“ការ​រង់ចាំ​រហូត​ដល់​១០​ឆ្នាំ​ទើប​រដ្ឋ​ទារ​ពន្ធ​ពី​កាសែត​ខេមបូឌា ដេលី ព្រោះ​ចង់​ឲ្យ​ភ្ញាក់​រឭក”

ដោយ មួង ណារ៉េត
2017-08-22
RFA

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


មន្ត្រី​រដ្ឋាភិបាល​យល់​ថា ការ​រង់ចាំ​រហូត ១០​ឆ្នាំ​ទើប​បាន​រដ្ឋ​ទារ​ពន្ធ​ពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ព្រោះ​ចង់​ទុក​ពេល​ឲ្យ​កាសែត​នេះ​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង។

លោក សុខ ឥសាន ដែល​ជា​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ថា ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី មាន​អ្នក​គ្រប់គ្រង​សុទ្ធ​តែ​ជា​ជនជាតិ​អាមេរិក ដែល​ជា​អ្នក​មាន​អារ្យធម៌​ជឿនលឿន​ខ្លាំង​ណាស់ និង​តែងតែ​ទិតៀន​រដ្ឋាភិបាល​កម្ពុជា ថា​គ្មាន​នីតិរដ្ឋ និង​គ្មាន​ប្រជាធិបតេយ្យ ឥឡូវ​គួរ​ភ្ញាក់​ខ្លួន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ដោយ​មិន​ត្រូវ​យក​លេស​អ្វី​ផ្សេង​មក​ដោះសា​នោះ​ទេ។

លោក សុខ ឥសាន បន្ថែម​ដូច្នេះ៖ «គាត់​លួច​គេ​ដប់​ឆ្នាំ​ហើយ ទើប​រក​ឃើញ ត្រូវ​ទទួល​ទោស​ធ្ងន់​ហើយ​អា​ហ្នឹង។ លួច​គេ​ច្រើន​ដង ច្រើន​ឆ្នាំ គេ​ចាប់​មិន​បាន ដល់​ចាប់​បាន​ចុង​ក្រោយ វា​បូក​ពី​លើក​មុន។ មិន​អាច​ថា ទេ! លួច​ដប់​ឆ្នាំ​ហើយ ឥឡូវ​ទើប​ឆ្នាំ​នេះ​ចាប់​បាន ត្រូវ​បង់​តែ​មួយ​ឆ្នាំ​នោះ​ទេ មិន​មែន​អ៊ីចឹង​ទេ!»

ចំណែក​ឯ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល នៅ​ថ្ងៃ​ទី​២១ ខែ​សីហា នេះ​ដែរ ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ដែល​ចោទ​រដ្ឋាភិបាល​ថា ចង់​បិទ​សារព័ត៌មាន​របស់​អ្នកស្រី ក្រោម​លេស​មិន​បង់ពន្ធ​នេះ។

លោក គង់ វិបុល ផ្ដាំ​តាម​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ឈ្មោះ ហ្វ្រែសញូវ (Fresh News) ទៅ​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី ថា “សូម​កុំ​លាង​ខ្លួន​ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​ជា​រឿង​នយោបាយ​លើ​ករណី​កំណត់​ពន្ធ​នេះ។ លោក​បន្ត​ថា បើ​ចង់​បន្ត​សកម្មភាព​របស់​ខ្លួន សូម​មក​បង់​ពន្ធ​ជូន​រដ្ឋ”។ លោក គង់ វិបុល ធ្លាប់​បាន​បញ្ជាក់​ថា រដ្ឋ​នឹង​ចាប់​អនុវត្ត​ការ​រឹប​អូស​ពន្ធ​នេះ ចាប់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ ដោយ​ឈាន​ដល់​ការ​បិទ​កាសែត​​នេះ​ទាំង​ស្រុង​តែម្ដង បើ​មិន​បង់​ពន្ធ​ជូន​រដ្ឋ​តាម​កាល​កំណត់។

ម្ចាស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ថា​ការ​កំណត់​ពន្ធ ៦,១លាន​ដុល្លារ​នោះ គឺ​មិន​ឈរ​លើ​សច្ចភាព និង​មាន​ចេតនា​នយោបាយ ចង់​បិទ​សារព័ត៌មាន​នេះ​ចោល​តែម្ដង។ បើ​តាម​លិខិត​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្ដីពី​ការ​កំណត់​ពន្ធ​ឡើង​វិញ ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា បញ្ជាក់​ថា កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ​ពី​ឆ្នាំ​២០០៧-​២០១៦ សរុប ៦,១លាន​ដុល្លារ ដោយ​បូក​ទាំង​ការ​ប្រាក់​ជិត ៣​លាន​ដុល្លារ​ផង (២,៩៥លាន)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“ការ​រង់ចាំ​រហូត​ដល់​១០​ឆ្នាំ​ទើប​រដ្ឋ​ទារ​ពន្ធ​ពី​កាសែត​ខេមបូឌា ដេលី ព្រោះ​ចង់​ឲ្យ​ភ្ញាក់​រឭក”"

  1. people says:

    Sok si saan alway wright ‘ what about the crime that your boss committed 1997 (coup) killing alot of people?? what about your mate chhearng vun stealing U N car ?? that why cambodian people can understand now and will vote for new party to rescue our country from mafia dictator and veitcong group. GOD bless all cambodian people’

Leave a Reply

Submit Comment