មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដាក់​ឱ្យ​ប្រើប្រាស់​គេហទំព័រ​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម

ដោយ រាជ វិញ្ញូ
2017-09-08
RFA

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​ទំព័រ​ដើម​នៃ​គេហទំព័រ​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DCAM) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧។ Screenshot
រូប​ទំព័រ​ដើម​នៃ​គេហទំព័រ​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DCAM) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧។ Screenshot



មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បើក​គេហ​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម


មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ជា​ប័ណ្ណសារ​ស្ដីពី​របប​ខ្មែរ​ក្រហម​ធំ​ជាង​គេ​បង្អស់ បាន​សម្ពាធ​ដាក់​ឱ្យ​ប្រើប្រាស់​គេហទំព័រ​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ​ត​ទៅ។ គេហទំព័រ​ទើប​បង្កើត​ថ្មី​នេះ គឺ​មធ្យោបាយ​ថ្មី​ទាក់ទាញ​យុវជន​កម្ពុជា ឱ្យ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ស្ដីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា ខ្មែរ​ក្រហម ចាប់​ពី​ឆ្នាំ​១៩៧៥-​១៩៧៩។

​គេហទំព័រ​ស្ដីពី​ប្រវត្តិ​ក្នុង​សម័យ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម គឺ​គេ​បាន​ដាក់​បញ្ចូល​ឯកសារ​ច្រើន​បែប ដូចជា​ឯកសារ​វីដេអូ សំឡេង និង​រូបថត​កម្រ​នឹង​បាន​ឃើញ ព្រមទាំង​សាក្សី​រស់​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ដែល​កន្លង​ផុត​ជិត ៤០​ឆ្នាំ​នេះ។ គេ​អាច​អាន​ឯកសារ​ទាំង​នេះ​បាន​ដោយ​ងាយស្រួល​តាម​រយៈ​កុំព្យូទ័រ ទូរស័ព្ទ​ចល័ត ឬ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ ផ្សេង​មួយ​ចំនួន​ទៀត។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សង្ឃឹម​ថា ការ​បង្កើត​គេហទំព័រ​ថ្មី​នេះ ដែល​មាន​អាសយដ្ឋាន www.khmerrougehistory.org និង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ឈ្មោះ Genocide Education in Cambodia នឹង​អាច​រក្សា​ប្រវត្តិសាស្ត្រ​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ឱ្យ​មាន​ជីវិត​បន្ត និង​ទប់ស្កាត់​កុំ​ឱ្យ​របប​មួយ​នេះ​វិល​មក​បំផ្លាញ​ប្រទេស​កម្ពុជា ទៀត។

នៅ​ក្នុង​កម្មវិធី​សម្ពោធ​ដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អ្នកស្រី សូ ហ្វារីណា បាន​រៀបរាប់​ថា ក្នុង​គេហទំព័រ​ថ្មី​នេះ គឺ​ចែក​ចេញ​ជា ៦​ផ្នែក​សំខាន់ៗ ដូចជា ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម សាច់​រឿង​របស់​អ្នក​ឆ្លង​កាត់​ខ្មែរ​ក្រហម សង្ខេប​ចំណុច​សំខាន់ៗ​អំពី​អ្នក​ទោស​ក្នុង​គុក​ទួលស្លែង ប៉ុល ពត និង​ការ​រៀបការ​ទាំង​បង្ខំ​ក្នុង​ប្រវត្តិ​ខ្មែរក្រហម អ្នក​អាន​អាច​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​ខ្មែរ​ក្រហម ការ​លើក​ឡើង​អំពី​ក្ដី​កង្វល់ និង​ចោទ​ជា​សំណួរ​អំពី​ការ​ប្រើប្រាស់​គេហទំព័រ​ថ្មី​នេះ និង​សំណួរ​ពី​បញ្ហា​ទូទៅ។ លោកស្រី​បន្ត​ថា គេហទំព័រ​បង្ក​លក្ខណៈ​កាន់តែ​ងាយ​សម្រាប់​សិស្សានុសិស្ស៖ «តាម​ពិត​ទៅ មុន​នឹង​ក្លាយ​ជា​វ៉ឹបសាយ​ហ្នឹង គឺ​យើង​បាន​សិក្សា​ស្រាវជ្រាវ​ច្រើន មាន​ន័យ​ថា យើង​បាន​ចម្រាញ់​ចេញ​ពី​សៀវភៅ​ច្រើន អ៊ីចឹង​បើ​យើង​ប្រៀបធៀប​ជាមួយ​សៀវភៅៗ ផ្ដោត​សំខាន់​តែ​ប្រធានបទ​តែមួយ ប៉ុន្តែ​វ៉ឹបសាយ​នេះ មាន​សម្បូរ​បែប»

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បញ្ជាក់​ថា របប​សម័យ​ខ្មែរ​ក្រហម​រយៈពេល​ជាង ៣​ឆ្នាំ បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា ជាង ១,៧​លាន​នាក់ ហើយ​ដែល​អ្នក​បាន​ឆ្លង​កាត់ និង​មាន​ជីវិត​រស់​នៅ​មក​ដល់​សព្វថ្ងៃ​មាន​ប្រមាណ ៧០​ភាគរយ។

និស្សិត​ឆ្នាំ​ទី​ពីរ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (DMC) កញ្ញា ហេង សុបរមី ថ្លែង​ថា កន្លង​មក​កញ្ញា​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ឯកសារ​នៅ​ពេល​ចង់​ដឹង​អំពី​សម័យ​ខ្មែរក្រហម។ កញ្ញា​ថា សិស្ស​វិទ្យាល័យ​គួរ​តែ​នាំ​គ្នា​យល់​ដឹង​ឱ្យ​ច្បាស់​អំពី​របប​នេះ ព្រោះ​បរទេស​ភាគ​ច្រើន​អាច​ស្គាល់​ប្រទេស​កម្ពុជា បាន គឺ​តាម​រយៈ​ភាព​ល្បីល្បាញ​ប្រាសាទ​អង្គរវត្ត និង​របប​ខ្មែរ​ក្រហម​នេះ​ឯង៖ «ខ្ញុំ​យល់​ថា វា​ល្អ ព្រោះ​វា​ជា​បណ្ដុំ​ឯកសារ​នៅ​ទី​ហ្នឹង​ស្រាប់ ព្រោះ​តាម​ធម្មតា​ដូច​ខ្ញុំ​អ្នក​ជំនាន់​ក្រោយ​អ៊ីចឹង ឮ​តៗ​គ្នា បើ​យើង​ចង់​កាន់​តែ​ច្បាស់ ត្រូវ​រក​ឯកសារ​នៅ​កន្លែង​ច្រើន។ មើល​តាម​សៀវភៅ​ពិបាក ជួនកាល​យើង​មើល​ហើយ យើង​មាន​ចម្ងល់​ត្រង់​ណា​មួយ យើង​ពិបាក​ខល​ទៅ​សួរ​ម្ចាស់​សៀវភៅ​នោះ»

កញ្ញា​ក៏​សង្ឃឹម​ថា គេហទំព័រ​ថ្មី​នេះ នឹង​បង្ហាញ​ឱ្យ​អស់​នូវ​រាល់​រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​សម័យ​ខ្មែរក្រហម ព្រោះ​កញ្ញា​ថា មាន​ឯកសារ​ខ្លះ​បាន​សរសេរ​លាក់​នូវ​ចំណុច​ទាំង​នោះ។

​ចំណែក​និស្សិត​ឈ្មោះ សោម លាភ ដែល​កំពុង​សិក្សា​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​យល់​ឃើញ​ថា ការ​សង្ខេប​នូវ​ចំណុច​សំខាន់​ពាក់ព័ន្ធ​នឹង​សម័យ​ខ្មែរក្រហម​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ គឺ​ជា​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ច្រើន​ជាង​ឯកសារ​របស់​អ្នក​និពន្ធ​ខ្លះ​ដែល​ហាក់​ខ្វះ​ភស្តុតាង​គ្រប់គ្រាន់៖ «លំបាក​និយាយ​ទៅ ដោយសារ​ឯកសារ​អត់​សូវ​មាន ហើយ​សម្រាប់​អ្នក​និពន្ធ​យើង​អត់​សូវ​ទុក​ចិត្ត ព្រោះ​តែង​និយាយ​ខុសៗ​គ្នា»

​ទោះ​ជា​យ៉ាង​ណា អ្នកស្រី សូ ហ្វារីណា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បញ្ជាក់​ថា ថ្វី​ត្បិត​នៅ​ក្នុង​គេហទំព័រ​ថ្មី​នេះ បាន​ចម្រាញ់​ចំណុច​សំខាន់ៗ​ចេញ​ពី​ប្រភព​ឯកសារ​ជា​ច្រើន​ក្ដី ប៉ុន្តែ​មិន​អាច​រៀបរាប់​ឱ្យ​បាន​គ្រប់​រឿងរ៉ាវ និង​គ្រប់​ចំណុច​ដែល​កើត​ឡើង​ក្នុង​សម័យ​ខ្មែរក្រហម​ឡើយ ប៉ុន្តែ​លោកស្រី​ថា នឹង​ខិតខំ​ស្វែងរក​ចំណុច​ខ្វះខាត​ទាំង​នោះ​មក​បំពេញ។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រៀបចំ​បង្កើត​គេហទំព័រ​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នេះ ក្នុង​ឆ្នាំ​២០១៥ ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពី​កិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង់ និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles