វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បដិសេធ​ថា​មិន​បាន​លំអៀង​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ

ដោយ យាង សុជាមេត្តា
2017-08-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វេទិកា​ប្រជាពលរដ្ឋ​ជួប​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​វត្ត​សុវណ្ណ​បុប្ផា ហៅ​វត្ត​ស្លាក្រាម ឃុំ​វត្តតាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
វេទិកា​ប្រជាពលរដ្ឋ​ជួប​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​វត្ត​សុវណ្ណ​បុប្ផា ហៅ​វត្ត​ស្លាក្រាម ឃុំ​វត្តតាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun


វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អិន.ឌី.អាយ (NDI) បដិសេធ​ថា ខ្លួន​មិន​បាន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ ការ​បដិសេធ​នេះ បន្ទាប់ពី​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​រាយការណ៍​ថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្ដួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លំអៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា នាយក​កម្មវិធី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ប្រចាំ​កម្ពុជា លោក ចន ខាវ៉ាណូហ៍ (John Cavanaugh) បញ្ជាក់​ថា ការងារ​របស់ NDI គឺ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ ដែល​នាំ​នូវ​ប្រយោជន៍​សម្រាប់​គ្រប់​គណបក្ស​នយោបាយ និង​ពលរដ្ឋ​កម្ពុជា។

ការ​ចេញ​មុខ​បកស្រាយ​ភ្លាមៗ​របស់​មន្ត្រី NDI នេះ គឺ​បន្ទាប់ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ឈ្មោះ ហ្វ្រែសញូវ (Fresh News) បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​តាំង​ពី​យប់​ថ្ងៃ​ទី​១៦ សីហា ថា NDI បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​បក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​បក្ស​កាន់អំណាច។

​បណ្ដាញ​សារព័ត៌មាន​នេះ​អះអាង​ថា តាម​រយៈ​ឯកសារ​បណ្ដុះបណ្ដាល​របស់ NDI រៀបចំ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​មីនា ឆ្នាំ​២០១៧ ដែល​ពួកគេ​ទទួល​បាន​តាមរយៈ​ការ​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ឈ្មោះ “កូនខ្មែរ” គឺ​ពី​ផែនការ​ទុច្ចរិត​របស់ NDI ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​ល្បិចកល​សម្រាប់​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ឈ្នះ​បក្ស​កាន់​អំណាច។

យុទ្ធសាស្ត្រ​នោះ គឺ NDI បាន​ណែនាំ​បក្ស​ប្រឆាំង​ឲ្យ​ប្រើ​ពាក្យ​ស្លោក​ជា​ផ្លូវការ និង​ជំរុញ​ឲ្យ​ឃោសនា​តៗ​គ្នា ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គេ​ចោទ​ថា តែង​វាយ​ប្រហារ​លើ​រដ្ឋាភិបាល ដូចជា កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) និង​វិទ្យុ​ដែល​ទទួល​លុយ​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ជាដើម ហើយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ចាញ់​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា គឺ​មក​ពី​បក្ស​កាន់​អំណាច​ជា​អ្នក​បោកប្រាស់។

ក្រោយ​ការ​បែក​ធ្លាយ​ឯកសារ​នេះ សារព័ត៌មាន​ហ្វ្រែសញូវ ដដែល​ក៏​បាន​ផ្សព្វផ្សាយ​ដោយ​ស្រង់​សម្ដី​មន្ត្រី​ក្រសួង​មហាផ្ទៃ ម្នាក់​ដែល​អះអាង​ថា តាំង​ពី​មាន​សកម្មភាព​ការងារ​នៅ​កម្ពុជា រហូត​មក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ មិន​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ នោះ​ទេ។ ទោះជា​យ៉ាង​ណា អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា។

​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ នាយក​កម្មវិធី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ប្រចាំ​កម្ពុជា លោក ចន ខាវ៉ាណូហ៍ ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​មេសា ឆ្នាំ​២០១៧ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​មិន​ត្រឹមតែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ គឺ​បាន​បណ្ដុះបណ្ដាល​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​នយោបាយ​តូចៗ​ចំនួន ៣​ផ្សេង​ទៀត​ទៅ​លើ​ប្រធានបទ​ផ្សេងៗ​ជា​ច្រើន​ដើម្បី​ពង្រឹង​គណបក្ស​នយោបាយ​ទាំង​នោះ។ លោក​ថា NDI បាន​ផ្ដល់​ឲ្យ​បក្ស​នយោបាយ​នីមួយៗ​នូវ​ឱកាស​បង្ហាញ​នូវ​បញ្ហា​ដែល​បក្ស​ពួកគេ​កំពុង​ជួបប្រទះ ហើយ​ចង់​ទទួល​ការ​បណ្ដុះបណ្ដាល​បែប​ណា​នោះ។

លោក ចន ខាវ៉ាណូហ៍ បន្ត​ថា រយៈពេល​ជាង ២៥​ឆ្នាំ​មក​នេះ NDI បាន​ធ្វើ​ការងារ​ក្នុង​នាម​ជា​ដៃគូ​ជាមួយ​បក្ស​នយោបាយ​ជាមួយ​តំណាងរាស្ត្រ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កម្ពុជា ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព និង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​គ្រប់​ភាគី បម្រើ​នូវ​អត្ថប្រយោជន៍​សម្រាប់​ពល​រដ្ឋ​កម្ពុជា។ លោក​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក NDI កំពុង​អនុវត្ត​នូវ​កម្មវិធី ៤​ឆ្នាំ​បន្ត​ទៀត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​តួនាទី​របស់​ពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ បង្កើត​នូវ​បរិយាកាស​ចូលរួម​នយោបាយ​ប្រកបដោយ​ន័យ​ស្ថាបនា​របស់​ពលរដ្ឋ និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត។

ទាក់ទង​ទៅ​នឹង​ការ​ចុះ​បញ្ជី​វិញ លោក ចន ខាវ៉ាណូហ៍ អះអាង​ថា NDI បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ទៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។ លោក​ថា NDI កំពុង​រង់ចាំ​ការ​ពិនិត្យ​ការ​ចុះ​បញ្ជី​ឡើង​វិញ​របស់​រដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles