តើ​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ?

ដោយ ទីន ហ្សាការីយ៉ា
2017-08-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya


អតីត​ឧបនាយករដ្ឋមន្ត្រី និង​ទីប្រឹក្សា​រដ្ឋាភិបាល លោក ញឹក ប៊ុនឆៃ ដែល​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន ត្រូវ​បាន​អ្នក​ច្បាប់ និង​អ្នក​វិភាគ​លើក​ឡើង​ថា ជា​ការ​ចោទ​ប្រកាន់​ដោយសារ​ហេតុផល​នយោបាយ​ច្រើន​ជាង នៅ​ពេល​គេ​ដឹង​ថា លោក ញឹក ប៊ុនឆៃ មាន​ទំនាក់ទំនង​ជាមួយ​បក្ស​ប្រឆាំង​នោះ។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​ថា​សម្ពន្ធភាព​រវាង​លោក​ទាំង​ពីរ​ស្អិតល្មួត ពេល​ខ្លះ​លោក ញឹក ប៊ុនឆៃ អាច​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​ដើម្បី​ដោះដូរ​ផល​ប្រយោជន៍​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ផង។

សំណុំ​រឿង​អតីត​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពាក់ព័ន្ធ​សំណុំ​រឿង​គ្រឿង​ញៀន​កាល​ពី ១០​ឆ្នាំ​មុន​នោះ ត្រូវ​បាន​អ្នក​ច្បាប់​លើក​ឡើង​ថា ជា​សំណុំ​រឿង​ទាក់ទង​នឹង​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​តែ​មាន​អង្គរក្ស​ហែហម​យាមកាម មិន​ខុស​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដទៃ​ទៀត ហើយ​បែរ​ជា​ជាប់​ឃុំឃាំង​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក ញឹក ប៊ុនឆៃ អាច​ចង់​ងាក​ចេញ​ពី​សម្ពន្ធភាព​ដ៏​យូរ​ឆ្នាំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ឬ​អាច​ថា​លោក​ជា​មនុស្ស​គ្មាន​ប្រយោជន៍​សម្រាប់​គណបក្ស​កាន់​អំណាច​តទៅទៀត​ក៏​ថា​បាន។

ទាក់ទង​នឹង​ករណី​ដែល​តុលាការ​សើរើ​សំណុំ​រឿង​ដែល​កប់​ទុក​ជាង ១០​ឆ្នាំ​មុន ហើយ​មក​អនុវត្ត​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ច្បាប់​លើក​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​តុលាការ​ទើប​តែ​ចាត់ការ​លោក ញឹក ប៊ុនឆៃ នៅ​ពេល​នេះ​ទៅ​វិញ?

លោក​មេធាវី ហុង គឹមសួន និង​ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា សំណុំ​រឿង​ចាត់ការ​លោក ញឹក ប៊ុនឆៃ ហាក់​ដូចជា​មិន​ប្រក្រតី ព្រោះ​សំណុំ​រឿង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ តែ​តុលាការ​ទើប​តែ​អនុវត្ត ទោះ​បី​ជា​បទល្មើស​ឧក្រិដ្ឋ​មាន​អាជ្ញាយុកាល​រយៈពេល ១៥​ឆ្នាំ​ក្ដី ដោយ​ហេតុ​ថា​មិន​ដែល​ឮ​ថា តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ នោះ​ឡើយ​ពី​មុន​មក៖ «»

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​៨ សីហា ដោយ​លោក​បង្វែរ​ឲ្យ​មើល​សេចក្តី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អំពី​រឿង​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ សីហា សរសេរ​ថា ការ​សម្រេច​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ នេះ ដោយសារ​មាន​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៧ របស់​ទណ្ឌិត​ជា​ជនជាតិ​ចិន និង​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក ញឹក ប៊ុនឆៃ ឈ្មោះ ជា ជុង បាន​បរិហារ​រៀបរាប់​ពី​មេខ្លោង​ផលិត​គ្រឿង​ញៀន​ជា​ជនជាតិ​ចិន មួយ​ចំនួន​ទៀត និង​មាន​ចំណុច​ដែល​ពាក់ព័ន្ធ​ដល់​លោក ញឹក ប៊ុនឆៃ ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​២០០៧។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​មេទ័ព​កំពូល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន។

តុលាការ​បាន​បន្ត​នីតិវិធី​របស់​ខ្លួន និង​បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ នៅ​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​តួនាទី​លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី។ ក្រោយ​ពី​ការ​ដក​តួនាទី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា។ ស្រប​ពេល​នោះ មន្ត្រី​មួយ​ចំនួន​របស់​លោក ញឹក ប៊ុនឆៃ ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​ត្រូវ​បាន​បញ្ចប់​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដែរ។

ការ​បញ្ចប់​តួនាទី​របស់​លោក ញឹក ប៊ុនឆៃ រហូត​ឈាន​ដល់​តុលាការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នេះ កើត​ចេញ​ពី​ព័ត៌មាន​លេច​ឮ​ថា លោក ញឹក ប៊ុនឆៃ ទាក់ទង​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ព័ត៌មាន​នេះ លោក ញឹក ប៊ុនឆៃ ព្យាយាម​បំភ្លឺ​ថា​ជា​រឿង​ភាន់ច្រឡំ និង​ជា​រឿង​លាប​ពណ៌​លោក​ទៅ​វិញ​ទេ៖ «»

លឺ ឡាយស្រេង ៨៥៥ ២០១៧
អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​ឧបនាយករដ្ឋមន្ត្រី ដែល​ធ្លាប់​ជា​អ្នក​រួម​អាជីព​ជាមួយ​លោក ញឹក ប៊ុនឆៃ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​ឃើញ​លោក ញឹក ប៊ុនឆៃ ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​បែប​នេះ។ លោក​បញ្ជាក់​ថា លោក ញឹក ប៊ុនឆៃ បាន​ពលី​កិច្ចការ​ជាច្រើន​ដល់​ប្រទេស​ជាតិ។

លោក លឺ ឡាយស្រេង សង្កត់​ធ្ងន់​ថា លោក ញឹក ប៊ុនឆៃ ក៏​ជា​មនុស្ស​ធ្លាប់​មាន​គុណ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដ៏​ធំធេង​ដែរ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​កញ្ចប់​នៅ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ​នៅ​ដំណាក់កាល​នេះ​វិញ លោក លឺ ឡាយស្រេង បញ្ជាក់​ថា លោក ញឹក ប៊ុនឆៃ លែង​មាន​ប្រយោជន៍​ចំពោះ​លោក ហ៊ុន សែន តទៅទៀត៖ «»

ក្រោយ​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ មាន​ភាព​ចម្រូងចម្រាស​អំពី​លទ្ធផល​បោះឆ្នោត​ដែល​កាលណោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។ គណបក្ស​ទាំង​ពីរ​ក៏​បង្កើត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ជាប់​គាំង​អស់​រយៈពេល​ជិត ១​ឆ្នាំ។

នៅ​ដំណាក់កាល​ចុង​ក្រោយ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​បោះបង់​លោក សម រង្ស៊ី ចោល​កណ្ដាល​ទី ហើយ​ងាក​មក​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ប៉ុន្តែ​ដោយសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទុក​ចិត្ត​លើ​ការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​នៅ​ក្នុង​សភា ក៏​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ធម្មនុញ្ញ​បន្ថែម​ដើម្បី​បោះឆ្នោត​ជា​កញ្ចប់។

ធម្មនុញ្ញ​បន្ថែម​នេះ ត្រូវ​បាន​អង្គ​សភា​បោះឆ្នោត​លើក​ដៃ​ដោយ​សំឡេង​គាំទ្រ ៩៦ លើ ៩៦ នៃ​សមាជិក​សភា​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា​នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០០៤។

ធម្មនុញ្ញ​បន្ថែម​នេះ មិន​ទាន់​ចូល​ជា​ធរមាន​នោះ​ទេ បើ​ព្រះមហាក្សត្រ​មិន​ឡាយ​ព្រះហស្តលេខា ក៏ប៉ុន្តែ​នៅ​ពេល​នោះ ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ដែល​ជា​ប្រមុខ​រដ្ឋ​ស្ដីទី បាន​យាង និង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​គេចវេះ​ក្នុង​ការ​ឡាយ​ព្រះហស្តលេខា​លើ​ធម្មនុញ្ញ​បន្ថែម​នេះ។

នៅ​គ្រា​នោះ លោក ញឹក ប៊ុនឆៃ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ឋានៈ​លោក​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​ផ្ទេរ​សិទ្ធិ ហើយ​លោក​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០០៤ ហើយ​ប្រកាស​ឲ្យ​ប្រើ​ជា​ការ​ប្រញាប់។

ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន ពីរ​ថ្ងៃ​បន្ទាប់ សមាជិក​សភា​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​អង្គ​ប្រជុំ ហើយ​បោះឆ្នោត​ជា​កញ្ចប់ ពោល​គឺ​បោះឆ្នោត​ជ្រើស​ប្រធាន អនុប្រធាន​សភា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៤។

ធម្មនុញ្ញ​បន្ថែម​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​កញ្ចប់​នេះ​ហើយ ដែល​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាត់​ទុក​ថា លោក ញឹក ប៊ុនឆៃ ជា​អ្នក​មាន​គុណ​លើ​លោក ហ៊ុន សែន ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ថ្មី ក្រោយ​ពី​ជាប់​គាំង​នយោបាយ​ជិត ១​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បង្កើត​រដ្ឋាភិបាល។

ចំពោះ​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ នៅ​ពេល​នេះ​វិញ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ​មាន​ទិដ្ឋភាព​ពីរ គឺ​ទី​១ ជា​ការ​អនុវត្ត​ច្បាប់ និង​ទី​២ ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​ចរន្ត​នយោបាយ ពោល​គឺ​លោក ញឹក ប៊ុនឆៃ ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​ទំនុក​ចិត្ត៖ «»

អ្នក​ច្បាប់ និង​អ្នក​វិភាគ​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​ដែល​អនុវត្ត​ច្បាប់​បែប​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដែល​ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា តុលាការ​មិន​ឯករាជ្យ ដែល​ការ​អនុវត្ត​បែប​នេះ​នឹង​អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ នេះ​ជា​ការ​រំឭក ឬ​គំរាម​ដល់​អ្នក​នយោបាយ​ផ្សេង​ទៀត​ដែល​ចង់​ងាក​ទៅ​រក​បក្ស​ផ្សេង ពោល​គឺ​លោក ញឹក ប៊ុនឆៃ ដែល​លេច​ឮ​នូវ​ព័ត៌មាន​ថា​មាន​ទំនាក់ទំនង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​ជា​មុន ឬ​ប្រើ​យុទ្ធសាស្ត្រ​ឌីហ្វីដ (DIFID) ដែល​ជា​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​រដ្ឋាភិបាល​តែងតែ​អនុវត្ត​កន្លង​ទៅ​នោះ គឺ​យុទ្ធសាស្ត្រ​បំបែក ធ្វើ​ឲ្យ​ឯកោ បញ្ចប់​ធ្វើ​សមាហរណកម្ម និង​ចុង​ក្រោយ​គឺ​អភិវឌ្ឍ ឬ​កម្ទេច​ចោល។

អ្នក​វិភាគ​បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​ទប់ស្កាត់​ជា​មុន​នេះ ដោយសារ​តែ​រដ្ឋាភិបាល​អាច​ព្រួយ​បារម្ភ​ខ្លាច​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចង​សម្ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង ព្រោះ​ថា​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ភាគច្រើន​ជា​អតីត​ចេញ​ពី​ចលនា​តស៊ូ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​បើ​សិន​ជា​បក្ស​ទាំង​ពីរ​រួបរួម​គ្នា​មែន​នោះ នឹង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles