វិភាគ៖ តើការកាត់ទោសអ្នកចោទលោក ហ៊ុន សែន រឿងឃាតកម្ម លោក កែម ឡី ឆ្លុះបញ្ចាំងដូចម្តេច?

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ | ម៉ោង 1:53 PM
http://vodhotnews.com

បទវិភាគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)


ឃាតកម្មលើលោកបណ្ឌិត កែម ឡី បានកន្លងផុតទៅជាងមួយឆ្នាំហើយ ប៉ុន្តែក្រុម​គ្រួសារ​ជន​រងគ្រោះ​ថា មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ បើទោះជាតុលាការ​បាន​កាត់​ទោស​បុរសតែ​ម្នាក់គត់​ក្នុង​សំណុំរឿងនេះ។

ក្រុមគ្រួសារជនរងគ្រោះនិង​មហាជននៅតែទទួចឲ្យរដ្ឋាភិបាលស្វែងរក​អ្នកជាប់ពាក់ព័ន្ធ​នឹង​ឃាតកម្មនេះមក​កាត់ទោស។ ប៉ុន្តែពួកគេបង្ហាញការអស់សង្ឃឹម​លើចំណាត់ការ​រក​យុត្តិធម៌ជូន​អ្នក​​វិភាគ​រូប​នេះ។

យោងតាមការស្ទង់មតិមួយ​ដែល​ធ្វើដោយ​ស្ថាប័ន​អន្តរជាតិ ​ក្រោយពីឃាតកម្ម ​លោក កែម ឡី បង្ហាញថា ពលរដ្ឋជាង៦០% មិនមានសង្ឃឹមថា រដ្ឋាភិបាលរបស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​ផ្តល់​យុត្តិធម៌ដល់សាច់ញាត្តិគ្រួសារជនរងគ្រោះបានទេ។​

ផ្ទុយទៅវិញ ឥស្សរជននយោបាយនិង​អ្នកវិភាគយ៉ាងតិចចំនួន៣រូបហើយ ត្រូវបានតុលាការផ្តន្ទាទោស ដោយសារតែពួកគេចោទថា គណបក្សកាន់អំណាច​សព្វថ្ងៃ​នៅពីឃាតកម្ម​លោក កែម ឡី។

សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចូលរដ្ឋ៨លានរៀល ព្រមទាំងបង់សងជំងឺចិត្តដល់លោក ហ៊ុន សែន ១០០រៀល ខណៈលោក សម រង្ស៊ី ក៏ត្រូវបានតុលាការ​ដដែល​កាត់ទោសដាក់​ពន្ធនាគារ​១ឆ្នាំ​៨ខែ​ ពិន័យ​ចូលរដ្ឋ១០លាន​រៀល​ និង​សង​សំណង​១០០រៀលទៅលោក ហ៊ុន សែន។

ចំណែកលោក គឹម សុខ ជាអ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសនៅសប្តាហ៍នេះ ឲ្យជាប់ពន្ធនាគារ១៨ខែ និងពិន័យប្រាក់ចូលរដ្ឋ៨លានរៀល ហើយសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល ឬស្មើនឹង២០ម៉ឺនដុល្លារ។

ប៉ុន្តែសំណុំរឿងលោក គឹម សុខ នេះ បើតាមពាក្យបណ្តឹង គឺលោក ហ៊ុន សែន បានប្តឹងទារជំងឺចិត្តរហូតដល់ចំនួន៥០ម៉ឺនដុល្លារ បន្ទាប់​ពីអ្ន​ក​វិភាគ​​រូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយ​ករណី​ឃាតកម្ម​លោក​ កែម ឡី។

តើការកាត់ទោសអ្នកចោទលោក ហ៊ុន សែន រឿងឃាតកម្ម លោក កែម ឡី ឆ្លុះបញ្ចាំងដូចម្តេច?

លោកបណ្ឌិត មាស នី អ្នកតាមដានបញ្ហាសង្គម វិភាគថាការ​កាត់ទោស​ទៅ​លើ​អ្នក​ចោទ​ប្រកាន់​រដ្ឋាភិបាលទាក់ទងរឿង​ឃាតកម្មលោក កែម ឡី នេះ លោកយល់ថា បាន​ឆ្លុះ​បញ្ចាំង​ថា វាជាស្មុគស្មាញដែលរដ្ឋខ្វះ​ប្រព័ន្ធ​កណ្តាលមួយ​ដែល​អាច​វាស់​វែង​បានថា តើ​ចោទ​ប្រកាន់​នោះ​ខុ​សឬត្រូវ៖ «បើយើងមើលទៅហាក់ដូចជា ឲ្យតែនរណាហ៊ានចោទ អ្នកឯងត្រូវទទួលទោស​ហើយ។ បើសិនយើងរក​ឲ្យឃើញថា នរណាមែនទែន? នេះជាបញ្ហា ចឹងទៅអ្នក​ដែល​ចោទ​ហ្នឹង​ ត្រូវ​រង[គ្រោះ]ត្រង់អត់មានប្រព័ន្ធណារក​ឲ្យ​ឃើញថា ការចោទហ្នឹងវាត្រូវមែនទេ?តុលាការ​គេ​រក​អញ្ចេះៗទេ»។

លោក មាស នី បន្តថា «ខ្ញុំគិតថាក្នុង​ស្ថានភាព​បែប​នេះ បើ​មានអ្នក​ចោទ​ដូចគ្នា១០០នាក់ទៀត ជាប់គុកទាំង១០០ ហើយនៅតែរកផ្លូវចេញអត់ឃើញ…»។​

លោក មាស នី កត់សំគាល់ថា ការ​កាត់ទោសដាក់ពន្ធនាគារ ហើយមានការ​បង្គាប់​ឲ្យ​សងជំងឺ​ចិត្ត​​ដល់​រាប់រយលានរៀលនោះ លោកមិនដឹងថា តុលាការ​ប្រើ​ច្បាប់​ណាមក​អនុវត្ត។

លោក​យល់ថា ការ​កាត់ទោសដោយ​បង្គាប់ឲ្យសង​ជំងឺចិត្តដ៏សម្បើមបែបនេះ គឺ​គំរាមកុំ​ឲ្យ​មានអ្នកហ៊ាន​ចេញមុខ​ចោទ​ប្រកាន់​ថារដ្ឋាភិបាល​នៅពី​ក្រោយ​ឃាតកម្មនេះទៀត។

ទន្ទឹមនឹងការ​កាត់ទោសអ្នកដែល​ចោទ​រដ្ឋាភិបាល​ថា​នៅពីក្រោយ​ឃាតកម្ម​លោក កែម ឡី​ នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខផ្តល់​ថវិកា​ចូល​បុណ្យ​ និង​សង់​ចេតិយ​លោក កែម ឡី ប្រហែល​៦ម៉ឺនដុល្លារ។

លោក មាស នី យល់ថា «…ខ្ញុំមើលទៅដូចជាអត់មានអ្នកណាបានចំណេញពីរឿងហ្នឹងទេ។ ​បញ្ហាយុត្តិធម៌នេះបើសិនជាមិនបង្ហាញឲ្យច្បាស់ទេ ពលរដ្ឋគាត់នៅតែទន្ទឹង​រងចាំ ហើយ​គាត់​នៅតែ​សង្ស័យចុះសង្ស័យឡើង»។

សាស្រ្តាចារ្យនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ការកាត់​ទោស​ទៅលើ​អ្នករិះគន់រដ្ឋាភិបាល​ក្នុង​ករណី​ឃាតកម្ម លោក កែម ឡី នេះ អាចកាត់បន្ថយចំពោះការរិះគន់ឬការចោទប្រកាន់រដ្ឋាភិបាល តែមិនអាចបិទមាត់អ្នករិះគន់ទៅលើបញ្ហាធូររលុងនៃការអនុវត្តច្បាប់បានទេ៖ «បើគ្មានការស្វែងរកឃាតកពិតហើយច្បាស់លាស់ទាំងអ្នកសមគំនិតទេ អញ្ចឹងខ្ញុំគិតថា មនុស្សទូទៅនៅតែមានការសង្ស័យចំពោះភាពពាក់ព័ន្ធជាមួយរដ្ឋាភិបាលនេះ។ ចំណុចទីពីរ ជាទូទៅប្រជាពលរដ្ឋខ្មែរ និងសាធារណៈមតិទូទៅ ការលើកឡើងហាក់ដូចជាមិនទាន់មានភស្តុតាងពិតប្រាកដថាអ្នកណាជាឃាតក ឬអ្នកណានៅពីក្រោយជាដើម ត្រង់ចំណុចនេះហើយដែលធ្វើឲ្យមានការចោទប្រកាន់រហូតដល់មានការជាប់ពន្ធធនាគារ»។

ក្នុងសំណុំរឿងឃាតកម្មធំៗនៅកម្ពុជាដូចជា ឃាតកម្ម ទៅលើ លោកជា វិជ្ជា មេដឹកនាំសហជីព ឃាតកម្មទៅលើ តារាចម្រៀង ពិសិដ្ឋ ពីលិកា និងការ​បាញ់​ប្រហារទៅលើ តារា​ចម្រៀង​ ទូច សូនិច និង ​ពៅ​ បញ្ញាពេជ្រ ជាដើម មកដល់ពេលនេះ ​ឃាតកពិត​និង​អ្នក​នៅពីក្រោយ​ឃាតកម្ម​នោះ មិនទាន់ត្រូវបានចាប់មកកាត់ទោសទេ។

អ្នកវិភាគកត់សំគាល់ថា មូលហេតុ​ដែល​ឃាតកម្ម​ធំៗ រក​ឃាតកមិនឃើញ ដោយ​សារ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នកមានអំណាច៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment