សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ីសេរី​ចំពោះ​ការ​​ផ្អាក​​ប្រតិបត្តិការ​នៅ​កម្ពុជា

2017-09-12
អាស៊ីសេរី

សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ីសេរី​ចំពោះ​ការ​ផ្អាក​ប្រតិបត្តិការ​នៅ​កម្ពុជា។ RFA
សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ីសេរី​ចំពោះ​ការ​ផ្អាក​ប្រតិបត្តិការ​នៅ​កម្ពុជា។ RFA



វិទ្យុ​អាស៊ី​សេរី​បង្ខំ​ចិត្ត​ផ្អាក​ដំណើរ​ការ​ការិយាល័យ​នៅ​ភ្នំពេញ


អស់​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយ​ដែល​វិទ្យុ​អាស៊ីសេរី (RFA)បាន​នាំ​មក​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នូវ​ដំណឹង និង​ព័ត៌មាន​ឯករាជ្យ ប្រកប​ដោយ​ភាព​ជឿជាក់ និង​ជា​ទី​ទុក​ចិត្ត

ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​បំផុត​ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ របស់​ខ្លួន​មួយ​រយៈការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ ចុង​ក្រោយ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អាស៊ីសេរី បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​ដោយ​ធានា​អំពី​សុចរិតភាព​នៃ​បេសកកម្ម​សារព័ត៌មាន​របស់​ខ្លួន​ជា​បន្ត​ទៅ​ទៀត​បាន​នោះ​ទេ

ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ប្រត្យក្ស​ជាក់ស្ដែង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​ចេតនា​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មុន​ពេល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ត​ទៅ​ទៀត​នោះ​ឡើយផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បាន​ឆក់​យក​ឱកាស​គ្រប់​បែប​យ៉ាង ដើម្បី​តាមដាន​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នក​រិះគន់ គូបដិបក្ខ​នយោបាយ ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ប្ដេជ្ញា​រាយការណ៍​អំពី​ការពិត​នៅ​ក្នុង​សង្គម​កម្ពុជា សព្វ​ថ្ងៃ ក្រោម​លេស​ចោទ​ថា បាន​រំលោភ​ច្បាប់​ស្ដីពី​សារពើពន្ធ និង​បែបបទ​រដ្ឋបាល​អាជ្ញាធរ​បាន​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​នានា ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ សំឡេង សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។

រដ្ឋាភិបាល​បាន​បង្ខំ​អោយ​កាសែត ឌឹ ខេមបូឌា ដេលី បិទ​ការិយាល័យ​របស់​ខ្លួន ដោយ​ពិន័យ​អោយ​បង់​ពន្ធ​ច្រើន​ហួសហេតុ ហើយ​ដែល​បាន​រារាំង​ម្ចាស់​កាសែត​នេះ គឺ​លោក ឌូគ្លាស អ៊ីរ៉ិច ស្ទៀល (Douglas Eric Steele) មិន​អោយ​ចេញ​ពី​ប្រទេស​បាន ក្រោម​ការ​គំរាមកំហែង​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ។ អាជ្ញាធរ​ក៏​បាន​ប្រើប្រាស់​ស្នៀត​ដូច​គ្នា​នេះ​ដែរ ប្រឆាំង​នឹង​វិទ្យុ​អាស៊ីសេរី បើ​ទោះ​បី​ជា​យើង​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​នៅ​ក្នុង​គ្រប់​ដំណាក់កាល​ទាំង​អស់ ដើម្បី​អនុលោម​តាម​រាល់​សំណើ​នានា ហើយ​និង​កិច្ច​ប្រឹងប្រែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី​ក្លាយ​ជា​ក្រុមហ៊ុន​ព័ត៌មាន​ដែល​មាន​អាជ្ញាប័ណ្ណ​មួយ​យ៉ាង​ណា​ក៏ដោយ។ យ៉ាងណាមិញ អាជ្ញាធរ​បាន​សម្រេច​ជ្រើសរើស​យក​នូវ​ការ​ចេញ​ផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​មិន​ពិត និង​បាន​បង្កើន​វោហារសាស្ត្រ​បំភិតបំភ័យ និង​គំរាមកំហែង កាន់​តែ​ខ្លាំង​ឡើងៗ ដែល​ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ចេញ​ឯកសារ​បែក​ធ្លាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជួយ​បន្ទរ​ឲ្យ​រដ្ឋាភិបាល និង​សេចក្តី​ថ្លែងការណ៍​បញ្ច្រាស​គ្នា​របស់​ស្ថាប័ន​ក្រសួង​ផ្សេងៗ​គ្នា។

ការ​ប្រឈម​នឹង​ស្ថានភាព​បំភិតបំភ័យ​បែប​នេះ មិន​មែន​ជា​រឿង​រ៉ាវ​ថ្មី​ថ្មោង​ឡើយ​សម្រាប់​វិទ្យុ​អាស៊ីសេរី។ ក្រុម​អ្នក​កាសែត និង​ក្រុម​អ្នក​អត្ថាធិប្បាយ​របស់​យើង ទទួល​រង​នូវ​ការ​គំរាម ការ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ប្រទេស​នេះ ដើម្បី​បញ្ចៀស​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន ឬ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​រឹត​តែ​អាក្រក់​ជាង​នេះក៏ប៉ុន្តែ​ដំណើរ​វិវត្តន៍​ចុង​ក្រោយ​ថ្មីៗ​នេះ រឹត​តែ​ធ្ងន់ធ្ងរ​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ស្វះស្វែង​ដោយ​ឥត​អៀនខ្មាស កម្ចាត់​ចោល​នូវ​រាល់​ឧបសគ្គ ឬ​ឥទ្ធិពល​នានា ដែល​រារាំង​មិន​ឲ្យ​បក្ស​ពួក​របស់​ខ្លួន​ទទួល​បាន​នូវ​ការ​ក្ដោបក្ដាប់​អំណាច​ផ្ដាច់​ការ​ទាំង​ស្រុង​តែម្ដង

ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៃ​បេសកកម្ម​របស់​យើង អ្នក​កាសែត​កម្ពុជា ដែល​ធ្វើ​ការ​ជាមួយ​វិទ្យុ​អាស៊ីសេរី ហ៊ាន​ប្រថុយប្រថាន​អាយុ​ជីវិត​របស់​ពួកគេ ដើម្បី​រាយការណ៍​អំពី​ពុករលួយ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ការ​សូក​ប៉ាន់ វិវាទ​ការងារ និង​ការ​រំលោភ​សិទ្ធិ​ក្នុង​ចំណោម​រឿង​រ៉ាវ​សំខាន់ៗ​ដទៃ​ទៀត ដែល​ភាគ​ច្រើន​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មិន​អើពើ។ កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​ពួកគេ បាន​ជួយ​បណ្ដុះ​នូវ​មូលដ្ឋាន​គ្រឹះ​នៃ​វិស័យ​ព័ត៌មាន​បែប​ស៊ើប​អង្កេត និង​ស៊ី​ជម្រៅ​របស់​វិទ្យុ​អាស៊ីសេរី ហើយ​ទទួល​បាន​ទំនុក​ចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា ជា​ទី​គោរព និង​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​របស់​យើងការ​លះបង់ និង​ការ​គាំទ្រ​របស់​បុគ្គលិក និង​ប្រិយ​មិត្ត​របស់​យើង នឹង​រឹត​តែ​ញ៉ាំង​ឲ្យ​វិទ្យុ​អាស៊ីសេរី បន្ត​រក្សា​បេសកកម្ម​ចាំបាច់​ផ្តល់​ជូន​ដល់​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទទួល​បាន​ដំណឹង​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​គំនិត​គ្រប់​ជ្រុង​ជ្រោយ​ច្រើន​ជាង​មុន និង​ត្រឹមត្រូវ​អំពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សហគមន៍​ដែល​ពួកគេ​កំពុង​រស់​នៅ​ទីក្រុង និង​ភូមិម្ករ​របស់​ពួក​គេ

អាស៊ីសេរី សម្រេច​ចិត្ត​យ៉ាង​ច្បាស់​លាស់​ថា នឹង​ឈរ​លើ​ការ​ពិត​នៃ​ការ​បន្ត​បេសកកម្ម​ចម្បង​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ ដើម្បី​បោះ​ជំហាន​ទៅ​មុខ​ធ្វើ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ទោះ​ជា​យើង​ស្ថិត​ក្នុង​ដំណាក់កាល​ខ្មៅ​ងងឹត​បែប​នេះ​ក៏ដោយវិទ្យុ​អាស៊ីសេរី នឹង​បន្ត​រាយការណ៍​លើ​បញ្ហា និង​ព្រឹត្តិការណ៍​នានា ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​នឹង​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​ផ្សាយ សេចក្ដី​រាយការណ៍ និង​ព័ត៌មាន​នានា នៅ​លើ​រលកធាតុអាកាស​វិទ្យុ​កម្រិត​ទាប (SW) លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​គេហទំព័រ​របស់​យើង www.rfa.org/khmer/ ជា​បន្ត​ទៅ​ទៀត

ដូច​ដែល​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​មក​ហើយ​ថា ជន​ផ្ដាច់ការ​អាច​នឹង​ឡើង​កាន់​អំណាច ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​ពួកគេ​អនុវត្ត​តាម​ឆន្ទៈ​មានះ​របស់​ខ្លួន ប៉ុន្តែ​នៅ​ទី​បំផុត​ទៅ ការ​ពិត​នឹង​នៅ​តែ​ឈ្នះ​ដដែល៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment