គ្រូបង្រៀន​នៅ​ខេត្ត​កណ្ដាល​ប្រតិកម្ម​រឿង​នាយក​សាលា​មួយ​ចាយ​លុយ​មិន​តម្លាភាព

ដោយ ថា កិត្យា
2017-08-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​ខេត្ត​កណ្ដាល។ Photo: RFA
ផែនទី​ខេត្ត​កណ្ដាល។ Photo: RFA


គ្រូបង្រៀន​មួយ​ចំនួន​នៃ​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ប្រតិកម្ម​រឿង​នាយក​សាលា​ដែល​ចាយ​ប្រាក់​កម្មវិធី​អាទិភាព​របស់​ក្រសួង​អប់រំ ដែល​ហៅ​កាត់​ថា ភី.ប៊ី (PB) មិន​មាន​តម្លាភាព និង​តែង​យក​លុយ​ពី​កូនសិស្ស​ម្នាក់ ១​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ។ នាយក​សាលា​ទទួល​ស្គាល់​ថា លោក​ពិត​ជា​យក​លុយ​ពី​កូន​សិស្ស​មែន ប៉ុន្តែ​លោក​ច្រានចោល​រឿង​ចោទ​ថា ចាយ​វាយ​ប្រាក់ ភី.ប៊ី មិន​តម្លាភាព។

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ មួយ​ចំនួន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ ចុះ​ត្រួត​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នាយក​សាលា​មាន​ការ​កេងប្រវ័ញ្ច​ប្រាក់ ភី.ប៊ី តាម​រយៈ​ការ​ធ្វើ​វិក្កយបត្រ​ចំណាយ​ក្លែង​បន្លំ។

គ្រូបង្រៀន​ទាំង​នោះ​បន្ត​ថា ប្រាក់ ភី.ប៊ី សម្រាប់​សាលា​ដែល​បើក​មក​ម្ដងៗ ពេល​ខ្លះ​បាត់​ប្រហែល ១០​ម៉ឺន​រៀល និង​មាន​ត្រីមាស​ខ្លះ យក​មក​សង​នាយក​សាលា​សឹង​មិន​គ្រប់​ចំនួន​ផង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​មិន​ពេញ​ចិត្ត។

ទន្ទឹម​គ្នា​នេះ លោក​នាយក​សាលា​ក៏​តែងតែ​យក​លុយ​ពី​កូន​សិស្ស​ម្នាក់ ១​ម៉ឺន​រៀល​ជា ថ្នូរ​នឹង​ការ​ដក​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌីប្លូម ក្រោម​ហេតុផល​ថា ជា​ថ្លៃ​សោហ៊ុយ​ទៅ​ដក​សញ្ញាប័ត្រ​នៅ​ខេត្ត​កណ្ដាល។ ប្រការ​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​អាណាព្យាបាល​សិស្ស​មិន​ពេញ​ចិត្ត និង​ស្នើ​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ជា​បន្ទាន់។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយក​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ លោក សាត សាវឿន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​កិបកេង​ប្រាក់ ភី.ប៊ី។ លោក​បកស្រាយ​ថា មុន​នឹង​ចំណាយ​ប្រាក់ ភី.ប៊ី នោះ គឺ​លោក​ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​ត្រឹមត្រូវ​ពី​បេឡា​ដែល​ជា​អ្នក​គ្រប់គ្រង​លុយ ហើយ​ការ​ចំណាយ​ម្ដងៗ តែង​តែ​ប្រជុំ​គ្នា​ជា​មុន​ជាមួយ​គ្រូ​ទាំង​អស់។ លោក​ថា រឿង​ដក​ប្រាក់ ភី.ប៊ី សង​លោក​វិញ​នោះ ព្រោះ​លោក​បាន​ដក​ប្រាក់​ផ្ទាល់​ខ្លួន​ទិញ​សម្ភារៈ​សិក្សា និង​តម្រូវការ​ផ្សេងៗ សម្រាប់​សាលា​ដោយសារ​ប្រាក់ ភី.ប៊ី បើក​យឺតយ៉ាវ៖ «រឿង​ប្រាក់ ភី.ប៊ី យើង​ប្រជុំ​ធម្មតា​អត់​មាន​រឿង​មិន​តម្លាភាព​ទេ គឺ​ប្រជុំ​ចំណាយ​ទៅ​លើ​អី ដឹង​ទាំង​អស់​គ្នា។ ចំពោះ​សញ្ញាប័ត្រ​ក៏​ខ្ញុំ​ទទួល​យក​មែន ដោយសារ​ទី​១ ខាង​មន្ទីរ​គាត់​សុំ ៥​ពាន់​រៀល​ដែរ ហើយ ៥​ពាន់​ទៀត គ្រាន់​តែ​ថា ធ្វើ​សោហ៊ុយ​ឡើង​ចុះ ហើយ​នឹង​ចំណាយ​លើ​ឯកសារ​ផ្សេងៗ​នៅ​កន្លែង​ហ្នឹង»

អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ នេះ គឺ​ស្ថិត​ក្នុង​ឃុំ​ជ័យធំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រី​ឯ​ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ក្នុង​គោលការណ៍​ក្រសួង​អប់រំ គឺ​មិន​អនុញ្ញាត​ឲ្យ​នាយក​សាលា​យក​លុយ​ពី​សិស្ស​ឡើយ ព្រោះ​ថា ប្រាក់ ភី.ប៊ី មាន​ខ្ទង់​ចំណាយ​សម្រាប់​តម្រូវ​ការ​របស់​សាលា​រួច​ទៅ​ហើយ។ លោកស្រី​មើល​ឃើញ​ថា ការ​យក​លុយ​ពី​សិស្ស​នេះ គឺ​កើត​មាន​ស្ទើរ​គ្រប់​សាលា​របស់​រដ្ឋ​ទាំង​អស់ ដោយសារ​ពួកគេ​លើក​ហេតុផល​ថា កញ្ចប់​ប្រាក់ ភី.ប៊ី ចាយ​មិន​គ្រប់គ្រាន់៖ «រឿង​នេះ​ដែល​សមាគម​តែងតែ​រិះគន់ ប៉ុន្តែ​ក្រសួង​អប់រំ មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដែល​កំណែ​ទម្រង់ ឬ​ក៏​សម្រួល​បញ្ហា​ដែល​កំពុង​តែ​ជួប​ប្រទះ​សព្វថ្ងៃ​ទេ ហាក់​បី​ដូច​ជា​ក្រសួង អោយ​ដៃ​ទៅ​តាម​នាយក​សាលា​ដែរ»

​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា បច្ចុប្បន្ន​នៅ​តាម​សាលា​ជា​ច្រើន គឺ​មាន​ការ​ចាយ​ប្រាក់ ភី.ប៊ី របស់​រដ្ឋ​មិន​ត្រឹមត្រូវ និង​អ្នក​គ្រប់គ្រង​សាលា​ខ្លះ ពិត​ជា​កេងប្រវ័ញ្ច​ប្រាក់​នោះ​មែន ហើយ​ជា​ហូរហែ​គឺ​ក្រសួង​អប់រំ តែង​ចុះ​ធ្វើ​អធិការកិច្ច ប៉ុន្តែ​កន្លែង​ខ្លះ​ក៏​មាន​ដំណោះស្រាយ ចំណែក​កន្លែង​ខ្លះ​ទៀត​មិន​មាន​ដំណោះ​ស្រាយ​ទេ។ ទោះ​យ៉ាង​ណា ពួកគេ​ស្នើ​ឲ្យ​ក្រសួង​តាម​ដាន និង​ដោះស្រាយ​រឿង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​គុណភាព​នៃ​ការ​អប់រំ​ដល់​សិស្សានុសិស្ស និង​ស្មារតី​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles