មន្ត្រី​បក្ស​ប្រជាជន​ប្រតិកម្ម​ការ​ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ

ដោយ ឡេង ម៉ាលី
2017-08-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ RFA/Rann Samnang
(ពី​ឆ្វេង) តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ RFA/Rann Samnang


អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ក្រៅ​ផ្លូវការ​មួយ​ដែល​ថា សមាជិក​សភា​អាល្លឺម៉ង់ ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​ជួយ​ឲ្យ​មាន​ការ​ដោះលែង​លោក៊ុំ សំអាន និង​លោក ហុង សុខហួរ ពី​ការ​ជាប់​ពន្ធនាគារ ដោយសារ​យល់​ថា លោក​ទាំង​ពីរ​ជា​អ្នក​ទោស​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ជា​សារ​តាម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​៦ សីហា ថា ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​នីតិរដ្ឋ​មួយ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប គប្បី​គិតគូរ​ជា​មុន​ឲ្យ​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើ​អន្តរាគមន៍​ណា​មួយ​លើ​ករណី​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា សារ​របស់​លោក​ជា​សារ​ព្រមាន​មុន ទៅ​នឹង​ព័ត៌មាន​ដែល​ថា មាន​សេចក្ដី​ព្រាង​របស់​សមាជិក​សភា​អាល្លឺម៉ង់ មួយ​ចំនួន ចង់​ធ្វើ​អន្តរាគមន៍​ដូច្នេះ ហើយ​លេច​ឮ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ៖ «»

សារ​របស់​លោក​សរសេរ​ទៀត​ថា ការ​ចង់​អន្តរាគមន៍​នេះ​នៅ​មិន​ទាន់​ដឹង​តាម​វិធី​ណា​ទេ ហើយ​ប្រទេស​អាល្លឺម៉ង់ ជា​ប្រទេស​នីតិរដ្ឋ​មួយ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប។ លោក​បន្ត​ថា បើ​មាន​អន្តរាគមន៍​ពី​សមាជិក​សភា​អាល្លឺម៉ង់ មែន​នោះ មាន​ន័យ​ថា អស់​លោក​អាល្លឺម៉ង់ មិន​ចង់​ឲ្យ​កម្ពុជា ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទេ ដោយ​ហេតុ​ថា លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន មិន​មែន​ជា​អ្នក​ទោស​នយោបាយ​ទេ តែ​លោក​ទាំង​ពីរ​នាក់​នេះ គឺ​ជា​អ្នក​នយោបាយ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​ត្រូវ​មាន​ទោស។ លោក​ព្រមាន​ថា ឲ្យ​គិត​មុន​ធ្វើ​អន្តរាគមន៍ ប្រយ័ត្ន​សិស្ស​ប្រជាធិបតេយ្យ​ប្រដៅ​លោក​គ្រូ​ប្រជាធិបតេយ្យ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បដិសេធ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​បញ្ជាក់​ថា ខាង​គណបក្ស​លោក​មិន​មាន​ព័ត៌មាន​អំពី​គម្រោង​អន្តរាគមន៍​របស់​សមាជិក​សភា​អាល្លឺម៉ង់ នេះ​ទេ៖ «»

លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន​៣ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជាវៀតណាម។

កាល​ថ្ងៃ​ទី​២៩ ខែ​មិថុនា សាលា​ឧទ្ធរណ៍​ចេញ​សេចក្ដី​សម្រេច​តម្កល់​ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​តាម​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ឲ្យ​លោក ហុង សុខហួរ ជាប់​ឃុំ ៧​ឆ្នាំ​ដដែល។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហុង សុខហួរ គឺ​លោក​មេធាវី ជូង ជូងី ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ថា​មិន​បាន​ផ្ដល់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​លោក​ទេ ព្រោះ​តុលាការ​មិន​បាន​បញ្ជា​អ្នក​ជំនាញ​ផ្នែក​សន្ធិសញ្ញា​មក​បំភ្លឺ​ក្នុង​សវនាការ។ លោក​បាន​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល បន្ត​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​លោក ហុង សុខហួរ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ គឺ ២​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពេល​ដែល​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ឡើយ។ លោក ហុង សុខហួរ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជាវៀតណាម ឆ្នាំ​១៩៧៩ ដោយ​អះអាង​ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។

រីឯ​លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជាវៀតណាម ក្លែងក្លាយ​តាម​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២​យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក មក​ដល់​ខេត្ត​សៀមរាប។ ករណី​លោក កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​តុលាការ​កំពូល។

លោក ជូង ជូងី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ខែ​សីហា នេះ លោក​នៅ​មិន​ទាន់​មាន​ព័ត៌មាន​តប​ពី​តុលាការ​កំពូល នៅ​ឡើយ​ទេ សម្រាប់​ករណី​ទាំង​ពីរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment