អ្នក​វិភាគ​ថា ការ​ប្រជុំ​សភា​លើ​ករណី លោក កឹម សុខា គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច

ដោយ ម៉ម មុនីរតន៍
2017-09-08
RFA

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សំណើ​​កែប្រែ​ច្បាប់​គណបក្ស​​នយោបាយ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៨ នីតិកាល​ទី៥ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សំណើ​​កែប្រែ​ច្បាប់​គណបក្ស​​នយោបាយ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៨ នីតិកាល​ទី៥ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang


អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា សភា​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពិត​ជា​លំបាក​ណាស់ ដើម្បី​អាច​រក​សំឡេង​ឲ្យ​គ្រប់​ចំនួន ៣​ភាគ​៤ ក្នុង​ការ​ផ្អាក​សកម្មភាព​របស់​តុលាការ មិន​ឲ្យ​បន្ត​នីតិវិធី​រឿង​ក្ដី​លោក កឹម សុខា។ បើ​ទោះ​ជា​បែប​ណា សមាជិក​សភា​ពី​ខាង​បក្ស​អំណាច អះអាង​ថា សភា​ពេញ​អង្គ​នឹង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​ទៅ​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​ដែរ។ ដោយ​ឡែក សមាជិក​សភា​ពី​ខាង​បក្ស​ប្រឆាំង​ ប្រកាស​ជំហរ​មិន​ចូលរួម​ប្រជុំ​សភា ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី១១ កញ្ញា ខាង​មុខ​នេះ​ទេ។

អ្នក​ឃ្លាំមើល​ផ្នែក​នយោបាយ ហៅ​ការ​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា ដែល​អះអាង​ថា​នឹង​ពិនិត្យ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ថា ជា​ដំណើរ​ប្រព្រឹត្ត​ទៅ​ដើម្បី​បង្គ្រប់​កិច្ច ឬ​ធ្វើ​អោយ​ល្អ​មើល​ប៉ុណ្ណោះ ខណៈ​សមាជិក​សភា​ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា មិន​មាន​សំឡេង​គ្រប់​ក្នុង​ការ​ស្នើ​ឲ្យ​តុលាការ​ផ្អាក នីតិវិធី​លើ​រឿង​ក្ដី​លោក កឹម សុខា នេះ​ទេ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​នៅ​ត្រង់​ថា សំឡេង​តំណាងរាស្ត្រ​ដើម្បី​ស្នើ​ឲ្យ​តុលាការ​ផ្អាក​នីតិវិធី​លើ​សំណុំរឿង​លោក កឹម សុខា ពី​ខាង​បក្ស​កាន់​អំណាច​នេះ គឺ​មិន​គ្រប់គ្រាន់​ឡើយ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​សេចក្ដី​សម្រេច​របស់​រដ្ឋសភា​នៅ​ពេល​នេះ​ថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មើល​ឃើញ​ថា កុំ​ឲ្យ​សភា​នៅ​ស្ងៀម​ប៉ុណ្ណោះ៖ «រឿង​នេះ​គេ​អាច​ចាត់​ទុក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​ដែរ។ ដូច្នេះ​កាល​ដែល​មិន​បាន​ទទួល​សំឡេង​ភាគ​ច្រើន​គឺ​បី​ភាគ​បួន​ហ្នឹង​ធ្វើ​ម៉េច​គេ​ខំ​ប្រឹងប្រែង​ថា​ផ្អាក​ដែរ»

ទាក់ទិន​រឿង​ក្ដី​ដែល​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​សហគមន៍​អន្តរជាតិ របស់​លោក កឹម សុខា នេះ​កាល​ពី​ថ្ងៃ​ទី ៧ កញ្ញា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​មាន​តែ​សំឡេង​ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជ្រើសរើស​យក​ថ្ងៃ​ទី១១ ខែ​កញ្ញា ពេល​ព្រឹក ដើម្បី​ស្នើ​ពី​សមាជិក​សភា​ផ្ដល់​សេចក្ដី​ទុក​ចិត្ត ជំរុញ​ឲ្យ​តុលាការ​ផ្អាក​នីតិវិធី​រឿង​ក្ដី​លោក កឹម សុខា។

លោក ឈាង វុន សមាជិក​សភា​របស់​បក្ស​កាន់​អំណាច បាន​អះអាង​ ថា មូលហេតុ​នៃ​ការ​ការ​ស្នើ​ឲ្យ​តុលាការ​ផ្អាក​នីតិវិធី​នេះ ព្រោះ​មេ​បក្ស​ប្រឆាំង ក៏​ជា​សមាជិក​សភា​ដូច​សមាជិកសភា​ដទៃ​ទៀត​ដែរ។ លោ​បន្ត​ថា បើ​ទោះ​ជា​បែប​ណា​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​សមាជិក​សភា​នឹង​មាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ផ្អាក​នីតិវិធី​ដែរ ឬ​បន្ត​ទៅ​មុខ​ទៀត​យ៉ាង​ណា​នៅ​ឡើ​នោះ​ទេ៖ «មូលហេតុ​សំខាន់​ណាស់ កឹម សុខា គាត់​ជា​សមាជិក​សភា​ម្នាក់។ គាត់​ខុស​ទាស់​យ៉ាង​ម៉េច​ក៏​ដោយ​ត្រូវ​ឲ្យ​សមាជិក​សភា​ដូច​គាត់​អ៊ីចឹង​ដែល​ជា​គ្រួសារ​តែ​មួយ​ត្រូវ​សម្រេច​ថា​តើ​ទោស​របស់​គាត់​ត្រូវ​បន្ត​នីតិវិធី ឬ​ឲ្យ​យើង​ស្នើ​ឲ្យ​តុលាការ​ផ្អាក។ បើ​សិន​ចង់​ឲ្យ​តុលាការ​ផ្អាក​ទាល់​តែ​មាន​សំឡេង​បី​ភាគ​បួន»

គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​បំពាន​ទាំង​ស្រុង​លើ​មាត្រា ៨០នៃ​រដ្ឋធម្មនុញ្ញ និង​​មាត្រា ៧ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ជាពិសេស​រំលោភ​លើ​មាត្រា ៨៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា បើ​ផ្អែក​លើ​គោលការណ៍​ច្បាប់ ជា​ពិសេស​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​គឺ​អ្នក​តំណាងរាស្ត្រ​មិន​អាច​ត្រូវ​បាន​ចាប់​ខ្លួន ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​បាន​ទេ លុះ​ត្រា​តែ​បាន​ប្រព្រឹត្ត​ជាក់ស្តែង។ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ជើងចាស់​រូប​នេះ សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ និង​មេ​បក្ស​ប្រឆាំង​គឺ​ចាប់​ខ្លួន​ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ​សភា ដែល​ជា​អាវ​ក្រោះ​ការពារ​របស់​អ្នក​តំណាងរាស្ត្រ ក្នុង​ពេល​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​ជា​ញឹកញាប់​​រដ្ឋអំណាច តែង​អនុវត្ត​ដោយ​មិន​ខ្វល់​អំពី​គោលការណ៍​ច្បាប់​ថែម​ទៀត​ផង។

ដោយ​ឡែក​មាត្រា​៨១ នៃ​រដ្ឋធម្មនុញ្ញ កថាខណ្ឌ​ទី៥​កំណត់​ថា ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​មតិ​ឲ្យ​ផ្អាក តាម​មតិ​ភាគច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​ផ្អែក​លើ​គោលការណ៍​នេះ សមាជិក​សភា​បក្ស​ប្រជាជន​កម្ពុជា នឹង​មិន​អាច​រក​សំឡេង​ឲ្យ​គ្រប់​បាន​ឡើយ ព្រោះ​បី​ភាគ​បួន​ត្រូវ​ទាមទារ​រហូត​ដល់​៩៣​សំឡេង។

ជុំវិញ​រឿង​ក្ដី​នេះ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ថា សមាជិកសភា​ទាំងអស់​របស់​បក្ស​ប្រឆាំង នឹង​ធ្វើ​ពហិការ​ក្នុង​ការ​ចូលរួម​ប្រជុំ​សភា ដូច​ការ​គ្រោង​ទុក​នេះ។ អ្នក​ស្រី យល់​ឃើញ​ថា អ្វី​ដែល​សមាជិកសភា​ពី​ខាង​បក្ស​កាន់​អំណាច រៀបចំ​នេះ គឺ​ពុំ​មាន​អ្វី​ផ្សេង​ក្រៅ​ពី​ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ប៉ុណ្ណោះ៖ «តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ចូលរួម​នូវ​នីតិវិធី​ណា​ដែល​រៀបចំ​ឡើង​ដើម្បី​ឲ្យ​តុលាការ​បន្ត​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​លោក កឹម សុខា ទេ។ ហើយ​អ្វី​ដែល​ប៉ះពាល់​ទៅ​ដល់​រដ្ឋធម្មនុញ្ញ​យើង​នៅ​តែ​ការពារ​ជំហរ​នោះ»

អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ លោក កឹម សុខា ត្រូវ​ខាង​ពន្ធនាគារ​ត្រពាំង​ផ្លុង បង្គាប់​ឲ្យ​ដូរ​ខោអាវ​ជា​អ្នក​ជាប់​ឃុំ និង​រស់​នៅ​ក្នុង​បន្ទប់​ជា​មួយ​អ្នក​ជាប់​ចោទ​ដទៃ​ទៀត​ដែរ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles