នាយករដ្ឋមន្ត្រី​សម្រេច​ឲ្យ​អង្គការ AIM បន្ត​សកម្មភាព​នៅ​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2017-08-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កន្លែង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាត់​ដេរ នៃ​អង្គការ​មេត្រី​អន្តរជាតិ (AIM) នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev
កន្លែង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាត់​ដេរ នៃ​អង្គការ​មេត្រី​អន្តរជាតិ (AIM) នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev


មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក ហ៊ុន សែន សម្រេច​ឲ្យ​អង្គការ​មេត្រី​អន្តរជាតិ (AIM) នៅ​បន្ត​ការងារ​នៅ​កម្ពុជា។ ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ ក្រោយ​ពី​នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ ហៅ​កាត់​ថា AIM នេះ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្សាយ​ទូរទស្សន៍​អាមេរិក ឈ្មោះ ស៊ី.អិន.អិន (CNN) ទាក់ទង​​​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។

ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គឺ​ក្រោយ​ពី​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ លោក​បណ្ឌិត ដន ប្រ៊ូស្ទើ (Don Brewster) នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ដែល​ចោទ​ប្រកាន់​ទូរទស្សន៍ CNN ថា ទោះ​បី​សារព័ត៌មាន​នេះ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ​ផ្លូវ​ភេទ​ជា​ជនជាតិ​វៀតណាម ក៏ដោយ ក៏​នៅ​តែ​សរសេរ​ចំណង​ជើង​ថា ជា​ស្ត្រី​កម្ពុជា​ទៀត។

មន្ត្រី​ប្រធាន​គម្រោង​នៃ​អង្គការ AIM អ្នកស្រី ខេង ស៊ីសារ៉ាត ឲ្យ​អាស៊ីសេរី កាល​ពី​រាត្រី​ទី​២១ ខែ​សីហា ថ្លែង​ថា អង្គការ​នេះ​មិន​ទាន់​ទទួល​បាន​លិខិត​ផ្លូវ​ការ​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​នៅ​ទេ។ ប៉ុន្តែ​អ្នកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ទទួល​ដំណឹង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក ហ៊ុន សែន សម្រេច​ឲ្យ​អង្គការ AIM អាច​បន្ត​សកម្មភាព​ការងារ​របស់​ខ្លួន​បាន​ដូច​នេះ៖ «មាន​តែ​ការ​ថ្លែង​អំណរគុណ​ដល់​សម្ដេច (លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន) ដែល​គាត់​មាន​គំនិត​សុភវិនិច្ឆ័យ​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ឲ្យ AIM នៅ​តែ​បន្ត»

នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ លោក​បណ្ឌិត ដន ប្រ៊ូស្ទើ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បក​ស្រាយ​ថា មាន​ការ​ភ័ន្តច្រឡំ​ថា លោក​នៅ​ពី​ក្រោយ​ទូរទស្សន៍ CNN ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​កម្ពុជា និង​ការ​អង្គការ AIM មិន​បាន​ធ្វើ​ការងារ​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា នោះ។

នៅ​សន្និសីទ​នោះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ AIM ប្រចាំ​ក្រុង​ភ្នំពេញ រូប​នេះ​បកស្រាយ​ដែរ​ថា ទូរទស្សន៍ CNN ដាក់​ចំណង​ជើង​ទាក់ទង​នឹង​ការ​រក​ស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា ខុស​ពី​អត្ថន័យ​ក្នុង​អត្ថបទ​ដែល​ទូរទស្សន៍​នេះ​ចុះ​ផ្សាយ។ លោក​បណ្ឌិត ដន ប្រ៊ូស្ទើ បន្ត​ទៀត​ថា ការ​ផ្សាយ​របស់​ទូរទស្សន៍ CNN ដែល​ថា ក្មេង​ស្រី​កម្ពុជា ៣​នាក់ រង​គ្រោះ​ដោយសារ​ការ​ជួញដូរ​ផ្លូវ​ភេទ គឺ​ជា​កំហុស​របស់ CNN ព្រោះ​លោក​បាន​ប្រាប់​ពួកគេ​ថា អ្នក​ទាំង​បី​នាក់​នោះ​គឺ​ជា​ជនជាតិ​វៀតណាម ហើយ​នៅ​ពេល CNN សម្ភាស ក៏​សម្ភាស​ជា​ភាសា​វៀតណាម ដែរ មិន​គួរ​ណា​ឡើយ​សារព័ត៌មាន​នៅ​សរសេរ​ចំណងជើង​ថា ជា​ស្ត្រី​ខ្មែរ៖ «ការ​កំណត់​អត្តសញ្ញាណ​ក្មេង​ទាំង​បី​នាក់​នោះ​ខុស​ជា​រឿង​មួយ​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ហើយ​ទូរទស្សន៍ CNN ក៏​ដឹង​ច្បាស់​ថា ក្មេង​ទាំង​បី​នាក់​នោះ​មិន​មែន​ក្មេង​កម្ពុជា​ទេ ម៉េច​បាន​គាត់​ថា​បាន​ក្មេង​ទាំង​៣​នាក់​នោះ​មិន​មែន​ជា​ជនជាតិ​កម្ពុជា? ព្រោះ​ពេល​សម្ភាស គឺ​សម្ភាស​ជា​ភាសា​វៀតណាម»

អនុ​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​សារព័ត៌មាន CNN លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ថា សេចក្ដី​រាយការណ៍​នោះ​មិន​បាន​ផ្សាយ​ថា នារី​រងគ្រោះ​ទាំង​នោះ​ជា​ជនជាតិ​អ្វី​នោះ​ទេ គ្រាន់​តែ​បាន​ផ្សាយ​ថា ពួកគាត់​ធំ​ដឹង​ក្តី​នៅ​តំបន់​ស្វាយប៉ាក​ប៉ុណ្ណោះ។

លោក​បន្ថែម​ទៀត​ថា អត្ថបទ​ពាក់ព័ន្ធ​នឹង​សេចក្ដី​រាយការណ៍​នោះ រៀបរាប់​យ៉ាង​ច្បាស់​អំពី​អង្គហេតុ​ពិត​ដែល​បញ្ជាក់​ថា អ្នក​រស់​នៅ​តំបន់​ស្វាយប៉ាក ភាគ​ច្រើន​ជា​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ តំណាង​ទូរទស្សន៍ CNN រូប​នេះ លើក​ឡើង​ថា ការ​យក​រឿង​ជាតិ​សាសន៍​របស់​ជនរងគ្រោះ​ទាំង​នោះ​មក​ធ្វើ​ជា​លេស​ក្នុង​ការ​ចោទ​ប្រកាន់​ទូរទស្សន៍ CNN គឺ​ជា​ការ​យល់​ខុស និង​ផ្ទុយ​ពី​បំណង​ពិត​នៃ​ខ្លឹមសារ​ក្នុង​សេចក្ដី​រាយការណ៍​នោះ ដែល​ផ្ដោត​លើ​ជនរងគ្រោះ​ជា​កុមារី​នៅ​កម្ពុជា មិន​ចំពោះ​ថា ពួកគាត់​ជា​ជនជាតិ​អ្វី​នោះ​ទេ តែ​ពួកគាត់​រស់​នៅ​លើ​ដី​ខ្មែរ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​ប្រមាថ​របស់​អង្គការ AIM បន្ទាប់​ពី​អង្គការ​មួយ​នេះ​បាន​ផ្ដល់​ព័ត៌មាន​ដល់​ទូរទស្សន៍ CNN របស់​អាមេរិក និង អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC NEWS) ដែល​បាន​ផ្សាយ​ថា “ក្មេង​ស្រី​កម្ពុជា ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ”។

សារព័ត៌មាន CNN បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដោយ​ប្រើ​ចំណងជើង​ជា​លើក​ដំបូង​ថា “ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​ពួកគេ​លក់​ដើម្បី​បម្រើ​ផ្លូវ​ភេទ” (The Cambodian girls sold for sex by their mothers)។ ក្រោយ​ពី​ការ​ចេញ​ផ្សាយ CNN បាន​លុប​ពាក្យ​កម្ពុជា ចេញ​ពី​ចំណងជើង​ព័ត៌មាន​របស់​ខ្លួន។

​ទោះ​មាន​ការ​ចោទ​ប្រកាន់​ពី​សំណាក​លោក ហ៊ុន សែន ពី​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ CNN របស់​អាមេរិក និង ABC អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នេះ។ ប៉ុន្តែ​ក្នុង​ពេល​សន្និសីទ​សារព័ត៌មាន នាយក​ប្រតិបត្តិ​អង្គការ AIM លោក​បណ្ឌិត ដន ប្រ៊ូស្ទើ មិន​បាន​លើក​ឡើង​ពី​កំហុស ឬ​ការ​ផ្សាយ​របស់​សារព័ត៌មាន ABC របស់​អូស្ត្រាលី​ទេ គឺ​លើក​ឡើង​តែ​ពី​ការ​សរសេរ​ចំណង​ជើង​ខុស​របស់ CNN ខណៈ​លោក ហ៊ុន សែន តែងតែ​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment