ម្ចាស់​ស្ថានីយ​វិទ្យុ​ FM​ ដែល​ចាក់​ផ្សាយ​ពី​ អាស៊ីសេរី​ សុំ​​ការ​អត់​អោន​ពី​ក្រសួង​ព័ត៌មាន

ដោយ សាន សែល
2017-09-12
RFA

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA


ការ​ប្រកាស​ឲ្យ​បិទ​ស្ថានីយវិទ្យុ​អេហ្វអ៊ឹម (FM) ដែល​ចាក់​​ផ្សាយ​កម្មវិធី​ព័ត៌មាន​ពី​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុអាស៊ីសេរី (RFA) ធ្វើ​ឲ្យ​ម្ចាស់​ស្ថានីយFMមួយ​ចំនួន​ ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ។ ពួកគេ​ ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ពិនិត្យ​​ឡើងវិញ ដើម្បី​ឲ្យ​ស្ថានីយ​ទាំង​នោះ អាច​ដំណើរ​ការ​ឡើង​វិញ​បាន។

ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម លោក ថាន សុរិទ្ធិ ឲ្យ​ដឹង​ថា ម្ចាស់​ស្ថានីយ​មួយ​ចំនួន បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ដើម្បី​ដំណើរការ​ផ្សាយ​វិទ្យុ។ ដូច្នេះ ការ​បិទ​វិទ្យុ​នេះ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​រក​ប្រាក់​ចំណូល ​ដើម្បី​បង់​រំលស់​​ប្រាក់​ឲ្យ​គេ​វិញ​បាន។

លោក​បន្ថែម​ថា បុគ្គលិក​ដែល​បម្រើ​នៅ​ស្ថានីយ​ដែល​ត្រូវ​បិទ​ទាំង​នោះ ក៏​ត្រូវ​​អស់​ការ​ងារ​ធ្វើ។ លោក ថាន សុរិទ្ធិ ទទូច​ឲ្យ​ក្រសួង​ព័ត៌មាន ដក​បម្រាម​ដំណើរ​ការ​ស្ថានីយ​​វិទ្យុ ដោយ​លោក​ អះអាង​​ថា ខាង​ម្ចាស់​ស្ថានីយ​យល់​ព្រម​បង់​ការ​ផាក​ពិន័យ និង​ធ្វើ​កិច្ចសន្យា ឬ​ទិញ​ប្រេកង់​វិទ្យុ​ចាស់​ឡើងវិញ។ «សំឡេង»

អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ឆ្លើយ​តប​ថា ដំណោះស្រាយ​រឿង​នេះ ត្រូវ​ការ​ជជែក​ផ្ទាល់។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់​បកស្រាយ​ថា រឿង​បិទ​ស្ថានីយ​ទាំងអស់​នោះ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​សុទ្ធសាធ។

ម្ចាស់​ស្ថានីយ​វិទ្យុ​ចំនួន​៥ រួមមាន​វិទ្យុ​កំពង់ចាម វិទ្យុ​ស្ទឹង​ខៀវ​ខេត្ត​បាត់ដំបង វិទ្យុ​កូន​ខ្មែរ​ខេត្ត​កំពត វិទ្យុ​អង្គររដ្ឋា​ខេត្ត​សៀមរាប និង​វិទ្យុ​មហា​នគរ​នៅ​ភ្នំពេញ ដែល​បាន​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​វិទ្យុ​វីអូអេ និង​អាស៊ីសេរី និង​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា បាន​ដាក់​លិខិត​រួម​គ្នា​សុំ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ។

មន្ត្រី​ក្រសួង​ព័ត៌មាន ចាត់​ទុក​លិខិត​នេះ​ថា​ធ្វើ​ឡើង​មិន​ទាន់​ត្រឹមត្រូវ ហើយ​ថា ម្ចាស់​ស្ថានីយ​វិទ្យុ​ដែល​ចង់​តវ៉ា ឬ​ពិភាក្សា​ជាមួយ​ក្រសួង គឺ​ត្រូវ​នាំ​យក​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា​សេចក្ដី​ប្រកាស​អនុញ្ញាត​ធ្វើ​អាជីវកម្ម​សោតទស្សន៍ ទៅ​ជួប​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ដែល​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង មុន​នឹង​ឲ្យ​កិច្ច​ការងារ​នោះ​ទៅ​ឲ្យ​រដ្ឋមន្ត្រី។

នៅ​ថ្ងៃ​ទី​១២ កញ្ញា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ក៏​បាន​ដាក់​លិខិត​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​បិទ​ស្ថានីយ​វិទ្យុ​នេះ។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យ​ក្រសួង​នេះ ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ឃើញ​លិខិត​នោះ​នៅ​ឡើយ។

អង្គការ​លីកាដូ (LICADHO) រក​ឃើញ​ថា វិទ្យុ​ក្នុង​ស្រុក​ចំនួន ៣២ ស្ថានីយ​ទូទាំង​ប្រទេស ត្រូវ​បង្ខំ​បិទ​ការ​ផ្សាយ។ ស្ថានីយ​ទាំង​នោះ បាន​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ លីកាដូ យល់​​​ថា វិធានការ​របស់​រដ្ឋាភិបាល ដែល​បិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment