អ្នក​វិភាគ៖ រដ្ឋាភិបាល​ប្រើ​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​ធ្វើ​ជា​ឧបករណ៍​ការពារ​របប​សព្វថ្ងៃ

ដោយ រាជ វិញ្ញូ
2017-08-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្លាំង​សន្តិសុខ​រារាំង​អ្នក​មាន​បញ្ហា​ដី​នៅ​បឹងកក់ និង​បុរីកីឡា មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
កម្លាំង​សន្តិសុខ​រារាំង​អ្នក​មាន​បញ្ហា​ដី​នៅ​បឹងកក់ និង​បុរីកីឡា មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang


អ្នក​វិភាគ​នយោបាយ​ថា រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​មន្ត្រី​នគរបាល​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ទៅ​ជា​កម្លាំង​ប្រយុទ្ធ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កងកម្លាំង​អន្តរាគមន៍​ពិសេស​ក្មេងៗ​ចំនួន ១៥០​នាក់ ហ្វឹកហាត់​បាញ់​សាកល្បង​គ្រាប់​កាំភ្លើង​ពិត ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​ក្នុង​ការ​ការពារ​សន្តិសុខ​សង្គម និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​ស្រប​ពេល​មន្ត្រី​រដ្ឋាភិបាល​ព្រមាន​កម្ទេច​ក្រុម​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨។

ទោះបីជា​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​មាន​ទំនោរ​ក្នុង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ ជា​ឧបករណ៍ ឬ​ជា​អាវុធ​សម្រាប់​ធានា​ការពារ​របប​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​នេះ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ក្លាយ​ទៅ​ជា​យោធា និង​ស្លៀកពាក់​ជា​យោធា ដើម្បី​ប្រើប្រាស់​អាវុធ​សម្រាប់​ប្រយុទ្ធ ហើយ​មិនមែន​ជា​អាវុធ​ការពារ​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​ភ្នាក់ងារ​នគរបាល​នោះ គឺ​ហាក់​ដើរ​បញ្ច្រាស​ពី​តម្រូវការ​របស់​ភ្នាក់ងារ​សន្តិសុខ ឬ​កងកម្លាំង​សន្តិសុខ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេរីភាព សន្តិភាព និង​សន្តិសុខ។

លោក​បន្ត​ថា កិច្ចការ​ការពារ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​គឺ​ជា​ដែន​សមត្ថកិច្ច​របស់​នគរបាល​ក្រសួង​មហាផ្ទៃ រី​ឯ​យោធា ឬ​កងទ័ព គឺ​មាន​ភារកិច្ច​ការពារ​ជាតិ​នៅ​តាម​ព្រំដែន៖ «កងកម្លាំង​ប្រដាប់អាវុធ ជា​ឧបករណ៍ ជា​អាវុធ​សម្រាប់​ធានា​ការពារ​របប​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ហើយ​ការ​ហ្វឹកហ្វឺន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ក៏​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ហ្នឹង​ដែរ»

​នៅ​ថ្ងៃ​ទី​៧ សីហា កងកម្លាំង​អង្គភាព​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ១៥០​នាក់ បាន​ទទួល​ការ​ណែនាំ​ពី​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ហ្វឹកហាត់​បាញ់​សាកល្បង​គ្រាប់​កាំភ្លើង​ពិត តាម​រយៈ​ការ​ក្រាប​បាញ់​ចម្ងាយ ១០០​ម៉ែត្រ លុតជង្គង់​បាញ់​ចម្ងាយ ៥០​ម៉ែត្រ និង​ឈរ​បាញ់​ចម្ងាយ ៣០​ម៉ែត្រ ក្នុង​អង្គភាព​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ភូមិ​ត្រពាំងក្រសាំង សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​បន្ថែម​ថា ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​នៅ​ពេល​ចេញ​ប្រតិបត្តិការ​ពង្រឹង​ការងារ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ឡៅ ម៉ុងហៃ ៨៥៥ ២០១៧
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ជា​ការ​ល្អ គួរ​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ ឬ​ស្ថាប័ន​របស់​រដ្ឋសភា​បង្កើត​យន្តការ​តាមដាន ឬ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​យោធា និង​កងកម្លាំង​នគរបាល ហើយ​និង​រង់ចាំ​ទទួល​ពាក្យ​បណ្ដឹង​ពី​សាធារណជន​ទូទៅ​ជុំវិញ​សកម្មភាព​មិន​ប្រក្រតី​របស់​មន្ត្រី​យោធា និង​មន្ត្រី​នគរបាល​ទាំង​នោះ។

​ជាមួយ​គ្នា​នេះ មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុង​ភារកិច្ច​របស់​ខ្លួន​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​របស់​ប្រទេស​ជាតិ ប៉ុន្តែ​លោក​ឆ្ងល់​ថា ការ​បាញ់​សាកល្បង​គ្រាប់​ពិត​របស់​កងកម្លាំង​អន្តរាគមន៍ ពិសេស​នៅ​ពេល​នេះ កើត​ឡើង​ចំ​ពេល​មាន​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​តាង​តឹង​ខាង​ផ្នែក​នយោបាយ។

មន្ត្រី​សិទ្ធិមនុស្ស​ដដែល​នេះ​បន្ត​ថា សកម្មភាព​បាញ់​សាកល្បង​គ្រាប់​ពិត​បែប​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​​កំពុង​រស់​នៅ​ក្នុង​សង្គម​កាន់​លទ្ធិប្រជាធិបតេយ្យ៖ «នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ នៅ​ពេល​គណបក្ស​នយោបាយ​ណា​មួយ ឈ្នះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ យុត្តិធម៌ នឹង​មិន​មាន​ការ​តវ៉ា​អី​ទេ»

ថ្វីត្បិត​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ប្រតិកម្ម​តាម​សារ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ថា​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​កូនចៅ​របស់​ប្រជាជន និង​កើត​ចេញ​ពី​ប្រជាជន ហើយ​មិន​មែន​ជា​ខ្មាំងសត្រូវ​នឹង​គ្នា​នោះ​ទេ។ លោក​បន្ថែម​ថា រាល់​ការ​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​របស់​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​តួនាទី និង​ជា​ទម្លាប់​ធម្មតា ទោះ​បី​ប្រទេស​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។ លើស​ពី​នេះ លោក សុខ ឥសាន បញ្ជាក់​ថា កងកម្លាំង​ប្រដាប់អាវុធ នឹង​ការពារ​សន្តិភាព និង​សុវត្ថិភាព​ជូន​ប្រជាជន​តាម​រយៈ​ទប់ស្កាត់​សកម្មភាព​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​​សន្តិភាព ជាពិសេស​បង្ក្រាប​ឱ្យ​បាន​ដាច់ខាត​រាល់​សកម្មភាព​កុប្បកម្ម និង​បាតុកម្ម​អនាធិបតេយ្យ វិទ្ធង្សនា​នយោបាយ និង​បដិវត្តន៍​ពណ៌​ផ្សេងៗ ដែល​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​សេចក្ដី​សុខ​របស់​ពលរដ្ឋ។

​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បាញ់​សាកល្បង​គ្រាប់​ពិត​របស់​កងកម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ កើត​ឡើង​ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ដូចជា រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត បាន​ព្រមាន​វាយ​នឹង​គល់​ឫស្សី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។ ចំណែក​លោក ហ៊ុន សែន វិញ ក៏​បាន​ព្រមាន​ត្រៀម​ប្រើ​កាំភ្លើង និង​គុក សម្រាប់​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត ខណៈ​លោក​អះអាង​ថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង​វិញ ប្រសិន​បក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles