អ្នក​ឃ្លាំមើល​រិះគន់​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ឡាវ​សម្រេច​ដក​ទ័ព

ដោយ ម៉ម មុនីរតន៍
2017-08-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr


នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ត្រង់​ចំណុច​អូរ​តាង៉ាវ និង​អូរអាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ផុត​យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ស្រប​ពេល​ភាគី​ទាំង​ពីរ​ព្រមព្រៀង​ដក​ថយ​មួយ​ជំហាន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដោយ​យោធា​នេះ អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​នយោបាយ​ដែល​លោក ហ៊ុន សែន កំពុង​អនុវត្ត​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​២០០៨ ដែល​កម្ពុជា កាល​ណោះ​មាន​ជម្លោះ​យោធា​ជា​មួយ​ថៃ ត្រង់​ប្រាសាទ​ព្រះវិហារ។

អ្នក​វិភាគ​បញ្ហា​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា វិធីសាស្ត្រ​ដែល​លោក ហ៊ុន សែន កំពុង​តែ​ដោះ​ស្រាយ​នៅ​ពេល​នេះ វា​ហាក់​ដូច​គ្នា​ណាស់​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី ១០​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​ខ្ពស់​បំផុត​រហូត​ដល់ ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ការ​សង្កេត​របស់​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នេះ ដោយ​លោក​អះអាង​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ បាន​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​នៅ​ពេល​នោះ ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាង​ច្រើន។ លោក​បន្ត​ថា ព្រឹត្តិការណ៍​លើក​នេះ​ក៏​ហាក់​ដូច​ជា​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​ដែរ ស្រប​ពេល​ការ​បោះឆ្នោត​ក៏​កាន់​តែ​ខិត​ជិត​មក​ដល់​ណាស់​ដែរ​ហើយ៖ «មុន​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ ហើយ​ពេល​នោះ​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន។ ឥឡូវ​នេះ ក៏​មាន​របៀប​គ្នា​អ៊ីចឹង​ដែរ មុន​ការ​បោះឆ្នោត​គ្រាន់​តែ​យូរ​បន្តិច។ ប៉ុន្តែ​ស្ថិត​ក្នុង​កាលៈទេសៈ​មួយ​ដែល​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ដណ្ដើម​សន្លឹក​ឆ្នោត​យ៉ាង​ខ្លាំងក្លា»

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បាន​ប្រកាស​មុន​ចេញ​ដំណើរ​ទៅ​ចរចា​ជាមួយ​លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​ឡាវ ថា នេះ​ជា​ការ​ការពារ​ទឹក​ដី ហើយ​លោក​មិន​ចង់​ឃើញ​ប្រទេស​ជិត​ខាង​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា ដែរ។ ប៉ុន្តែ​នេះ​ជា​ការពារ​ទឹក​ដី​ក្នុង​នាម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ទាហាន​កម្ពុជា ស្ទឹងត្រែង ១៤៤០ ២០១៧
​ទាហាន​កម្ពុជា ត្រឡប់​ពី​តំបន់​ព្រំដែន​ដែន​ដែល​មាន​ជម្លោះ​ជាមួយ​ភាគី​ឡាវ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​បញ្ចេញ​កង​ទ័ព​ទៅ​កាន់​តំបន់​ព្រំដែន​នៃ​ខេត្ត​ស្ទឹងត្រែង និង​ទុក​ពេល​ឲ្យ​ឡាវ ដក​ទ័ព​ចេញ​ក្នុង​រយៈពេល ៦​ថ្ងៃ។ យុទ្ធសាស្ត្រ​នយោបាយ​នេះ ត្រូវ​រង​ការ​រិះគន់​ថា ហេតុ​អី​ចាំបាច់​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​ហើយ ទើប​ទៅ​ប្រយុទ្ធ​ពេល​ក្រោយ។ ម្យ៉ាង​ទៀត បញ្ហា​នេះ​បាន​ផ្ទុះ​ជា​យូរ​ខែ​ណាស់​មក​ហើយ តែ​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​វិធានការ​នៅ​ពេល​នេះ​ទៅ​វិញ​ជាដើម។

ថ្លែង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត ព្រមព្រៀង​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​ឲ្យ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ទន្ទឹម​នឹង​នេះ លោក ថងលួន ស៊ីស៊ូលីត ក៏​សូមទោស​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ជ្រួលច្របល់​ ជាពិសេស​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​កន្លែង​នោះ​ទាំង​អស់ ឲ្យ​អស់​នៅ​ព្រឹក​ស្អែក​នេះ»

គន់ គីម ស្ទឹងត្រែង ១៤៤០
អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ គន់ គីម (រូប​ដៃ​កាន់​ឡាន) ក្នុង​ពេល​ដឹក​នាំ​កង​ព័ទពី​តំបន់​ព្រំដែន​មក​ដល់​ក្រុង​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr

អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​កាសែត​ក្នុង​ស្រុក​មុន​គម្រោង​ដក​ទ័ព​មួយ​ថ្ងៃ​ថា កង​យោធា​កម្ពុជា ដែល​បញ្ជូន​ទៅ​ចំណុច​ព្រំដែន​មាន​ប្រមាណ ៧​ពាន់​នាក់។ ពួកគេ​មាន​ទាំង​សព្វាវុធ និង​រថពាសដែក​ជា​ច្រើន​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ផង។ ប៉ុន្តែ​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​រូប​នេះ ពុំ​បាន​បញ្ជាក់​ថា ត្រូវ​បញ្ជូន​ចេញ​ពី​កងពល​ណា​ខ្លះ​នោះ​ទេ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់​កាសែត​ក្នុង​ស្រុក​ដែរ​ថា ចំនួន​យោធា​ដែល​បាន​បញ្ជូន​ចេញ​​ត្រៀម​ប្រយុទ្ធ​នេះ ចំណុះ​ឲ្យ ៤​កងពល ហើយ​សុទ្ធ​តែ​ជា​កម្លាំង​ស្រួច។

ដោយ​ឡែក​លោក ឈុំ សុជាត មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ឲ្យ​ដឹង​ថា ភាគី​ឡាវ ស្នើ​សុំ​កម្ពុជា ទុក​ពេល​ឲ្យ​មួយ​ថ្ងៃ​នេះ​សិន ដើម្បី​ត្រៀម​ដក​កងទ័ព​ត្រឡប់​ទៅ​វិញ ព្រោះ​ឡាវ មាន​សម្ភារៈ​ច្រើន​ដែល​ត្រូវ​ដឹក​ចេញ។ លោក​បន្ត​ថា ចំពោះ​ភាគី​កម្ពុជា នឹង​ដក​យោធា​ចេញ​ពី​តំបន់ព្រំដែន​​នោះ​ដែរ នៅ​ពេល​ណា​ភាគី​ឡាវ អនុវត្ត​បាន​ពេញ​លេញ​ហើយ៖ «ការ​ចរចា​នៅ​វៀងចន្ទន៍ បាន​ជោគជ័យ​ហើយ ឥឡូវ​នេះ​ខាង​ឡាវ គេ​ចាត់តាំង​កម្លាំង​មេទ័ព​ខាង​មុខ​ដើម្បី​ជួប​មេទ័ព​យើង​នៅ​ជួរ​ខាង​មុខ។ ឥឡូវ​គេ​អត់​ព្រម​ដក ទុក​ស្អែក​ព្រឹក​មួយ​ថ្ងៃ​សិន។ គេ​ប្រុងប្រៀប​មួយ​ថ្ងៃ ស្អែក​គេ​ដក​ចេញ​ពី​តំបន់​ដែល​យើង​ទាមទារ​ហើយ ទឹក​ដី​របស់​យើង​គេ​ព្រម​ដក​ហើយ»

ជុំវិញ​រឿង​នេះ ក្រសួង​ការពារ​ជាតិ​ធ្លាប់​ច្រានចោល​ការ​ផ្សាយ​របស់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ម្ដង​រួច​មក​ហើយ ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​ឡាវ ​បាន​បន្ថែម​កម្លាំង​បន្ថែម​ទៀត នៅ​ចំណុច​អូរតាង៉ាវ និង​អូរ​អាឡៃ។ប្រតិកម្ម​របស់​ក្រសួង​ការពារ​ជាតិ​នេះ ចាត់​ទុក​ថា ដំណឹង​ឡាវ ​ជីក​លេណដ្ឋាន​លើ​ទឹកដី​កម្ពុជា​នេះ មិន​ពិត​ថែម​ទៀត​ផង។

ភាព​តានតឹង​បន្ត​អូស​បន្លាយ​ចាប់​តាំង​ពី​យោធា​ឡាវ ​ចាប់​ឈរ​ជើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ទើប​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា កង​យោធា​ឡាវ ពិត​ជា​បាន​បោះ​ជំរំ​ឈរ​ជើង​ក្នុង​ទឹកដី​កម្ពុជា មែន ត្រង់​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ភ្លាមៗ កម្លាំង​យោធា​កម្ពុជា ត្រូវ​បញ្ជូន​​ទាំង​យប់​ឆ្ពោះ​ទៅ​កាន់​តំបន់ព្រំដែននោះ។

ទាក់ទង​នឹង​ព័ត៌មាន​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​មក​ដល់​កម្ពុជា វិញ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា។

ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​ថា ជំនួប​រវាង​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​២ (កម្ពុជា-ឡាវ) បាន​ទទួល​ផ្លែផ្កា​គួរ​ជា​ទី​មោទនៈ និង​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម ទាំង​ពលរដ្ឋ និង​ប្រទេស​ទាំង​២។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា អំពី​លទ្ធផល​នៃ​ជំនួប​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២​នេះ លើក​ឡើង​ថា ក្រៅ​ពី​សន្យា​ថា នឹង​ដក​កងទ័ព​ឡាវ ចេញ​ពី​កម្ពុជា ហើយ​នោះ កងកម្លាំង​កម្ពុជា ដែល​បាន​ចល័ត​ចេញ​ទៅ​កាន់​តំបន់​ទំនាស់ និង​ប្រុង​ជើងការ ត្រូវ​បាន​បញ្ជា​អោយ​ដក​ត្រឡប់​ចូល​បន្ទាយ​រៀងៗ​ខ្លួន​វិញ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២ បាន​ណែនាំ​អោយ​ក្រសួង​ការបរទេស​ និង​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​អោយ​បាន​សកម្ម​បន្ត​ទៀត ដើម្បី​ដោះស្រាយ​អោយ​រួច​រាល់​នូវ​ខ្សែ​ព្រំដែន​ចំនួន ១៤% នៅ​សេសសល់ ក្នុង​នាម​ជា​អ្នក​ជិត​ខាង ជា​មិត្ត និង​ជា​បងប្អូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អ្នក​ឃ្លាំមើល​រិះគន់​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ឡាវ​សម្រេច​ដក​ទ័ព"

  1. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    ឆាប់បញ្ចប់ម្លេះរឿងកៃលឿងភាគនេះ ឫទុកលេងបន្តរគៀកបោះឆ្នោត២០១៨ ដូចកាល២០០៨?

  2. Tor says:

    កុំអាលមកវិញ បានជាចល័តទ៌ពហើយធ្លាយទៅយកកោះត្រល់តែម្តងទៅ។មើលទៅបែបច្រមុះមិនចុះចំបើងទេជាមួយចៅហ្វាយយួន។ប្រសព្វលេងល្ខោនគ្រាន់បើ។

  3. sokhon says:

    ឲលោកហៃមានន័យអ្វី ?សំដីសជាតិ មាយាទសពូជ។ក្រុមថៃអាវលឿងវាយព្រះវិហ៊ាជាយុត្តិសាស្រ្ត ឡាវដាក់ទាហ៊ានមិនអោយខ្មែរធ្វើរផ្លូវជាយុត្តិសាស្រ្ត ចុះបើវៀតណាមជាអ្វី?

  4. people says:

    LAOS and Cambodia and Veitnam are the brother&sister ‘ even they build monuments in cambodia they still show they are together ‘ but why LAOS aggressive ?? So funny ‘.Veitcong mafia dictator and laos under veitcong boss (ha noi) try to make cambodian people believe the story of strong man can protected country ‘ funny’. No body believe the stupid story that Youn-hanoi created to help veitcong mafia dictator to continue holding power for another term ‘ This sam-kok way no more used .Cambodian people must vote for CNRP to rescue our country from veitcong mafia dictator ‘ we will build our country ‘ in the LAW&ORDER ‘ .GOD bless all cambodian people’