អភិបាល​ខេត្ដ​កំពង់ចាម​ដាក់​ឱសានវាទ​ ៧ ​ថ្ងៃ​ ​ឲ្យ​មេឃុំ​បក្ស​សង្គ្រោះ​ជាតិ​ លុប​ប្រឡាយ​ដែល​ពលរដ្ឋ​ស្នើ​ឲ្យ​ជីក

ប្រឡាយ​បង្ហូរទឹក​ដែល​អភិបាល​ខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​លុប​វិញ​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

កំពង់ចាមៈ អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ដាក់​ឱសានវាទ​ដល់​មេឃុំ​ថ្មី​មកពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំ​ជើងព្រៃ​ឲ្យ​ធ្វើ​ផ្លូវ​ភូមិ​ដែល​គេ​ចោទ​ថា​លោក​ធ្វើឲ្យ​ខូច​ប្រមាណ​ ៣០០ ​ម៉ែត្រ​ឲ្យ​រួចរាល់​ក្នុង​ពេល​ ១ ​សប្តាហ៍​គិត​ចាប់​ពី​​ថ្ងៃ​ទី​ ៧ ​ខែ​សីហា​ស្រប​ពេល​ដែល​លោក​មេឃុំ​ប្រាប់​ថា​លោក​មិន​​បាន​ធ្វើឲ្យ​ខូច​នោះ​ទេ តែ​ជា​ការ​ស្នើសុំ​ពី​ពលរដ្ឋ​ដើម្បី​រំដោះ​ទឹក​លិច​ស្រែ​ប្រមាណ​ ៥០០ ​គ្រួសារ​។

ការ​ដាក់​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​ ៧ សីហា​រវាង​អាជ្ញាធរ​ស្រុក​បាធាយ​ជាមួយ​លោក​មេឃុំ​ជើងព្រៃ វ៉ែន សំអុល ក្រោយ​មាន​ព័ត៌មាន​ថា មេឃុំ​ថ្មី​ឡើង​បាន​មួយ​ខែ​នេះ​បាន​ធ្វើឲ្យ​ខូច​ផ្លូវ​​ដោយ​ជីក​ប្រឡាយ​កាត់​ផ្លូវ​ជា​​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​ដែល​មាន​ទឹកប្រាក់​ចំនួន ២ ​ម៉ឺន​ដុល្លារ​។

លោក គួច ចំរើន អភិបាល​ខេត្ត​​កំពង់ចាម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា លោក​បាន​បញ្ជា​ទៅ​លោក វ៉ែន សំអុល មេឃុំ​បាធាយ​ឲ្យ​ធ្វើ​ផ្លូវ​ដី​សង​ក្នុង​ភូមិ​នោះ​ឲ្យ​ដូច​កាលពី​មុន​ជា​ផ្លូវដី​ដោយសារ​លោក​បាន​បំផ្លាញ​សម្បត្តិ​​សាធារណៈ​។

លោក​បាន​ថ្លែង​ថា​៖ «​គាត់​ត្រូវ​ធ្វើឲ្យ​ដូច​កាលពី​មុន​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​​នេះ​ជា​បញ្ជា បើ​គាត់​មិន​ធ្វើ​ទេ​នោះ យើង​នឹង​ចាត់​វិធានការ​ព្រោះ​ជា​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​។ គាត់​ក៏​គ្មាន​សិទ្ធិ​យក​ថវិកា​ឃុំ​ដើម្បី​ជួសជុល​ផ្លូវ​វិញ​ដែរ ពីព្រោះ​គាត់​ជា​អ្នក​បំផ្លាញ​វា​។ គាត់​ត្រូវ​ប្រើ​លុយ​ខ្លួនឯង​។ ការ​ដែល​ឲ្យ​គាត់​សង​ ឬ​ជួសជុល​ហ្នឹង​គឺជា​ការ​យោគយល់​ផង​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក កែវ ប៊ុណ្ណាត អភិបាលស្រុក​បាធាយ​បាន​ថ្លែង​ថា​លោក​មេឃុំ​បាន​ប្រើប្រាស់​អេស្កាវេទ័រ ដើម្បី​កាយ​ផ្លូវ​ធ្វើ​ប្រឡាយ​ដោយ​មិន​បាន​សុំ​យោបល់​ពី​ថា្នក់​ស្រុក​នោះ​ទេ​។

លោក​បាន​បន្ត​ដោយ​ព្រមាន​ថា​៖ «​មុន​ការ​អភិវឌ្ឍ​ផ្លូវ​ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សង់​ប្រឡាយ​អី​មួយ យើង​ត្រូវ​សិក្សា​ស្នើសុំ​ផែនការ​អភិវឌ្ឍន៍​ឃុំ ហើយ​គេ​ត្រូវ​សិក្សា​ប្រមាណ​ ១ ​ខែ ការ​វាយតម្លៃ ការ​កាត់​ពុះ​ផ្លូវ​ប្រវែង​ ៤០០ ​ម៉ែត្រ​របស់​ ADB ​នេះ​។ រឿង​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។ បើ​មិន​ធ្វើ ខេត្ត​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​»​។

លោក​មេឃុំ វ៉ែន សំអុល បាន​ឲ្យ​ដឹង​ថា​ចាប់​តាំងពី​ថ្ងៃ​ប្រជុំ​ដាក់​បញ្ជា​ឲ្យ​​លោក​ធ្វើការ​លុប​ប្រឡាយ​លើ​ផ្លូវ និង​ធ្វើ​ផ្លូវ​ឲ្យ​ដូច​ដើម​មក​គឺ​លោក​បាន​ចាប់ផ្តើម​លុប​ប្រឡាយ​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ឈូសឆាយ​ឲ្យ​រាប​ស្មើ​វិញ​ឡើយ ដោយសារ​ខ្វះ​ថវិកា​ដែល​មាន​ប្រមាណ​ ១,៥ ​លាន​រៀល​។

ទោះ​យ៉ាង​ណា​លោក​បាន​រៀបរាប់​​ថា​ប្រជាពលរដ្ឋ​ ១០០ ​គ្រួសារ​ជា​អ្នក​​ស្នើសុំ​លោក​កាលពី​ថ្ងៃ​ទី​ ៥ សីហា​ថា​ទឹក​លិច​ស្រែ​ពួកគេ​ប្រមាណ​ ២ ​ឆ្នាំ​មក​​ហើយ ហើយ​ពួកគេ​ក៏​ចាប់ផ្តើម​យក​អេស្កាវ៉ាទ័រ​ធ្វើ​ប្រឡាយ​នេះ​។ លោក​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​មេឃុំ ពលរដ្ឋ​ស្នើ​​សុំ​…​ខ្ញុំ​ព្រម​។ ខ្ញុំ​បាន​ទៅ​កន្លែង​ធ្វើ​ផ្លូវ ហើយ​មើល​ប្រជាពលរដ្ឋ​ធ្វើ​ផ្ទាល់​ដៃ​។ ​សុំ​ជួយ​ខ្ញុំ​ផង ខ្ញុំ​ក៏​អត់​មាន​​លុយ​ដែរ​»​។

លោក​ថា​ទើប​តែ​ឡើង​ធ្វើ​ការងារ​បាន​ប្រមាណ​ ១ ​ខែ ហើយ​មកពី​គណបក្ស​ប្រឆាំង ដូច្នេះ​លោក​យល់​ថា​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ជីក​ប្រឡាយ​ក៏​​មាន​សមាជិក​ក្រុមប្រឹក្សា​ ៣ ​រូប​មកពី​​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​នោះ​ដែរ​។

លោក​ថា​៖ «​គេ​ស្អប់​ខ្ញុំ ដោយសារ​ខ្ញុំ​មេឃុំ​ពី​គណបក្ស​ប្រឆាំង​។ គេ​ចង់​ធ្វើ​បាប​ខ្ញុំ​»​។

ករណី​មេឃុំ-ចៅសង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ​មិនមែន​មាន​តែ​មេឃុំ​ជើងព្រៃ​លោក វ៉ែន សំអុល ទេ​ដែល​រង​ការ​ព្រមាន​ពី​ថ្នាក់​ដឹកនាំ​ដែល​គ្រប់គ្រង​ដោយ​​មន្ត្រី​គណបក្ស​កំពុង​កាន់​អំណាច ប៉ុន្តែ​ក៏​មាន​ចៅសង្កាត់​ចំនួន​ ៥ ​ក្នុង​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​ផង​ដែរ​ដែល​រង​ការ​ព្រមាន​ចំពោះ​ការ​បង្កើត​ហឹប​មូលនិធិ​​ជួយ​សង្កាត់ ខណៈ​ចៅសង្កាត់​អូរចារ​ដ៏ល្បី​ឈ្មោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​ក៏​បាន​ទទួល​លិខិត​ព្រមាន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ពី​អភិបាលខេត្ត​បាត់ដំបង​នៅ​ដើម​ខែ​​នេះ ដោយសារ​តែ​មិន​យក​ប្រាក់​កម្រៃ​សេវា​សាធារណៈ​ដែល​ច្បាប់​បាន​កំណត់​​ជាមួយ​នឹង​លិខិត​មួយ​ទៀត​បាន​លើក​ពី​ចំណុច​អវិជ្ជមាន​នៃ​ការ​អនុវត្ត​ការងារ​រដ្ឋបាល​របស់​សង្កាត់​អូរចារ​នេះ​៕

What Next?

Recent Articles

5 Responses to "អភិបាល​ខេត្ដ​កំពង់ចាម​ដាក់​ឱសានវាទ​ ៧ ​ថ្ងៃ​ ​ឲ្យ​មេឃុំ​បក្ស​សង្គ្រោះ​ជាតិ​ លុប​ប្រឡាយ​ដែល​ពលរដ្ឋ​ស្នើ​ឲ្យ​ជីក"

  1. Anonymous says:

    នេះហើយគំនិតរបស់ជនអាក្រក់ វាធ្វើអាក្រក់ចង់ឱ្យគេធ្វើអាក្រក់ដូចវាដែរ។
    ឃើញលទ្ធផលប៉ុណ្ណឹងហើយមិនហ៊ានកែខ្លួនទេ ខំធ្វើអាក្រក់យកចិត្តចៅហ្វាយវាទៀត។
    សុខចិត្តបំផ្លាញជាតិសាសន៌ខ្លួនដើម្បីបរទេស ព្រោះតែអំណាចបុណ្យសក្តិផ្ទាល់ខ្លួន ។

  2. people says:

    What wrong with this province mayor”?? if he serve people ? or he veitcong germ who destroyed all khmer life?? . This case must protest ‘ because all khmer families happy and got what they wanted ‘ why this mayor against the people’s will?? people must record this man and in the future’ if cnrp win and lead the country ‘must take him to court because he do everything against people’. GOD bless all cambodian people’

  3. Anonymous says:

    គំនិតអគតិរបស់អភិបាលខេត្ត។ គ្រាន់តែជាដីស្រែសោះ! អត់ស្គាល់តម្រូវការរបស់រាស្ត្រទេឬ?

  4. Anonymous says:

    យក Style ពីភ្នំពេញទៅអនុវត្តនៅតាមខេត្ត

  5. ?? says:

    that came from those group of nation’s traitor no question to ask. in what so ever you can not please those group of evil. believing me it will never go along whit each other there will be more story in the future. please do not make our nation as bad as mentality nation in the world. I’m so shameful to myself by have been born as a Cambodian . GOD bless Cambodian