អយ្យការ​សាលាដំបូង​បើក​ការ​ស៊ើប​អង្កេត​បណ្ដឹង​ចោទ​មន្ត្រី​នៅ​ខេត្ត​រតនគិរី​៧​នាក់

ដោយ រដ្ឋា វិសាល
2017-08-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម នាំ​គ្នា​មក​ការិយាល័យ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ប្រឹក្សា​ច្បាប់ និង​ស្នើ​សុំ​មេធាវី បន្ទាប់​ពី​ទទួល​បាន​ដីកា​កោះ​ហៅ​ទាក់ទិន​សហគមន៍​ប្ដឹង​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ពី​បទ​ល្មើស​ព្រៃ​ឈើ។ RFA/Ratha Visal
តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម នាំ​គ្នា​មក​ការិយាល័យ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ប្រឹក្សា​ច្បាប់ និង​ស្នើ​សុំ​មេធាវី បន្ទាប់​ពី​ទទួល​បាន​ដីកា​កោះ​ហៅ​ទាក់ទិន​សហគមន៍​ប្ដឹង​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ពី​បទ​ល្មើស​ព្រៃ​ឈើ។ RFA/Ratha Visal



អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី ចេញ​ដីកា​កោះហៅ​តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ឲ្យ​ចូល​បំភ្លឺ​ទាក់ទិន​បណ្ដឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ។ អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ស្វាគមន៍​ចំណាត់​ការ​នេះ។

តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្វាគមន៍​ចំណាត់​ការ​របស់​អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បើក​អង្កេត​បឋម​ទៅលើ​បណ្ដឹង​ទាក់ទិន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ បន្ទាប់ពី​អ្នក​ភូមិ​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​​ចំនួន ៧​នាក់ ពាក់ព័ន្ធ​បណ្ដែតបណ្ដោយ​ធ្វេសប្រហែស និង​ប្រព្រឹត្ត​ខុស​តួនាទី​របស់​ខ្លួន។

​តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ចំនួន ៩​នាក់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា បាន​ទទួល​ដីកា​កោះហៅ​ចំនួន ៩​ផ្សេងៗ​គ្នា ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ចំនួន ២​នាក់ ថ្ងៃ​ទី​២២ សីហា ចំនួន ៣​នាក់ និង​ថ្ងៃ​ទី​២៣ ចំនួន ៤​នាក់ ក្នុង​នាម​ជា​ដើម​បណ្ដឹង។

​តំណាង​ម្នាក់ គឺ​លោក តូច ផល្លា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ពួកគាត់​បាន​ត្រៀមខ្លួន និង​ឯកសារ​វត្ថុ​តាង​ដើម្បី​បង្ហាញ​ជូន​តុលាការ។ លោក​រំពឹង​ថា អយ្យការ​សាលាដំបូង​នឹង​ស៊ើបអង្កេត​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​ខិតខំ​ការពារ​ដីធ្លី ព្រៃឈើ ទ្រព្យសម្បត្តិ​ជាតិ៖ «ខ្ញុំ​នឹង​មាន​ភស្តុតាង​ដូចជា​ព្រៃឈើ​ដែល​គេ​កាប់​បំផ្លាញ​នេះ និង​ព្រៃ​ឈើ​ប្រណិត​នៅ​លើ​កំពូល​ភ្នំ​អាត និង​គ្រឿងចក្រ​ឈូស​ឆាយ​តំបន់​នោះ​ធ្វើ​ជា​ផ្លូវ​ចាប់​ពី​កំពូល​ភ្នំ​រហូត​ជើង​ភ្នំ»

​ចាប់​ពី​ចុង​ខែ​មិថុនា រហូត​បច្ចុប្បន្ន សហគមន៍​ភូមិ​សមុទ្រក្រោម រក​ឃើញ​បទល្មើស​កាប់​រាន​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​អាត ចំនួន ៣​លើក​ផ្សេង​គ្នា ក្នុង​នោះ​ព្រៃឈើ​ចាប់​ពី​ខាង​ជើង​ភ្នំ​អាត ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដែល​សហគមន៍​អភិរក្ស​សម្រាប់​កាត់​ចេញ​ជា​ព្រៃ​អភិរក្ស​សហគមន៍​រង​ការ​កាប់​រាន​អស់​ជាង ១០០​ហិកតារ។ ក្រៅ​ពី​នោះ សហគមន៍​រក​ឃើញ​ឯកសារ​ទិញ​លក់​ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ មាន​ស្នាម​មេដៃ​ប្រធាន និង​អនុ​ប្រធាន​ភូមិ រួម​ទាំង​ប្រធាន​អនុ​ប្រធាន​សហគមន៍​​ជា​អ្នក​លក់​ទៅ​ឲ្យ​ឈ្មួញ។

​អ្នកនាំពាក្យ​សាលាដំបូង និង​ជា​ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​ក្ដី​នេះ លោក ហាក់ ហ័ន ទទួល​ស្គាល់​ថា លោក​បាន​ចេញ​ដីកា​កោះហៅ​ភាគី​ដើម​ចោទ និង​ចុង​ចោទ​រួច​រាល់ ហើយ​ដើម្បី​មក​សាកសួរ និង​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​ក្ដី​នេះ។ លោក​បន្ត​ថា រឿង​ក្ដី​នេះ​ដើម​ចោទ ក៏​មាន​បណ្ដឹង​ចោទ​ពី​ក្រុម​អាជ្ញាធរ​វិញ ទាក់ទិន​បទល្មើស​ព្រៃឈើ និង​ដីធ្លី​នៅ​តំបន់​នោះ​ដែរ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​សហគមន៍​ប៉ុន្មាន​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ប្ដឹង​វិញ​​នោះ​ទេ៖ «សំណុំ​រឿង​គាត់​ហ្នឹង​មាន​គាត់​ប្ដឹង​គេ និង​គេ​ប្ដឹង​គាត់ ចាប់​ពី​ថ្ងៃ​ទី​២១ ទៅ​បាន​ឲ្យ​គាត់​ចូល។ បាទ! ជា​ការ​ស៊ើប​អង្កេត​បឋម​ហើយ​អា​ហ្នឹង»

​ចុង​ចោទ​ម្នាក់​គឺ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​សេដា លោក គិរ ចាន់ណារិទ្ធ ទទួល​ស្គាល់​ថា ភាគី​ចុង​ចោទ​ទាំង ៧​នាក់ ក៏​បាន​ទទួល​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​អយ្យការ​សាលាដំបូង​ដូច​គ្នា។ លោក​ថា នឹង​ចូល​ខ្លួន​តាម​ដីកា​កោះ និង​បំភ្លឺ​ពី​ហេតុ​ការ​ពិត​ក្នុង​រឿង​ក្ដី​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី បញ្ជាក់​ថា សមាគម​អាដហុក នឹង​ផ្ដល់​មេធាវី​ជួយ​ការពារ​ក្ដី​សហគមន៍។ លើស​ពី​នេះ​លោក​ស្វាគមន៍​ចំណាត់​ការ​របស់​អយ្យការ​​សាលាដំបូង​ដែល​បើក​ការ​ស៊ើប​អង្កេត​បឋម​រឿង​ក្ដី​នេះ។ លោក​កត់សំគាល់​ថា រឿង​ក្ដី​នេះ​​ប៉ះពាល់​ការ​អភិរក្ស​ធនធាន​ធម្មជាតិ មាន​ព្រៃឈើ និង​ដីធ្លី​សហគមន៍​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ៖ «ករណី​ជា​ទូទៅ​គាត់​ប្ដឹង​សុទ្ធ​ជា​មន្ត្រី​អាជ្ញាធរ វា​គួរ​ណាស់​ដាក់​មេធាវី​ការពារ​ពួកគាត់​ក្នុង​នាម​ពួក​គាត់​ធ្វើ​ការ​ដើម្បី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»

​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា តំណាង​សហគមន៍​ទាំង ៩​នាក់ បាន​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​​អាដហុក ខេត្ត​រតនគិរី ដើម្បី​ប្រឹក្សា​បញ្ហា​ច្បាប់ និង​សុំ​ឲ្យ​សមាគម​នេះ​ផ្ដល់​មេធាវី​សម្រាប់​ការពារ​ក្ដី​​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles