ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​សម្បុក​ត្រយង​យក្ស​១៩​សម្បុក​ក្នុង​ខេត្ត​ព្រះវិហារ

ដោយ សន ចាន់រដ្ឋា
2017-08-02
RFA

សត្វ​ត្រយង​យក្ស នៅ​ខេត្ត​ព្រះវិហារ។ Provided photo
សត្វ​ត្រយង​យក្ស នៅ​ខេត្ត​ព្រះវិហារ។ Provided photo


ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​សម្បុក​ត្រយង​យក្ស​ចំនួន ១៩​សម្បុក​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​សីហា នេះ ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ និង​ប្រជា​សហគមន៍ រក​ឃើញ​សម្បុក​ត្រយង​យក្ស​ទាំង ១៩​សម្បុក ក្នុង​នោះ ១៤​សម្បុក​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប ចំណែក ៥​សម្បុក​ផ្សេង​ទៀត​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព។

សត្វ​ត្រយង​យក្ស គឺ​ជា ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ខណៈ​ចំនួន​របស់​វា​មាន​តិច​ជាង ២០០​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក។ វត្តមាន​សត្វ​ត្រយង​យក្ស គឺ​មាន​រស់នៅ​ក្នុង​ប្រទេស​ឡាវ វៀតណាម ថៃ និង​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា។

កម្ពុជា បាន​ជ្រើស​យក​សត្វ​ត្រយង​នេះ​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុង​ប្រភេទ​សត្វ​ស្លាប។

ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វ​ព្រៃ​ប្រចាំ​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប លោក ថោង សុខា បញ្ជាក់​ថា ក្រុម​អ្នក​អភិរក្ស​កំពុង​បន្ត​ស្វែងរក​សម្បុក​របស់​សត្វ​ត្រយង​យក្ស​បន្ថែម​ទៀត ទាំង​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ។ លោក​សង្ឃឹម​ថា ក្រុម​អ្នក​អភិរក្ស​នឹង​រក​ឃើញ​បន្ថែម​ទៀត​នៅ​អំឡុង​ពេល​សត្វ​ត្រយង​យក្ស​នេះ​ពង​កូន​ចាប់​ពី​ខែ​មិថុនា រហូត​ដល់​ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles