អ្នក​មាន​ជម្លោះ​ដី​មក​ពី​ខេត្ត​​កំពត​សុំ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍

ដោយ រ៉ាន់ សំណាង
2017-08-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មាន​បញ្ហា​ដី​មក​ពី​ស្រុក​ឈូក ខេត្ត​កំពត សុំ​កិច្ច​​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Rann Samnang
ពលរដ្ឋ​មាន​បញ្ហា​ដី​មក​ពី​ស្រុក​ឈូក ខេត្ត​កំពត សុំ​កិច្ច​​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Rann Samnang



ពលរដ្ឋ​ប្រមាណ ១៣០​នាក់ មក​ពី​ស្រុក​ឈូក ខេត្ត​កំពត នាំ​គ្នា​មក​រក​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ដើម្បី​ជួយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មាន​ការ​គាំទ្រ​ពី​កងកម្លាំង​សមត្ថកិច្ច​ខេត្ត​កំពត ឈូស​ឆាយ​យក​ដី​ពលរដ្ឋ។

ឈរ​តម្រៀប​គ្នា​ជា​ជួរ​នៅ​ក្បែរ​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី អ្នក​ខ្លះ​មាន​កាន់​រូប​លោក ហ៊ុន សែន និង​ភរិយា ហើយ​អ្នក​ខ្លះ​ទៀត​កាន់​រូបថត​បង្ហាញ​ពី​សកម្មភាព​សមត្ថកិច្ច​បាញ់​គំរាម និង​ដុត​ផ្ទះសម្បែង​ពលរដ្ឋ​មក​ពី​ខេត្ត​កំពត ស្រែក​រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​រឿង​ដីធ្លី​នៅ​ខេត្ត​កំពត។

ទីតាំង​មួយ​នេះ​ហើយ​ដែល​អ្នក​ដីធ្លី​មក​ពី​តាម​ខេត្ត​នានា និង​នៅ​ក្រុង​ភ្នំពេញ ស្គាល់​ច្បាស់​ថា ជា​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ដែល​តែង​ទទួល​ញត្តិ​ពលរដ្ឋ​ពី​គ្រប់​ទិសទី។

អ្នក​ភូមិ​តេជោអង្កាញ់ និង​ភូមិ​តេជោជ្រៃបាក់ ក្នុង​ឃុំ​តេជោអភិវឌ្ឍន៍ ប្រមាណ ១៣០​នាក់ ត្រូវ​រត់​ភៀស​ខ្លួន​មក​ស្នាក់​នៅ​វត្ត​ចាស់ ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ជន​មួយ​ដែល​មាន​ការ​ជ្រោមជ្រែង​ពី​កង​សមត្ថកិច្ច​ខេត្ត​កំពត ប្រើ​កម្លាំង​ចម្រុះ​ចុះ​ព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់។

តំណាង​ពលរដ្ឋ គឺ​លោកស្រី សាំង ផល្លី ឲ្យ​ដឹង​ថា ថៅកែ​ក្រុមហ៊ុន ហ្វើស បាយអូ ថិច អេហ្គ្រីខលឈើរ៉ល ខេមបូឌា (First Bio-Tech Agricultural (Cambodia) Co., Ltd.) គឺ​លោកស្រី ចាន់ សុធា ប្រើប្រាស់​កម្លាំង​យោធា និង​ប៉េអឹម គំរាម​កំហែង​ពលរដ្ឋ និង​រំលោភ​យក​ដីស្រែ​ចម្ការ ដុត​បំផ្លាញ​ផ្ទះ​សម្បែង​អ្នក​ភូមិ និង​ចាប់​ខ្លួន​មនុស្ស ៣​នាក់ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ម្នាក់​ផង ទៅ​ដាក់​គុក ដោយ​ចោទ​ថា វាយ​បំផ្លាញ​រថយន្ត​សមត្ថកិច្ច និង​ញុះញង់​ឲ្យ​ពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ និង​ទី​១២ ខែ​សីហា។ ពលរដ្ឋ​ស្នើ​សុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​ពលរដ្ឋ​ជាង ៣០០​គ្រួសារ (៣០៨​គ្រួសារ) លើ​ផ្ទៃដី​ជាង ១.២០០​ហិកតារ (១.២៣១​ហិកតារ) ដើម្បី​ឲ្យ​ពួកគាត់​បាន​វិល​ទៅ​រស់​នៅ​ក្នុង​ភូមិ និង​ធ្វើស្រែ​ចម្ការ​ជា​ប្រក្រតី​វិញ«សម្ដេច ហ៊ុន សែន មាន​មួយ​កំផ្លេ​ទាំងអស់ ប៉ុន្តែ​វា​និយាយ​អះអាង វា​ថា​បោះឆ្នោត​ឲ្យ​ជាប់ ហ៊ុន សែន រឿង​អី​វា​ធ្វើ​តាម វា​មិន​ធ្វើ​តាម​ទេ។ វា​ថា​អ៊ីចេះ ទាល់​តែ​សម្ដេច ហ៊ុន សែន ហ្នឹង​ស្រែក​ថា​ឲ្យ​ប្រជាពលរដ្ឋ បាន​វា​ដើរ​ចេញ»

ជម្លោះ​ដី​ស្រុក​ឈូក ខេត្ត​កំពត សីហា ២០១៧
ពលរដ្ឋ​មាន​បញ្ហា​ដី​ស្រុក​ឈូក ខេត្ត​កំពត បង្ហាញ​រូបថត​​អំពី​សកម្មភាព​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​គំរាម​ពលរដ្ឋ ក្នុង​ពេល​តវ៉ា​រក​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១៧។ RFA/Rann Samnang


មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក គង់ ចំរើន ដែល​ទទួល​ញត្តិ​ពី​ពលរដ្ឋ សន្យា​ថា នឹង​បញ្ជូន​ញត្តិ​ទៅ​ថ្នាក់​លើ ហើយ​នឹង​ឲ្យ​ដំណឹង​នៅ​ពេល​ក្រោយ ប៉ុន្តែ​មិន​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះ​ទេ។

ក្រុមហ៊ុន ហ្វើស បាយអូ ថិច អេហ្គ្រីខលឈើរ៉ល ខេមបូឌា បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ខែ​មេសា ឆ្នាំ​២០០៥ ដោយ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១​ម៉ឺន​ហិកតារ នៅ​ស្រុក​ឈូក ខេត្ត​កំពត សម្រាប់​ការ​ដាំដុះ​ដំណាំ​កសិ-​ឧស្សាហកម្ម និង​ចិញ្ចឹម​សត្វ។ កិច្ចសន្យា​នេះ មាន​រយៈពេល ៧០​ឆ្នាំ ហើយ​ផែនការ​ប្រើប្រាស់​ដី​របស់​ក្រុមហ៊ុន​មាន​រយៈពេល ១០​ឆ្នាំ។

ក្រុម​ពលរដ្ឋ​អះអាង​ថា រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​មិន​បាន​ធ្វើការ​អភិវឌ្ឍ​អ្វី​លើ​ដី​នោះ​ទេ ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ជួល​ដី​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ទៅ​វិញ ដើម្បី​ដាំ​ដំណាំ​ស្វាយចន្ទី។ ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​កិច្ចសន្យា ដូចជា កាប់​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​លក់​អស់​គ្មាន​សល់ ទន្ទ្រាន​ដី​បន្ថែម រំលោភ​បំពាន​ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍ ដុត​ផ្ទះ និង​ឈូស​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជិត ១០០​ខ្នង។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ឈូស​បំផ្លាញ​ផល​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​អស់​រាប់​ពាន់​ហិកតារ ហើយ​ថែម​ទាំង​ដាក់​កុងត្រូល​យក​លុយ​ពី​ពលរដ្ឋ​ដែល​ដឹក​អុស ឬ​ដឹក​អនុផល​កាត់​តាម​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទៀត​ផង ជាពិសេស គឺ​ក្រុមហ៊ុន​បាន​ទុក​ដី​ទំនេរ​ចោល​មិន​ធ្វើការ​អភិវឌ្ឍន៍ ឬ​ដាំ​ដុះ​ដំណាំ​អ្វី​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​ប្រកាន់​ជំហរ​ថា នឹង​បន្ត​ស្នាក់​នៅ​វត្ត​ចាស់ ក្រុង​ភ្នំពេញ ហើយ​ដើរ​ដាក់​ញត្តិ​តាម​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត លុះត្រាតែ​ទទួល​បាន​ដំណោះស្រាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment