ក្រុម​អ្នក​ប្ដឹង​អាជ្ញាធរ​រឿង​បទល្មើស​ព្រៃឈើ​មាន​ភ័ស្ដុតាង​ថ្មី

ព្រៃឈើ​ដែល​ទើប​កាប់​ថ្មី​ក្នុង​ទឹកដី​ខេត្ត​រតនគិរី​។ រូបថត Adhoc




ភ្នំពេញប៉ុស្តិ៍

រតនគិរីៈ អង្គការ​អាដហុក​ និង​​តំណាង​ពលរដ្ឋ​នៅ​ភូមិ​សមុទ្រ​ក្រោម​ដែល​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​រឿង​បទល្មើស​ព្រៃឈើ​បាន​រកឃើញ​វត្ថុតាង​បទល្មើស​បន្ថែម​ទៀត​ហើយ​គ្រោង​ដាក់​ទៅ​តុលាការ​ខេត្ត ខណៈ​មាន​ពលរដ្ឋ​ជាង​ ១០០ ​នាក់​បាន​ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ប្តឹង​នោះ​។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​នៅ​ភូមិ​សមុទ្រ​ក្រោម​ ៣០ ​នាក់​ក្នុង​ស្រុក​លំផាត់ និង​អង្គការ​អាដហុក ខេត្ត​រតនគិរី​បាន​ចុះ​អង្កេត​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​សហគមន៍ និង​តំបន់​ភ្នំ​អាត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​កាលពី​ថ្ងៃ​ ១១ ​សីហា​។

លោក​ ឌិន ខន្នី អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ដែល​បាន​ចុះ​ទៅ​ជាមួយ​សហគមន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ពួកគេ​បាន​ឃើញ​ព្រៃឈើ​ទើប​កាប់​ថ្មីៗ​ក្នុង​ព្រៃ​សហគមន៍​សមុទ្រ​ក្រោម​ពី​ ៣០ ​ទៅ​ ៤០ ​ហិកតា​។ ក្រៅពី​នោះ​ក៏​បាន​រកឃើញ​ឈើ​មូល​ជាច្រើន​គំនរ​ដែល​គេ​អារ​ និង​កាត់​កាលពី​ចុង​ឆ្នាំ​ទៅ​នៅ​តំបន់​ភ្នំ​អាត​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ផង​ដែរ​។

លោក​ ឌិន ខន្នី បញ្ជាក់​ថា​៖ «​យើង​បាន​ចុះ​អង្កេត​ហើយ​បាន​រកឃើញ​ភ័ស្តុតាង​បន្ថែម​ទៀត​នេះ​។ ​យើង​អាច​ដាក់​វត្ថុតាង​បន្ថែម​នេះ​ទៅ​តុលាការ​មុន​ពេល​ចូល​បំភ្លឺ​ក្នុង​ខែ​នេះ ឬ​ពេល​ចូល​បំភ្លឺ​នៅ​ខែ​ក្រោយ​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​នៃ​អង្គការ​អាដហុក​,​កូនប្រុស​លោក​ ឈុត វុទ្ធី គឺ​លោក​ ឆឺយ ឧត្តមរស្មី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​តំណាង​សហគមន៍​ ៩ ​នាក់​បាន​ប្តឹង​មន្ត្រី​បរិស្ថាន​ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​លំផាត់​ ៧ ​នាក់​ទៅ​តុលាការ​ខេត្ត​កាលពី​ថ្ងៃ​ទី​ ១៧ ខែ​កក្កដា​ពាក់ព័ន្ធ​នឹង​ការ​អនុគ្រោះ​ និង​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​​ខ្លួន​។ ​

តុលាការ​ខេត្ត​ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​ដើម​បណ្តឹង​ទៅ​បំភ្លឺ​នៅ​សប្តាហ៍​នេះ​ផង​ដែរ ប៉ុន្តែ​ពួកគេ​បាន​សុំ​ពន្យារពេល​ទៅ​ខែ​ក្រោយ​វិញ​ដោយសារ​មិន​ទាន់​មាន​មេធាវី​ការពារ​ក្តី​។

លោក​ ខន្នី បាន​អះអាង​ថា​តាម​ពលរដ្ឋ​ប្រាប់​គឺ​ឈើ​នោះ​មាន​រហូត​ប្រមាណ​ ៤០ ​ទៅ​ ៥០ ​គំនរ​ឯណោះ​ដែល​ត្រូវ​ជនល្មើស​កាប់​នៅ​ចុង​ឆ្នាំ​មុន តែ​ដឹក​ទៅ​វៀតណាម​មិន​ទាន់​។ ក្នុង​មួយ​គំនរ​មាន​ឈើ​ប្រមាណ​ ១០ ​ដើម​ដូចជា​ឈើ​ផ្តៀក ផ្ចិក និង​សុក្រំ​ជាដើម​ដែល​មាន​មុខកាត់​ចាប់​ពី​ ៣០ ​ឡើង​ទៅ និង​ប្រវែង​ពី​ ៥ ​ម៉ែត្រ​ទៅ​ ៧ ​ម៉ែត្រ​។

លោក​ ខន្នី បញ្ជាក់​ថា​៖ «​យើង​ក៏​ឃើញ​មាន​ស្នាម​ឡាន​ធំៗ​ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម​ដែរ​។ ឈើ​ហ្នឹង​ត្រូវ​គេ​កាប់​គល់​ និង​ចុង​ចេញ​ដែល​នៅ​សេសសល់​គេ​ដឹក​ចេញ​មិន​ទាន់​…»​។

លោក​ ឆន ផល្លា ជាដើម​បណ្តឹង​ម្នាក់​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​បទល្មើស​ដែរ​នោះ​បាន​ថ្លែង​ថា​លោក​ក៏​បាន​ឃើញ​ឈើ​រាប់រយ​ដើម​នៅ​តំបន់​ភ្នំអាត​នោះ​ដែល​ខ្លះ​ត្រូវ​គេ​គរ​ជា​គំនរ​ និង​ខ្លះ​នៅ​រាយប៉ាយ​។

កាលពី​ខែ​ឧសភា​កន្លង​មក​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ (EIA) ​នៅ​អង់គ្លេស​បាន​រកឃើញ​ថា​ឈើ​ប្រមាណ​ ៣០ ​ម៉ឺន​ម៉ែត្រគុប​តម្លៃ​រាប់​លាន​ដុល្លារ​ត្រូវ​បាន​ដឹក​ចេញ​ពី​ខេត្ត​រតនគិរី​​ទៅ​វៀតណាម​ដោយ​ខុស​ច្បាប់​។

ជាង​ ២ ​ខែ​ក្រោយ​មក​សហគមន៍​ដែល​ដាក់​ពាក្យ​បណ្តឹង​ក៏​បាន​រកឃើញ​កិច្ចសន្យា​លក់​ទិញ​ឈើ​តម្លៃ​ ១៥០០០ ​ដុល្លារ​វាង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សមុទ្រ​ក្រោម និង​ឈ្មួញ​វៀតណាម​ផង​ដែរ​។

ក្រៅពី​នោះ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​បាន​ចេញ​របាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​រវាង​មន្ត្រី​ និង​ឈ្មួញ​វៀតណាម​ និង​កម្ពុជា​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ស្រែ​ពក ឧទ្យាន​ជាតិ​វីរជ័យ និង​អូរយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី​ផង​ដែរ​។

លោក​ ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​ដែល​គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​កាលពី​ម្សិលមិញ​។ ទោះ​យ៉ាង​ណា​លោក​ថា​ក្រសួង​​បរិស្ថាន​អាច​នឹង​ធ្វើការ​បកស្រាយ​មួយ​នៅ​ថ្ងៃ​នេះ ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​ ២ ​នៅ​វិមាន​សន្តិភាព​ស្តីពី​ «​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​» ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​។

ទាក់ទង​នឹង​ការ​ប្តឹង​នេះ​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្សាយ​កាលពី​ម្សិលមិញ​ថា​ពលរដ្ឋ​មូលដ្ឋាន​ ១១៩ ​នាក់​បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ប្តឹង​នោះ​ដោយ​ចោទប្រកាន់​វិញ​ថា ពលរដ្ឋ​ ៩ ​នាក់​ដែល​ដាក់​ពាក្យ​បណ្តឹង​នោះ​គឺជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខ្លួនឯង តែ​បែរ​ជា​ប្តឹង​អាជ្ញាធរ​ទៅ​វិញ​។

លោក​ អង់ ប៊ុនធៀង មេឃុំ​សេដា​បាន​ឲ្យ​ដឹង​ថា​ពិតជា​មាន​ការ​ជួបជុំ​នោះ​មែន ប៉ុន្តែ​លោក​មិន​បាន​ចូលរួម​នោះ​ទេ​។ រីឯ​លោក គិរ ចាន់ណារិទ្ធ នាយ​ប៉ុស្តិ៍​សេដា​ដែល​ត្រូវ​ពលរដ្ឋ​ប្តឹង​ទៅ​តុលាការ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​មួយ​ភូមិ​បាន​តវ៉ា​មែន ប៉ុន្តែ​ពួក​លោក​មិន​ទាន់​បាន​ដាក់​ពាក្យ​ប្តឹង​តប​វិញ​ទេ​។

ប៉ុន្តែ​លោក ឆន ផល្លា​ (​ដើម​បណ្តឹង​) ​បាន​យល់​ឃើញ​ថា​ការ​ដាក់​ពាក្យ​ប្តឹង​បក​គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ហើយ​មាន​តែ​តុលាការ​ទេ​ដែល​ជា​អ្នក​​វិនិច្ឆ័យ​លើ​ករណី​នេះ​ដោយ​ផ្អែក​លើ​វត្ថុតាង​៕

What Next?

Recent Articles

Leave a Reply

Submit Comment