សកម្មជន​ការពារ​បរិស្ថាន​២នាក់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន

ដោយ ថា កិត្យា
2017-09-12
RFA

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided
(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided


សកម្មជន​ចលនា​មាតា​ធម្មជាតិ ២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ឃាត់​ខ្លួន ខណៈ​ពួកគេ​ជិះ​ទូក​ថត​វីដេអូ​ឯកសារ​ទាក់ទង​អាជីវកម្ម​ខ្សាច់​នៅ​តំបន់​ព្រែកខ្សាច់​នោះ។ ប្រជា​សហគមន៍ និង​មន្ត្រី​សិទ្ធិមនុស្ស ស្នើ​សុំ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន​ទាំង​ពីរ​នោះ​វិញ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំងពីរ​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកខ្សាច់ ឃាត់​ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កោះកុង ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​ទេ នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កញ្ញា បន្ទាប់​ពី​ឃាត់​ខ្លួន​តាំង​ពី​ម៉ោង​ប្រមាណ ១០​ព្រឹក នៅ​តំបន់​ព្រែកខ្សាច់ ស្ថិត​ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

​ប្រជា​សហគមន៍​ព្រែកខ្សាច់ លោកស្រី ព្រាប រដ្ឋា រៀបរាប់​ថា ការ​ឃាត់​ខ្លួន​នេះ ខណៈ​ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​ពីរ​នាក់ កំពុង​ជិះ​ទូក​ថតរូប និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ។ ភ្លាមៗ ខាង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) បាន​ឃើញ និង​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្ដង៖ «គាត់​ទៅ​ថត​លេខ​កូដ​កប៉ាល់​នោះ​ថា តើ​កប៉ាល់​នោះ​មក​ពី​ប្រទេស​ណា ហើយ​ពេល​នោះ​ឈ្មោះ ព្រំ វន្នី ដែល​ជា​អធិការ​រង​ក្នុង​ស្រុក​គីរីសាគរ បាន​ជិះ​អូប័រ ហើយ​បាន​ទៅ​ចាប់​ខ្លួន​គាត់ និង​បញ្ជូន​មក​កន្លែង​ប៉ុស្តិ៍​មួយ​ដូចជា​កន្លែង​ចាំ​ដី​ឲ្យ​ក្រុមហ៊ុន ក្រោយ​មក​បាន​គេ​បញ្ជូន​គាត់​មក​នគរបាល​ឃុំ​ព្រែកខ្សាច់»

សកម្មជន​ទាំង ២​នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ មាន​លោក ឌឹម គុណឌី និង​លោក ហ៊ុន វណ្ណៈ។ ក្រោយ​ឃាត់​ខ្លួន និង​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​ព្រែកខ្សាច់ ហើយ​នោះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​ទៅ​ស្នងការ​ខេត្ត​កោះកុង។

ជុំវិញ​ការ​ឃាត់​ខ្លួន​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​មេ​ប៉ុស្តិ៍​នគរបាល​ព្រែកខ្សាច់ លោក គឹម វណ្ណា បាន​ទេ ដោយ​ម្ដង​លោក​ថា ជាប់​រវល់ និង​ម្ដង​ទៀត​លោក​ថា ស្ដាប់​មិន​ឮ។ រី​ឯ​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ ឃិតវៀន មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា។

​ការ​ឃាត់​ខ្លួន​នេះ ក្រោយ​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ ទាក់ទង​នឹង​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​កោះ​តៃវ៉ាន់​ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។ ក្នុង​វីដេអូ​នោះ ពួកគេ​ក៏​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ពិចារណា​ចុះ​ចេញ​ពី​តំណែង ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ថ្មី​ផ្សេងទៀត​ស្ដារ​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​ឡើង​វិញ។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន លើក​ឡើង​ថា អ្នក​ទាំង​ពីរ​នាក់​នោះ មិន​បាន​ទៅ​ថត​នៅ​ក្នុង​តំបន់​កើប​ខ្សាច់​ស៊ីលីកា​នៅ​ក្នុង​តំបន់​ក្រុមហ៊ុន SEZ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នោះ​ទេ ពោល​គឺ​ពួកគេ​ថត​នៅ​កប៉ាល់​ដឹក​ខ្សាច់​ពីរ​គ្រឿង​នៅ​ឆ្ងាយ​ពីរ​ក្រុមហ៊ុន​នោះ។ លោក​បន្ត​ថា បើ​មើល​ទៅ​លើ​ដំណើរការ​នៃ​ការ​ឃាត់​ខ្លួន​នេះ គឺ​ខាង​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​ហាក់​ដូច​ជា​មាន​ចេតនា​មិន​ល្អ​ចំពោះ​អ្នក​ការពារ​ធនធាន​ធម្មជាតិ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​សម្ដែង​ការ​ព្រួយ​បារម្ភ និង​បន្ត​ឃ្លាំមើល​ករណី​នេះ​បន្ត​ទៀត៖ «យើង​ទទូច​ហើយ​ទទូច​ទៀត សូម​អោយ​ធ្វើការ​ពិចារណា​ប្រសិនបើ​ណា​ជា​គាត់​បាន​ធ្វើ​កំហុស​ឆ្គង ឬ​មិន​គាប់គួរ​ជាមួយ​ភាគី​ណា​មួយ គឺ​សូម​អោយ​មាន​ការ​ជជែក​គ្នា​ជាជាង​យក​ផ្លូវ​ផ្សេង​ដូចជា​យក​ពួកគាត់​ដាក់​ពន្ធនាគារ​អី​ជាដើម​ហ្នឹង យក​មក​ដោះស្រាយ​ជា​បញ្ហា ឆ្លើយ​តប​នឹង​សកម្មភាព​ដ៏​ល្អ​របស់​ពួកគាត់។យើង​រង់ចាំ​មើល​ទៀត​ថា តើ​អាជ្ញាធរ​នឹង​ធ្វើ​អី​ជាមួយ​ពួកគាត់»

លោក ញៀប សំអឿន លើក​ឡើង​ថា ក្រុមហ៊ុន SEZ Koh Kong ដែល​មាន​លោក លី យ៉ុងផាត់ ជា​ប្រធាន បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​២០១០ លើ​ទំហំ​ផ្ទៃដី​ជិត ១​ម៉ឺន (៩.៩៧៧) ហិកតារ​ដើម្បី​ដាំ​ដំណាំ​កសិ-​ឧស្សាហកម្ម។ ប៉ុន្តែ​ក្រោយ​ទទួល​បាន​ដី និង​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ដោះស្រាយ​មិនទាន់​ចប់​រួចរាល់​នោះ ខាង​ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​កើប​ខ្សាច់​ស៊ីលីកា ដែល​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រជាពលរដ្ឋ។ អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​បាន​ឡើយ​ជុំវិញ​ករណី​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ អ្នកនាង លីម ស័រ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​ពីរ​នោះ​វិញ ព្រោះ​ពួកគេ​ពុំ​បាន​ចូល​ទៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ឡើយ ហើយ​ម្យ៉ាង​ទៀត ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន ក៏​តែងតែ​ស្រែក​ឲ្យ​មាន​ការ​សហការ​គ្នា​ដើម្បី​ពិនិត្យ​មើល​ការ​នាំ​ខ្សាច់​ចេញ​នោះ​ទេ៖ «ការ​ដែល​គាត់ (អាជ្ញាធរ) ធ្វើ​បែប​ហ្នឹង​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន​ផ្សេង​ទៀត ធ្វើ​ឲ្យ​គាត់​អត់​ហ៊ាន​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ ប្រសិនបើ​យើង​ធ្វើ​ការងារ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដូច្នេះ»

​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស បាន​ក្លាយ​ជា​រឿង​រសើប បន្ទាប់​ពី​មាន​ការ​ផ្ទុះ​រឿង​អាស្រូវ​បាត់​ទឹក​ប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី និង​ឥណ្ឌា។ ថ្មីៗ​នេះ ក៏​មាន​ផ្ទុះ​ឡើង​មួយ​ករណី​ថ្មី​ទៀត នោះ​គឺ​ជា​ភាព​មិន​ស៊ី​គ្នា​នៃ​ទិន្នន័យ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​ការពារ​បរិស្ថាន​២នាក់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន"

  1. ម៉ាមី says:

    ម៉ាមី!
    បញ្ហាជាច្រើនបានបន្សល់ទុកឲ្យប្រមុខរាជរដ្ឋាភិបាលវិលមុខជាប្រចាំ ពិសេសជុំវិញបញ្ហាអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធ ហើយជានិច្ចកាលច្រើនតែត្រូវបានរំដោះខ្លួន និងលាងខ្លួនបានយ៉ាងស្អាតបាត ។ បើយើងចង់ដោះស្រាយតាមផ្លូវច្បាប់វិញក៏ពិបាកនឹងរកកំហុសណាស់ ព្រោះចេះឆ្លើយយោងដាក់គ្នាទៅវិញទៅមក ។ យ៉ាងណាម៉ាមី សូមបញ្ជាក់ផងដែរថា៖ ប្រជាជនបច្ចុប្បន្នលោកមានការយល់ដឹងច្រើនណាស់ហើយល្មមនឹងអាចគិតថានេះជាអំពើល្អ និងនេះជាអំពើអាក្រក់ គ្រាន់ថាពេលខ្លះលោកមិនរវល់ហាមាត់ ហាកតទល់នូវអ្វីដែលលោកថា វាជាអំពើស្មោកគ្រោគ ។ តួយ៉ាងដូចជាបញ្ហាខ្សាច់មួយនេះជាដើម កាលពីប៉ុន្មានឆ្នាំមុន រឿងខ្សាច់មួយនេះបានកើតឡើងម្តងហើយទៅប្រទេសសង្ហបូរី អីឡូវទៅតៃវ៉ាន់ដែលមានទំហំទឹកប្រាក់ច្រើនគួរសម ដែលខ្ចាត់ព្រាត់ចេញពីដៃរដ្ឋ ។ រាជរដ្ឋាភិបាលបានជម្រាបម្តងហើយម្តងទៀតថា មិនត្រឹមតែមន្រ្តីថ្នាក់ធំទេដែលមិនត្រូវពាក់ព័ន្ធជាមួយឈ្មួញ សូម្បីតែគ្រួសារមន្រ្តីធំៗទំាងនោះក៏គួរតែមិនត្រូវជាប់ពាក់ព័ន្ធពីបញ្ហានោះផងដែរ ចាប់ពីពេលនេះតទៅ ។ បើសម្លឹងមើលពីអតីតកាល របបមួយចំនួនច្រើនតែធ្លាក់និងជួបបរាជ័យ ដោយសារតែទំហំនៃអំពើពុករលួយវាដល់កម្រិតដែលវាមិនអាចទទួលយកបាន ទោះបីបើចេះជប់ ចេះជ្រែកដី ក៏មិនអាចស្រង់ស្ថានការណ៍បានដែរ មួយវិញទៀតបែបផែនការិយាល័យធិបតី គ្រួសារនិយម ដែលទំាងអស់នេះជាបន្ទុក ដល់អ្នកគ្រប់គ្រងនឹងក្អួតធ្លាក់ឈាម ។ អញ្ចឹងរដ្ឋាភិបាលគួរធ្វើ និងប្រើយុទ្ធសាស្ត្រអ្វីបន្តទៀត? មើលពីរបបប៉ុល ពត តាមពិតម៉ាមី ថាការរំដោះប្រទេសចេញពីរបបនេះពិតជាតាមរយៈកងកំលាំងរបស់យើង និងមានជំនួយពីកងទ័ពវៀតណាម ប៉ុន្តែ សូមឆ្លៀតឳកាសជំរាបជូនបន្តិចបើខ្ញុំស្មាន ប្រហែលកងទ័ពប៉ុល ពត ត្រូវបណ្តាសាររបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានស្លាប់បាត់បង់ជីវិត និងរាប់លាននាក់ទឿតកំពុងរស់នៅយ៉ាងសែនវេទនា ដែលនេះជាផ្នែកមួយជំរុញឲ្យ ប៉ុល ពត ចាញ់ដៃ ។ បណ្តាសារគឺជាមធ្យោបាយចុងក្រោយដែលប្រជាពលរដ្ឋត្រូវប្រើ ព្រោះលែងមានប្រព័ន្ធដែលមានសុវត្ថិភាពណាមួយ អាចជួយពួកគាត់បានទៀតហើយ ។ បើសិនបើអ្នកជឿថាមានបាប មានបុណ្យមែន នេះគួរតែប្រយ័ត្នខ្លួនទៅ ។ យកល្អ រាជរដ្ឋាភិបាលគួរតែចាត់មន្រ្តីណាម្នាក់ដែលជាភ្នែក ជាច្រមុះ ឲ្យទៅត្រួតពិនិត្យតាមដានមើល ថាតើភ្នែករបស់មន្រ្តីនោះវាល្អ ឫវាស្អុយជាងភ្នែកប្រជាពលរដ្ឋ បើមើលឃើញថាភ្នែកមន្ត្រីនោះវាស្អុយ គួរតែខ្វេះភ្នែករបស់មន្ត្រីនោះចោលទៅ ។ មានរឿងច្រើនណាស់ដូចជា ឈើរាប់រយដើមលក់បានតែ ១៥,០០០ ដុល្លារ ដែលតម្លៃឈើដែលគេបានប៉ាន់ប្រមាណមានរហូតដល់ទៅរាប់រយលានដុល្លារដែលហូរវៀងចេញពីដៃរដ្ឋ ។សុំទោស!