លោក ហ៊ុន សែន ព្រមាន​វាយ​កងទ័ព​ឡាវ​បើ​​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​​ទឹកដី​​កម្ពុជា

ដោយ ខែ សុណង
2017-08-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា មួយ​សប្ដាហ៍​ទៀត កម្លាំង​រដ្ឋាភិបាល​កម្ពុជា នឹង​វាយ​កម្ទេច​កង​កម្លាំង​យោធា​របស់​ប្រទេស​ឡាវ ដែល​ចូល​ទឹកដី​កម្ពុជា តំបន់​អូរអាឡៃ ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​យូរ​ថ្ងៃ​ទី​១៧ ខែ​សីហា ប្រសិន​បើ​រដ្ឋាភិបាល​នេះ​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ជាប់​ព្រំដែន​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​កម្ពុជា ដាក់​កម្លាំង​ត្រៀម​វាយ​ទ័ព​ប្រទេស​ឡាវ ដែល​បាន​ចូល​ទឹក​ដី​ខេត្ត​ស្ទឹងត្រែង ស្រប​ពេល​ដែល​លោក​គ្រោង​នឹង​ចេញ​ទៅ​ជួប​ពិភាក្សា​បញ្ហា​ព្រំដែន​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ថ្ងៃ​ទី​១២ សីហា។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ប៉ុន្មាន​ថ្ងៃ​នេះ លោក​បាន​ផ្ញើ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ឡាវ ហើយ ពី​ករណី​ដែល​កងកម្លាំង​របស់​ឡាវ ឆ្លង​ទន្លេ​សេកុង ចូល​ទឹកដី​កម្ពុជា ក្នុង​ហេតុផល​ទប់ស្កាត់​កម្ពុជា មិន​ឲ្យ​ធ្វើ​ផ្លូវ​លើ​ដី​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ហើយ​ភ្លាមៗ​កម្ពុជា ក៏​ព្រម​ផ្អាក​សកម្មភាព​ធ្វើ​ផ្លូវ​នោះ​ដើម្បី​បញ្ចៀស​បញ្ហា​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​រហូត​មក​ពេល​នេះ លោក​ថា ភាគី​ឡាវ មិន​ទាន់​តប​លិខិត​លោក​វិញ​នៅ​ឡើយ។ លោក​បន្ត​ថា លោក​គ្រោង​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ ភ្លាមៗ បើ​សិន​ឡាវ ព្រម​ជួប​ជជែក​គ្នា​ពី​ការ​ដក​កម្លាំង​ចេញ​ពី​ទឹកដី​កម្ពុជា។

លោក ហ៊ុន សែន អះអាង​ថា លោក​ធ្លាប់​ហៅ​ទូរស័ព្ទ​ទៅ​នាយករដ្ឋមន្ត្រី​ឡាវ រួច​ហើយ​ពី​ករណី​នេះ ប៉ុន្តែ​គ្មាន​លទ្ធផល​រហូត​ដល់​លោក​ចង់​ទៅ​ជួប​មេដឹកនាំ​ឡាវ តែម្ដង ដើម្បី​សួរ​ឲ្យ​ច្បាស់​មុន​នឹង​កម្ពុជា សម្រេច​ប្រើ​កម្លាំង៖ «បើ​សិន​ជា​បង​ប្អូន​ឃើញ​មាន​ការ​ចល័ត​កងទ័ព​សូម​កុំ​ភ្ញាក់ផ្អើល គឺ​គោលដៅ​ទៅ​ស្ទឹងត្រែង ព្រំដែន​ឡាវ។ មិន​អាច​ឲ្យ​នរណា​មួយ​ជាន់​ដី​ខ្មែរ​ដែល​យើង​មិន​បាន​គិត​នោះ​ទេ មិត្តភ័ក្ដិ​គឺ​មិត្តភ័ក្ដិ​ហើយ តែ​បើ​មិត្ត​មក​ជាន់​ក្បាល​អ៊ីចឹង​មិន​បាន​ទេ។ ខ្ញុំ​សូម​បញ្ជូន​សារ​ពី​ទី​នេះ អំពាវនាវ​ចំពោះ​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ឱសានវាទ​យូរ​បំផុត​គឺ​នៅ​ថ្ងៃ​ទី​១៧ បើ​មិន​ចង់​មាន​រឿង​គឺ​ដក»

លោក​ថ្លែង​ដូច​នេះ​ក្នុង​ពិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ថ្នាក់​ដឹកនាំ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ប្រកាស​គោរមងារ​បណ្ឌិតសភាចារ្យ និង​សមាសភាព​ថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សា​បណ្ឌិត​សភាចារ្យ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា។

តាម​គម្រោង​គឺ​ថ្ងៃ​ទី​១២ ខែ​សីហា លោក ហ៊ុន សែន នឹង​ទៅ​ប្រទេស​ឡាវ ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ជា​លើក​ចុង​ក្រោយ ដើម្បី​ពិភាក្សា​បញ្ហា​ព្រំដែន។ ជំនួប​នេះ​អាច​នឹង​លុប​ចោល បើ​សិន​ជា​ភាគី​ឡាវ ដក​ទ័ព​ចេញ។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា បើ​សិន​ឡាវ អះអាង​ថា ទីតាំង​ដែល​កង​កម្លាំង​ខ្លួន​កំពុង​ឈរ​ជើង​នោះ​ជា​ទឹក​ដី​របស់​ឡាវ លោក​ស្នើ​ប្រទេស​ឡាវ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ឡាអេ ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ចង់​បង្ក​សង្គ្រាម ឬ​វាយ​ប្រហារ​ប្រទេស​ណា​ទេ តែ​ដើម្បី​​ការពារ​ទឹកដី​កម្ពុជា នោះ​លោក​ត្រូវ​តែ​ធ្វើ៖ «បើ​មិន​អស់​ចិត្ត​គ្នា ថា​ដី​នរណា​អី​នរណា ឥឡូវ​ស្ម័គ្រ​ចិត្ត​ឡើង​តុលាការ​ទាំង​អស់​គ្នា បើ​សិន​ជា​ឡាវ ព្រម​ឥឡូវ​ហ្នឹង ទៅ​តុលាការ​ឡាអេ ទាំង​អស់​នេះ​ជៀសវាង​ហូរ​ឈាម»

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ឲ្យ​តែ​មាន​ការ​រំលោភ​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​តែ​ប៉ះពាល់​ចំណង​មិត្តភាព​ហើយ។ លោក​ថា ការ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី លោក​សង្ឃឹម​ថា មិន​អាច​ឈាន​ទៅ​រក​ការ​ប្រឈម​ប្រដាប់​អាវុធ​ដាក់​គ្នា​ទេ ប៉ុន្តែ​ជា​សារ​មួយ​ផ្ញើ​ទៅ​ឲ្យ​រដ្ឋាភិបាល​ឡាវ ដើម្បី​ចូល​ខ្លួន​មក​កាន់​តុ​ចរចា​គ្នា​ដែរ៖ «ខ្ញុំ​គិត​ថា នេះ​ជា​សេចក្ដី​ថ្លែងការណ៍​ដែល​មេ​ដឹកនាំ​ក្នុង​ប្រទេស​នីមួយៗ​ត្រូវ​តែ​ធ្វើ កាលណា​មាន​ការ​រំលោភ​បំពាន​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​និយាយ​គ្នា​ហើយ ​ព្រមាន​នេះ​ត្រូវ​ធ្វើ​ឡើង​ហើយ។ ជួនកាល​ការ​ព្រមាន​នេះ​វា​អាច​ជា​ដំណោះស្រាយ​មួយ​ដែរ»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រដ្ឋាភិបាល​ឡាវ បាន​ចាប់​ផ្ដើម ​បញ្ជូន​កង​កម្លាំង​យោធា​ ប្រដាប់​អាវុធ​របស់​ខ្លួន មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរអាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

បន្ត​មក​ទៀត យោធា​ឡាវ​ក៏​​បន្ត​ឈរ​ជើង​លើ​ទឹក​ដី​ខ្មែរ​ នៅ​កោះ​ឫស្សី​ដដែល ពុំ​មាន​អ្វី​ប្រែប្រួល​ទេ បំណង​រារាំង​កង​កម្លាំង​វិស្វកម្ម​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​នៅ​តំបន់​នោះ និង​ចង់​គ្រប់គ្រង​ទីនោះ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ព្រមាន​វាយ​កងទ័ព​ឡាវ​បើ​​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​​ទឹកដី​​កម្ពុជា"

  1. Chourn says:

    កាលឆ្នាំ២០០៨កម្ពុជាវាយថៃមុនបោះឆ្នោតពេលនោះរដ្ឋាភិបាលខ្មែរបានសន្លឹកឆ្នោតច្រើនពីពលរដ្ឋ ហើយពេលនេះយុទ្ធសាស្ត្រនេះប្រហែលជាប្រើមុនពេលបោះឆ្នោតជាតិ២០១៨ទៀតក៍ថាបាន។

  2. Tor says:

    ជំនា់ន់លុន ណុល ពេលចល័ត ទ័ពទៅច្បាំងគឺស្ងាត់លាក់ការមិនអោយខ្មាំងដឹងថាទៅណា ចំឡែកពេលនេះ
    គ្រាន់តែលើកទ័ពផ្អើលអស់រុយនឹងមូស។ ជាល្បិចទៀតហើយជឹតដល់ពេលបោះឆ្នោត។តាមពឹតឡាវគឺយួនគ្រប់គ្រង នេះជាល្បែងដើម្បំ័បំភ៍នរាស្រ្តខ្មែរក្នុងការកេងប្រជាប្រិយ។មិនជឿថានឹងមានការប្រយុទ្ធអ្វីធំដុំទេ រប៉េះរប៉ោះដើម្បីថតដាក់ TV រួចហើយឡាវដកទ័ព
    ទៅវិញ ទ៍ព CPP ក៍ស្រែកថាជៅគជ៍យផ្សាយ TV មួយខែមិនខ្ចីចប់ ប្រហែលធ្វើបុណ្យធំដុំផងដើម្បីទទួលជោគជ័យនេះ។សរុបទៅរឿងទាំងនេះគឺគេរាបចំឆាកមុនរួចទៅហើយ ចាំមើលក្រែងនិយាយខុស។

Leave a Reply

Submit Comment