លោក ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​កុំ​ចង់​ចំណេញ​នយោបាយ​ពី​ការ​ស្លាប់​របស់​លោក

ដោយ ម៉ម មុនីរតន៍
2017-08-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​គណបក្ស​ប្រឆាំង​ជា​ថ្មី​ទៀត ប្រសិន​បើ​នៅ​ចង់​កេង​ចំណេញ​នយោបាយ​ពី​ការ​ស្លាប់​របស់​លោក នៅ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ យល់​ឃើញ​ថា រឿង​នេះ​គឺ​មិន​អាច​មាន​រឿង​កើត​ឡើង​ចំពោះ​បក្ស​ប្រឆាំង ដូច​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ព្រមាន​ថា ត្រូវ​គ្រប់គ្រង​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​នេះ​ឲ្យ​បាន​ល្អ ជាពិសេស​ការ​ធ្វើ​នយោបាយ​ដែល​ចង់​ចំណេញ​ជ្រុល​ហួសហេតុ​ចំពោះ​ការ​ប្រមាថ​អាយុ​ជីវិត​របស់​លោក តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។

ការ​ថ្លែង​ដូចនេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ សីហា នៅ​ចំពោះ​មុខ​និស្សិត​រាប់​ពាន់​នាក់​ដែល​ទទួល​សញ្ញាបត្រ​នៅ​កោះ​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា លើក​នេះ ការ​ដាស់តឿន​ចំពោះ​សកម្មជន​នៅ​ថ្នាក់​ក្រោម​មិន​ទាន់​គ្រប់គ្រាន់​ទេ ពោល​បញ្ហា​នេះ​បើ​មេ​ដឹកនាំ​បក្ស​មិន​ព្រម​អើពើ​ទៀត អ្នក​ជួប​គ្រោះ​អាក្រក់​មុន​គេ គឺ​បក្ស​ប្រឆាំង​នេះ​ហើយ។ លោក​បន្ត​ថា «សម្ដេច ហ៊ុន សែន ស្លាប់​ហើយ សូម​ចូល​មរណទុក្ខ​ផង ដោយ​ធ្លាក់​យន្តហោះ​ពេល​ធ្វើ​ដំណើរ​ទៅ​វៀតណាម។ បើ​សិន​ជា​អ៊ីចឹង ឥឡូវ​ខ្ញុំ​ឧបមា​ថា យើង​គ្រប់គ្រង​សភាពការណ៍​អត់​បាន ស្រាប់​តែ​កងទ័ព​ចេញ​គឹល​មក​តែ​ម្ដង មិន​មែន​ធម្មតា​ពេក​ទេ​អស់​លោក! រឿង​បែប​ហ្នឹង​ច្រើន​តែ​ចេញ​ពី​សមាជិក​បក្ស​ប្រឆាំង។ ដូច្នេះ​បើ​មេ​បក្ស​ប្រឆាំង​មិន​គ្រប់គ្រង​បញ្ហា​ហ្នឹង​ទេ អ្នក​ដែល​គ្រោះថ្នាក់​មុន​គេ អស់​លោក»

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​ចំពោះ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋមន្ត្រី តែង​ប្រើប្រាស់​វេទិកា​របៀប​នេះ ហើយ​វាយ​ប្រហារ​ដៃគូ គឺ​បក្ស​ប្រឆាំង​ជា​ញឹកញាប់​ពេល​កន្លង​ទៅ។ ជួនកាល លោក ហ៊ុន សែន ថែម​ទាំង​គំរាម​ផ្ទុះ​សង្គ្រាម​ថែម​ទៀត​ផង បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត និង​ពេល​ខ្លះ​ទៀត​ព្រមាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ប្រសិន​បើ​ថ្នាក់​ដឹកនាំ ឬ​សកម្មជន​បក្ស​ប្រឆាំង​ប្រព្រឹត្ត​បទល្មើស ជាដើម។

សព្វថ្ងៃ​មាន​សមាជិក​សភា ព្រឹទ្ធសភា និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ​ចំនួន ១៦​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្រៅ​ពី​នេះ នៅ​មាន​អតីត​មេ​បក្ស គឺ​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា គឺ​អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់ ហើយ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចំពោះ​សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១ សីហា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ យល់​ឃើញ​ថា ប្រតិកម្ម​ត្រឡប់​ដូច​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ពី​ភាគី​ណា​មួយ​នោះ វា​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ។ លោក​បន្ត​ថា ដើម្បី​គ្រប់គ្រង​សភាពការណ៍​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គេ​គួរ​បង្កើត​ឲ្យ​មាន​ច្បាប់​វិញ​ល្អ​ជាង។ លោក​បន្ត​ថា «គេ​គួរ​តែ​ធ្វើ​ច្បាប់​ជា​ទូទៅ​វិញ​ទៅ ដាក់​ទណ្ឌកម្ម​តែ​អ្នក​ណា ឬ​អំពើ​ផ្សព្វផ្សាយ។ ព័ត៌មាន​បែប​ហ្នឹង​មិន​គួរ​តម្រង់​ទៅ​ណា​អី​អ្នក​ណា​ទេ អា​ហ្នឹង​បើ​ចេញ​ជា​បទបញ្ជា គឺ​ចេញ​បទបញ្ជា​ឲ្យ​ទូទៅ»

ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​មួយ​រយៈពេល​ចុង​ក្រោយ​នេះ យុវជន​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ព្រោះ​តែ​ប្រមាថ និង​គំរាម​បាញ់​សម្លាប់​ជីវិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា កម្មវិធី​ឡប់ៗ តែ​សប្បាយបាន​បង្ហោះ​រូបភាព​ផ្ទុះ​ឆេះ​យន្តហោះ ហើយ​សរសេរ​ថា លោក ហ៊ុន សែន បាន​ស្លាប់​ហើយ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដោយសារ​ផ្ទុះ​យន្តហោះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដាក់​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​អ្នក​ដែល​និយាយ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ និន្នាការ​នេះ អាច​នឹង​មាន​ចំនួន​អ្នក​ជាប់​ឃុំ​មាន​ការ​កើន​ឡើង ព្រោះ​តែ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ តាម​រយៈ​ការ​បញ្ចេញ​មតិ។

សង្គម​ស៊ីវិល​យល់​ឃើញ​ថា នេះ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ហួសហេតុ​របស់​រដ្ឋាភិបាល ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា នេះ​ពុំ​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ឡើយ គឺ​ជា​ការ​បំពាន​សិទ្ធិ​បុគ្គល​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles