លោក សម រង្ស៊ី នៅ​តែ​រក្សា​ការ​ចោទ​​ថា​រដ្ឋាភិបាល​កម្ពុជា​នៅ​ពី​ក្រោយ​ឃាតកម្ម​​បណ្ឌិត កែម ឡី

ដោយ មួង ណារ៉េត
2017-08-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី នៅ​តាម​ផ្លូវ​ទៅ​កាន់​ខេត្ត​តាកែវ កាល​ពី​​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី នៅ​តាម​ផ្លូវ​ទៅ​កាន់​ខេត្ត​តាកែវ កាល​ពី​​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទោះ​បី​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា បន្ត​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ដោយសារ​ការ​ចោទ​ប្រកាន់​នេះ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង ដោយសារ​ជាប់​បណ្ដឹង​ជា​ច្រើន​ករណី​នៅ​តុលាការ​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ឥត​កែប្រែ​របស់​លោក​ដដែល ដោយ​នៅតែ​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ការ​ជឿជាក់​បែប​នេះ ដោយសារ​លោក​សំអាង​ថា ឃាតកម្ម​កន្លង​មក​លើ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ដែល​មាន​ប្រជាប្រិយភាព​ដែល​ជា​អ្នក​ការពារ​ទ្រព្យសម្បត្តិ​ជាតិ ដូចជា​ព្រៃឈើ​អ្នក​ដែល​ស្វែងរក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ ដូចជា​ប្រធាន​សហជីព​កម្មករ លោក ជា វិជ្ជា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន និង​សកម្មជន​លេច​ធ្លោ​ដទៃ​ទៀត​ជាដើម សុទ្ធ​តែ​មាន​លំនាំ​មិន​ខុស​គ្នា​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ​ទេ៖ «លក្ខណៈ​ដែល​បាញ់​សម្លាប់​ហ្នឹង​ដូច​គ្នា​ទាំង​អស់ គឺ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់ ហើយ​ឃើញ​អ្នក​ដែល​បាញ់​សម្លាប់​ហ្នឹង គេច​ខ្លួន​យ៉ាង​ងាយស្រួល ហើយ​អ្នក​ដែល​មាន​អំណាច​ហ្នឹង​គឺ​លុប​ចោល​បំបិទ​ដាន បំបិទ​ភស្តុតាង​យក​មនុស្ស​ដែល​គ្មាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទាំង​នោះ មក​បង្វែង​ដាន​ទៅ​វិញ​ឲ្យ​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ហ្នឹង​រួច​ខ្លួន ដូច្នេះ​ទង្វើ​ទាំង​អស់​ហ្នឹង យើង​ស្គាល់​ច្បាស់​ហើយ មានតែ​រដ្ឋ​អំណាច និង​អ្នក​មាន​អំណាច​ទេ ដែល​អាច​ធ្វើ​អ៊ីចឹងៗ​បាន!»

ទោះ​បី​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក សម រង្ស៊ី ចំនួន ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល សង​ជំងឺ​ចិត្ត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០​រៀល ក៏​លោក សម រង្ស៊ី នឹង​មិន​ប្ដឹង​ទៅ​តុលាការ​កំពូល​នោះ​ទេ ដោយ​លោក​ថា គ្មាន​បាន​ការ ព្រោះ​លោក​ចាត់​ទុក​តុលាការ​កម្ពុជា ថា​ជា​តុលាការ​អាយ៉ង ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក សម រង្ស៊ី សង្ឃឹម​លើ​ការ​ផ្ដល់​យុត្តិធម៌​ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នៅ​ឯ​តុលាការ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​នៅ​សហរដ្ឋអាមេរិក ដោយ​ថ្មីៗ​នេះ តុលាការ​អាមេរិក នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ចេញ​ដី​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ស្ថានីយ​សាំង​កាល់តិច បង្ហាញ​ឯកសារ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ឯកសារ​ទាំង​នោះ​រួម​មាន​ទាំង​រូបភាព​វីដេអូ ពី​កាមេរ៉ា​សុវត្ថិភាព នៅ​ហាង​ស្តារម៉ាត ក្នុង​ស្ថានីយ​សាំង​កាល់តិច នៅ​ឯ​ស្តុប​បូកគោ​នោះ​ផង​ដែរ។

លោក សម រង្ស៊ី៖ «ការ​ស្រាវជ្រាវ​ហ្នឹង​នៅ​បន្ត​ទៀត។ តុលាការ​នៅ​ភ្នំពេញ ថា​ចប់​ហើយ គឺ​ឥឡូវ​គេ​រក​មុខ​អ្នក​បាញ់​សម្លាប់​ហ្នឹង​ឃើញ​ហើយ។ ប៉ុន្តែ​មិនមែន​ទេ ដូចជា​ឃាតក​សិប្បនិម្មិត។ ជា​ឃាតក​ក្លែងក្លាយ។ អ្នក​បាញ់​សម្លាប់​មែន​ទែន អ្នក​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​នោះ គឺ​មិន​ទាន់​វែកមុខ​បាន​ច្បាស់​ទេ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា អ្វី​ដែល​ជា​តុលាការ​ឯករាជ្យ​ពី​ក្រៅ​ប្រទេស ពី​សហរដ្ឋអាមេរិក​ជាដើម អាច​ជួយ​ថ្ងៃ​ណា​មួយ​លាតត្រដាង​ការពិត ហើយ​ផ្ដន្ទាទោស​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ជន​ដៃដល់​តាម​ច្បាប់»

​ចំណែក​ឯ​មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​បាន​យក​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ប្តឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​មាន​សង្ឃឹម​ដែរ​ថា សេចក្តី​សម្រេច​របស់​តុលាការ​អាមេរិក នឹង​ជួយ​ផ្ដល់​ភស្តុតាង​បន្ថែម​ដើម្បី​គាំទ្រ​ដល់​បណ្ដឹង​របស់​គាត់៖ «ដោយសារ​ឃាតកម្ម​លើ​លោក កែម ឡី ជា​អំពើ​ឃាតកម្ម​មួយ​ក្នុង​ចំណោម​អំពើ​ឃាតកម្ម​ជា​ច្រើន​នៅ​កម្ពុជា ដែល​យើង​បាន​ដាក់​ប្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដូច្នេះ​យើង​សង្ឃឹម​ថា ភស្តុតាង​ដែល​បាន​ពី​ក្រុមហ៊ុន ឆេវរ៉ុន នឹង​លាតត្រដាង​ការពិត​ដែល​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ជា​ការ​បិទ​បាំង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ភស្តុតាង​ថ្មី នឹង​ជួយ​ដល់​សម្អាង​ហេតុ​របស់​យើង ដែល​ថា​ឃាតកម្ម​លើ​លោក កែម ឡី ធ្វើ​ឡើង​ដោយ​ហេតុផល​នយោបាយ។ ចំណុច​នេះ ជួយ​ឲ្យ​យើង​អាច​ដាក់​បណ្ដឹង​បន្ថែម ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន»

​ទោះជា​យ៉ាង​នេះ​ក្តី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​កម្ពុជា លោក ញូង ធុល ចាត់​ទុក​ថា សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​នីតិវិធី​សវនាការ​កន្លង​មក គឺ​មាន​តម្លៃ​គតិយុត្តិ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​បញ្ចប់​សវនាការ​ថា សាលដីកា​ដែល​សម្រេច​ដោយ​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ បាន​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​ដល់​ដើម​ចោទ គឺ​លោក ហ៊ុន សែន។ លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ដែល​មេធាវី​ដើម​ចោទ​ចង់​ឲ្យ​តុលាការ​រក្សា​បទ​ចោទ និង​ស្ថាន​ទម្ងន់​ទោស​ដូច​សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ សម្រេច៖ «បាទ! នេះ​ជា​សំណូមពរ​ខាង​ភាគី​ខ្ញុំ គឺ​សូម​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង។ ដូច្នេះ​សាលាឧទ្ធរណ៍​បាន​តម្កល់​ហើយ​មិញ​នេះ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា សាលាឧទ្ធរណ៍​បាន​លើក​យក​សំណុំរឿង​លោក សម រង្ស៊ី ដែល​ចោទ​ប្រកាន់​ថា រដ្ឋ​អំណាច​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន គឺជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​ជំនុំជម្រះ។

​លោក សំ សុគង់ មេធាវី​ការពារ​ឲ្យ​លោក សម រង្ស៊ី អះអាង​ថា លោក​ពុំ​បាន​ទទួល​លិខិត​អញ្ជើញ​មេធាវី​ឲ្យ​ចូលរួម​ការពារ​ក្ដី​ទេ។ នៅ​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ចំនួន ៤​នាក់​ហើយ រួម​ទាំង​លោក សម រង្ស៊ី ផង ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ និង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ព្រោះ​តែ​ចោទ​លោក ហ៊ុន សែន ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles