តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ដាក់គុក១៨​ខែ​និង​ពិន័យ​ប្រាក់​ជាង​៨០០​លាន​រៀល

ដោយ រ៉ាន់ សំណាង
2017-08-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang



ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា សម្រេច​ផ្ដន្ទាទោស​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ។

ការ​ប្រកាស​សាលក្រម​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​ គឹម សុខ​ ដោយ​គ្មាន​វត្តមាន​មេធាវី​ការពារ​ក្ដី គឺ​លោក ជូង ជូងី។ មុន​ពេល​ប្រកាស​សេចក្ដី​សម្រេច​នេះ​ ចៅក្រម​ជំនុំ​ជម្រះ លោក គី ប្ញទ្ធី បញ្ជា​ឲ្យ​ជន​ត្រូវ​ចោទ ​ឈ្មោះ គឹម សុខ​ ក្រោក​ឈរ​ស្ដាប់​ការ​ប្រកាស​របស់​តុលាការ​ ប៉ុន្តែ​លោក គឹម សុខ បដិសេធ​មិន​ធ្វើ​តាម។

ខណៈ​​ចៅក្រម​កំពុង​អាន​សាលក្រម​ក្នុង​បន្ទប់​សវនាការ​ លោក គឹម សុខ ថា សវនាការ​មួយ​នេះ ជា​សវនាការ​ទីងមោង ហើយ​ក៏​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​លោក​ត្រូវ​ឈរ​ពី​មុខ​ចៅក្រម​នោះ​ទេ។ លោក គឹម សុខ លើក​ឡើង​ថា សវនាការ​ទីងមោង គឺ​សម្រេច​ទៅ​តាម​ការ​កំណត់​របស់​បុគ្គល ហ៊ុន សែន តែ​ប៉ុណ្ណោះ។

ដោយ​មិន​ព្រម​ងើប​ឈរ​ស្ដាប់​សាលក្រម ឆ្មាំ​ពន្ធនាគារ ៤​នាក់ ចូល​មក​គ្រៀក​ស្មា​លោក គឹម សុខ ឲ្យ​ក្រោក​ឈរ តែ​លោក​នៅ​ននៀល​មិន​ព្រម​ឈរ​តាម។ ទិដ្ឋភាព​បែប​នេះ​ក្នុង​បន្ទប់​សវនាការ ​កើត​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់ ហើយ​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ ក៏​បញ្ជា​ឲ្យ​ឆ្មាំ​ពីរ​នាក់​ដក​ខ្លួន​ចេញ ទុក ២​នាក់​នៅ​គ្រៀក​ស្មា​លោក គឹម សុខ​ ដដែល។

ចៅក្រម​ លោក គី ប្ញទ្ធី ​កាត់​ទោស​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ដាក់​គុក ១៨​ខែ ពិន័យ​ជា​ប្រាក់ ​៨​លាន​រៀល ឬ​ស្មើ​ប្រមាណ ២​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក បង់​ចូល​រដ្ឋ ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ និង ៨០០​លាន​រៀល​ ឬ​ស្មើ​ប្រមាណ ២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ សង​ជំងឺ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

ថ្វី​បើ​តុលាការ​សម្រេច​យ៉ាង​នេះ​ក្ដី លោក គឹម សុខ នៅ​តែ​ប្រកាន់​ជំហរ​ថា បើ​ការ​និយាយ​របស់​លោក​ជា​ការ​ពិត​នោះ លោក ហ៊ុន សែន ក៏​ត្រូវ​ជាប់​គុក​ព្រៃស​ដែរ ចំពោះ​សម្ដី​ដែល​គំរាម​សម្លាប់​មនុស្ស ១.២០០​នាក់ ដើម្បី​រក្សា​សន្តិភាព​នោះ។

ការ​សម្រេច​ផ្ដន្ទាទោស​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ហ៊ាន​រិះគន់​ឥត​សំចៃ​មាត់​រូប​នេះ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ លោក ហ៊ុន សែន បាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក ទាក់ទង​នឹង​ការ​និយាយ​ជា​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី។

ក្រោយ​ពី​តុលាការ​បិទ​បញ្ចប់​ការ​ប្រកាស​សាលក្រម លោក គី តិច ជា​មេធាវី​ដើម​បណ្ដឹង​តំណាង​ដោយ​អាណត្តិ​លោក​នាយករដ្ឋមន្ត្រី ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ«ខ្ញុំ​យល់​ថា​ការ​សម្រេច​របស់​តុលាការ អាច​ទទួល​យក​បាន មាន​យុត្តិធម៌​សម្រាប់​ដើម​បណ្ដឹង ក៏ដូចជា​យុត្តិ​ធម៌​សម្រាប់​ជន​ជាប់​ចោទ សម​នឹង​អំពើ​ល្មើស​ដែល​គាត់​បាន​ធ្វើ។ បង​ប្អូន​អ្នក​សារព័ត៌មាន​បាន​ឃើញ​អំពី​អត្តចរិត និង​សកម្មភាព​របស់ គឹម សុខ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​គាត់​មក​ដៀលត្មះ​ចៅក្រម គឺ​សុទ្ធតែ​ចៅក្រម​ទីងមោង សវនាការ​ទីងមោង អាវ​ខ្មៅ​យុត្តិធម៌​អី​ហ្នឹង»

ចំណែក ​ក ជូង ជូងី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះ​បី​ជា​លោក គឹម សុខ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​រឿង​នេះ​ហើយ​ក៏ដោយ តែ​លោក​នៅ​ជាប់​បណ្ដឹង​មួយ​ទៀត ប្ដឹង​ដោយ​លោក​មេធាវី គី តិច ដដែល​រឿង​លោក គឹម សុខ ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការ​សម្លាប់​មនុស្ស ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង។ រឿង​នេះ​លោក គី តិច បាន​ដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ នៅ​តុលាការ​ក្រុង​ភ្នំពេញ ដោយ​ទាមទារ​សំណង ១០​លាន​រៀល។

ជុំវិញ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី នេះ មិន​មែន​មាន​តែ​លោក គឹម សុខ ម្នាក់​ទេ ​ដែល​ត្រូវ​មាន​ទុក្ខ​ទោស​ព្រោះ​តែ​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ ក្នុង​នោះ​លោក សម រង្ស៊ី អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធ​សភា​របស់​បក្ស​ប្រឆាំង​ ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​ព្រោះ​តែ​និយាយ​ចំ​ចំណុច​រសើប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ដាក់គុក១៨​ខែ​និង​ពិន័យ​ប្រាក់​ជាង​៨០០​លាន​រៀល"

  1. Anonymous says:

    C’est du n’importe quoi ce tribunal !

Leave a Reply

Submit Comment