ការបាត់បង់​កាសែត​ ខេមបូឌាដេលី លើស​ពី​ការ​បាត់​បង់​ការងារ

សិទ្ធិ​មនុស្ស

កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ថ្ងៃចន្ទ​ ទី៤​ ខែកញ្ញា​ ឆ្នាំ ២០១៧ នេះ​​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​។ (ហ៊ាន សុជាតា/VOA)


07 កញ្ញា 2017
អូន ឆេងប៉រ
នូវ ពៅលក្ខិណា
វីអូអេខ្មែរ

អ្នក​សារព័ត៌មាន​ឲ្យ​កាសែត ​ The Cambodia Daily​ និយាយ​ថា​ ការ​បិទ​កាសែត​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់ការងារ​ប៉ុណ្ណោះ​ទេ។

នៅ​ពេល​ដែល​ប្រិយមិត្ត​អ្នក​អាន​ជាតិ​ និង​អន្តរជាតិ​ប្រតិកម្ម​ចំពោះ​ការ​បិទ​កាសែត ​The Cambodia Daily​ (ឌឹ ខេម បូឌាដេលី) ​ ​អ្នក​សារព័ត៌មាន​ដែល​ទើប​តែ​បាត់​បង់​ការងារ​នៅ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ ​បាន​រៀបរាប់​ពី​ការ​បាត់បង់​កាសែត​នេះ។​ ​វា​មាន​វិសាល ភាព​លើស​ពី​ការ​បាត់បង់​ការងារ​របស់​ពួក​គេ​ទៅ​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ កូន​ស្រី​របស់​លោក​ ឆន ចាន់ស៊ី​ ​បាន​សួរលោក​ថា​«ហេតុ​អ្វី​បាន​ជា​ប៉ា​មិន​ទៅ​ធ្វើ​ការ?»

លោក​ ឆន ចាន់ស៊ី​ គឺ​ជា​អតីត​បុគ្គលិក​មួយ​រូប​របស់​កាសែត​ ​ឌឹ ខេមបូឌា ដេលី​ (The Cambodia Daily)។​ កាសែត​ជា​ភាសា​អង់គ្លេស​ក្នុង​ស្រុក​មួយ​នេះ​ ​បាន​សម្រេច​បិទ​ទ្វារ​ដោយ​បង្ខំ​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ បន្ទាប់​ពីបាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជាអស់​រយៈ​ពេល​ ២៤​ឆ្នាំ​ ១៥​ថ្ងៃ ​ក្រោយ​ពី​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​បង្ខំ​ឱ្យ​បង់​ពន្ធ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ៦​លាន​ដុល្លារ​អាមេរិក។​

ការ​សម្រេច​បិទ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ទាំង​អ្នក​កាសែត​ក្នុង​ស្ថាប័ន​នេះ​ផ្ទាល់​ និង​មជ្ឈដ្ឋាន​ទូទៅ។​ សូម្បី​តែ​លោក​ ​ចាន់ស៊ី​ ខ្លួន​ឯង​ ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។ ​លោក​មិន​បាន​ត្រៀម​ខ្លួន​រក​ការងារ​ថ្មី​នោះ នៅ​ពេល​កាសែត​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នេះកំពុង​តតាំង​ជា​មួយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​អស់​រយៈ​ពេល​មួយ​ខែ។​ ​កាសែត​ឌឹ ខេមបូឌាដេលី​ ​បដិសេធ​មិន​បង់​ពន្ធ​ ​៦,៣​លាន​ដុល្លារ​អាមេរិក​ ​ដោយ​ឈរ​លើ​ជំហរ​ថា​ ការ​ទារ​ពន្ធ​នេះ​ជា​ហេតុផល​នយោបាយ​ និង​អំពាវនាវ​ឲ្យ​មាន​សវនកម្ម​ត្រឹមត្រូវ​និង​តម្លាភាព។

លោក​ ​ឆន ចាន់ស៊ី​ ​និយាយ​ថា៖​

«និយាយ​តាម​ត្រង់​ ខ្ញុំ​គិត​ថា​ មិន​អាច​ទៅ​រួច​ ថា ​មិន​អាច​បិទ ព្រោះ​ថា​ កន្លង​មក​យើង​ក៏​ជួប​បញ្ហា​អញ្ចឹង​កើត​ឡើង​ដែរ​ មាន​ការ​ប្តឹង​ការ​ផ្តល់​ គ្រាន់​តែ​ថា​ ពេល​ហ្នឹង​ ​យើង​អាច​ដោះ​ស្រាយ​បាន។​ យើង​មាន​រឿង​ធំៗ​មួយ​ចំនួន​ ដែល​យើង​អាច​ឆ្លង​កាត់។​ ហើយ​សម្រាប់​ខ្ញុំ​ មុន​ដែល​អង្គភាព​ប្រកាស​បិទ​ក៏​យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា​ នៅ​នាទី​ចុង​ក្រោយ ​យើង​នឹង​មាន​ដំណោះ​ស្រាយ។​ ​តែ​ផ្ទុយ​ទៅ​វិញ​មិនមាន​ដំណោះ​ស្រាយ»។​

ក្នុង​អំឡុង​ពេល​ជិត​១០​ឆ្នាំ​នៃ​ការ​បម្រើការនៅ​កាសែត​មួយ​នេះ​ ​លោក​ ​ចាន់ស៊ី​ ​បាន​អភិវឌ្ឍ​ខ្លួន​ឯង ​ពី​អ្នក​រាយ​ការណ៍​ព័ត៌មាន​ឧក្រិដ្ឋកម្ម​ទៅ​ជា​ការី​និពន្ធព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ស្ថាប័ន។​ ​គិត​ត្រឹម​ថ្ងៃ​បិទ​ កាសែត​នេះ​ ​មាន​បុគ្គលិក​ទាំង​ខ្មែរ​ និង​បរទេស​សរុប​ប្រមាណ​៥០​នាក់។ ​កាសែត​ ​ឌឹ ខេមបូឌា ដេលី​ បង្កើត​ឡើង​ដោយ​អតីត​អ្នក​សារព័ត៌មាន​ជើង​ចាស់​ជនជាតិ​អាមេរិក​កាំង​ គឺលោក​ ​Bernard Krisher​ ​ក្នុង​គោល​បំណង​ពង្រឹង​សេរីភាព​សារព័ត៌មាន​ ​និង​បណ្ដុះ​បណ្ដាល​អ្នក​សារ​ព័ត៌មាន​ខ្មែរ។

ក្រៅ​ពី​ផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​អព្យាក្រឹត្យ​ភាព ការ​កត់ត្រា​ហេតុការណ៍​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ ​ការ​បង្ហាត់​ភាសា​អង់គ្លេស​ កាសែត ​ឌឹ ខេមបូឌា ដេលី​ ​បាន​ ​បណ្តុះ​បណ្តាលអ្នក​សារព័ត៌មានទាំង​បរទេស​ និង​ខ្មែរ​ជា​ច្រើន​រូប ​និងច្រើន​ជំនាន់ក្នុង​រយៈពេល​២៤ឆ្នាំ​ ​និង​១៥ថ្ងៃ​នៃ​ដំណើរ​ការ​របស់​ខ្លួន។​

កញ្ញា​ ​ឡេង ឡែន​ ​ជា​អ្នក​កាសែត​ស្រី​ចុង​ក្រោយ​បង្អស់​ ​ដែល​បាន​ចូល​ទៅ​ធ្វើ​ការ​ជាមួយ​កាសែត​ ​ឌឹ ខេមបូឌា ដេលី​ ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា។​ ​នាង​និយាយ​ថា​ ​ពាក្យ​ស្លោក «រាល់​ដំណឹង​ទាំង​អស់​គ្មាន​ការ​ភ័យ​ខ្លាច​ ឬ​លម្អៀង»​ ​បាន​ទាក់​ទាញ​នាង​ឲ្យ​ចង់​ធ្វើ​ការ​នៅ​ស្ថាប័ន​មួយ​នេះ។​

អ្នក​សារ​ព័ត៌មាន​ស្រ្តីរូប​នេះ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​គោល​បំណង​ចម្បង​របស់​នាង​ក្នុង​ការ​ចូលរួម​ជា​មួយ​សារ​ព័ត៌មាន​ ​ឌឹ ខេមបូឌា ដេលី​ ​គឺ​ចង់​ចូល​រួម​រាយ​ការណ៍​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៨។​ ​សម្រាប់​នាង​ ការ​បោះ​ឆ្នោតជាតិ​គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ ប៉ុន្តែ​គោល​បំណង​នេះ​មិន​បាន​សម្រេច​នោះ​ទេ។

នាង​ឡេង ឡែន​ ​បញ្ជាក់​ពី​អារម្មណ៍​របស់​នាង​ថា៖​

«វាដូច​កង់​រទេះ​ដែល​កំពុង​វិល​ ហើយបើគេ​បញ្ឈប់វា​ឈប់​ង៉ក់​ទៅ​ វាអាច​ក្រឡាប់​ វា​កំពុង​វិល​ជក់​លឿន​ ដល់​គេ​បញ្ឈប់​ទៅ​ វា​ក្រឡាប់»។​

នៅ​យប់​ចុង​ក្រោយ​នៃ​ការ​ប្រតិបត្តិការ​របស់​កាសែត​នេះ​ នាង​គេង​បាន​តែ​២​ម៉ោង​ប៉ុណ្ណោះ​ ​ដោយ​សារ​ខ្លួនព្យាយាម​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​ជា​រឿង​ធំ​បំផុត​សម្រាប់​ថ្ងៃ​នោះ​ផង​ដែរ។​

មុន​ចូល​ធ្វើ​ការ​នៅ​ ឌឹ ខេមបូឌាដេលី​ កញ្ញា​ ​ឡេង ឡែន ​ក៏​បាន​ធ្វើ​ការ​នៅ​វីអូអេ​ផង​ដែរ។​

កាសែត​ ឌឹ ខេមបូឌា ដេលី​ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ហៅ​ថា​ «មេចោរ»​ ដោយ​សារ​ការ​មិន​បាន​បង់​ពន្ធ។​ តែ​ចំពោះ​បុគ្គលិក​ជា​អ្នក​សារព័ត៌មាន​វិញ​ ​ ពួកគេ​បាន​ចាត់​ទុកថា​ ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ជា​សាលា​រៀន​ដែល​បាន​ច្នៃ​បណ្តុះ​វិជ្ជាជីវៈ​សារព័ត៌មាន​តាម​រយៈ​ការអនុវត្ត​ផ្ទាល់។​

លេខ​ចុង​ក្រោយ​នៃ​កាសែត​នេះ​មាន​ទំព័រ​ស​ខ្មៅ ​មួយ​ផ្ទាំង​ មាន​ចារ​ឈ្មោះ​អ្នក​កាសែត​ជា​ច្រើន​នាក់​ ដែល​ធ្លាប់​បម្រើ​ការងារ​ ក្នុង​វិជ្ជាជីវៈ​មួយ​ដែល​គេ​មើល​ឃើញ​ថា​ ជា​អាជីព​មួយ​ប្រថុយ​ប្រថាន។​ ភាគ​ច្រើន​នៃ​អ្នក​សារព័ត៌​មាន​ខ្មែរ​ដែល​ចាកចេញ​ពី​ ​កាសែត​នេះ​បាន​កាន់​មុខ​តំណែង​សំខាន់ៗ​ក្នុង​សារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ​ក្នុង​ប្រទេស​កម្ពុជា​ រួមទាំង​ VOA​ វិទ្យុអាស៊ី​សេរី​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ខ្មែរថាម៍​ Swiftnews​ ​ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ​និង ​AP​ ​ជា​ដើម។​

អ្នក​សារព័ត៌មាន​ចាស់​ស្រុក​របស់​កាសែត​ ឌឹ ខេមបូឌាដេលី​គឺ​លោក​ ​វណ្ណ រើន​ ​ដែល​ធ្វើ​ការ​ជាមួយ​កាសែត​នេះ​ចាប់​តាំង​ពីឆ្នាំ​១៩៩៧​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​លោក​អាច​ធ្វើ​ព័ត៌មាន​ស៊ី​ជម្រៅ​យ៉ាង​លម្អិតដោយ​ការ​រៀន​ និង​អនុវត្ត​នៅ​ស្ថាប័ន​នេះ​ដោយ​ផ្ទាល់។​

លោក​ ​វណ្ណ រើន​ ​និយាយ​ថា៖​

«កន្លែង​ហ្នឹង​ជា​កំណើតកកើត​នៃវិជ្ជាជីវៈ​របស់​ខ្ញុំ។​ ​កន្លែង​ហ្នឹង​ ខ្ញុំ​រៀន​សូត្រ​ពី​បរទេស​ជា​ច្រើន​ ដែល​គាត់​ជា​សេរី​ចាស់ៗ​មុន​ ដែល​គាត់​ពូកែ​សរសេរ។​ គាត់​ពូកែ​យក​ព័ត៌មាន​ គឺ​រៀន​ដើម​កំណើត​ចេញ​ពី​កាសែត​ដេលី​ហ្នឹង​ហើយ។​ ​ហើយ​ខ្ញុំ​យល់​ថា​ កាសែត​ហ្នឹង​វា​សរសេរ​ប្រកប​ដោយ​វិជ្ជាជីវៈ​ ហើយ​សរសេរ​ដោយ​ គេហៅថា​ វា​មាន​លក្ខណៈ​ប្រភព​ច្បាស់​លាស់​ សរសេរ​ត្រឹម​ត្រូវ​ មាន​ប្រភព​ មិន​មែន​ជា​ការ​បញ្ចេញ​មតិនៅ​ក្នុង​ព័ត៌មាន​ដែល​យើង​សរសេរ​ ហើយ​សរសេរ​សង្កត់​ធ្ងន់ៗ​អ្វី​ដែល​ជា​ការណ៍​ពិត»។​

លោក​ ​វណ្ណ រើន​ ​បាន​រាយ​ការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​ជាច្រើន​អំពីការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ដី​សមប្បទាន​សេដ្ឋកិច្ចដ៏​ចម្រូង​ចម្រាស​ជា​ច្រើន។​

លោក​និយាយ​បន្ថែម​ថា​ ចាប់​តាំង​ពី​ធ្វើ​ការ​ឲ្យ​ឌឹ ខេមបូឌាដេលី​ នៅ​ឆ្នាំ​១៩៩៧​មក​ លោក​មិន​បាន​ផ្លាស់ការងារ​ទៅ​ស្ថាប័ន​ផ្សេង​ទេ​ ដោយ​សារ​លោក​ឃើញ​ថា​ មិន​មាន​លំហ​គ្រប់គ្រាន់​ដើម្បី​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង។​

លោក​ ​វណ្ណ រើន​ ​និយាយ​ថា៖​

«ហើយ​ខ្ញុំ​មើល​ទៅ​កាសែត​ដទៃ​ទៀត​ ភាគ​ច្រើន​មើល​ទៅ​មាន​លក្ខណៈ​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ មិន​មាន​លក្ខណៈ​ដែល​ថា​ ជា​អព្យាក្រឹត្យ​ ជា​ឯករាជ្យ។ ​អីចឹង​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រារែកក្នុង​ការ​ឈាន​ជើង​ទៅ​រក​ទ្រនំ​ផ្សេង»។​

អ្នក​ស្រី​ ​Elizabeth Becker​ ​អ្នក​សារព័ត៌មាន​ជើង​ចាស់​ ​ដែល​បាន​រាយ​ការណ៍​អំពី​សង្គ្រាម​នៅ​កម្ពុជា​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «នៅ​ពេល​ដែល​សង្គ្រាម​បញ្ចប់​ទៅ» បាន​ថ្លែង​ប្រាប់​ VOA​ តាម​រយៈ​សារ​អេឡិចត្រូនិក​ថា​ ​ការ​បិទ​របស់​កាសែត​ ​The Cambodia Daily​ ​គឺ​ជា​ការ​បាត់បង់​ដ៏​ធំ​សម្រាប់​កម្ពុជា។

អ្នក​ស្រី​ ​Elizabeth Becker​ ​និយាយ​ថា៖​

«វា​មិនមែន​ជា​ការ​បំផ្លើស​ទេ​ ដែល​និយាយ​ថា​ អ្នក​សារព័ត៌មាន​របស់​ដេលី​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ខាង​រាងកាយ ​ព្រម​ទាំង​ខិតខំ​ប្រឹងប្រែង​ធ្វើការបានប្រាក់​ខែ​ទាប​ និង​ធ្វើការ​រយៈ​ពេល​យូរ​ក្នុង​មួយ​ថ្ងៃ។ វា​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ប្រទេស​កម្ពុជា​ ​ហើយ​សង្ឃឹម​ថា​ គ្រប់​គ្នា​នៅ​តែ​មាន​ក្តី​ស្រឡាញ់​ថា​ ប្រទេស​នេះ​នឹង​ងើប​ឡើង​វិញ​នៃ​មូលដ្ឋាន​ប្រជា​ធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់​ខ្លួន»។​

លោក​ស្រី​បាន​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​អ្នក​កាសែត​ថា៖

«ខ្ញុំ​សង្ឃឹម​ថា​ អ្នក​កាសែត​កម្ពុជា​អាច​រក​វិធី​មួយ​ដើម្បី​បន្ត​ការងារ​របស់​ពួក​គេ​ ដើម្បី​ប្រទេស​ជាតិ​របស់​ខ្លួន។​ វា​សំខាន់​ណាស់​ក្នុង​ការ​មានក្ដី​សង្ឃឹម​ណា​មួយ​ ដើម្បី​ធ្វើ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​[នៅ​ប្រទេស​កម្ពុជា»។

លោក​ ​ឆន ចាន់ស៊ី​ ​ដែល​មាន​កូន​២​នាក់​ក្នុង​បន្ទុក​ ព្រមទាំង​ទំនុក​បម្រុងការ​សិក្សា​ប្អូន​ស្រី​ម្នាក់​ដែល​កំពុង​រៀន​នៅមហាវិទ្យាល័យ​ផង បាន​ឲ្យ VOA ​ដឹង​ថា​ លោក​នឹង​ចាប់​ផ្តើម​រក​ការងារ​ធ្វើ​ នា​ពេល​ឆាប់ៗ​នេះ​ ​ប៉ុន្តែ​ស្ថាប័ន​បន្ទាប់​ដែល​លោក​ទៅ​ធ្វើ​ការ​ ​ត្រូវ​តែ​មាន​លក្ខណៈ​សេរី​ ​ឯករាជ្យ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ ​និង​អាច​ជួយ​បណ្តុះ​បណ្តាល​អ្នក​សារព័ត៌មាន​ថ្មីៗ ដូចអ្វីដែល​កាសែត​ ​ឌឹ ខេមបូឌា​ដេលី​បាន​ធ្វើ៕

What Next?

Recent Articles

Leave a Reply

Submit Comment