សាលា​ឧទ្ធរណ៍​សម្រេច​មិន​បន្ត​សវនាការ​រឿង​ក្ដី​លោក ស៊ុត ឌីណា

ដោយ ម៉ម មុនីរតន៍
2017-08-11
RFA

អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (រូប​កណ្ដាល) ក្នុង​ពេល​សមត្ថកិច្ច​នាំ​មក​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang
អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (រូប​កណ្ដាល) ក្នុង​ពេល​សមត្ថកិច្ច​នាំ​មក​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang


ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ គឺ​លោក ញូង ធុល បាន​សម្រេច​មិន​បន្ត​សវនាការ​លើ​អង្គ​សេចក្ដី​ជុំវិញ​រឿង​ក្ដី​លោក ស៊ុត ឌីណា ក្រោយ​ពិនិត្យ​ឃើញ​ថា ពុំ​មាន​ឯកសារ​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​ធ្វើ​ជា​តំណាង​ក្នុង​ការ​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍។

ប្រពន្ធ​លោក ស៊ុត ឌីណា គឺ​អ្នកស្រី ស៊ុន សុគន្ធមាលា ក្រោយ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​យល់​ឃើញ​ថា ការ​បន្ត​លើក​ពេល​សវនាការ​នេះ គឺ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ជន​ជាប់​ចោទ។ អ្នកស្រី​បង្ហាញ​ការ​សោកស្ដាយ​នៅ​ពេល​តុលាការ​យល់​ឃើញ​ថា ខ្វះ​ឯកសារ​ផ្ទេរ​សិទ្ធិ​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ដែល​ពុំ​អាច​ឈាន​ទៅ​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​បាន៖ «មិន​ដឹង​ជា​យល់​យ៉ាង​ម៉េច​​មេធាវី​ដែល​គាត់​ដាក់​គេ​បាន​ទទួល​រួច​ហើយ ដល់​ពេល​ខុស​ទម្រង់​បែប​បទ​អ៊ីចឹង ខ្ញុំ​មិន​ដឹង​យល់​យ៉ាង​ណា​ទេ។ រឿង​នេះ​ខាត​ខ្លាំង​ណាស់ ខាត​ទាំង​កូន​ចៅ​តូចៗ និង​ក្រុម​គ្រួសារ​អី​លំបាក​ខ្លាំង​ណាស់»

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ សម្រេច ​ផ្ដន្ទាទោស​លោក ស៊ុត ឌីណា ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​លុយ​ចំនួន ១០​លាន​រៀល។ លោក​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ ៣​ថ្ងៃ​ក្រោយ​ពី​អង្គភាព​នេះ​ឃាត់​ខ្លួន លោក ស៊ុត ឌីណា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា។

ការ​ឃាត់​ខ្លួន​នេះ ក្រោយ​ពី​លោក​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រមាណ ២​ឆ្នាំ។ លោក ស៊ុត ឌីណា ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ចំនួន ២​បទល្មើស គឺ​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់​តាម​មាត្រា ៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព​តាម​មាត្រា​៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles