អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​សមត្ថកិច្ច​អង្កេត​ករណី​ពុករលួយ​ដែល​អង្គការ GW រក​ឃើញ​ឆ្នាំ​២០១៦

ដោយ តាំង សារ៉ាដា
2017-08-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គំនូរ​បង្ហាញ​អំពី​ការ​កើប​លុយ​របស់​ត្រកូល ហ៊ុន របស់​អង្គការ គ្លបល វីនេស (Global Witness)។ Global Witness Photo
គំនូរ​បង្ហាញ​អំពី​ការ​កើប​លុយ​របស់​ត្រកូល ហ៊ុន របស់​អង្គការ គ្លបល វីនេស (Global Witness)។ Global Witness Photo


អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​អំពី​ការ​ទទួល​ខុស​ត្រូវ និង​តម្លាភាព​ក្នុង​សង្គម ជំរុញ​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​នៃ​គ្រួសារ មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (GW) កាល​ពី​ឆ្នាំ​២០១៦ ដែល​បើក​កកាយ​ពី​របរ​រក​ស៊ី​ជា​ប្រព័ន្ធ​របស់​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ចប់​នូវ​ភាព​មន្ទិល​សង្ស័យ​របស់​មហាជន និង​ជា​ការ​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ថ្មី​ដល់​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស។

​របាយការណ៍ ​និង​ភស្តុតាង​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ចំណង​ជើង​ថា ការ​ត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​បង្ហាញ​ពី​អធិរាជ​ត្រកូល “ហ៊ុន” កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​កប់​ចោល​បាត់ស្រមោល​ឆ្ងាយ​ពី​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ភាព​ព្រងើយកន្តើយ​របស់​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​របស់​គ្រួសារ​ត្រកូល “ហ៊ុន” នោះ​នៅ​តែ​ផ្ដល់​ភាព​មន្ទិលសង្ស័យ​ដល់​មហាជន​មិន​ចេះ​ចប់។

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​បើក​ការ​ស៊ើប​អង្កេត​ករណី​គ្រួសារ​អធិរាជ​ត្រកូល “ហ៊ុន” នេះ​ទេ នោះ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ហាក់​គ្មាន​ន័យ​អ្វី ឬ​គ្មាន​សង្ឃឹម​អ្វី​ទាំង​ទាំង​អស់​ចំពោះ​ពលរដ្ឋ៖ «ខ្ញុំ​យល់​ថា ការ​រក​ឃើញ​ណា​មួយ​ដោយ​អង្គការ​ជាតិ​ក្ដី ដោយ​អង្គការ​អន្តរជាតិ​ក្ដី គួរ​តែ​មាន​ការ​បំភ្លឺ ហើយ​វា​ក៏​ជា​តម្រុយ​នៃ​ការ​ស៊ើប​អង្កេត​ដែរ ឬ​ការ​សិក្សា​បន្ថែម ហើយ​អាជ្ញាធរ​ក្រោយ​ពី​ការ​ស៊ើប​អង្កេត​ពេល​រក​ឃើញ​ពិត ឬ​មិន​ពិត​គេ​ចាំបាច់​ត្រូវតែ​បង្ហាញ​នូវ​របាយការណ៍ ឬ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ហ្នឹង ដើម្បី​ប្រយោជន៍​នៃ​របៀប​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង។ ការ​ដែល​ទុក​ឲ្យ​រឿង​ហ្នឹង​នៅ​ស្ងាត់ស្ងៀម មិន​មាន​ការ​បំភ្លឺ​ណា​មួយ​អា​ហ្នឹង​ធ្វើ​ឲ្យ​មតិ​មហាជន​ហ្នឹង​គេ​វាយ​តម្លៃ​ទៅ​លើ​ហេតុផល​ផ្សេងៗ​គ្នា»

សន ជ័យ ២០១៧ ៨៥៥
លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Pry Neru

គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល “ហ៊ុន” បាន​កាន់​កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូច​ជា Apple Unilever Visa Nestle Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

​សហ​ស្ថាបនិក​របស់​អង្គការ គ្លបល វីនេស លោក ផាទ្រីក អាលី (Patrick Alley) ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ក្រៅ​ពី​ឪពុក​របស់​ពួកគេ​កំពុង​គ្រប់គ្រង​យោធា ប៉ូលិស តុលាការ រដ្ឋសភា និង​ស្ថាប័ន​របស់​រដ្ឋ​ទាំង​ឡាយ​ហើយ​នោះ ចំណែក​កូនៗ និង​សាច់​ញាតិ​របស់​គាត់​ជា​ច្រើន​ទៀត​កំពុង​គ្រប់គ្រង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​ទាំង​មូល​តែម្ដង។ លោក​បន្ត​ថា ពួកគេ​គួរ​តែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ ស្រប​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​កម្ពុជា។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក​មិន​ដែល​ឃើញ​មាន​ការ​បង្ហាញ​ប្រាក់​ចំណូល​ទាំង​នោះ​ទេ។

សមាសភាព​នៃ​អធិរាជ​គ្រួសារ​ត្រកូល “ហ៊ុន” ដែល​កំពុង​រក​ស៊ី​កាក់កប​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ហ៊ុន ម៉ានិត ហ៊ុន ម៉ាណា ហ៊ុន ម៉ាលី ហ៊ុន ចិន្តាវី ហ៊ុន តូ ឌី វិជ្ជា ហ៊ុន ជា ហ៊ុន គិមលេង ហ៊ុន ចន្ធូ សុខ ពុទ្ធិវុធ សេង ឃាង ឌី ចូច ឌី ប្រឹម និង​មនុស្ស​មួយ​គំនរ​រាប់​មិន​អស់​ទៀត។ ពួកគេ​កំពុង​គ្រប់គ្រង និង​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ ថាមពល រោងចក្រ កន្លែង​កម្សាន្ត តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែង​ស៊ីសង ដឹក​ជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ គ្លបល វីនេស។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មិន​អាច​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស នេះ​ទេ។

​ក្រៅ​ពី​គ្មាន​ចំណាត់​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​ខ្នាត​កំពូល​នេះ កន្លង​មក​មន្ត្រី​រដ្ឋាភិបាល ក៏​ធ្លាប់​បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ​ថា ជា​របាយការណ៍​ដែល​មាន​ចរិត​នយោបាយ និង​ជា​របាយការណ៍​ដែល​វាយ​ប្រហារ​រដ្ឋាភិបាល។ ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ដោយសារ​តែ​គ្មាន​សមត្ថកិច្ច​ណា​មួយ​ហ៊ាន​ចេញ​មុខ​បើក​ការ​ស៊ើប​អង្កេត​បញ្ហា​ពុករលួយ​ខ្នាត​ធំ​ទាំង​នេះ​ហើយ បាន​ជា​អំពើ​ពុករលួយ​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។

​អង្គការ​ឃ្លាំមើល​ពិភពលោក​កន្លង​មក​ក៏​បាន​វាយ​តម្លៃ​ផង​ដែរ​ថា អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​លំដាប់​កំពូល​នៅ​កម្ពុជា កើត​ឡើង​ដោយសារ​តែ​សំណាញ់​អំណាច​គ្រួសារ និង​បក្សពួក​និយម។ ​អង្គការ​នេះ​បាន​រក​ឃើញ​អំពី​រចនាសម្ព័ន្ធ​អំណាច​ត្រកូល “ហ៊ុន” ដែល​ចង​ក្រឡា​ដូច​សំបុក​ពីងពាង​ជាមួយ​គ្រួសារ​របស់​មន្ត្រី​ជាន់​ខ្ពស់ កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល​រួម​មាន។

កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​រៀបការ​ជាមួយ​អ្នកស្រី ពេជ្រ ចាន់មុន្នី កូនស្រី​របស់​លោក ពេជ្រ សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​អ្នកស្រី ហ៊ុន ម៉ាណ កូនស្រី​បន្ទាប់​របស់​លោក ហ៊ុន សែន រៀបការ​ជាមួយ​លោក ឌី វិជ្ជា កូន​ប្រុស​របស់​លោក ហុក ឡង់ឌី អតីត​មេបញ្ជាការ​នគរបាល​ជាតិ។

អ្នកស្រី ហ៊ុន ម៉ាណា កាល​ពី​ដើម​ឡើយ​រៀបការ​ជាមួយ​លោក ម៉ឹង កុម្ភៈ កូន​ប្រុស​របស់​លោក ម៉ឹង សំផន ឧត្ដមសេនីយ៍​ផ្កាយ​បី​នៃ​ក្រសួង​ការពារ​ជាតិ ប្រធាន​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ។ ហើយ ឌី វិជ្ជា ក៏​ជា​អតីត​ប្ដី​របស់​អ្នកស្រី ហ៊ុន ចន្ថា កូនស្រី​របស់​លោក ហ៊ុន ណេង ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។

ចំណែក ម៉ា និត កូន​ប្រុស​កណ្ដាល​របស់​លោក ហ៊ុន សែន ដែរ​នោះ​បាន​រៀបការ​ជាមួយ​អ្នកស្រី ឌី ចិន្តាវី ដែល​ជា​ប្អូន​ស្រី​របស់​លោក ឌី វិជ្ជា។

រី​ឯ​កូន​ប្រុស​ពៅ​របស់​លោក លោក​គឺ​លោក ហ៊ុន ម៉ានី ឯ​ណោះ​វិញ រៀបការ​ជាមួយ​កូន​ស្រី​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ហើយ​កូនស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី រៀបការ​ជាមួយ​លោក សុខ ពុទ្ធិវុធ កូន​ប្រុស​របស់​លោក សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី​ដែល​ជា​មន្ត្រី​ជំនិត​បំផុត​របស់​លោក ហ៊ុន សែន។

​ជាង​នេះ​ទៅ​ទៀត ក្មួយ​ស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន គឹមលេង រៀបការ​ជាមួយ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​ប្អូន​ប្រុស​របស់​អ្នកស្រី ហ៊ុន គឹមលេង ឈ្មោះ ហ៊ុន សៀងហេង រៀបការ​ជាមួយ​អ្នកស្រី សុខ សុភ័គ កូនស្រី​របស់​លោក​ឧត្ដមសេនីយ៍ សុខ ផល ដែល​ជា​នាយ​ប៉ូលិស​ដ៏​មាន​ឥទ្ធិពល​ទទួល​បន្ទុក​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន្ត។

​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស ចាត់​ទុក​ថា ចំណង​អាពាហ៍ពិពាហ៍​របស់​សាច់សាលោហិត​លោក ហ៊ុន សែន ទាំង​នេះ ធ្វើ​ឡើង​សម្រាប់​ការពារ​ផលប្រយោជន៍​គ្រួសារ​ត្រកូល “ហ៊ុន” ដើម្បី​អាច​រក្សា​ក្ដោបក្ដាប់​អំណាច សេដ្ឋកិច្ច នយោបាយ និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ។

ឡៅ ម៉ុងហៃ ៨៥៥ ២០១៧
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ស្ថាប័នរដ្ឋ​គួរ​ចេញ​មុខ​ក្នុង​ការ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ បើ​មិន​ដូច្នេះ​ទេ​ករណី​ពុករលួយ​របស់​ក្រុម​អ្នក​មាន​អំណាច​នឹង​កប់​បាត់​ចោល​តែម្ដង៖ «ទាល់​តែ​មាន​ស្ថាប័ន​រដ្ឋ​សភា​មាន​ការ​ចូលរួម ហើយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ត ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ធ្វើ​របាយការណ៍​ជូន​សភា​ហ្នឹង​ទៅ។ ប៉ុន្តែ​សភា​យើង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច»

​អ្នកនាំពាក្យ​របស់​រដ្ឋ​សភា​ជាតិ​ជា​សភា​មួយ​ដែល​មាន​សមាជិក​ភាគ​ច្រើន​ពី​ខាង​គណបក្ស​កាន់​អំណាច មិន​ទាន់​អាច​បញ្ជាក់​អំពី​ចំណាត់​ការ​របស់​សភា​លើ​បញ្ហា​ពុករលួយ​ដែល​រក​ឃើញ​ដោយ​អង្គការ​ឃ្លាំមើល​ពិភពលោក នោះ​ទេ។

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​តម្លាភាព​សង្គម​រិះគន់​ថា បញ្ហា​សាច់សាលោហិត​សាច់ញាតិ​របស់​ថ្នាក់​ដឹក​កំពូលៗ​ដែល​កំពុង​បម្រើ​ការ ក្នុង​ស្ថាប័ន​រដ្ឋ​គឺ​ជា​ឧបសគ្គ​ដល់​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ស្ថាប័នរដ្ឋ​ចាក​ផុត​ពី​បញ្ហា​ពុករលួយ។

អង្គការ​តម្លាភាព​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៦ បាន​វាយ​តម្លៃ​ថា កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី ១៥៦ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧៦ លើ​ពិភពលោក​ដែល​មាន​អំពើ​ពុករលួយ​អាក្រក់​ជាង​គេ ដោយសារតែ​ប្រព័ន្ធ​តុលាការ​ទន់​ខ្សោយ​មិន​ឯករាជ្យ​បញ្ហា​បក្សពួក និង​គ្រួសារ​និយម ខ្វះ​ឯករាជភាព​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​បញ្ហា​ជាច្រើន​ទៀត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ព្រមាន​ថា បើ​សង្គម​មួយ​គ្មាន​យុត្តិធម៌ សង្គម​នោះ​នឹង​រលាយ​ដោយសារ​ភាព​អយុត្តិធម៌ ហើយ​នាំ​ឲ្យ​មាន​ទំនាស់​ក្នុង​សង្គម​មិន​ចេះ​ចប់៖ «បញ្ហា​ទាំង​អស់នេះ វា​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ​យើង​ណាស់ គឺ​អយុត្តិធម៌​ធ្ងន់ធ្ងរ។ អយុត្តិធម៌​ហ្នឹង​ចេះ​តែ​កើន​ទៅៗ​ពី​មួយ​ទៅ​មួយៗ បូក​សរុប​កាន់​តែ​ច្រើន។ ក្នុង​សង្គម​មួយ​ដែល​គ្មាន​យុត្តិធម៌ មាន​តែ​អយុត្តិធម៌​ច្រើន សង្គម​នោះ​នឹង​ច្របូកច្របល់ អត់​មាន​សណ្ដាប់ធ្នាប់​ អត់​មាន​សន្តិសុខ ហើយ​មិន​យូរ​មិន​ឆាប់​នឹង​រលាយ»

របាយការណ៍​ស្ដីពី​ការ​វាស់វែង​អំពី​អំពើ​ពុករលួយ​ជា​សកល​ឆ្នាំ​២០១៦ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ចាត់​ទុក​មន្ត្រី​តុលាការ ប៉ូលិស និង​មន្ត្រី​រដ្ឋាភិបាល ពុករលួយ​ខ្លាំង​ជាង​គេ។

លទ្ធផល​នៃ​របាយការណ៍​នេះ​បង្ហាញ​ថា ស្ថាប័ន​សាធារណៈ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់​យុត្តិធម៌ និង​លើក​កម្ពស់​សិទ្ធិមនុស្ស ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ជា​ស្ថាប័ន​ដែល​រំលោភ​អំណាច និង​មុខងារ​ទៅ​វិញ។ ស្ថាប័ន​ទាំង​នោះ​រួម​មាន​តុលាការ ប៉ូលិស និង​មន្ត្រី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​សមត្ថកិច្ច​អង្កេត​ករណី​ពុករលួយ​ដែល​អង្គការ GW រក​ឃើញ​ឆ្នាំ​២០១៦"

  1. people says:

    This country is not belong to cambodian people’ it belong to this mafia family and thei veitcong mafia groups ‘. All everything are fake ‘under control of veitcong mafia dictator one eye ‘ so this mafia family control everything ‘ they are the traitor ‘ they gave Tral island to our ancestor enemy ‘This mafia dictator can kill anybody he want ‘and cambodian people never have a happiness in their life. GOD bless all cambodian people’