ប្រវត្តិ​ការងារ​របស់​លោក ញឹក ប៊ុនឆៃ មុន​ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន

ដោយ ម៉ម មុនីរតន៍
2017-08-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya


អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មេ​បញ្ជាការ​ផ្កាយ​បួន កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ហើយ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​កាល​ពី​ជាង ១០​ឆ្នាំ​មុន។

តើ​លោក ញឹក ប៊ុនឆៃ ជា​នរណា ហើយ​មាន​ប្រវត្តិ​ការងារ​យ៉ាង​ណា?

កើត​ក្នុង​ត្រកូល​កសិករ និង​ផ្ដើម​ជីវិត​ល្បីល្បាញ​ពី​ការ​តស៊ូ​នៅ​ជាយដែន​ខ្មែរថៃ អតីត​មន្ត្រី​ជាន់​ខ្ពស់​ពី​ខាង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច រូប​នេះ​ដែល​ធ្លាប់​កាន់​កិច្ចការ​រដ្ឋ​នៅ​តាម​ស្ថាប័ន​ជាតិ​កំពូលៗ​មួយ​ចំនួន ពេល​នេះ​ត្រូវ​ធ្លាក់​ខ្លួន​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​វិញ​ម្ដង។

លោក ញឹក ប៊ុនឆៃ ដែល​នរណាៗ​ក៏​ដឹង និង​ស្គាល់​ឈ្មោះ​ថា​ជា​អតីត​មេ​ទ័ព​ដែល​ពូកែ​ទាំង​ខាង​យុទ្ធសាស្ត្រ និង​មន្ត​អាគម​ផង​នោះ ឥឡូវ​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ សីហា។

កើត​នៅ​ភូមិ​តាអុងខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្ត​បាត់ដំបង មុន​នឹង​ប្ដូរ​មក​ជា​ខេត្ត​បន្ទាយមានជ័យ វិញ លោក ញឹក ប៊ុនឆៃ មាន​ឪពុក​ឈ្មោះ ញឹក ឆេន និង​ម្ដាយ​ឈ្មោះ អូន សាម៉េត។ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់របស់​លោក ញឹក ប៊ុនឆៃ បាន​រៀបរាប់​ថា អ្នក​តស៊ូ​នៅ​តាម​ជាយដែន​រូប​នេះ​ធ្លាប់​សិក្សា​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​សាលា​សិរីសោភ័ណ ក្នុង​អំឡុង​ឆ្នាំ​១៩៧៥។

ស្ថិត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​ជាង​ឈើ និង​ម្ដាយ​ជា​ស្ត្រី​មេ​ផ្ទះ ហើយ​មាន​មុខ​របរ​លក់ដូរ​បន្តិចបន្តួច លោក ញឹក ប៊ុនឆៃ មាន​បង​ប្អូន​បង្កើត​ចំនួន ១០​នាក់ ក្នុង​នោះ​លោក​គឺ​ជា​កូន​ទី​២ ក្នុង​គ្រួសារ។ អតីត​មេ​បញ្ជាការ​យោធា​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​១៩៥៨។

មុន​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​មួយ​ចំនួន លោក ញឹក ប៊ុនឆៃ ធ្លាប់​ជា​យុវជន​ឆ្លង​កាត់​សង្គ្រាម និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​តាម​ជាយដែន​ខ្មែរថៃ រំដោះ​ប្រទេស​ជាតិ​ពី​ការ​គ្រប់គ្រង​ដោយ​របប ប៉ុល ពត និង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​វៀតណាម មក​លើ​កម្ពុជា។ សៀវភៅ​ដែល​សរសេរ​ដាក់​ចំណង​ជើង​ថា សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់បាន​រៀបរាប់​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ អតីត​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ បាន​រៀបការ​ជាមួយ​អ្នកស្រី សម សុភាព ហើយ​មាន​កូន​ស្រី ២​នាក់​ជា​ចំណង​ដៃ។ ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​លើក​ឡើង​ថា លោក ញឹក ប៊ុនឆៃ ធ្លាប់​រៀបការ​ប្រពន្ធ​ទី​មួយ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ជា​អកុសល​ត្រូវ​ស្លាប់​នៅ​ក្នុង​របប ប៉ុល ពត ហើយ​មាន​កូន​ស្រី​មួយ​ដែរ។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ៣០៥
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព។ RFA/Den Ayuthea


លោក ញឹក ប៊ុនឆៃ ធ្លាប់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា លោក​ពុំ​ដែល​នឹក​គិត​ធ្វើ​ជា​អ្នក​នយោបាយ ឬ​ស្លៀកពាក់​អាវ​ធំ​អ្វី​នោះ​ទេ ប៉ុន្តែ​ដោយសារ​កាលៈទេសៈ​ប្រទេស​ជាតិ​បង្ខំ បាន​ជំរុញ​ឲ្យ​រូប​លោក​ត្រូវ​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​ដោយ​មិន​ដឹង​ខ្លួន។

ឯកសារ​ដែល​និយាយ​ពី​ប្រវត្តិ​អតីត​យោធា​តស៊ូ​នៅ​តាម​ជាយដែន​ខ្មែរថៃ រូប​នេះ​បាន​រៀបរាប់​ថា នៅ​ក្នុង​របប ប៉ុល ពត លោក និង​ប្អូន​ប្រុស​ពៅ​ឈ្មោះ ញឹក ប៊ុនឈុំ បាន​រត់​ភៀស​ខ្លួន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។ នៅ​ក្នុង​ដំណើរ​ដែល​ជួប​ឧបសគ្គ​រាប់​មិន​អស់​នេះ លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹង​ថា ការ​រស់នៅ​ក្នុង​ទឹកដី​ថៃ ដែល​រំពឹង​ថា​អាច​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ដោយ​របប​ខ្មែរ​ក្រហម​នេះ បែរ​ជា​ត្រូវ​ជាប់​គុក​នៅ​ក្នុង​ប្រទេស​ថៃ មិន​តិច​ជាង ១០​លើក​នោះ​ទេ ព្រោះ​តែ​នៅ​មិន​ស្ងៀម​នឹង​ការ​ឈឺ​ចាប់​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដោយ​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ប្រទេស មុន​នឹង​មាន​ចលនា​តស៊ូ​ងើប​ឡើង​ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​១៩៨១។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​លោក ប៉ែន សង្ហា ឲ្យ​ដឹង​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ គឺ​លោក ញឹក ប៊ុនឆៃ មាន​តួនាទី​ជា​អគ្គសេនាធិការ​រង​ទី​១ នៃ​អគ្គសេនាធិការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ។ ស្ថិត​ក្នុង​តួនាទី​នេះ លោក ញឹក ប៊ុនឆៃ ធ្លាប់​កាន់​កាប់​តំណែង​បាន ៣​ឆ្នាំ ពោល​រហូត​ដល់​ឆ្នាំ​១៩៩៧។

បើ​តាម​លោក ប៉ែន សង្ហា ក្រោយ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហនុ ព្រះរាជទាន​លើកលែង​ទោស និង​មាន​ដំណោះស្រាយ​នយោបាយ​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​២ ព្រឹទ្ធសភា នៅ​ឆ្នាំ​១៩៩៩។ ស្ថិត​ក្នុង​តំណែង​ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​នេះ​ហើយ បាន​ជំរុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ ត្រូវ​គ្រង​ក្នុង​តួនាទី​រហូត​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៣ នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០០៤។

រឿងរ៉ាវ​កាន់​តែ​ស្មុគស្មាញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​នេះ​ហើយ ដែល​ស្ថានការណ៍​បាន​រុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​ជំនួស​លោក ជា ស៊ីម ហើយ​ចុះ​ហត្ថលេខា​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​នៅ​គ្រា​នោះ ខណៈ​លោក ជា ស៊ីម បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ទាំង​ពុំ​មាន​ជំងឺ​អ្វី​សោះ។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ប៉ែន សង្ហា ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាព​ដ៏​ស្មុគស្មាញ​នេះ អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា គឺ​សម្ដេច​ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស ដោយ​ដឹង​សភាពការណ៍​មិន​ស្រួល ព្រះអង្គ​ក៏​សម្រេច​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ភ្លាម​ដែរ។

ដោយ​ដឹង​គុណ​លោក ញឹក ប៊ុនឆៃ រឿង​ចុះ​ហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​លោក ហ៊ុន សែន ផ្ដល់​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី និង​តំណែង​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​តែ​មួយ​នេះ គឺ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន​នៃ​កង​យោធពល​ខេមរភូមិន្ទ។

នៅ​ក្នុង​ចន្លោះ​ប៉ុន្មាន​ឆ្នាំ​នេះ រាសី​របស់​លោក ញឹក ប៊ុនឆៃ ចេះ​តែ​ឡើង​កូត​រហូត​មក។ នៅ​អំឡុង​ឆ្នាំ​២០០៦ លោក ញឹក ប៊ុនឆៃ បាន​ក្លាយ​ជា​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ បើ​តាម​លោក ប៉ែន សង្ហា រយៈពេល​នេះ​ហើយ​ដែល​រឿងរ៉ាវ​កើត​ឡើង និង​មាន​ជម្លោះ​ផ្ទៃក្នុង​មិន​ចេះ​ចប់។ ដោយ​មាន​បញ្ហា​ផ្ទៃក្នុង​គណបក្ស ព្រម​ទាំង​មាន​ការ​លូក​ដៃ​ពី​ខាង​ក្រៅ​ផង និង​រឿង​គ្រឿង​ញៀន​នេះ បាន​ជំរុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ ក្នុង​តំណែង​ជា​អគ្គលេខាធិការ​គណបក្ស​នៅ​គ្រា​នោះ ទទួល​រង​គំនាប​ផង បាន​បង្ខំ​ចិត្ត​ឈាន​ទៅ​ធ្វើ​រដ្ឋ​ប្រហារ​បក្ស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦។

មិន​យូរ​ប៉ុន្មាន បាតុភាព​គ្រឿង​ញៀន​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៧ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​រង​ការ​ចោទ​ថា លោក ញឹក ប៊ុនឆៃ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ដែរ ប៉ុន្តែ​ដោយសារ​អតីត​មន្ត្រី​យោធា​រូប​នេះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ចន្លោះ​នេះ ទើប​សំណុំ​រឿង​គ្រឿង​ញៀន​កាល​ពី ១០​ឆ្នាំ​មុន​នោះ​ហាក់​កប់​សូន្យ​ឈឹង​រហូត​មក​ដល់​ពេល​ផ្ទុះ​ឡើង​វិញ​នេះ។

ទាក់ទិន​រឿង​នេះ អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​អ្នក​ច្បាប់​ចាត់​ទុក​ថា រឿង​ក្ដី​នេះ​វា​ហាក់​ដូចជា​មិន​ទំនង​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទាល់​តែ​សោះ ស្រប​ពេល​សំណុំ​រឿង​នេះ​បាន​អូស​បន្លាយ​ស្ទើរ​ពេញ​មួយ​ទសវត្សរ៍​ទៅ​ហើយ។

មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ហុង គឹមសួន យល់​ឃើញ​ថា រឿង​ក្ដី​នីមួយៗ​មាន​កំណត់​អាជ្ញាយុកាល ឬ​ពេលវេលា​នៃ​បទល្មើស​ត្រូវ​ចប់។ លោក​បន្ត​ថា ប្រសិន​បើ​សំណុំ​រឿង​មួយ តុលាការ​មិន​បន្ត​ការ​ស៊ើប​អង្កេត​ដោយ​ជាប់លាប់​ទេ រឿង​ក្តី​នោះ​ត្រូវ​រលត់​បាត់ និង​ពុំ​មាន​តម្លៃ​គតិយុត្តិ​តាម​ផ្លូវ​ច្បាប់​ទៀត​ទេ។ លោក​បន្ត​ថា «ដូចជា​អាជ្ញាយុកាល​នៃ​បទល្មើស​នេះ​អ៊ីចឹង​ដែរ បើ​សិន​វា​គ្រប់​ពេលវេលា​ដែល​ថា​នៃ​ការ​ស៊ើប​អង្កេត​វា​អស់​ហើយ ស្រាប់​តែ​មិន​ចេញ​ដីកា​ស៊ើប​អង្កេត​ទៀត​ទេ ហួស​ពេល​នៃ​អាជ្ញាយុកាល​ប្រព្រឹត្ត​បទល្មើស វា​អូតូម៉ាតិច ច្បាប់​គេ​តម្រូវ​ឲ្យ​បោះបង់​ចោល​ហើយ»

លោក​បណ្ឌិត មាស នី អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ ចាត់​ទុក​ថា បញ្ហា​លោក ញឹក ប៊ុនឆៃ នេះ​អាច​ជា​ចេតនា​នយោបាយ​ច្រើន​ជាង​បទល្មើស​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា វា​ហាក់​ដូចជា​ចម្លែក​បំផុត​ដែល​អតីត​មេ​ទ័ព​រូប​នេះ​ធ្លាប់​មាន​បទល្មើស ហើយ​អាច​រស់នៅ​ដោយ​សុខ​អស់​ពេល​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ តែ​ទើប​ត្រូវ​រក​ឃើញ​ថា​មាន​រឿង​ក្ដី​ដែល​ត្រូវ​សើរើ​នៅ​ពេល​នេះ​ទៅ​វិញ។ លោក​បន្ត​ថា «បើ​សិន​ជា​រឿង​ហ្នឹង​ជា​រឿង​ដែល​លោក ញឹក ប៊ុនឆៃ បាន​ប្រព្រឹត្ត​មែន ហើយ​កាល​ពី​លោក ញឹក ប៊ុនឆៃ នៅ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន នោះ ហេតុ​អី​គេ​មិន​រក​រឿង​ពី​ពេល​ហ្នឹង​មក? ហេតុ​អី​ទើប​ពេល​ដក​តំណែង​ហើយ បាន​រក​រឿង​តាម​ក្រោយ»

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់​តួនាទី​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ តាម​សំណើ​របស់​លោក ហ៊ុន សែន។ ការ​ឈាន​ទៅ​បញ្ចប់​តួនាទី​នេះ គឺ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ថា លោក ញឹក ប៊ុនឆៃ បាន​ទាក់ទង​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​មែន​ជា​គណបក្ស​សម្ពន្ធភាព​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles