តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​

ដោយ តាំង សារ៉ាដា
2017-08-11
RFA

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ពី​ឆ្វេង​ជួរមុខ) លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។ RFA/Tin Zakariya
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ពី​ឆ្វេង​ជួរមុខ) លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។ RFA/Tin Zakariya


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​នាក់ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត។

​សំណើ​នេះ​ធ្វើ ដោយ​ផ្អែក​តាម​មាត្រា ៣៣ នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ចែង​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បរទេស ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ តំណាងរាស្ត្រ​ទាំង​នេះ​ជំរុញ​ឲ្យ គ.ជ.ប សម្រេច​បង្កើត​ការិយាល័យ​មួយ ឬ​ច្រើន នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ ស្ថានទូត ស្ថាន​កុងស៊ុល ប្រចាំ​ប្រទេស​នីមួយៗ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ ឬ​រស់​នៅ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួកគេ​ក្នុង​ការ​​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត។

​មន្ត្រី គ.ជ.ប ធ្លាប់​បញ្ជាក់​ថា ដើម្បី​កែប្រែ​ច្បាប់​បោះឆ្នោត​បាន គឺ​ទាល់​តែ​មាន​សំណើសុំ​ធ្វើ​វិសោធនកម្ម​ពី​តំណាងរាស្ត្រ​នៃ​បក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវការ​សំឡេង​គាំទ្រ​បន្ថែម​ពី​គណបក្ស​កាន់​អំណាច ទើប​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​នេះ​បាន។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន អំពី​ស្នើ​កែប្រែ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សុក្រ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles