ឯកសារ​លេចធ្លាយ​មួយ​ថា NDI រៀបចំ​យុទ្ធសាស្ត្រ​ជួយ CNRP ឲ្យ​ឈ្នះ​ឆ្នោត

មន្ត្រីគណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​សិក្ខា​សាលា​មួយ​ដែល​រៀប​ចំ​ដោយ NDI កាល​ពី​ដើម​ឆ្នាំ​នេះ។ រូបថត សហការី



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ឯកសារ​លេចធ្លាយ​ពី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បង្ហាញ​ដោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​អនាមិក​មួយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​អង្គការ​នេះ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​គណបក្ស​ប្រឆាំង​ឲ្យ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​រួម​ជាមួយ​នឹង​សំណួរ​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ កូន ខ្មែរ បាន​បង្ហោះ​រូបភាព និង​របៀបវារៈ​ពី​ការ​បណ្តុះបណ្តាល​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពាក់​កណ្តាល​ខែ​មីនា​ដោយ​លើក​ឡើង​ថា​ក្រុម​នេះ​បាន​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នូវ​គម្រោង​ផែនការ​ទុច្ចរិត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​។ «​តាមរយៈ​ឯកសារ​បណ្តុះបណ្តាល​របស់ NDI (​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​) ​រៀបចំ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​មីនា​ឆ្នាំ​ ២០១៧ ដែល​យើង​ខ្ញុំ​ទើប​តែ​ទទួល​បាន​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​គម្រោង​ផែនការ​ទុច្ចរិត​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​រៀបចំ​យុទ្ធសាស្ត្រ និង​ល្បិចកល​សម្រាប់​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដណ្តើម​ប្រៀប​ឈ្នះ​លើ​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​»​។

ស្លាយ​មួយ​ក្នុង​ចំណោម​ស្លាយ​ទាំង​នោះ​បាន​បង្ហាញ​អំពី​ចំណង​ជើង​អត្ថបទ​ក្លែងក្លាយ​របស់​កាសែត​កោះសន្តិភាព​ដែល​ថា​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ «​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​!»​។

ស្លាយ​មួយ​ទៀត​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​អ្នក​អាច​ឈ្នះ​ការ​បោះឆ្នោត​លើក​ក្រោយ​!» ដោយ​លើក​ឡើង​មូលហេតុ​ ២ ​ដែល​គណបក្ស​សំខាន់​ចម្បង​ប្រហែល​ជា​អាច​ឈ្នះ​ឆ្នោត​ឆ្នាំ​ក្រោយ​៖ «​គណបក្ស​ប្រជាជន​បោក​» ឬ​គណបក្ស​ប្រឆាំង​ខ្វះ​យុទ្ធសាស្ត្រ​បោះឆ្នោត​។

ការ​បង្ហោះ​លើ​ហ្វេសប៊ុក​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា NDI បាន​លើក​យោបល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ «​ពាក្យ​ស្លោក និង​ការ​ឃោសនា​របស់​ខ្លួន​» ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​វាយប្រហារ​រដ្ឋាភិបាល​ទៀងទាត់​ដូចជា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាសែត ខេមបូឌាដេលី និង​វិទ្យុ​មួយ​ចំនួន​ទៀត​។

ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្រដៀង​គ្នា​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ខែ​មេសា​ដោយ NDI សារព័ត៌មាន Fresh News បាន​ចុះ​ផ្សាយ​អត្ថបទ​អនាមិក​មួយ​ភ្ជាប់​គណបក្ស​ប្រឆាំង​ទៅ​នឹង​របប​ខ្មែរ​ក្រហម​ដែល​សម្លាប់​រង្គាល​។

ការ​វាយប្រហារ​ទៅ​លើ NDI បាន​ធ្វើ​តាម​និន្នាការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​បំផុត​ដែល​រិះគន់​រដ្ឋាភិបាល គាប​សង្កត់​ដោយ​អាជ្ញាធរ​តាមរយៈ​ការ​មិន​បង់ពន្ធ ឬ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក John Cavanaugh នាយក​កម្មវិធី​របស់ NDI បាន​ថ្លែង​ថា​ ​ឆ្នាំ​នេះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ធ្វើការ​ជាមួយ​គណបក្ស​ ៥ រួម​ទាំង​គណបក្ស​ប្រជាជន​លើ​ប្រធានបទ​ជាច្រើន និង​រក្សា​អព្យា​ក្រឹតភាព​នៅ​ក្នុង​សកម្មភាព​របស់​ខ្លួន​។

លោក​បាន​ថ្លែង​នៅ​ក្នុង​អ៊ីមែល​មួយ​ថា​៖ «NDI មិនមែន​ជា​បក្ស​សម្ព័ន្ធ និង​ដៃគូ​ជាមួយ​គណបក្ស​នយោបាយ​សំខាន់ៗ​នោះ​ទេ​។ ការងារ​របស់ NDI ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​ផ្តល់​ប្រយោជន៍​ដល់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត និង​អ្នក​បោះឆ្នោត​»​។

លោក​មិន​បាន​ថ្លែង​លម្អិត​អំពី​ការ​បណ្តុះបណ្តាល​ដែល​ផ្តល់​ទៅ​គណបក្ស​នីមួយៗ​នោះ​ទេ​ដោយ​ថា​វា​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​តម្រូវ​ជាក់លាក់​របស់​ពួកគេ​។

បន្ទាប់ពី​ការ​ចេញ​ផ្សាយ​នៃ​អត្ថបទ​របស់ Fresh News មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ហ៊ុយ វណ្ណៈ បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា NDI មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ទេ ប៉ុន្តែ​លោក Cavanaugh បាន​ឆ្លើយតប​ថា​អង្គការ​របស់​លោក​បាន​ដាក់​ពាក្យសុំ​ចុះ​បញ្ជី​រួច​ហើយ​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​នៅ​ក្រសួង​ការបរទេស​។

នៅ​ក្រោម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​តម្រូវ​ឲ្យ​អង្គការ NGOs ទាំង​នោះ​ត្រូវ​តែ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ការបរទេស​។

លោក ហ៊ុយ វណ្ណៈ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក​ សុខ ឥសាន បាន​ថ្លែង​ថា​ឯកសារ​បែក​ធ្លាយ​នេះ​គឺ​បាន​បង្ហាញ​ថា​អង្គការ NDI មិន​មាន​លក្ខណៈ​អព្យាក្រឹត និង​ឯករាជ្យ​ទេ និង​បាន​ចោទសួរ​ពី​ការ​មិន​គោរព​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

លោក​ថ្លែង​ថា​៖ «​ហេតុអ្វី​បាន​ជា​ពួកគេ [NDI] មិន​ដាក់​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​? ពួកគេ​បាន​ដំណើរការ​រួច​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​តាំងពី​យូរ​ណាស់​មក​ហើយ​»​។

នៅ​ពេល​សួរ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី NDI ដែរ​ឬ​ទេ​លោក​ ឥសាន អះអាង​ថា ​ភាគី​ទាំង​ពីរ​មាន​ «​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​» ​មួយ​ចំនួន ហើយ​ថា​គណបក្ស​កាន់​អំណាច​បាន​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​របស់​អង្គការ NDI​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បាន​បដិសេធ​ភ្លាមៗ​អំពី​ការ​លម្អៀង​ណា​មួយ​របស់​អង្គការ NDI ដោយ​លោក​ថ្លែង​ថា​ ការ​បណ្តុះ​បណ្តាល​កាលពី​ខែ​មីនា ​គឺ​ស្តែង​ពី​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មិនមែន​ជា​ការ​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ចាំ​មិន​ច្បាស់​ទេ ប៉ុន្តែ​យើង​មិន​មាន​ចេតនា​អាក្រក់​នោះ​ទេ​គឺ​យើង​មាន​តម្លាភាព​។ យើង​ចង់​ឈ្នះ​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​ចាញ់​ដោយ​ការ​ពេញ​ចិត្ត​។ នៅ​ពេល​នោះ​ពួកគេ​និយាយ​អំពី​សិល្បៈ​នៃ​ការ​និយាយ​»​។

លោក​ អ៊ូ វីរៈ ​ស្ថាបនិក​អង្គការ​វេទិកា​អនាគត​បាន​ថ្លែង​ថា​ការ​ត្រួតពិនិត្យ​អង្គការ​នានា​ដោយសារ​មិន​អនុលោម​តាម​ច្បាប់​គឺ​អាច​ទទួល​យក​បាន​ដរាប​ណា​វា​មាន​ភាព​យុត្តិធម៌ និង​ធ្វើ​ទាំងអស់​គ្នា​ដោយ​សំដៅ​លើ​ការ​កំណត់​គោលដៅ​ថ្មីៗ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​។

លោក​បញ្ជាក់​ថា​៖ «​វា​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ការ​សង្ស័យ​ដែល​ថា​វា​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ហើយ​គឺ​វា​យ៉ាង​នេះ​។ ពួកគេ​មិន​គួរ​ធ្វើ​វា​តាម​បែប​នយោបាយ​នោះ​ទេ​គឺ​គេ​គួរ​ធ្វើ​ដោយ​គ្មាន​ភាព​លម្អៀង​»៕ PS/NS


Contact authors: នៀម ឆេង and Ananth Baliga

What Next?

Recent Articles