ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

ដោយ ជិន ជេដ្ឋា
2017-08-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​ខេត្ត​កំពង់ឆ្នាំង។ Photo: RFA
ផែនទី​ខេត្ត​កំពង់ឆ្នាំង។ Photo: RFA


តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទប់ស្កាត់​សកម្មភាព​ធ្វើ​អាជីវកម្ម​អុស​សម្រាប់​ប្រើ​តាម​រោងចក្រ និង​រោង​សិប្បកម្ម​ដែល​ជា​ហេតុ​នាំ​ឲ្យ​ឈើ​ក្នុង​តំបន់​ការពារ​ទាំង​តូច​ទាំង​ធំ​រង​ការ​កាប់​បំផ្លាញ។ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អះអាង​ថា អុស​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នោះ គឺ​ពលរដ្ឋ​បាន​កាប់​ពី​ចម្ការ​របស់​ពួកគេ។

ផ្ទុយ​ពី​ការ​អះអាង​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នេះ អនុ​ប្រធាន​គណៈកម្មការ​តំបន់​ការពារ​ធម្មជាតិ​ទឹកធ្លាក់​អន្លង់ស្វាយ លោក ម៉ិល សារិទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ថា អ្នកភូមិ​ស្លែង ឃុំ​ទួលខ្ពស់ ជា​ច្រើន​គ្រួសារ បាន​រកស៊ី​កាប់​អុស​លក់ ដោយ​អ្នក​ខ្លះ​បាន​លួច​ចូល​កាប់​ឈើ​ខ្លុង ឬ​ត្បែង​ចេញ​ពី​ព្រៃ​ការពារ​របស់​លោក​យ៉ាង​តិច ១០​គោយន្ត​ក្នុង​មួយ​ថ្ងៃ នៅ​គ្រា​ដែល​កម្លាំង​ល្បាត​នៅ​រវល់​ការងារ​ដក​ស្ទូង។

លោក ម៉ិល សារិទ្ធិ បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​មាន​ឡាន​ភ្លៅ​៦ ដឹក​អុស​ចំនួន​ពីរ​គ្រឿង រង់ចាំ​ដឹក​អុស​នៅ​ចំណុច​ភូមិ​ស្លែង ដើម្បី​យក​ទៅ​ចែកចាយ​បន្ត​តាម​រោងចក្រ និង​រោង​សិប្បកម្ម​រៀងរាល់​ថ្ងៃ។ លោក​ស្នើ​ឲ្យ​មេឃុំ​ទួលខ្ពស់ លោក សែម សារឿន ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្លែង​ផ្ទាល់ ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ឲ្យ​បញ្ឈប់​លួច​ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ​យក​ទៅ​លក់​បន្ត​ទៀត៖ «ព្រៃ​សហគមន៍​គាត់​អស់​ហើយ អ៊ីចឹង​ហើយ​កុំ​បំផ្លាញ​ដល់​គេ​​ខំ​ថែរក្សា។ លួច​កាប់​ចូល​ដល់​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អន្លង់ស្វាយ​ហ្នឹង ហើយ​នៅ​ចំណុច​ព្រៃ​ធំ។ កាប់​រយៈ​ពេល​ជិត​កន្លះ​ខែ​ហើយ។ ក្រសួង​ក៏​ដូច​ជា​មន្ទីរ​បរិស្ថាន​ប្រគល់​ឲ្យ​សហគមន៍​ការពារ និង​គ្រប់គ្រង តែ​បើ​សហគមន៍​ការពារ​អត់​បាន​ខ្លាច​រដ្ឋ​យក​វិញ​អត់​មាន​កន្លែង​គង្វាល​គោ​ក្របី»

ឆ្លើយ​តប​នឹង​សំណើ​នេះ មេ​ឃុំ​ទួលខ្ពស់ លោក សែម សារឿន បដិសេធ​ថា ពលរដ្ឋ​ក្នុង​ភូមិ​របស់ តែ ៤ ឬ ១០​គ្រួសារ​ប៉ុណ្ណោះ​ដែល​ប្រកប​មុខ​របរ​នេះ ហើយ​ពួកគេ​ភាគ​ច្រើន​កាប់​អុស​ចេញ​ពី​ព្រៃ​លើ​ដី​របស់​ខ្លួន គឺ​មិន​ប៉ះពាល់​ដល់​ដី​សហគមន៍ ឬ​តំបន់​ការពារ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា បើ​គ្មាន​អ្នក​ទិញ ក៏​គ្មាន​អ្នក​កាប់​ដែរ ហើយ​លោក​បាន​ត្រឹមតែ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «គាត់​មិន​កាប់​នៅ​ក្នុង​ដែន​អី​ទេ គាត់​ទៅ​កាប់​តាម​ជើង​ភ្នំ ប៉ុន្តែ​ភ្នំ​ហ្នឹង​ក៏​ឋិត​នៅ​ក្នុង​ដែន​របស់​រដ្ឋបាល​ព្រៃឈើ​ដែរ ប៉ុន្តែ​គ្រាន់​តែ​មិន​នៅ​ក្នុង​ដែន ឬ​ក្នុង​ដី​សហគមន៍​ឃុំ​ក្បាល​ទឹក​អី​ទេ។ បើ​និយាយ​ទៅ​ការ​ផ្សព្វផ្សាយ​របស់​ខ្ញុំ​ផ្សព្វផ្សាយ​ដូច​ភ្លៀង​រលឹម​អ៊ីចឹង​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​បញ្ឈប់​កាប់​ព្រៃឈើ​អី​នេះ​ត​ទៀត​ទៅ ព្រោះ​រដ្ឋាភិបាល​ក៏​ដូច​ជា​យើង​ផ្ទាល់​ក៏​ដឹង​ដែរ​ថា កាលណា​តែ​យើង​អស់​ព្រៃឈើ​ទៅ​គឺ​វា​ពិបាក​ហើយ»

ចំណែក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រមាស លោក ទា គឹមហេង បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​មិន​អាច​បញ្ឈប់​ឡាន​ដឹក​អុស​ដែល​មាន​ប្រភព​​ច្បាស់​លាស់ ឬ​អុស​ដែល​ដឹក​នោះ​បាន​កាប់​ចេញ​ពី​ផ្ទៃ​ដី​ឯកជន​របស់​ពលរដ្ឋ។ ប៉ុន្តែ​ចំពោះ​ឈ្មួញ ឬ​ឡាន​ដឹក​អុស​ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ ឬ​រក​ឃើញ​ថា ឈើ​ដែល​ដឹក​នោះ​មាន​ប្រភព​ចេញ​ពី​ដែន​ជម្រក ឬ​ព្រៃ​ការពារ​នឹង​ចាត់​វិធានការ​ភ្លាម៖ «ព្រៃ​ហាម​ឃាត់ គឺ​ខុស​ច្បាប់ កន្លង​មក​យើង​ចាប់​យើង​ថា រក​ពី​ប្រភព​អត់​ស្រប​ច្បាប់​មក​អ៊ីចឹង​យើង​ចាប់​គាត់​បាន។ យើង​ធ្លាប់​ចុះ​ទៅ​សិក្សា​ដែរ ចុះ​ទៅ​ជាក់​ស្ដែង​មើល​គំនរ​អុស​គាត់​កាប់​ពី​ណា​ពី​ណី​មក។ គាត់​កាប់​ចេញ​ពី​យុវជន​វាស់វែង​ឲ្យ​គាត់ ហើយ​ដី​ក្បាល​ស្រែ​របស់​គាត់​ចិញ្ចឹម​ទុក​អ៊ីចឹង​ទៅ​ណា។ ព្រៃ​ដែល​ដុះ​នៅ​លើ​ដី​ឯកជន​ស្រប​ច្បាប់​ជា​ព្រៃ​ឯកជន អ៊ីចឹង​គាត់​មាន​សិទ្ធិ​កាប់​ធ្វើ​អាជីវកម្ម»

អាជីវកម្ម​អុស​ប្រភេទ​ខ្លុង និង​ត្បែង​មាន​ច្រើន​កន្លែង នៅ​ក្នុង​ស្រុក​ទឹកផុស ប៉ុន្តែ​ប្រភព​ឈើ​ដែល​ពលរដ្ឋ​កាប់​មក​លក់​នោះ គឺ​ភាគ​ច្រើន​ឋិត​នៅ​លើ​ដី​ចម្ការ និង​​ដី​ក្បាល​ស្រែ​ដែល​ពួកគេ​បាន​កាន់កាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment