ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក

ដោយ សូត សុខប្រាថ្នា
2017-08-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna



ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស បាន​សម្រុក​នាំ​គ្នា​ទៅ​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ កាន់​តែ​ច្រើន​ជាង​ពេល​មុនៗ។ ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​កាន់​តែ​ច្រើន គឺ​ក្រោយ​ពេល​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់​តែ​ចាប់​អារម្មណ៍ ព្រម​ទាំង​ចង់​ស្គាល់​អំពី​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក នៅ​ខេត្ត​កំពង់ធំ។

ភ្ញៀវ​ទេសចរ​ជាតិ​ជាច្រើន​មក​ពី​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា ពួក​គាត់​មក​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដោយ​ពួក​គាត់​ចង់​ស្វែងយល់​ពី​សម្បត្តិ​ដូនតា​ខ្មែរ។ បន្ថែម​ពី​នេះ បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ចំពោះ​សម្បត្តិ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែល​បាន​បន្សល់​ទុក​ជាង ១​ពាន់​ឆ្នាំ​ទៅ​ហើយ​នោះ។

យុវតី​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ កញ្ញា ហឿន សុនិស្ស័យ ដែល​បាន​ចុះ​កម្មសិក្សា​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក កត់​សម្គាល់​ថា ប្រាសាទ​ជាច្រើន​នៅ​តំបន់​មួយ​នេះ​ខុស​ប្លែក​ទៅ​នឹង​ប្រាសាទ​នៅ​តំបន់​ផ្សេង​ទៀត ដូចជា​នៅ​ខេត្ត​សៀមរាប ជាដើម។ ភាព​ខុស​ប្លែក​គ្នា​ត្រង់​ថា ប្រាសាទ​នៅ​ខេត្ត​សៀមរាប ភាគច្រើន​ប្រាសាទ​នៅ​ជាប់​គ្នា ហើយ​កសាង​ពី​ថ្ម​ធំៗ ប៉ុន្តែ​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​នៅ​រាយប៉ាយ និង​ភាគច្រើន​កសាង​ពី​ថ្ម​តូចៗ។ យ៉ាង​នេះ​ក្តី បរិយាកាស​តំបន់​រមណីយដ្ឋាន​នេះ គឺ​ស្រស់​ស្អាត និង​ធ្វើ​ឲ្យ​អ្នក​មក​លេង​កម្សាន្ត​មាន​អារម្មណ៍​ស្រស់​ថ្លា​ទៀត​ផង៖ «ខ្ញុំ​ចង់​ឲ្យ​យុវជន​ជំនាន់​ថ្មី ដូចជា​ពួក​ខ្ញុំ និង​ប្រជាជន​ហ្នឹង ត្រូវ​ចេះ​ស្រឡាញ់​របស់​ពី​បុរាណ​មក​កុំ​ឲ្យ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​យក​របស់​ជាតិ​ទាំងមូល​ទៅ​លក់​ឲ្យ​បរទេស»

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​គណៈកម្មាធិការ​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា នៅ​ទីក្រុង​ក្រាកូវ (Kracow) ប្រទេស​ប៉ូឡូញ។

ពលរដ្ឋ​មក​ពី​ខេត្ត​សៀមរាប លោក ហ៊ឹម អាន មាន​ប្រសាសន៍​ថា ជា​លើក​ទី​មួយ​ដែល​លោក និង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​មក​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក។ លោក​ទទួល​ព័ត៌មាន​ស្ដីពី​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​នេះ​កាន់​តែ​ច្បាស់ ក្រោយ​ពេល​គេ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ចាប់​ផ្តើម​និយាយ​អំពី​វា ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​ចាប់​អារម្មណ៍​ចង់​មក​ទស្សនា៖ «ខ្ញុំ​យល់​ថា ល្អ​ប្រសើរ​មែនទែន​ដែល​ប្រាសាទ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ទទួល​ស្គាល់​ដោយ​ពិភពលោក»

ប្រភព​ដដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​បន្ថែម​ទៀត អញ្ជើញ​មក​លេង​កម្សាន្ត​ដើម្បី​បាន​ស្គាល់​ពី​តម្លៃ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ និង​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ទាំងមូល​ផង ម្យ៉ាង​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល​មិន​ពិបាក​ដូច​ពេល​មុន​ទេ។

ក្រៅ​ពី​បាន​ទស្សនា​ស្ថានភាព​ប្រាសាទ​ហើយ ភ្ញៀវ​ទេសចរ​គឺ​អាច​ស្តាប់​សំឡេង​បក្សា​បក្សី និង​សត្វ​រៃ​យំ​យ៉ាង​អឺងអ័ព្ទ។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ធំ។ រមណីយដ្ឋាន​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា ឥសានបុរៈ ឬ ឥសានបុរី ក្នុង​រាជ្យ​ព្រះបាទ​ឥសានវរ្ម័នទី១ នា​ដើម​សតវត្ស​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ ចំណែក​អ្នក​កសាង​បន្ត​ទៀត គឺ​ព្រះបាទ​ភវវរ្ម័នទី២ ដោយ​ដាក់​នាម​ថា ភវបុរៈ គឺ​ដូច​គ្នា​ទៅ​នឹង​បច្ឆាមរណៈ​នាម​របស់​ព្រះអង្គ​ដែរ រួម​នឹង​ក្សត្រ​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣) លើ​ទំហំ​ផ្ទៃដី​ប្រមាណ ៣០​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បច្ចុប្បន្ន ប្រាសាទ​ដែល​អាច​ទស្សនា​បាន គឺ​នៅ​សល់​ជាង ៤០​ប្រាសាទ​ប៉ុណ្ណោះ។

ប្រាសាទ​ទាំងនោះ ត្រូវ​បាន​គេ​បាន​បែងចែក​ជា​បី​ក្រុម​ធំៗ រួម​មាន​ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​តោ និង​ក្រុម​ប្រាសាទ​យាយព័ន្ធ។ លើស​ពី​នេះ​ទៀត គេ​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​ស្នូល តំបន់​ទ្រនាប់ និង​តំបន់​រណប។

តំបន់​រមណីយដ្ឋាន​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ។

ដោយឡែក​នៅ​ក្បែរ​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​ផ្ទះ​សហគមន៍​ជា​របៀប​ខ្មែរ​ជិត ១០ សម្រាប់​ភ្ញៀវ​ទេសចរ​ស្នាក់នៅ និង​មាន​ម្ហូប​អាហារ ព្រម​ទាំង​វត្ថុ​អនុស្សាវរីយ៍​លក់​ដូរ​ជូន​ភ្ញៀវ​ទេសចរ​ផង។

មគ្គទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​ម្នាក់​ប្រចាំ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក លោក ឡូញ ប៊ុនថេង បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​ច្រើន​ជាង​គេ គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ តែ​ម្តង។ លោក​ថា នៅ​មុន​ពេល​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ភ្ញៀវ​មក​ទស្សនា​តំបន់​នេះ​ក្នុង​មួយ​ថ្ងៃ ៣០​នាក់​ទៅ ១០០​នាក់ ប៉ុន្តែ​ក្រោយ​ពេល​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មក ភ្ញៀវ​កើន​ឡើង​ទ្វេដង ហើយ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ផង​ក្នុង​មួយ​ថ្ងៃ អាច​មាន​ភ្ញៀវ​ចូល​ទស្សនា​ជាង ១​ពាន់​នាក់​ក៏​មាន៖ «ជា​សក្ដានុពល​របស់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក​ហ្នឹង គឺ​ភាព​ស្រស់​ស្អាត ហើយ​ម្យ៉ាង​ទៀត ប្រាសាទ​ហ្នឹង​កសាង​ឡើង​ដោយ​ស្ដេច ឥសានវរ្ម័ន នៅ​សតវត្ស​ទី​៧»

លោក​បន្ថែម​ថា ប្រសិន​បើ​ភ្ញៀវ​ត្រូវការ​ឲ្យ​លោក​ជូន​ដើរ​មើល​ប្រាសាទ លោក​នឹង​ណែនាំ​ទៅ​មើល​ក្រុម​ប្រាសាទ​ទាំង​បី ហើយ​ក្រុម​ប្រាសាទ​យាយព័ន្ធ គឺ​ស្រស់​ស្អាត​ជាង​គេ ត្បិត​ប្រៀប​ដូច​ទៅ​នឹង​ប្រាសាទ​ដែល​ផុស​ឡើង​នៅ​កណ្ដាល​ព្រៃ​ទៀត​ផង។

ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​ក្រោយ​ពេល​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ កក្កដា រហូត​ដល់​ថ្ងៃ​ទី​៣០ កក្កដា គឺ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជិត ១​ម៉ឺន​នាក់ (.៧៣០​នាក់) និង​ភ្ញៀវ​អន្តរជាតិ​ជិត ១​ពាន់​នាក់ (៧៥១​នាក់) ហើយ​ចំណូល​បាន​មក​ពី​ភ្ញៀវ​បរទេស​ទាំងនេះ គឺ​មាន​ចំនួន​ជាង ២​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ សីហា ថា លោក​ត្រេកអរ​ក្រោយ​ពេល​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​សម្រុក​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ។ លោក​បន្ថែម​ថា កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កាន់​តែ​ច្រើន នឹង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក ដូចជា​បង្កើត​មុខ​របរ​ផ្សេងៗ​ដល់​ពួក​គាត់ ម្យ៉ាង​ជួយ​លើក​តម្កើង​សម្បត្តិ​វប្បធម៌​របស់​ជាតិ និង​ពិភពលោក​ទៀត​ផង៖ «អ៊ីចឹង​គាត់​មាន​ផ្ទះ​ស្នាក់ គាត់​ទទួល​ភ្ញៀវ​ស្នាក់នៅ។ គាត់​អាច​លក់​ជា​ម្ហូប​អាហារ លក់​សេវា ព្រោះ​នៅ​តំបន់​ភ្ញៀវ​ស្នាក់នៅ គឺ​យើង​មាន​ទាំងអស់»

ភ្ញៀវ​ទេសចរ​ខ្មែរ​ដែល​មក​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​មិន​បាន​ចំណាយ​ប្រាក់​ទេ ប៉ុន្តែ​ត្រូវ​បង់​ប្រាក់​ទៅ​តាម​រថយន្ត​វិញ ដោយ​រថយន្ត​តូច​មួយ​គ្រឿង ២​ពាន់​រៀល រថយន្ត​ទួរីស ៣​ពាន់​រៀល និង​ឡាន​ក្រុង ៥​ពាន់​រៀល ចំណែក​ភ្ញៀវ​ទេសចរ​បរទេស គឺ​បង់​ប្រាក់​ម្នាក់ ១២.០០០​រៀល ឬ​ស្មើ​ប្រមាណ ៣​ដុល្លារ។ ថវិកា​ទទួល​បាន​ពី​រថយន្ត​នីមួយៗ គឺ​យក​ទៅ​ចំណាយ​លើ​ការ​ថែរក្សា​បរិស្ថាន​នៅ​តំបន់​មួយ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​កិច្ច​ការពារ និង​ថែរក្សា​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ។ ចំណែក​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​វិញ ប្ដេជ្ញា​ពង្រឹង​ផ្នែក​សេវាកម្ម បដិសណ្ឋាកិច្ច ម្ហូប​អាហារ អនាម័យ បរិស្ថាន និង​សន្តិសុខ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ព្រះសង្ឃ និង​ពលរដ្ឋ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ទេសចរ​បរទេស​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ព្រះសង្ឃ និង​ពលរដ្ឋ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ទេសចរ​បរទេស​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ទេសចរ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ទិដ្ឋភាព​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ទិដ្ឋភាព​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ទិដ្ឋភាព​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ៦២០
ស្លាក​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។


What Next?

Recent Articles