បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ប្រព្រឹត្ត​កំហុស​ឆ្គង​១៣​ករណី

ដោយ ប្រាជ្ញ ចេវ
2017-08-22
RFA

បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ចេញ​ពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​បាក់ទូក នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev
បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ចេញ​ពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​បាក់ទូក នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev


ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ហៅ​ថា​បាក់ឌុប​ទូទាំង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​នេះ ក្រសួង​អប់រំ រក​ឃើញ​ថា បេក្ខជន​បាន​ប្រព្រឹត្ត​កំហុស​ពេល​ប្រឡង​ចំនួន ១៣​ករណី ដែល​កំហុស​ទាំងនោះ​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​កំណត់​ហេតុ​ពិសេស។ ការ​បង្ហាញ​កំហុស​បេក្ខជន​នេះ ខណៈ​ការ​ប្រឡង​បាក់ឌុប​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា នេះ។

គេហទំព័រ​របស់​ក្រសួង​អប់រំ ឲ្យ​ដឹង​ថា កំហុស​ទាំងនោះ​រួម​មាន ករណី​ដក​ហូត​ទូរស័ព្ទ​ដៃ ៦​ករណី ប្ដូរ​លេខ​តុ​អង្គុយ ១​ករណី លួច​ចម្លង​សំណៅ​ឯកសារ ១​ករណី លួច​ប្រើ​ម៉ាស៊ីន​គិត​លេខ ១​ករណី ប្រឡង​ជំនួស ១​ករណី និង​បុគ្គលិក​អប់រំ​មាន​កំហុស​ឆ្គង ៥​ករណី។

ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៧០​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការ​សង្គ្រោះ​បឋម និង​មាន ៩​ករណី​ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន ក្នុង​នោះ​ដែរ​ក៏​មាន​បុគ្គលិក​អប់រំ​មាន​បញ្ហា​សុខភាព​ចំនួន ២​ករណី។

ការ​ប្រឡង​បាក់ឌុប​នេះ​ជា​ឆ្នាំ​ទី​៤ នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​របស់​លោក​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន។

ក្រសួង​អប់រំ បង្ហាញ​ថា ក្នុង​សិស្ស​វិទ្យាល័យ​ចំនួន​ជាង ១០​ម៉ឺន​នាក់​ដែល​ចូលរួម​ប្រឡង បេក្ខជន​ជាង ១.៦០០​នាក់ ឬ ១,៦២​ភាគរយ មិន​បាន​ចូលរួម​ប្រឡង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment