មន្ត្រី​បក្ស​កាន់​អំណាច​ថា​កាសែត​ខេមបូឌា​ដេលី​ត្រូវ​បង់​ពន្ធ​សិន បើ​ចង់​បញ្ចប់​បញ្ហា

ដោយ សាន សែល
2017-09-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha


អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន លើក​ឡើង​ថា ប្រសិន​បើ​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​បាន​បង្ខំ​បិទ​ទ្វារ​ដោយ​រឿង​ពន្ធ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ចង់​បញ្ចប់​បញ្ហា ត្រូវ​បង់​ប្រាក់​ជំពាក់​ពន្ធ​ជា​មុន​សិន។ ការ​ថ្លែង​នេះ ក្រោយ​ពេល​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​បញ្ចេញ​ព័ត៌មាន​ថា ម្ចាស់​កាសែត​នេះ​បាន​ផ្ញើ​លិខិត​សុំ​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី ឈប់​ដំណើរការ​អស់​ពេល​ជិត ១​សប្តាហ៍ លិខិត​របស់​អ្នក​គ្រប់គ្រង​នៃ​កាសែត​ជា​ភាសា​អង់គ្លេស​នេះ អ្នកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ម៉ាស៊ីន​ឃោសនា​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

លិខិត​នោះ​បាន​ឲ្យ​ដឹង​ថា អ្នកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) បាន​លើក​សរសើរ​គោល​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហើយ​បាន​សុំ​លោក ហ៊ុន សែន ជួយ​សម្របសម្រួល​ជម្លោះ​ពន្ធ​នេះ។

កាល​ពី​ដើម​ខែ​សីហា លិខិត​មួយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចោទ​ម្ចាស់​កាសែត​នេះ​ថា​គេចវេះ​មិន​បង់​ពន្ធ​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ២៥​ពាន់​លាន​រៀល ឬ​ប្រហែល ៦​លាន ៣​សែន​ដុល្លារ ក៏ប៉ុន្តែ​ភាគី​ម្ចាស់​កាសែត​បាន​បដិសេធ ហើយ​បាន​អះអាង​ថា ខ្លួន​តែង​បង់​ពន្ធ​តាម​ច្បាប់​រួច​រាល់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី បន្ទាប់​ពី​បាន​បោះពុម្ព​ផ្សាយ​ចំនួន ២៤​ឆ្នាំ និង ១៥​ថ្ងៃ ម្ចាស់​កាសែត​បាន​ថ្លែង​ថា អំណាច​ពន្ធ គឺ​ជា​អំណាច​ដែល​មាន​ចេតនា​បំផ្លាញ ដោយ​លើក​ឡើង​ពី​ការ​កំណត់​ថ្លៃ​ពន្ធ​ខ្ពស់​កប់​ពពក ការ​បែក​ធ្លាយ​តាម​បណ្ដាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល និង​សេចក្តី​ថ្លែងការណ៍​មិន​ពិត​ដោយ​នាយកដ្ឋាន​ពន្ធដារ និង​ការ​និយាយ​មួលបង្កាច់​ជា​សាធារណៈ​ដោយ​ប្រមុខ​រដ្ឋាភិបាល​មុន​ពេល​សវនកម្ម ដែល​វា​ខុស​ឆ្ងាយ​ពី​ដំណើរការ​ស្រប​ច្បាប់។

កាសែត ឌឹ ខេមបូឌា ដេលី បាន​ព្រួយ​បារម្ភ​ថា ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​មុន​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៦ មក​ដល់​នៅ​ឆ្នាំ​២០១៨ នឹង​ត្រូវ​ធ្វើ​ក្នុង​ភាព​ងងឹត ហើយ​រដ្ឋាភិបាល​នឹង​ប្រើ​អំណាច​ដែល​មាន​ទាំង​ប៉ុន្មាន​ដើម្បី​គាស់​អ្នក​ប្រឆាំង និង​បិទ​មាត់​អ្នក​ដែល​អាច​មាន​ការ​យល់​ឃើញ​ផ្សេង​ពី​រដ្ឋាភិបាល។

ទោះ​បី​ជា​យ៉ាង​ណា សេចក្តី​ក្នុង​លិខិត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ អ្នកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) គ្រួសារ​អ្នកស្រី​មិន​មាន​បំណង​គេចវេះ​មិន​បង់​ពន្ធ​នោះ​ទេ ហើយ​ថា​ការ​បិទ​កាសែត​របស់​អ្នកស្រី ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែរ ដែល​នេះ​គ្រាន់​ជា​រឿង​ចៃដន្យ។

មុន​ពេល​ការ​បិទ​កាសែត​នេះ ដែល​ម្ចាស់​មាន​សញ្ជាតិ​អាមេរិក ស្ថាប័ន​ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន ដូចជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ត្រូវ​បង្ខំ​ឲ្យ​វេច​បង្វេច​ចេញ​ពី​កម្ពុជា ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ដែល​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ត្រូវ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផ្សាយ​បន្ត ឬ​បិទ​ស្ថានីយ​ទាំងមូល។

នៅ​ក្នុង​លិខិត​មួយ​ទៀត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​កាសែត​ដើម​អំពិល​របស់​លោក សយ សុភាព លោក បឺណាដ គ្រីស័រ (Bernard Krisher) ដែល​ជា​អតីត​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី និង​ជា​ឪពុក​របស់​អ្នកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) បាន​ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​ឲ្យ​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​រឿង​ពន្ធ​នេះ។

បើ​តាម​លិខិត​នោះ លោក បឺណាដ គ្រីស័រ (Bernard Krisher) បាន​អះអាង​ថា កូន​ស្រី​របស់​លោក​ទើប​បាន​គ្រប់គ្រង​កាសែត ខេមបូឌា ដេលី រយៈពេល ៤​ខែ​ប៉ុណ្ណោះ ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​លុយ​ពន្ធ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ទាមទារ ដោយសារ​កូន​របស់​លោក​បាន​ទិញ​ទ្រព្យ​សម្បត្តិ​កាសែត ឌឹ ខេមបូឌា ដេលី ពី​លោក​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ ដោយ​បាន​ធ្វើ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់។

យ៉ាង​ណា​ក៏ដោយ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​កាសែត ឌឹ ខេមបូឌា ដេលី អំពី​លិខិត​ទាំង​ពីរ​នេះ​បាន​នោះ​ទេ​ត្រឹម​ម៉ោង​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា។

មុន​ថ្ងៃ​ទី​៤ កញ្ញា ដែល​ជា​ថ្ងៃ​ឱសានវាទ​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី បង់​ពន្ធ​ជាង ៦​លាន​ដុល្លារ ឬ​ត្រូវ​វេច​បង្វេច​ចេញ អ្នក​កាសែត​ដែល​ស្និទ្ធ​នឹង​មន្ត្រី​គណបក្ស​កាន់​អំណាច លោក សយ សុភាព ដែល​ធ្លាប់​ចេញ​មុខ​ធ្វើ​ជា​អ្នក​សម្របសម្រួល​នយោបាយ បាន​ជួប​អ្នក​គ្រប់គ្រង​កាសែត ឌឹ ខេមបូឌា ដេលី និង​បាន​ផ្តល់​យោបល់ ហើយ​បាន​អះអាង​ថា ប្រសិន​បើ​កាសែត ឌឹ ខេមបូឌា ដេលី ធ្វើ​តាម​ការ​ណែនាំ​របស់​លោក កាសែត​នេះ​នឹង​មិន​ត្រូវ​បិទ​ទ្វារ​នោះ​ទេ។

ការ​អះអាង​នេះ ត្រូវ​បាន​កាសែត ឌឹ ខេមបូឌា ដេលី បាន​យល់​ថា អ្វី​ដែល​លោក សយ សុភាព បាន​ព្យាយាម​ធ្វើ គឺ​ដើម្បី​ជួយ​ខ្លួន​ឯង​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​តេឡេក្រាម (Telegram) ថា សំណើសុំ​លើកលែង​ការ​បង់​ពន្ធ​របស់​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា ម្ចាស់​កាសែត​មិន​អាច​ដោះស្រាយ​រឿង​ពន្ធ​នេះ​ដោយ​សរសេរ​ក្រដាស​មួយ​សន្លឹក​បាន​នោះ​ទេ ហើយ​ថា «កុំ​ចង់​លេង​បួន​សន្លឹក​ដាក់​ប្រមុខ​រាជ​រដ្ឋាភិបាល​បែប​នេះ មិន​បាន​ជា​ដាច់ខាត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles