ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​និង​សារព័ត៌មាន​ជុំវិញ​ការ​ចាប់​ខ្លួន​​លោក កឹម សុខា

ដោយ មាន ឫទ្ធិ
2017-09-09
RFA

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា (ឆ្វេង) ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ AFP
មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា (ឆ្វេង) ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ AFP


ភ្លាមៗ​ក្រោយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​ក្រោម​បទ​ចោទ​អំពើ​ក្បត់​ជាតិ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ កំពុង​ទទួល​រង​នូវ​ប្រតិកម្ម រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​គ្រប់​ទិសទី​នៅ​ជុំវិញ​ពិភពលោក។ សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ក៏​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​អំពី​ស្ថានភាព​នយោបាយ​ធ្លាក់​ចុះ​ដុនដាប​នៅ​កម្ពុជា នេះ​ដែរ។

ប្រតិកម្ម​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស បាន​បន្ត​ធ្លាក់​មក​ជា​ហូរហែ​ឥត​ឈប់​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​ដែល​កម្ដៅ​នយោបាយ​នៅ​កម្ពុជា កំពុង​តែ​មាន​សភាព​តានតឹង​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨។

ក្រៅ​ពី​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​បណ្ដុំ​អង្គការ​អន្តរជាតិ​កំពូលៗ​នានា​នៅ​លើ​ពិភពលោក ចុង​ក្រោយ​នេះ​ដល់​វេន​រដ្ឋាភិបាល​កាណាដា វិញ​ម្ដង ដែល​បាន​ចេញ​មុខ​សម្ដែង​ក្ដី​ព្រួយបារម្ភ​របស់​ខ្លួន​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កាណាដា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា បញ្ជាក់​ថា រដ្ឋាភិបាល​កាណាដា ចាត់​ទុក​ករណី​ថ្មីៗ​ចុង​ក្រោយ​នេះ រួម​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រឹត​បន្តឹង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ រដ្ឋាភិបាល​កាណាដា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​របស់​លោក កឹម សុខា ដើម្បី​ធានា​ថា ករណី​នេះ​ ត្រូវ​បាន​ដោះស្រាយ​តាម​នីតិវិធី​ត្រឹមត្រូវ ដោយ​បើក​ចំហ និង​មាន​តម្លាភាព។

រដ្ឋាភិបាល​កាណាដា សង្កត់ធ្ងន់​ថា អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​រឹងមាំ គឺ​ជា​ខ្នាត​សម្រាប់​វាស់​ស្ទង់​ចម្បង​មួយ​នៃ​ភាព​រីកចម្រើន​របស់​ប្រទេស​ដែល​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាល​កាណាដា ក៏​មិន​ភ្លេច​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​សេរីភាព​ទាំង​នេះ។ ប្រទេស​កាណាដា ជឿជាក់​លើ​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​សេរី ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ឲ្យ​បាន​នូវ​ការ​គោរព​នីតិរដ្ឋ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

ដូច​គ្នា​នេះ​ដែរ រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​របស់​លោកស្រី​អធិការបតី អង់ហ្គូឡា ម៊ែរហ្គែល (Angela Merkel) ដែល​ជា​ស្ត្រី​ដ៏​មាន​អំណាច និង​ឥទ្ធិពល​កំពូល​ម្នាក់​នៅ​លើ​សកលលោក ក៏​បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ជា​ខ្លាំង​ដោយ​សង្កត់ធ្ងន់​ថា ដំណើរ​វិវត្តន៍​នៃ​ព្រឹត្តិការណ៍​នយោបាយ​ថ្មីៗ​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា​នេះ រួម​មាន​ដូចជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ការ​ចាត់​វិធានការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ ព្រមទាំង​ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​រឹតត្បិត​ដ៏​សម្បើម​បំផុត​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ជាពិសេស​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​អាល្លឺម៉ង់ គូស​បញ្ជាក់​ថា ទំនុក​ចិត្ត ឬ​ការ​ទទួល​ស្គាល់​លើ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​ត្រូវ​បាត់បង់ ប្រសិនបើ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង ដំណើរ​ការ​ត្រួតពិនិត្យ​តាម​បែប​ប្រជាធិបតេយ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​សង្គម​ស៊ីវិល​ដែល​សកម្ម។ រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ជា​បន្ទាន់​ដែរ។

ក្រៅ​ពី​នេះ បើ​គេ​ក្រឡេក​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​វិញ​ម្ដង ប្រធានបទ​ស្ដីពី​កម្ពុជា ត្រូវ​បាន​គេ​យក​ទៅ​ចុះ​ផ្សាយ និង​វិភាគ​យ៉ាង​ព្រោងព្រាត​នៅ​លើ​ព្រឹត្តិបត្រ​របស់​ខ្លួន។

កាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) របស់​អាមេរិក កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា បាន​ចេញ​ផ្សាយ​បទ​វិចារណកថា ក្រោម​ចំណងជើង​ថា “មេដឹកនាំ​ព្រៃផ្សៃ​របស់​កម្ពុជា កំពុង​បង្កើន​ល្បែង​នយោបាយ​ផ្ដាច់​ការ​របស់​ខ្លួន”។ ក្នុង​បទ​វិចារណកថា​ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​គោលជំហរ​របស់​ក្រុមប្រឹក្សា​និពន្ធ​នាយក​របស់​សារព័ត៌មាន​អាមេរិក ដ៏​ល្បីល្បាញ​មួយ​នេះ កាសែត​សរសេរ​ថា មេដឹកនាំ​ដែល​ល្បីល្បាញ​ខាង​គាបសង្កត់​របស់​កម្ពុជា មួយ​រូប​នេះ គឺ​លោក ហ៊ុន សែន កំពុង​តែ​ប្រព្រឹត្តិ​អំពើ​អបាយមុខ​នយោបាយ​ទៅ​តាម​ចំណង់​ស្តង់ដារ​ដែល​ខ្លួន​ចង់​បាន។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ លោក ហ៊ុន សែន បាន​យក​ឈ្នះ​ទាំង​កម្រោល​ដោយ​សម្រេច​កម្ទេច​ចោល​ស្ថាប័ន​ប្រជាធិបតេយ្យ ដែល​នៅ​សេសសល់​ចុង​ក្រោយ រួម​មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។ កាសែត​បាន​សន្និដ្ឋាន​ថា ហេតុផល​ជំរុញ​ចិត្ត​ឲ្យ​លោក​សម្រេច​ធ្វើ​ដូច្នេះ គឺ​ប្រហែលជា​គ្មាន​អ្វី​ក្រៅ​ពី​ការ​បោស​សម្អាត​សំឡេង​ប្រឆាំង​នានា ឲ្យ​បាន​មុន​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨ ឈាន​ចូល​មក​ដល់​ឡើយ តាម​រយៈ​ការ​បម្លែង​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុងតែ​មិន​ដំណើរ​ការ​ស្រាប់​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋ​មួយ​ដែល​ដឹកនាំ​តាម​បែប​លទ្ធិ​ផ្ដាច់ការ​ទាំង​ស្រុង​តែម្ដង។

កាសែត​ដដែល​នេះ​សរសេរ​បន្ត​ថា ចៅហ្វាយនាយ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​ប្រទេស​ចិន កុម្មុយនិស្ត ដែល​ប្រទេស​នេះ​បាន​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និង​បាន​សរសើរ​របប​លោក ហ៊ុន សែន នា​រយៈពេល​ចុង​ក្រោយ​នេះ ចំពោះ​អ្វី​ដែល​លោក ហ៊ុន សែន អះអាង​ថា ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី “លើក​កម្ពស់​សន្តិសុខ និង​ស្ថិរភាព​ជាតិ”។ បទ​វិចារណកថា​របស់​កាសែត Washington Post ពន្យល់​ថា តាម​ការពិត ហេតុផល​ថា​ដើម្បី “លើក​កម្ពស់​សន្តិសុខ និង​ស្ថិរភាព​ជាតិ” នេះ គឺ​គ្រាន់​តែ​ជា​លេស​ដូច​ដែល​ប្រទេស​ចិន ធ្លាប់ និង​តែងតែ​ប្រើប្រាស់​ដើម្បី​ចាប់ចង​ក្រុម​អ្នក​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​តែប៉ុណ្ណោះ។

ដោយ​ស្រង់​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​បាន​សម្ដែង “ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង” ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ ក៏ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ កាសែត​ក៏​សរសេរ​ឌឺដង​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​ប្រកាស​ហើយ​ថា សហរដ្ឋអាមេរិក នឹង​មិន​ព្យាយាម​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ដទៃ​នោះ​ទេ។ លោក ដូណាល់ ត្រាំ ធ្លាប់​មាន​ប្រសាសន៍​នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​ថា “យើង​នឹង​មិន​បង្គាប់​ឲ្យ​អ្នក​ដទៃ​កែប្រែ​របៀបរបប​នៃ​ការ​រស់​នៅ​របស់​ពួកគេ​ទេ”។ កាសែត​បិទ​បញ្ចប់​បទ​វិចារណកថា​របស់​ខ្លួន​ដោយ​សរសេរ​ថា លោក ហ៊ុន សែន ប្រាកដជា​បាន​គិត​យ៉ាង​ច្បាស់​ណាស់​ថា ឥឡូវ​នេះ វា​ជា​ពេល​វេលា​សក្ដិសម​បំផុត​សម្រាប់​លោក​ក្នុង​ការ​បំបិទ​ចោល​នូវ​អ្វី​ដែល​នៅ​សេសសល់​តិចតួច​នៃ​សម្បក​លទ្ធិប្រជាធិបតេយ្យ​ក្នុង​សង្គម​កម្ពុជា។

​ដោយ​ឡែក​ទស្សនាវដ្ដី​សេដ្ឋកិច្ចវិទូ ឌឹ អេខូណូមិស (The Economist) របស់​ចក្រភព​អង់គ្លេស បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​របស់​ខ្លួន​ដាក់​ចំណង​ជើង​ថា “រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ តាម​រយៈ​ការ​បង្ក្រាប”។ ទស្សនាវដ្ដី​ដែល​មាន​ទំនោរ​លើ​គោលការណ៍​សេដ្ឋកិច្ច​សេរី​និយម​មួយ​នេះ​សរសេរ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើ​ទោះ​ជា​មិន​ទាន់​ស្លាប់ ក៏​កំពុងតែ​ស្លាប់​ជា​បណ្ដើរៗ​ហើយ​ដែរ។ ព្រឹត្តិការណ៍​ដែល​កើត​ឡើង​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ដែង​ឲ្យ​ឃើញ​ថា គ្មាន​ឡើយ​ឱកាស​ដែល​ថា ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ។

​បន្ថែម​ពីលើ​នេះ កាសែត ហ្វាយណិនស្យល ថែមស៍ (Financial Times) ដ៏​ល្បីល្បាញ​របស់​ប្រទេស​ជប៉ុន សរសេរ​ដោយ​ដាក់​ចំណង​ជើង​អត្ថបទ​ថា “កម្ពុជា​របស់ ហ៊ុន សែន ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​បែប​ឃោរឃៅ​និយម”។ កាសែត​សរសេរ​ថា ជា​ច្រើន​ទសវត្ស​មក​ហើយ និន្នាការ​តាម​បែប​ផ្ដាច់ការ​និយម​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​កំហិត​តាមរយៈ​ការ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​របស់​ក្រុម​បស្ចិម​ប្រទេស ដែល​ជា​ទូទៅ​ផ្សារភ្ជាប់​ទៅ​នឹង​អភិបាលកិច្ច​ល្អ និង​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ ដោយសារ​តែ​ទឹក​ប្រាក់​រាប់​កោដិ​ដុល្លារ​ក្រោម​រូបភាព​នៃ​ការ​វិនិយោគ​របស់​រដ្ឋ​ពី​សំណាក់​ប្រទេស​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​ជំរុញ​ចិត្ត​ឲ្យ​លោក ហ៊ុន សែន ផ្ដេកផ្ដួល​ទៅ​ក្នុង​ទំនោរ​នយោបាយ​បែប​ប្រាកដនិយម​របស់​លោក។

​កាសែត​សរសេរ​ថា ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង “អាយ៉ង​បរទេស” គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ដោយសារ​តែ​លោក ហ៊ុន សែន ខ្លួន​ឯង​គឺ​ជា​អ្នក​ដែល​តែងតែ​ពឹង​ផ្អែក​ទៅ​លើ​ក្រុង​ប៉េកាំង ហើយ​ថា ជំហរ​របស់​កម្ពុជា ដែល​គេ​ឯង​ដឹង​ឮ​គ្រប់ៗ​គ្នា​គឺ​ធ្វើ​ជា​រដ្ឋ​រណប​របស់​ប្រទេស​ចិន។ ស្រប​ពេល​ដែល​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​តែ​មួយ​គត់​ដែល​សម្ដែង​ការ​គាំទ្រ​ដល់​លោក ហ៊ុន សែន ជា​សាធារណៈ នោះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ប្រទេស​កុម្មុយនិស្ត​ចិន នេះ​ទេ។

​កាសែត​សរសេរ​បន្ត​ថា ក្រុម​បស្ចិម​ប្រទេស ជាពិសេស​សហរដ្ឋអាមេរិក ក៏​ត្រូវ​ចូលរួម​ចំណែក​ទទួល​ខុស​ត្រូវ ចំពោះ​ដំណើរ​ធាក់​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​កាសែត​ថា ស្ដែង​ឲ្យ​ឃើញ​ពី​ឧទាហរណ៍​នៃ​ការ​បរាជ័យ​នៃ​ដំណើរ​ការ​កសាង​រដ្ឋ​ប្រជាធិបតេយ្យ​តាម​បែប​បស្ចិម​លោក។ កាសែត​បាន​សរសេរ​សន្និដ្ឋាន​ថា ការ​ប៉ុនប៉ង​របស់​ប្រទេស​ចិន ក្នុង​ការ​គាំទ្រ​របប​ដែល​ពុករលួយ និង​គួរ​ឲ្យ​ខ្ពើមរអើម ដូចជា​របប​លោក ហ៊ុន សែន នេះ អាច​ធ្វើ​ទៅ​បាន​សម្រាប់​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ថា​នៅ​ទីបំផុត​ទៅ ការណ៍​នេះ​ទំនង​ជា​នឹង​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​អាក្រក់​ជះ​ត្រឡប់​មក​វិញ​តែប៉ុណ្ណោះ។ កាសែត​បិទ​បញ្ចប់​អត្ថបទ​វិភាគ​របស់​ខ្លួន​ដោយ​ពន្យល់​ថា មេដឹកនាំ​យូរអង្វែង​ជាង​គេ​បំផុត​នៅ​អាស៊ី នឹង​មិន​អាច​ដឹក​នាំ​ប្រទេស​ជា​រៀង​រហូត​បាន​នោះ​ទេ ព្រោះ​ថា ការ​ដឹក​នាំ​ប្រទេស​កាន់​តែ​យូរ​របស់​មេដឹកនាំ​ទាំង​នេះ នឹង​រឹតតែ​បណ្ដាល​ឲ្យ​មានការ​ក្ដៅ​ក្រហាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំពោះ​ការ​គ្រប់គ្រង និង​ចៅហ្វាយ​នាយ​ចិន របស់​ខ្លួន​ទៅ​វិញ​ទេ។

​យ៉ាង​ណា​ក៏ដោយ ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់ និង​ថ្កោលទោស​ធ្ងន់ៗ​ទាំង​នេះ​ពី​សំណាក់​ក្រុម​បស្ចិម​ប្រទេស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ និង​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច បាន​សរសេរ​ក្នុង​តេឡេក្រាម (Telegram) ​ថ្មីៗ​នេះ​ថា ការ​គាំទ្រ​របស់​បរទេស​មួយ​ចំនួន​ចំពោះ​មេ​បក្ស​ប្រឆាំង គ្រាន់​តែ​ជំរុញ​ឲ្យ​មេ​បក្ស​នេះ​កាន់​តែ​ព្រហើន។ លោក សុខ ឥសាន សរសេរ​បន្ត​ថា “អាស្រ័យ​ដោយ​និន្នាការ​នយោបាយ និង​មនោគមន៍​វិជ្ជា​សង្គ្រាម​ត្រជាក់ មាន​បរទេស​មួយ​ចំនួន​មិន​ញញើត​ត​នឹង​គាំទ្រ​មេ​បក្ស​ប្រឆាំង ទាំង​ចាស់ ទាំង​ថ្មី ដែល​ជា​អាយ៉ង​ខ្លួន ឲ្យ​កាន់តែ​ព្រហើន​ក្នុង​ការ​ប្រព្រឹត្ត​រំលោភ​ច្បាប់ បំពាន​ច្បាប់ ជាពិសេស​ឃុបឃិត​ជាមួយ​បរទេស ដើរ​តាម​ការ​ចង្អុល​ទិស​ពី​បរទេស​ឲ្យ​ធ្វើ​សកម្មភាព​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា”

​ប្រទេស​កម្ពុជា បាន​កសាង​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស ពោល​គឺ​នៅ​ក្រោយ​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ពហុបក្ស​ជា​លើកដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៩៣។ ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ បាន​ចែង​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត​រហូត​ដល់​បច្ចុប្បន្ន ដែល​ចែង​ពី​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ក៏ប៉ុន្តែ​ដំណើរ​ការ​ប្រជាធិបតេយ្យ​របស់​កម្ពុជា នៅ​ពេល​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន ព្រម​ទាំង​អ្នក​វិភាគ​ផង លើក​ឡើង​ថា ដំណើរ​ប្រជាធិបតេយ្យ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន បំផ្លាញ​ទៅ​វិញ ដើម្បី​បន្ត​ក្រាញ​អំណាច​របស់​ខ្លួន​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles