​អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC NEWS) ដែល​បាន​ផ្សាយ​ថា «ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ»។

​លោក ហ៊ុន សែន ចោទ​ថា ការ​ផ្ដល់​ព័ត៌មាន និង​ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ជា​ការ​ប្រមាថ​កិត្តិយស​ស្ត្រី​ខ្មែរ​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បិទ​អង្គការ​មួយ​នេះ ដោយ​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ«ឥឡូវ​អត់​ទេ អង្គការ​មួយ​នេះ​ត្រូវ​តែ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ស៊ើប​អង្កេត។ ខ្ញុំ​ដាក់​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស ពិនិត្យ​មើល​ហើយ​បិទ​ចោល​ភ្លាមៗ​នូវ​ទង្វើ​បែប​នេះ គឺ​មិន​អាច​ទទួល​យក​កើត​ទេ»

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា នា​កោះពេជ្រ។ លោក ហ៊ុន សែន ក៏​ស្នើ​ដល់​ស្ថានទូត​អាមេរិក ស៊ើប​អង្កេត​ចំពោះ​អង្គការ​នេះ។ បន្ថែម​ពី​នេះ លោក​ថា នឹង​ឈាន​ដល់​បិទ​អង្គការ​ដទៃ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ ហើយ​និង​ទទួល​ចិញ្ចឹម​កុមារ​ទាំង​អស់​ពី​អង្គការ​ដែល​បិទ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ទូរទស្សន៍ ស៊ី.អិន.អិន បាន​ចុះ​ផ្សាយ​របាយការណ៍​មួយ​ដោយ​ដាក់​ចំណង​ជើង​ថា «ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ» ដោយ​មាន​បញ្ចូល​របាយ​ការណ៍​របស់​អង្គការ​មេត្រី​អន្តរជាតិ និង​សម្ភាស​ស្ត្រី​ជា​ជនជាតិ​វៀតណាម រស់​នៅ​កម្ពុជា មួយ​ចំនួន​ផង។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម មាន​ប្រសាសន៍​ថា លោក​មិន​អាច​ប្រាប់​លម្អិត​បាន​ទេ ខណៈ​ដែល​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​អំពី​ប្រវត្តិ​របស់​អង្គការ AIM នៅ​ឡើយ ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី«មិន​ដឹង​ទេ ទាល់​តែ​មើល​ខ្លឹមសារ​ឡើង​វិញ​ទាំងអស់ ទី​១ ច្បាប់​បាន​ចុះ​អត់? ទី​២ ខុស​ស្អី​ខ្លះ​អ៊ីចឹង​ណា

ជុំវិញ​ករណី​ទាំង​អស់​នេះ ខាង​អង្គការ​មេត្រី​អន្តរជាតិ បាន​សម្រេច​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អាស៊ីសេរី ឡើយ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​របស់​ក្រសួង​មហាផ្ទៃ សិន។

អង្គការ​មេត្រី​អន្តរជាតិ ១៤៤០
មណ្ឌល​បណ្ដុះបណ្ដាល​នៃ​អង្គការ​មេត្រី​អន្តរជាតិ មាន​ទីតាំង​នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev

រី​ឯ​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​​ចំពោះ​អង្គការ​ណា​ដែល​ធ្វើ​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ដើម្បី​បង្ហាញ​ភស្តុតាង​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឲ្យ​បាន​ដឹង​ថា តើ​ការ​ស្រាវជ្រាវ​នោះ​បាន​រក​ឃើញ​បទល្មើស​អ្វី​ខ្លះ ហើយ​សកម្មភាព​អង្គការ​នោះ​បាន​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ និង​ប្រជាជន​កម្ពុជា កម្រិត​ណា?

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ឆាប់​រហ័ស​ក្នុង​ការ​បិទ​ដោយ​មិន​មាន​ការ​ស៊ើប​អង្កេត និង​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​ទេ អាច​នឹង​បណ្ដាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា ការ​បិទ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល«ប្រទេស​យើង​មាន​ច្បាប់ និង​មាន​អាជ្ញាធរ​ជំនាញ ចឹង​ទោះ​យ៉ាង​ណា យើង​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​មួយ​ឡើង មុន​នឹង​សម្រេច​បិទ។ គឺ​យើង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ចង្អុល​បង្ហាញ​អំពី​ភស្តុតាង និង​បទល្មើស​ទាំងឡាយ ក៏ដូចជា​ច្បាប់ អ៊ិន.ជី.អូ (NGO) ដើម្បី​ឲ្យ​បង្ហាញ​ដើម្បី​កុំ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​គេ​មាន​ការ​យល់​ច្រឡំ»

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

​អង្គការ​មេត្រី​អន្តរជាតិ បាន​បង្កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៨៨ ដែល​ជា​អង្គការ​មនុស្សធម៌​មួយ​មាន​ទីស្នាក់ការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ ចាប់​ពី​ឆ្នាំ​២០០៥ មក​ទល់​បច្ចុប្បន្ន អង្គការ​នេះ​បាន​បង្វែរ​មក​ផ្ដោត​លើ​កិច្ចការ​ប្រឆាំង​នឹង​អំពើ​ទាសភាព​ផ្លូវ​ភេទ​លើ​កុមារ។

ទាក់ទិន​ករណី​នេះ​ដែរ ស្ថានទូត​សហរដ្ឋអាមេរិក បាន​ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក (Email) ថា ប្រទេស​កម្ពុជា បាន​បោះ​ជំហាន​គួរ​ឲ្យ​គាប់​ចិត្ត​ចំពោះ​សកម្មភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ​ដូច​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​របាយការណ៍​ជា​ច្រើន​ពេល​ថ្មីៗ​នេះ ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក មាន​មោទនភាព​ចំពោះ​ការ​ចូលរួម​ក្នុង​កិច្ចការ​ទាំង​នេះ។ ទោះបីជា​យ៉ាង​ណា ឧបសគ្គ​នៅ​តែ​កើត​មាន​នៅ​ឡើយ។ ស្ថានទូត​សហរដ្ឋអាមេរិក ជឿ​ជាក់​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​សកម្ម ហើយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន​លើ​កុមារ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន បណ្ដេញ​អង្គការ​អាមេរិក​មួយ​ចេញ​ពី​​កម្ពុជា​រឿង​ថា​ស្ត្រី​ខ្មែរ​លក់​កូន​ធ្វើ​ស្ត្រី​ពេស្យា"

  1. Anonymous says:

    ចុះបើការពិតវាអញ្ចឹងមែននោះ ហេតុអីមិនហ៊ានទទួលស្គាល់?? រឿងនេះធ្លាប់កើតមានយូរមកហើយ។ អ្នកដឹងទើបបានដឹង អ្នកមិនដឹង ឬធ្វើមិនដឹង នៅតែមិនដឹងដដែល។ ហេតុតែចង់បានមុខមាត់នយោបាយល្អលើឆាកអន្តរជាតិ គាត់ហ៊ានយកចង្អេរមកបិទបាំងខ្មោចដំរីដែលបានស្លាប់ធំក្លិនអសោចផង?

  2. people says:

    This government is leaded by former veitcong khmer rough never admitted anything wrong ‘because all these communist opposed who ever said the truth’. This country are fake everything under veitcong-germs steer so they used their dogs to show international ‘cambodia is democracy’but the fact is real communist .Recently the new ugly face guy told the group to used bamboo to hit or kill who ever protest ‘ so we can see all theses veitcong mafia groups just show another one ‘so cambodia still living the cage of veitcong communist mafia they do everything serve their party not people or nation. Cambodian people must vote for sunrise to rescue our country from veitcong mafia dictator. GOD bless all cambodian people’

  3. Anonymous says:

    គាត់កំពុងក្រពុលមុខ លែងដឹងខុសត្រូវ មិនចេះដោះស្រាយបញ្ហាជាតិផងហ្នឹង។ គ្រឿញៀន ការជួញដូរមនុស្ស ពុករលួយ ចោរកម្ម ល្បែងស៊ីសង ភាពអយុត្តិធម៏សង្គម ។ល។ កំពុងរីកដុះដាលពាសពេញផ្ទៃប្រទេស។ តើនេះឬជារបៀបធ្វើការងារ ដោះស្រាយបញ្ហារបស់គាត់។ គាត់អាងប្រើអំណាចផ្តាច់ការដោយមិនហ៊ានទទួលស្គាល់ការពិតក្នុងសង្គម។