ឧទ្ធរណ៍​បន្ត​ដាក់​ទោស​លោក សម រង្ស៊ី ២០​ខែ​ពី​បទ​ចោទ​រដ្ឋ​អំណាច​សម្លាប់​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2017-08-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ឈ្នះ​ក្ដី​នៅ​តុលាការ​មួយ​សំណុំរឿង​ទៀត​ហើយ ជាមួយ​នឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​លោក សម រង្ស៊ី។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​រក្សា​បទ​ចោទ និង​ស្ថាន​ទម្ងន់​ទោស​ប្រឆាំង​លោក សម រង្ស៊ី ដូច​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​រួច​ហើយ​ដែរ ជុំវិញ​បទ​ចោទ​ថា ​រដ្ឋាភិបាល​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

សាលដីកា​ដែល​សម្រេច​ដោយ​កំបាំង​មុខ​ប្រឆាំង​លោក សម រង្ស៊ី នៅ​​ពេល​នេះ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​លោក ញូង ធុល ចាត់​ទុក​ថា សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​នីតិវិធី​សវនាការ​ដេញដោល កាល​ពី​ខែ​មីនា នោះ គឺ​មាន​តម្លៃ​គតិយុត្តិ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា សាលាឧទ្ធរណ៍​បាន​លើក​យក​សំណុំរឿង​លោក សម រង្ស៊ី ដែល​ចោទ​ប្រកាន់​ថា រដ្ឋអំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គឺ​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​ជំនុំជម្រះ។ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ​រង​ការ​ចោទ​ប្រកាន់​​ថា ​បាន​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ជា​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ខែ​កក្កដា និង​​ខែ​សីហា ឆ្នាំ​២០១៦។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​អ្នក​កាសែត ក្រោយ​បញ្ចប់​សវនាការ​ថា សាលដីកា​ដែល​សម្រេច​ដោយ​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ បាន​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​ដល់​ដើម​ចោទ ​គឺ​លោក ហ៊ុន​ សែន។ លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ឆ្លើយតប​ដែល​មេធាវី​ដើម​ចោទ ចង់​ឲ្យ​តុលាការ​រក្សា​បទ​ចោទ និង​ស្ថាន​ទម្ងន់​ទោស​ដូច​សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដែរ៖ «បាទ! នេះ​ជា​សំណូមពរ​ខាង​ភាគី​ខ្ញុំ គឺ​សូម​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង។ ដូច្នេះ​សាលាឧទ្ធរណ៍​បាន​តម្កល់​ហើយ​មិញ​នេះ»

ថ្វី​បើ​សវនាការ​ដែល​បន្ត​កាត់​ក្ដី​ដោយ​អវត្តមាន​ទាំង​មេធាវី​ គឺ​លោក សំ សុគង់ និង​លោក សម រង្ស៊ី នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ ក៏​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​អាច​ដំណើរការ​ក្ដី​បាន ដោយ​យោង​លើ​សំអាង​ហេតុ ៤​ចំណុច​របស់​លោក សម រង្ស៊ី គឺ​មាន​បទ​សម្ភាសន៍​ជា​មួយ​អាស៊ីសេរី ការ​ថ្លែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នៅ​ប្រទេស​បារាំង សារ​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​គណនី​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក សម រង្ស៊ី និង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក។

ក្រៅ​ពី​នេះ នៅ​មាន​ការ​សំអាង​ហេតុ​បន្ថែម​ទៀត ដែល​បើក​ផ្លូវ​ឲ្យ​សាលាឧទ្ធរណ៍​កាត់​ក្តី​បាន​នោះ គឺ​តុលាការ​យល់​ឃើញ​ថា មាត្រា ៣៦២ នៃ​ក្រុម​នីតិវិធី​ព្រហ្មទណ្ឌ ក៏​ជា​ផ្នែក​មួយ​អាចឲ្យ​សវនាការ​ដោយ​កំបាំង​​មុខ​ជន​ជាប់​ចោទ​បាន​ដែរ។ ម្យ៉ាង​ទៀត លោក សម រង្ស៊ី តែង​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​គ្រប់​នីតិវិធី​រួច​មក​ហើយ។

បើ​ទោះ​ជា​បែប​ណា ការ​កាត់​ក្តី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា សង្កេត​ឃើញ​ថា តុលាការ​ហាក់​ពុំ​បាន​សួរ​ដេញដោល​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ ដោយ​គ្រាន់​តែ​បង្គាប់​ឲ្យ​បញ្ចាំង​ស្លាយ​អំពី​វីដេអូ និង​សំឡេង​លោក សម រង្ស៊ី បន្តិច ក៏​សម្រេច​សេចក្ដី​យក​តែម្ដង។ ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រាកដ​កាន់​តែ​ច្បាស់​អំពី​ភស្តុតាង​សំអាង​ហេតុ​ក្នុង​ការ​ដាក់​បន្ទុក​នេះ តុលាការ​បាន​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​បច្ចេកទេស​ផ្នែក​កោសល្យវិច័យ​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ក្រសួង​មហាផ្ទៃ ចំនួន ៣​នាក់​ ចូល​ការពារ​ភស្តុតាង​នេះ​ថែម​ទៀត​ផង នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​លើក​នេះ។ មន្ត្រី​នគរបាល​ទាំង​នោះ​បាន​បញ្ជាក់​ថា សំឡេង និង​រូបភាព ​ដែល​ទទួល​បាន​ពី​តំណាង​អយ្យការ​គឺ​ប្រាកដ​ជា​លោក សម រង្ស៊ី មែន។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី ថាវរៈ បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន។ អំណាច​សាលក្រម​នេះ សម្រេច​ផ្ដន្ទាទោស​អតីត​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៨​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល។ ក្រៅ​ពី​នេះ​ នៅ​មាន​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០​រៀល​ថែម​ទៀត។

លោក សំ សុគង់ មេធាវី​ការពារ​ឲ្យ​លោក សម រង្ស៊ី អះអាង​ថា លោក​ពុំ​បាន​ទទួល​លិខិត​អញ្ជើញ​មេធាវី​ឲ្យ​ចូលរួម​ការពារ​ក្ដី​ទេ ហើយ​លោក​ហាក់​នៅ​មិន​ទាន់​ប្រាកដ​ដែរ​ថា តើ​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «ចំពោះ​ខ្ញុំ​ជា​មេធាវី​ការពារ​ឯកឧត្ដម សម រង្ស៊ី ហ្នឹង​អត់​បាន​ទទួល​លិខិត​អញ្ជើញ​ទេ។ នេះ​ជាក់ស្ដែង»

នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ចំនួន ៤​នាក់​ហើយ ​​រួម​ទាំង​លោក សម រង្ស៊ី ផង ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ និង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ព្រោះ​តែ​ចោទ​លោក ហ៊ុន សែន ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ឧទ្ធរណ៍​បន្ត​ដាក់​ទោស​លោក សម រង្ស៊ី ២០​ខែ​ពី​បទ​ចោទ​រដ្ឋ​អំណាច​សម្លាប់​បណ្ឌិត កែម ឡី"

  1. ?? says:

    I do not understand why ?????? this justice system in KING DAMB of Cambodia is trying to kill their innocent people. how about the real killer why you dumb guy can not showing your dumb justice to our nation. my question to all of these dumb person in this justice system in Cambodia is>>>>>> do all of you understand if all of you handle this murder case according to your evil group that punishment should be to all of you as lawyers , judge, jury, . all I wanted to say to you is>>> you walk naked in front of public and you expecting no one can see you ass. I tell you one thing your ass is so ugly even animal knew that your ass was full of shite . sorry I have to use this kind of word to this Ministry of justice in KING DAMB of Cambodia . actually I’m not that kind of person but in this case I can not take it, because justice system is a very important for any nation in the whole world. this is out of my mind I’m watching your evil group every day and will see how all of you doing to your own people. you are not alone wait and see the world reaction to your evil group. peace to Cambodia and GOD bless all Cambodian

  2. Anonymous says:

    ទោះបីចាប់ខ្មែរ១នគរដាក់គុកទៀត ក៏ខ្មែរទូទៅនៅតែដឹងនិងជឿ់ថា នរណាជាអ្នកបញ្ជានិងនៅពីក្រោយឃាតកម្មដ៏ថោកទាបនេះដែរ។ មិនអាចយកដៃបាំងព្រះអាទិត្យបានទេ។

Leave a Reply

Submit Comment