លោក ហ៊ុន សែន ថា​នឹង​មិន​អោយ​មាន​បន្ទប់​ស្ថានការណ៍​នៅ​ឆ្នាំ​២០១៨

ដោយ​ សុ ជីវី
2017-08-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។  RFA/Van Vanndeth
សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា នឹង​មិន​អោយ​មាន​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ហៅ​ថា បន្ទប់​ស្ថានការណ៍ (Situation Room) ដែល​ធ្វើ​ការ​រួម​គ្នា​ឃ្លាំមើល​ការ​បោះឆ្នោត​នោះ​ទេ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​ចោទ​បណ្ដុំ​អង្គការ​ទាំង​នេះ​ថា​មាន​ផែនការ​ផ្ដួល​រំលំ។

សមាជិក​នៃ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល បន្ទប់​ស្ថានការណ៍​ឆ្លើយ​តប​​ថា អាច​ជា​ការ​យល់​ច្រឡំ​ចំពោះ​សកម្មភាព​ការងារ​របស់​ពួកគេ ដ្បិត​ការងារ​ពួកគេ​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត ដែល​ពុំ​មាន​ចេតនា ឬ​ផែនការ​អាក្រក់​ចំពោះ​រដ្ឋាភិបាល​ឡើយ។

នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី២ ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ចំៗ​ថា នឹង​មិន​អោយ​មាន​បន្ទប់​ស្ថានការណ៍​ត​ទៅ​ទៀត។

លោក ហ៊ុន សែន ថែម​ទាំង​បាន​រិះគន់​ចំពោះ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក ហ្ស៊ច អេដហ្គា (George EDGAR) ផង​ដែរ​ថា ជា​ក្រុម​ដែល​បាន​ផ្ដល់​ប្រាក់​ទៅ​អោយ​បន្ទប់​ ស្ថានការណ៍៖ «ខ្មែរ​ទៅ​វា​ខ្មែរ ប៉ុន្តែ​បរទេស​មួយ​ចំនួន​មក​នៅ​ទី​នេះ​ធ្វើ​អី? អ៊ីចឹង​បាន​ខ្ញុំ​អត់​ចោល​ទេ​អា​បន្ទប់​ស្ថានការណ៍ អត់​មាន​អោយ​កើត​ឡើង​វិញ​ទេ។ ឯកឧត្ដម អេដហ្គា (George EDGAR) ក្រុម​ពួក​ឯកឧត្ដម​ឯង​ហ្នឹង​ហើយ ក្រុម​ពួក​ផ្ដល់​លុយ​អោយ​ពួក​បន្ទប់​ស្ថានការណ៍។ អា​បន្ទប់​ស្ថានការណ៍​មិន​ខុស​ពី​ទី​បញ្ជាការ​សមរភូមិ​ទេ។ រឿង​អី​អ្នក​ឯង​ត្រូវ​បង្កើត​នៅ​កម្ពុជា? រដ្ឋមន្ត្រី​មហាផ្ទៃ របស់​ខ្ញុំ មិន​អនុញ្ញាត​អោយ​អ្នកឯង​បង្កើត​អា​ហ្នឹង​នៅ​ហ្នឹង​ទេ!»

សំដៅ​ទៅ​លើ​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍ លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​ក្រុម​មាន​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​បាន​ព្រមាន​ចំ​ឈ្មោះ​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​ថា ខុមហ្វ្រែល (COMFREL) និង​ប្រភព​ចំណូល​របស់​អង្គការ​នេះ៖ «ឥឡូវ​ខ្ញុំ​ដឹង​អ្នក​ណា​ទម្លាក់​លុយ​អោយ​អា​ខុមហ្វ្រែ។ អ្នក​ណា​ទម្លាក់​លុយ​អោយ​អ្នក​ណា​ខ្ញុំ​ដឹង។ ប្រយ័ត្ន​ណា៎! ច្បាប់​ស្ដីពី​បក្ស​នយោបាយ​អត់​មាន​អោយ​អ្នក​ឯង​មក​ពាក់ព័ន្ធ ហើយ​ឥឡូវ​មាន​ភស្តុតាង​ស្ដី​អំពី​ផែនការ​ផ្ដួល​រំលំ ខ្ញុំ​សូម​ជម្រាប បើ​មិន​ជួយ​ចូក​ជួយ​ចែវ សុំ​ទោស! កុំ​មក​គំរាម ខ្លួន​ពួក​អ្នក​ឯង​មិន​ទាន់​ស្អាតស្អំ​ពេក​នោះ​ទេ ដើរ​វ៉ៃ​ប្រហារ​គេ ដើរ​សម្លាប់​គេ វាយ​ប្រហារ​គេ​រួច​ហើយ​មក​ប្រដៅ​គេ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»

កាល​ពី​ថ្ងៃ​ទី​៤ កក្កដា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​ចាត់​ទុក​សកម្មភាព​ការងារ​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​របស់​សង្គម​ស៊ីវិល នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ថា​អនុវត្ត​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​បញ្ជា​ឲ្យ​ក្រុម​ការងារ​នៃ​បន្ទប់​ស្ថានការណ៍ បញ្ឈប់​សកម្មភាព​របស់​ខ្លួន។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក ស ខេង ពិនិត្យ​ផ្លូវ​ច្បាប់​ចំពោះ​បន្ទប់​ស្ថានការណ៍ ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង ក្រោយ​ពី​បន្ទប់​ស្ថានការណ៍​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ពេល​កន្លង​ទៅ​នៅ​មិន​ទាន់​មាន​ភាព​សេរី និង​ត្រឹមត្រូវ​ពេញលេញ​នៅ​ឡើយ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក កន សាវាង្ស លើក​ឡើង​ថា រដ្ឋាភិបាល​អាច​មាន​យល់​ច្រឡំ​ចំពោះ​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​ដែល​ពុំ​មាន​ចេតនា​មិន​ល្អ​ណា​មួយ​ឡើយ។ លោក​​ទទូច​អោយ​មាន​ការ​ជួប​ជជែក​គ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​រដ្ឋាភិបាល​​ពី​បញ្ហា​នេះ។ លោក​ថា ប្រសិន​បើ​សង្គម​ស៊ីវិល​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ទេ នឹង​បណ្ដាល​ឲ្យ​មាន​ការ​លំបាក​ច្រើន ជាពិសេស​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង គឺ​ខ្វះ​សាក្សី​ដឹង​ឮ និង​ជួយ​បញ្ជាក់​ប្រាប់​ដល់​សាធារណជន ដើម្បី​បញ្ចៀស​ការ​ទាញ​យក​ចំណេញ​របស់​អ្នក​នយោបាយ​ម្ខាងៗ។

លោក កន សាវាង្ស៖ «គណបក្ស​មួយ​គេ​ថា គេ​ឈ្នះ គណបក្ស​មួយ​ទៀត​គេ​ថា គេ​ឈ្នះ អ៊ីចឹង​អ្វី​ដែល​ជា​ការ​ចូល​រួម​ក្នុង​ការ​មើល ក្នុង​ការ​បង្ហាញ​ទៅ​សាធារណជន ​​គឺ​ជា​សង្គម​ស៊ីវិល​ហ្នឹង​ហើយ​​ដែល​ជា​ការ​ចូល​រួម​ ជា​ការ​បង្ហាញ។ ក្នុង​របប​ប្រជាធិបតេយ្យ​​គឺ​សង្គម​ស៊ីវិល​ហ្នឹង​មិន​អាច​ខ្វះខាត​បាន​ទេ គឺ​ត្រូវ​តែ​មាន​ការ​ចូលរួម ដែល​ជា​ភ្នែក​ជា​ច្រមុះ ហើយ​បើសិនជា​រដ្ឋាភិបាល​​ថា មិន​គួរ​អោយ​មាន​ហ្នឹង​ជា​មុខ​មាត់​របស់​​រដ្ឋាភិបាល ព្រោះ​សង្គម​ស៊ីវិល មិន​មែន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ សង្គម​ស៊ីវិល​គ្រាន់​តែ​ជា​កញ្ចក់​មួយ​ដែល​បង្ហាញ​រដ្ឋាភិបាល​ថា ដំណើរការ​មួយ​វា​ដើរ​ដល់​ណា​មាន​ចំណុច​ខ្វះ​ខាត​យ៉ាង​ម៉េច»

ចំណែក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ហ្ស៊ច អេដហ្គា ឆ្លើយ​នឹង​សំណួរ​របស់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (E-mail) ថា កន្លង​ទៅ​សហភាព​អឺរ៉ុប​​មាន​គោល​ដៅ​​ផ្ដល់​ការ​គាំទ្រ​ទៅ​ដល់​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ ដែល​នឹង​ឆ្ពោះ​ទៅ​រក​ដំណើរ​ការ​បោះឆ្នោត​ដែល​ពេញ​ដោយ​ទំនុក​ចិត្ត។ លោក​ថា ការ​សង្កេតការណ៍​បោះ​ឆ្នោត​ដោយ​ឯករាជ្យ មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​កិច្ចការ​ក្នុង​បរិបទ​នេះ ដោយ​ផ្ដល់​នូវ​ការ​ធានា​បន្ថែម​ទៀត​ពី​គុណភាព​នៃ​ដំណើរ​ការ​បោះ​ឆ្នោត និង​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក ហ្ស៊ច អេដហ្គា៖ «នៅ​ពេល​ណា​ដែល​មាន​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​​ច្រើន​ចូល​រួម​ក្នុង​ការ​សង្កេតការណ៍​បោះឆ្នោត គឺ​វា​មាន​ន័យ​សម្រាប់​ពួកគេ ដោយ​ពួកគេ​សហការ​គ្នា​ដើម្បី​បញ្ចៀស​ធ្វើ​កិច្ចការ​ត្រួត​គ្នា និង​ធានា​ថា អ្វី​ដែល​ពួកគេ​បាន​វាយ​តម្លៃ គឺ​ចេញ​ពី​ព័ត៌មាន​ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ពេញលេញ»

ចំណែក​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​បញ្ចប់​បេសកកម្ម​លើក​ទី​៤ របស់​អ្នកស្រី​ដោយ​ស្វាគមន៍​កិច្ច​សហការ​របស់​បន្ទប់​ស្ថានការណ៍​ដែល​សង្កេតការណ៍​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧។ អ្នកស្រី​ថា បន្ទប់​ស្ថានការណ៍​មិន​មែន​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​តែ​មួយ​នោះ​ទេ ដែល​មិន​មាន​កាតព្វកិច្ច​ទៅ​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​បទបញ្ជា​បិទ​បន្ទប់​ស្ថានការណ៍ ដោយ​អង្គការ​នេះ​ថា ជា​ចេតនា​របស់​រដ្ឋាភិបាល ដើម្បី​ពង្រីក​ការ​រឹតត្បិត​លើ​ការងារ​របស់​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment