លោក ស ខេង ថា រដ្ឋាភិបាល​សម្រេច​ឲ្យ​អង្គការ​មេត្រី​អន្តរជាតិ​ (AIM) បន្ដ​សកម្មភាព​នៅ​កម្ពុជា

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាលពី​ម្សិលមិញ​ក្រោយ​កិច្ចប្រជុំ​នៅ​ក្រសួង​។ ផា លីណា


, and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​អង្គការ​មេត្រី​អន្តរជាតិ (AIM) បន្ត​សកម្មភាព​​របស់​គេ​នៅ​លើ​ទឹកដី​កម្ពុជា​ជា​បន្ត​ទៀត​។

ទន្ទឹម​នឹង​អង្គការ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ដោយ​បាន​សម្ដែង​ការ​សោកស្ដាយ​ និង​សុំទោស​ចំពោះ​ការ​ប៉ះពាល់​ និង​ឈឺចាប់​របស់​កម្ពុជា​។

លោក ស ខេង បាន​ថ្លែង​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ថា​៖ «AIM ដូចជា​សម្តេច​នាយក​រដ្ឋមន្ត្រី​សម្រេច​ថា​ឲ្យ​បន្ត​តែ​ត្រូវ​ធ្វើ​សន្និសីទ​​កាសែត​ដើម្បី​បកស្រាយ​បញ្ហា​នានា​ដែល​មាន​កន្លង​ទៅ​ដោយ​ខ្លួនឯង ហើយ​ខ្ញុំ​បាន​ប្រគល់​​ការងារ​នេះ​ឲ្យ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ដោយសារ​អគ្គស្នងការ​នគរបាល​មាន​ MoU (​អនុស្សរណៈ​នៃ​ការ​យោគយល់​) ​ជាមួយ​គ្នា​នេះ​»​។

កាលពី​ថ្ងៃ​ទី​ ១ ខែ​សីហា​លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ឈាន​ទៅ​បិទ​អង្គការ «​មេត្រី​អន្ដរជាតិ​មណ្ឌល​បណ្ដុះបណ្ដាល​» ហៅ​កាត់​ថា AIM ជា​បន្ទាន់​ដោយ​ប្រើ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​អ្វី​ដែល​លោក​ហៅថា ​អង្គការ​នេះ​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ស្ត្រី​កម្ពុជា បន្ទាប់ពី​មាន​ការ​ផ្សាយ​ព័ត៌មាន​ដោយ​ផ្អែក​ទៅ​លើ​ប្រភព​របស់​អង្គការ​នេះ​ថា​ស្ត្រី​ជា​ម្ដាយ​កម្ពុជា​បាន​យក​កូន​របស់​ខ្លួន​លក់​ដើម្បី​បម្រើ​ផ្លូវភេទ​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ​នាពេល​នោះ​ដោយ​លោក​បាន​​គំរាម​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល AIM បន្ទាប់ពី​ស្ថានីយ​ទូរទស្សន៍ CNN និង ABC News បាន​ផ្សាយ​ព័ត៌មាន​ដោយ​ផ្អែក​លើ​​ប្រភព​របស់​អង្គការ​នេះ​កាលពី​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ឆ្នាំ​ ២០១៧ ក្រោម​ចំណង​ជើង​ថា «​ក្មេងស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​»​។

ជាមួយ​គ្នា​នេះ​ដែរ​នាយក​ប្រតិបត្តិ​អង្គការ​ AIM លោក ដន ប្រ៊ូស្ទើ បាន​ចេញ​មុខ​ធ្វើ​សន្និសីទ​កាសែត​មួយ​កាលពី​ម្សិលមិញ​ដោយ​ថ្លែង​ការ​សោកស្តាយ​ចំពោះ​ព័ត៌មាន​ដែល​ផលិត​ដោយ​ទូរទស្សន៍​ CNN ធ្វើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ខុស​ដោយសារ​ក្មេងស្រី​រងគ្រោះ​ដែល​អង្គការ​ AIM បាន​ជួយ ហើយ​មាន​បទសម្ភាស​ក្នុង​ទូរទស្សន៍​គឺជា​ក្មេងស្រី​ជនជាតិ​វៀតណាម​ដែល​រស់នៅ​​ប្រទេស​កម្ពុជា មិនមែន​ជា​ក្មេងស្រី​កម្ពុជា​នោះ​ទេ​។

លោក ប្រ៊ូស្ទើ ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា​គោលបំណង​នៃ​ការ​ផ្ដល់​បទសម្ភាស​ដល់​ទូរទស្សន៍​ទាំង​នោះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​តំបន់​ស្វាយប៉ាក​មិនមែន​ដូច​អតីតកាល​ទេ​គឺ​បាន​ផ្លាស់ប្ដូរ​ហើយ​​កំពុង​មាន​ការ​រីកចម្រើន តែ​គួរ​ឲ្យ​សោកស្ដាយ​ដែល​ CNN ​និយាយ​ថា​ក្មេង​ទាំង​នោះ​ជា​ជនជាតិ​កម្ពុជា​ទៅ​វិញ​។

លោក ប្រ៊ូស្ទើ ថ្លែង​ថា​៖ «​ខ្ញុំ​បាទ​សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឈឺចាប់​ និង​ការ​ប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​ចំពោះ​ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រជាជន​កម្ពុជា​ទាំង​មូល​ផង​ដែរ​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទូទស្សន៍ CNN នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​សូម​សម្ដែង​នូវ​ការ​សុំទោស​អស់​ពី​ដួងចិត្ត​ផង​ដែរ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ខុស​ពី​ការ​​រំពឹង​ទុក​របស់​ខ្ញុំ​បាទ ហើយ​ខ្ញុំ​បាទ​ក៏​បាន​សរសេរ​លិខិត​សម្ដែង​ការ​សុំទោស​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​»​។

AIM ចាប់​តាំង​ពី​ឆ្នាំ​ ២០០៥ ​មក​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​រួម​ចំណែក​ជួយ​ទប់ស្កាត់​អំពើ​ជួញដូរ​ផ្លូវភេទ ជួយ​សង្គ្រោះ​ជនរងគ្រោះ​ និង​ងាយ​រងគ្រោះ​​ និង​ជួយ​ស្ដារ​នីតិសម្បទា​ដល់​ជនរងគ្រោះ​ជា​ស្ត្រី​វ័យក្មេង​ឲ្យ​ទទួល​បាន​ឱកាស​ការងារ​អាច​ទ្រទ្រង់​ខ្លួនឯង​បាន​ក្នុង​ជីវិត​រស់នៅ​ក្រោយ​រួច​ផុត​ពី​ការ​រងគ្រោះ​។ AIM ​ទទួល​ថវិកា​ ៩២ ​ភាគរយ​​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា​​ប្រើប្រាស់​សម្រាប់​ដំណើរការ​គម្រោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ថវិកា​ ៨ ​ភាគរយ​ជា​សកម្មភាព​រៃអង្គាស​។

ការ​ស៊ើបអង្កេត​ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ​ក្រោយពី​មាន​ការ​បញ្ជា​ពី​រាជរដ្ឋាភិបាល​។

លោក ប្រ៊ូស្ទើ បាន​ថ្លែង​ថា​៖ «​ការ​ស៊ើបអង្កេត​មក​លើ AIM ​បាន​ចប់​ហើយ តែ​យើង​មិន​ទាន់​បាន​ទទួល​ចម្លើយ ហើយ​ក៏​​ទន្ទឹង​រង់ចាំ​ចម្លើយ​ពី​រដ្ឋាភិបាល​ដែរ (​ក្នុង​ការ​បន្ត​ឲ្យ​ធ្វើ​សកម្មភាព​វិញ​ឬ​អត់​?)»​។

លោក ទូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ​បាន​ថ្លែង​ថា​ក្រសួង​បាន​ត្រៀម​មណ្ឌល​បី​នៅ​ក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​កុមារ​ ៦០ ​នាក់​នៅ​ក្នុង ​AIM ​មក​រស់នៅ​បើ​សិន​អង្គការ​នេះ​ត្រូវ​បាន​បិទ​។

លោក ចាន់នី ថ្លែង​ថា​៖ «​ពេល​នេះ​យើង​រង់ចាំ​តែ​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​ទេ ព្រោះ​យើង​បាន​ត្រៀម​រួច​ហើយ​»​។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​សម្រេច​ក្នុង​ការ​រក្សាទុក ឬ​បិទ​​អង្គការ AIM គឺ​អាស្រ័យ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពិនិត្យ​ថា​តើ អង្គការ​មួយ​នេះ​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ និង​បម្រើ​ផលប្រយោជន៍​កម្ពុជា​ព្រម​ទាំង​ពិនិត្យ​អនុលោម​តាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាង​ណា​?

លោក វណ្ណៈ ថ្លែង​ថា​៖ «​ស.ស.ស.ក បាន​សិក្សា​យ៉ាង​ហ្មត់ចត់ ហើយ​យល់​ឃើញ​ថា​អង្គការ AIM មិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​សុំទោស​ដោយ​ស្មោះ​ត្រង់​ចំពោះ​អ្នកម្តាយ ស្ត្រី​កម្ពុជា និង​ប្រជាជន​កម្ពុជា​នោះ​ទេ​។ ជំហរ​​របស់​យើង​គឺ​នៅ​តែ​បន្ត​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ហ្មត់ចត់​បំផុត​រាល់​របាយការណ៍​ប្រឌិត​បំភ្លៃ មួលបង្កាច់ ទាំង​ឡាយ​ណា​ដែល​បង្ខូច​តម្លៃ​កិត្តិនាម​កម្ពុជា​។ យើង​មិន​អាច​អត់ឱន​ចំពោះ​​សកម្មភាព​ណា​មួយ​ដែល​យក​តម្លៃ​កិត្តិយស​ប្រទេស​ទាំង​មូល ធ្វើ​ជា​ថ្នូរ​នៃ​សកម្មភាព​រៃអង្គាស​ប្រាក់​ដើម្បី​គម្រោង​ណា​មួយ​នោះ​ឡើយ​»៕

(​រាយការណ៍​បន្ថែម​ដោយ វង្ស សុខេង)


Contact authors: គង់ មេត្ដា, ម៉ិច ដារ៉ា and Erin Handley

What Next?

Recent Articles