លោក​ សម រង្ស៊ី ប្រកាស​បង្កើត​សមាគមថ្មី​​មួយនៅប្រទេស​បារាំង

ដោយ វណ្ណ សុគន្ធា
12/09/2017
RFI

media
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (REUTERS)


លោក សម រង្ស៊ី អតីត​ប្រធាន​បក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​​នេះ បាន​ប្រកាស​បង្កើត​អង្គការ​សង្គម​​ស៊ីវិល​មួយឈ្មោះ​ថា “​សមាគម​ដើម្បី​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​”​។ តាម​លោក សម រង្ស៊ី គោល​បំណង​នៃ​ការ​បង្កើត​សមាគម​​នេះ គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ឯកភាព​ជាតិ ដោយ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​។ ជា​ការ​កត់​សម្គាល់ ការ​ប្រកាស​បើក​សមាគម​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​បក្ស​ប្រឆាំង​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា ដោយ​សារ​មេ​បក្ស​បច្ចុប្បន្ន​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ក្បត់​ជាតិ​។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន លោក សម រង្ស៊ី បាន​បញ្ជាក់​​ថា លោក​បង្កើត​សមាគមនេះ គឺដោយ​សារ​តែ​​លោក​​ចង់​​ជួយ និង​ចង់​បម្រើ​ប្រទេស​កម្ពុជា ដោយ​យក​សេរីភាព​​និង​ឯករាជ្យ​ភាព​ដែល​លោក​មាន​មក​ប្រើ​ប្រាស់ ដើម្បី​បង្រួប​បង្រួម​ជន​ជាតិ​ខ្មែរ​ទាំង​អស់ ក្នុង​គោល​បំណង​សម្រេច​ឯក​ភាព​ជាតិ​ដោយ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​។ បើ​តាម​លោក សម រង្ស៊ី ឯកភាព​ជាតិ ជា​​កត្តា​​ចាំ​បាច់​ណាស់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សព្វ​ថ្ងៃ និង​​ដើម្បី​​បញ្ចៀស​ប្រទេស​កម្ពុជា​​ពី​មហន្តរាយ​ផង​ដែរ​។ លោក​ថា មាន​តែ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ ដែល​បើក​ផ្លូវ​ឲ្យ​ខ្មែរ​និង​ខ្មែរ​គ្រប់​និន្នាការ​​​នយោ​បាយ អាច​និយាយ​គ្នា​បាន​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ក្នុង​គោល​បំណង​ការពារ​ឧត្តម​​ប្រយោជន៍​ជាតិ និង​​នាំ​មក​នូវ​វឌ្ឍនភាព​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​។

“សមាគមដើម្បី​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា” របស់ លោក សម រង្ស៊ី នេះ នឹង​ត្រូវ​បង្កើត​ឡើង តាម​ច្បាប់​ប្រទេស​បារាំង ដោយ​​មាន​ទី​ស្នាក់ការ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេសបារាំងតែ​ម្តង។ លោក​សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់​រូប គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្រៅ​ប្រទេស ចូល​រួម​ក្នុង​សមាគម​នេះ។ តាម​លោក​សម រង្ស៊ី សមាគម​នេះ​ក៏​នឹង​បើក​ទ្វារ​ឲ្យ​ជន​បរទេសដែល​លោក​សម រង្ស៊ី ហៅ​ថា​ជា “មិត្ត​ប្រទេស​កម្ពុជា” អាច​ចូល​ធ្វើ​ជា​សមាជិក​បាន​ផង​ដែរ​។

សូម​​រំឭក​​ជូន​​ថា លោក​សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់​ទោស​ឲ្យ​ក្លាយ​​ជា​ទណ្ឌិត នៅ​ក្នុង​សំណុំ​រឿង​ជាច្រើន​ស្ទើរ​រាប់​មិន​អស់។ ព្រោះ​តែ​ភាព​​ជា​ទណ្ឌិត​នេះ​ហើយ ទើប​លោក​អតីត​ប្រមុខ​គណបក្ស​ប្រឆាំង​រូប​នេះត្រូវ​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ការពារ​អាយុ​ជីវិត​បក្ស ក្រោម​អំណាចច្បាប់​ស្តី​គណបក្ស​នយោ​បាយ​ដែល​បាន​ធ្វើ​វិសោធនកម្ម​ដោយ​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច។ មិន​តែប៉ុណ្ណោះ តំណាង​រាស្រ្ត​បក្ស​​កាន់​​អំណាច​​ដដែល​នេះ ក៏​បាន​ចូល​រួម​កែ​ច្បាប់​គណបក្ស​​នយោបាយ​​មួយ​លើក​ទៀត ដោយ​ហាម​មិន​ឲ្យ​បក្ស​នយោបាយ​ជាប់​ពាក់​ព័ន្ធ​នឹង​ទណ្ឌិត​​។ និយាយ​ឲ្យ​ខ្លី​ស្រួល​យល់​ទៅ គឺ​កាត់​ផ្តាច់​លោក សម រង្ស៊ី ពី​គណបក្ស​សង្រ្គោះ​ជាតិ​តែ​ម្តង​។

សម្រាប់​លោក​សម រង្ស៊ី លោក​បង្កើត​សមាគម​នេះ​ឡើង​ដោយ​លោក​ឈប់​ជា​សមាជិក​គណបក្ស​នយោបាយ​ណា​មួយ និង​ឈប់​មាន​តួនាទី ឬ​មុខងារ​នយោបាយ​អ្វី​ទៀត​ឡើយ។ ដូច្នេះ​លោក​មាន​សេរីភាព​ពេញ​លេញ​នៅ​ពេល​នេះ​ក្នុង​ការ​បង្កើត​សមាគម​នៅ​ក្រៅ​ប្រទេស​នេះ​។ លោក​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា សមាគម​ថ្មី​របស់លោក​មិន​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ទេ ហើយ​ក៏​មិន​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ដែរ គឺគាំទ្រ​តែ​គោ​លការណ៍​ប្រជាធិបតេយ្យ ដែល​មាន​លក្ខណៈ​ជា​សកល និង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ផ្តួច​ផ្តើម​គំនិត​ក៏​​ដូច​​ជា​​សកម្មភាព​របស់​គណបក្ស​នយោបាយ​​និង​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​ជួយ​ពង្រឹង​និង​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

What Next?

Recent Articles

Leave a Reply

Submit Comment