ពលរដ្ឋខេត្តកោះកុងប៉ះទង្គិចជាមួយអាជ្ញាធរ ខណៈស្វែងរកដំណោះស្រាយវិវាទដីធ្លី

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧​ | ម៉ោង 5:40 PM
http://vodhotnews.com

សិទ្ធិមនុស្ស

អ្នកមានជំលោះដីធ្លីនៅខេត្តកោះកុង បិទផ្លូវមុខក្រសួងដែនដី



អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុងនៅថ្ងៃព្រឹកនេះ បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរខណ្ឌចំការមន ខណៈពលរដ្ឋទាំងនោះ តវ៉ាបិទផ្លូវមុខក្រសួងរៀបចំដែនដី បន្ទាប់ពីពួកគេថា គ្មានដំណោះស្រាយរឿងវិវាទដីធ្លី។

ពលរដ្ឋខេត្តកោះកុងប្រមាណ១០០នាក់ នៅថ្ងៃទី២២សីហាឆ្នាំ២០១៧នេះ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីជាថ្មីទៀត ដើម្បីសុំជួបផ្ទាល់ជាមួយរដ្ឋមន្រ្តីគឺ លោក ជា សុផារ៉ា ឲ្យពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ ប៉ុន្តែក្រោយពីពលរដ្ឋទាំងនោះស្រែកតវ៉ាជាច្រើនម៉ោង មិនឃើញរដ្ឋមន្រ្តីមកជួប ពួកគេក៏សម្រេចនាំគ្នាបិទផ្លូវ ហើយត្រូវអាជ្ញាធរខណ្ឌចំការមន បំបែកចេញកុំមានការកកស្ទះចរាចរណ៍។

តំណាងពលរដ្ឋម្នាក់អ្នកស្រី ណុំ វណ្ណារី និយាយថា មូលហេតុដែលពលរដ្ឋសម្រេចនាំគ្នាបិទផ្លូវនេះ ដោយសារពួកគាត់អស់ជំនឿចំពោះក្រសួងក្នុងការដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ ដោយថាជម្លោះនោះបានអូសបន្លាយ១១ឆ្នាំហើយ មិនទានមានដំណោះស្រាយ។

អ្នកស្រីបន្តថា កន្លងមកពួកគាត់បានរកកិច្ចអន្តរាគមន៍ស្ថាប័នរដ្ឋកំពូលៗមួយចំនួនឲ្យជួយដោះស្រាយនិងកាលពីម្ស៉ិលម៉ិញនេះខុទ្ទកាល័យនាយករដ្ឋមន្រ្តីចារលិខិតជាថ្មីទៀតបញ្ជាឲ្យលោក ជា សុផារ៉ា ពន្លឿនការដោះស្រាយជម្លោះនេះផងដែរ។

អ្នកស្រីបន្ថែមថា៖ «ឯកឧត្តម ប៉ាល់ ចន្ទតារា មន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោកបានអន្តរាគមន៍មក លោកជា សុផារ៉ា ឲ្យដោះស្រាយដីធ្លីឲ្យពួកខ្ញុំ ហើយពួកខ្ញុំបានរងចាំមើលរហូតមានរយៈពេលម៉ោងជាង១១ថ្ងៃត្រូវហើយដល់ថ្នាក់ក្រសួងគេបិទទ្វារ អញ្ចឹងពួកខ្ញុំអស់ជំនឿលើដំណោះស្រាយហើយៗក៏អស់សង្ឃឹមដែរ អញ្ចឹងគិតថា ជីវិតពួកខ្ញុំអត់មានតម្លៃទេ ហើយពួកខ្ញុំមិនមានបំណងបិទផ្លូវទេ គឺពួកខ្ញុំចង់ទៅអង្គុយកណ្តាលថ្នល់ឲ្យឡានកិនឲ្យស្លាប់ ដើម្បីបញ្ចប់រឿង ព្រោះពួកខ្ញុំអស់សង្ឃឹមក្នុងជីវិតហើយ»។

ក្រោយពីក្រុមពលករតវ៉ាបិទផ្លូវប្រមាណ១៥នាទី ក្រុមអាជ្ញាធរខណ្ឌចំការមនបានបំបែក ដោយរុញច្រានពលរដ្ឋទាំងនោះចេញពីផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងធ្វើឲ្យពលរដ្ឋមួយចំនួនរងរបួសស្រាលផងដែរ។

បន្ទាប់ពីបំបែកពលរដ្ឋចេញពីផ្លូវរួចហើយ អភិបាលរងខណ្ឌចំការមនលោក កែវ សំណាង បានចេញមក សម្រប់សម្រួល ដោយសុំតំណាងពលរដ្ឋ៦នាក់ ចូលជួបជាមួយតំណាងក្រសួងដើម្បីដោះស្រាយ ហើយមន្រ្តីក្រសួងបានសន្យាយកសំណើពលរដ្ឋដាក់ជូនរដ្ឋមន្រ្តីនិងចុះដោះស្រាយផ្ទាល់។

តំណាងពលរដ្ឋម្នាក់ទៀតអ្នកស្រី ផាវ ញើង ព្រមានថា ប្រសិនបើនៅតែមិនមានដំណោះស្រាយទេ ក្រុមពលរដ្ឋនឹងនាំគ្នាទៅរកកិច្ចអន្តរាគមន៍ដល់ផ្ទះលោកនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដោយថាអស់ជំនឿលើការដោះស្រាយរបស់មន្រ្តីថ្នាក់ក្រោម ហើយថាការអូសបន្លាយមិនដោះស្រាយនេះ បានធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ កូនៗបាត់បង់សិក្សា និងខ្លះទៀតចំណាក់ស្រុកជាដើម។

អ្នកស្រីបន្ថែមថា៖ «ពីព្រោះនៅលើលោកនេះ ប្រហែលមានតែសម្តេចទេ ដែលអាចអន្តរាគមន៍ដោះស្រាយឲ្យពួកយើងបាន ពួកយើងចង់បានដីស្រែដីចំការរបស់ពួកយើង មួយគ្រួសារយកវិញតែ៣ហិកតា និងប្រាក់សំណង២៥០ដុល្លាទេ ហើយឯកឧត្តមបានសន្យានឹងកាត់ដីរបស់ក្រុមហ៊ុនមួយផ្នែកមកឲ្យពួកយើងនៅចំណុចយូរនីត១៥ បង្ហាញទាំងផែនទីឲ្យពួកយើងមើលទៀត អញ្ចឹងហេតុអីបានជាសន្យាខ្យល់មិនដោះស្រាយឲ្យពួកខ្ញុំ»។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនិង​ជា​ប្រធាន​ក្រុម​ការ​ងារ​ដោះស្រាយ​ដីធ្លី​លោក ទេព ធន ប្រាប់ វីអូឌីកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែសីហាថា ក្រសួងកំពុងធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លីនេះហើយ។ ចំពោះការយឺតយ៉ាវវិញ លោកថាដោយសារក្រសួងកំពុងសិក្សាស្រាវជ្រាវរកអត្តសញ្ញាណពិតប្រាកដថា ពលរដ្ឋទាំងនោះពិតជាបានរស់នៅតំបន់មានជម្លោះតាំងពីដើមឬអត់។

គួររំលឹកថា ពលរដ្ឋខេត្តកោះកុងជិត២០០គ្រួសារនៅស្រុកស្រែអំបិល និងស្រុកបុទមសាគរខេត្តកោះកុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះកុងភ្លែនថេសិនរបស់ លោក ហេង ហ៊ុយជាង១០ឆ្នាំហើយ ដោយពលរដ្ឋទាំងនោះអះអាងថា បានបាត់បង់ដីទំហំ៨៤១ហិកតា និងថា ពួកគេបានទៅរស់នៅតំបន់មានជម្លោះនោះតាំងពីដូន និងខ្លះទៀតរស់នៅតាំងពីឆ្នាំ១៩៧៩៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles