“ការ​គាំទ្រ​របស់​ចិន​រឿង​ចាប់​លោក កឹម សុខា នាំ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​បង្ក្រាប​អ្នក​ប្រឆាំង​កាន់​តែ​ខ្លាំង”

ដោយ យ៉ង ចាន់តារា
2017-09-07
RFA

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page


ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា នោះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ក្នុង​នោះ​ក៏​មាន​ទាំង​ប្រទេស​មហា​អំណាច និង​ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា ផង​ដែរ។

សហគមន៍​អន្តរជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ លើកលែង​តែ​ប្រទេស​ចិន មួយ​តែ​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ការ​គាំទ្រ​របស់​ចិន នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់​តែ​ហ៊ាន​ធ្វើ​សកម្មភាព​បង្ក្រាប​អ្នក​មាន​ទស្សនៈ​មិន​ស្រប​នឹង​ខ្លួន​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

ស្ទើរ​គ្រប់​មហា​អំណាច​លោក​ខាង​លិច និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ បូក​រួម​ទាំង​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត ក្នុង​នោះ​មាន​ទាំង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផង បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ពួក​គេ ចំពោះ​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព គឺ​លោក កឹម សុខា។

ក្រុម​ប្រទេស​ទាំងនោះ​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​វិវឌ្ឍន៍​នយោបាយ​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់ និង​ជា​ការ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ស្ថិត​ក្នុង​បរិយាកាស​នយោបាយ​អាប់អួរ​តាម​រយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​បែប​នេះ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ​ជាង​គេ​នោះ គឺ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។

ខេមបូឌា ដេលី ២០១៧ ៦២២
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha


នេះ​មិន​រាប់​បញ្ចូល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ផង ដូចជា​ការ​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ស្ថានីយ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​កម្មវិធី​នយោបាយ​របស់​បក្ស​ប្រឆាំង​ជាដើម ដែល​ក្រុម​ប្រទេស​លោក​ខាង​លិច​យល់​ថា ជា​ការ​រឹតត្បិត​លំហ​នៃ​ការ​រិះគន់ ការ​បញ្ចេញ​មតិ និង​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ។

ក្រុម​ប្រទេស​លោក​ខាង​លិច និង​សម្ព័ន្ធ​មិត្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ។

ទោះ​បី​ជា​យ៉ាង​ណា សេចក្តី​ថ្លែងការណ៍ និង​ការ​អំពាវនាវ​ទាំងនោះ​បែរ​ជា​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាត់​ចោល និង​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​ការ​ការពារ​មេ​បក្ស​ប្រឆាំង​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ លោក​ក៏​បាន​ព្រមាន​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ឈឺ​ឆ្អាល​រឿង​ចាប់​ខ្លួន​លោក កឹម សុខា ព្រោះ​ករណី​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា៖ «អ្នក​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ការពារ​ជន​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​អាយ៉ង​របស់​ខ្លួន ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ សូម​គោរព​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា មិន​ត្រូវ​ប្រើ​វិធី​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌​នោះ​ទេ»

លោក ហ៊ុន សែន អះអាង​ថា ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​លោក​អះអាង​ថា នឹង​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​ណា​ខ្លះ​ដែល​រួម​គំនិត​ក្នុង​រឿង​នេះ។

ស្រប​ពេល​គ្នា​នេះ កំពូល​មហា​អំណាច​អាស៊ី និង​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា គឺ​ចិន ក៏​បាន​ចេញ​មុខ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ផ្ទុយ​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច។ ពី​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក ហ្គេង ហ្ស័ង (Geng Shuang) បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​អំពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា «ភាគី​ចិន តែងតែ​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សន្តិសុខ និង​ស្ថិរភាព​ជាតិ»

បន្ថែម​ពី​លើ​នេះ ក្នុង​ជំនួប​ជាមួយ​លោក ហេង សំរិន នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា អនុប្រធាន​សភាប្រឹក្សាភិបាល​ប្រជាជន​ចិន លោក វ៉ាង ជារូយ (Wang Jiarui) បាន​បញ្ជាក់​ជំហរ​ថា ចិន សូម​ធានា​ដល់​សន្តិសុខ​កម្ពុជា ហើយ​បើ​កម្ពុជា មាន​ឧបសគ្គ ចិន នឹង​នៅ​ពី​ក្រោយ​ជួយ​គាំទ្រ។

ជំហរ​គាំទ្រ​របស់​ចិន នេះ ធ្វើ​ឲ្យ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា មួយ​ចំនួន​យល់​ថា វា​ជា​ការ​បើក​ដៃ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កាន់​តែ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​អ្នក​ប្រឆាំង។

អ្នក​កាសែត​ជនជាតិ​អូស្ត្រាលី និង​ជា​អ្នក​និពន្ធ​សៀវភៅ “ប្រទេស​កម្ពុជា របស់​លោក ហ៊ុន សែន” (Hun Sen’s Cambodia) លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) យល់​ឃើញ​ថា លោក ហ៊ុន សែន អាច​ធ្វើ​រឿង​ទាំងអស់​នេះ​បាន គឺ​ដោយសារ​តែ​មាន​ចិន នៅ​ពី​ក្រោយ​ខ្នង។ អ្នក​និពន្ធ​រូប​នេះ​សង្កត់​ធ្ងន់​ថា «ជាមួយ​នឹង​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ប៉េកាំង លោក ហ៊ុន សែន មិន​ខ្លាច​នឹង​កម្ចាត់​សត្រូវ​ណា​ដែល​រូប​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ពេញ​ចិត្ត​នោះ​ឡើយ»

ស្រដៀង​គ្នា​នេះ សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ អកស៊ីដេនថល (Occidental College) ក្នុង​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) បណ្ឌិត អៀ សុផល មើល​ឃើញ​ថា «ការ​គាំទ្រ​របស់​ចិន នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​សុបិន្ដ​របស់​ខ្លួន» ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ។

អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ការ​ពឹង​ផ្អែក​លើ​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) រូប​នេះ​គិត​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​នៅ​ពេល​នេះ គឺ​ជា «ការ​កម្ចាត់​អ្នក​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល ដើម្បី​ធានា​ឲ្យ​បាន​នូវ​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ»

ទស្សនៈ​របស់​អ្នក​និពន្ធ និង​ជា​អ្នក​ឃ្លាំ​មើល​អន្តរជាតិ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​លោក ផៃ ស៊ីផាន។ លោក ផៃ ស៊ីផាន ដែល​ធ្លាប់​ជា​អតីត​សហការី​របស់​លោក កឹម សុខា នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែរ​នោះ បកស្រាយ​ថា ការ​គាំទ្រ​របស់​ចិន នេះ បង្ហាញ​ពី​ការ​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ខុស​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​ដែល​លោក​យល់​ថា ច្រើន​យក​លេស​រឿង​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បី​ផ្តួល​រំលំ​របប​ណា​មួយ​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត៖ «ឈរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​របស់​យើង​ដែល​ជា​ប្រជាធិបតេយ្យ​មួយ​ស្ថិត​នៅ​ក្នុង​សង្គម​អព្យាក្រឹត្យ ហើយ​និង​អធិបតេយ្យភាព​របស់​យើង មិន​មែន​បាន​សេចក្តី​ថា ចង់​បាន​ប្រជាធិបតេយ្យ យើង​លក់​ខ្លួន​ឲ្យ​អាមេរិក ឬ​ចិន នោះ​ទេ»

លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​ថា សេចក្តី​ថ្លែងការណ៍​ទាំងឡាយ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច គឺ​ជា​សិទ្ធិ​របស់​ពួក​គេ ហើយ​វា​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​លើ​ករណី​លោក កឹម សុខា នោះ​ទេ ត្បិត​នេះ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ តែ​យ៉ាង​ណា លោក ផៃ ស៊ីផាន អះអាង​ថា នៅ​លើ​គោល​នយោបាយ​ការ​បរទេស កម្ពុជា នៅ​តែ​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក ព្រោះ​កម្ពុជា មិន​មែន​ជា​ប្រទេស​នុយក្លេអ៊ែរ ឬ​រដ្ឋ​ភេរវកម្ម​នោះ​ឡើយ ហើយ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​នេះ គឺ​មិន​មែន​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​អាមេរិក​នោះ​ទេ។

អ៊ូ វីរៈ ២០១៧
ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo: RFA


ជុំវិញ​រឿង​នេះ ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ ថ្លែង​ថា រដ្ឋាភិបាល​មិន​អាច​ធ្វើ​មិន​ខ្វល់​នឹង​សេចក្តី​ថ្លែងការណ៍ ឬ​ការ​ទាមទារ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​នោះ​ទេ ព្រោះ​ប្រទេស​ទាំងនោះ​ជា​ទីផ្សារ​ទិញ​ផលិតផល​កាត់​ដេរ ដូចជា​សម្លៀកបំពាក់ និង​ស្បែក​ជើង ដែល​ជា​ឆ្អឹង​ខ្នង និង​ជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​កម្ពុជា៖ «លោក​ខាង​លិច​មិន​ដាច់​ពី​ប្រទេស​កម្ពុជា ទាំងស្រុង​ទេ ហើយ​ក៏​មិន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដែរ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ធ្វើ​ជ្រុល គេ (ប្រទេស​លោក​ខាង​លិច) នឹង​លេង​ហើយ ព្រោះ​មិន​មាន​អ្វី​គ្រោះថ្នាក់​ដល់​គេ​ទេ។ ឥឡូវ​នេះ​យើង​ឃើញ​មាន​សេចក្តី​ថ្លែងការណ៍​មិន​ទាន់​ឃើញ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ តែ​បើ​សិន​ជា​ជ្រុល​លើស​ពី​នេះ ខ្ញុំ​មើល​ទៅ​អាច​មាន​ប្រតិកម្ម​ជា​ដុំ​កំភួន មិន​មែន​ត្រឹម​សេចក្តី​ថ្លែងការណ៍​ប៉ុណ្ណឹង​ទេ ព្រោះ​នេះ​ជា​ករណី​ធ្ងន់ធ្ងរ»

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​រូប​នេះ​បន្ត​ថា ការ​ដាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច នឹង​នាំ​មក​នូវ​គ្រោះថ្នាក់​សម្រាប់​កម្ពុជា ព្រោះ​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា មិន​អាច​នាំ​ចេញ​ទៅ​ចិន បាន​ឡើយ ដោយសារ​ថ្លៃ​ដើម​ផលិត​របស់​ចិន ទាប​ជាង​កម្ពុជា ទៅ​ទៀត៖ «ចិន នឹង​សប្បាយ​ចិត្ត​នៅ​ពេល​ណា​ដែល​លោក​ខាង​លិច​ដក​ថយ ឬ​មួយ​ចាប់​ផ្តើម​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​កម្ពុជា បាន​ន័យ​ថា​កម្ពុជា ពេល​នោះ​នឹង​អស់​ជម្រើស។ ប្រទេស​មួយ​ដែល​ជាប់​បំណុល​វ័ណ្ឌ​ក ហើយ​មិន​មាន​ជម្រើស​ផ្សេង គឺ​ជា​ប្រទេស​ងាយ​បំផុត​ក្នុង​ការ​ចរចា។ ត្រូវ​ចាំ​ថា កាលណា​គេ​ហុច​លុយ​ឲ្យ​យើង​ខ្ចី​ស្រេច​តែ​ចិត្ត យក​ទៅ​លេង​ល្បែង ឬ​យក​ទៅ​ចាយ កាលណា​យើង​សប្បាយ​នឹង​ការ​ខ្ចី ដល់​ពេល​ណា​មួយ​គេ​យក​កម្ចី​ហ្នឹង​ទៅ​គាប​យើង​ស្រេច​តែ​នឹង​ចិត្ត ពេល​នោះ​យើង​នឹង​ក្លាយ​ជា​ឧបករណ៍​របស់​គេ»

ចំណែក​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) បណ្ឌិត ឈាង វណ្ណារិទ្ធិ យល់​ឃើញ​ថា «ស្ថានភាព​នយោបាយ​កម្ពុជា មិន​ល្អ​សោះ​ឡើយ ហើយ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា»។ លោក​បន្ត​ថា «ប្រសិន​បើ​គោលការណ៍​ប្រជាធិបតេយ្យ​មិន​ត្រូវ​បាន​គោរព​ទេ​នោះ កម្ពុជា អាច​នឹង​ត្រូវ​ធ្វើ​ឲ្យ​ឯកោ​ក្នុង​ទំនាក់ទំនង​ការទូត ហើយ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ នឹង​ដាក់​សម្ពាធ​ការទូត ឬ​ក៏​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​កម្ពុជា ក៏​ថា​បាន»

លោក​បន្ត​ថា «តម្លៃ​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​ប្រឆាំង​នៅ​ពេល​ថ្មីៗ​នេះ គឺ​ខ្លាំង​ជាង​ព្រឹត្តិការណ៍​មុនៗ​ទៅ​ទៀត ហើយ​សន្តិភាព​នឹង​គ្មាន​អាយុកាល​វែង​ឡើយ ប្រសិន​បើ​គ្មាន​យុត្តិធម៌ នីតិរដ្ឋ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​រឹងមាំ​ទេ​នោះ»

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រាវជ្រាវ​រូប​នេះ​យល់​ឃើញ​ថា «មាន​តែ​ការ​សន្ទនា និង​ការ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ និង​ខ្មែរ​ប៉ុណ្ណោះ ទើប​ជា​មធ្យោបាយ​ដោះស្រាយ​ភាព​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​នេះ​បាន មិន​មែន​ជា​ការ​ធ្វើ​មហា​បាតុកម្ម​នោះ​ទេ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "“ការ​គាំទ្រ​របស់​ចិន​រឿង​ចាប់​លោក កឹម សុខា នាំ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​បង្ក្រាប​អ្នក​ប្រឆាំង​កាន់​តែ​ខ្លាំង”"

  1. Khmer says:

    Fuck you hun sen. (I got nothing to say to this bastard anymore).

  2. Anonymous says:

    I think that China is not enough democracy and small human right but China have many close economic partners in the world particular Europe, Asia like Japan, Korea, Russia, Southeast Economies Cambodia, Vietnam, and Lao.

    I wish Cambodia have good democracy and human rights and fair national election.

  3. ?? says:

    we Cambodian knew how good CHINA treated this poor nation in 47 years. GOD bless Cambodia

  4. people says:

    Communist china support criminal’ remember 3 million killed during 1975 is support by veitcong and china ‘ we must get justice ‘ we don’t need communist china and veitname’.GOD bless all cambodian people’

Leave a Reply

Submit Comment