ស្ថានទូត​អាមេរិក​ថា​ការ​ចោទ​អាមេរិក​នៅ​ពី​ក្រោយ​ខ្នង​បដិវត្តន៍​ពណ៌​គឺ​ជា​រឿង​ខុស​ឆ្គង

ដោយ​ យ៉ង ចាន់តារា
2017-09-12
RFA

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នា​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ២០១៧។ RFA/Pry Neru
លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នា​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ២០១៧។ RFA/Pry Neru



ស្ថានទូត​អាមេរិក​ថា ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ជា​កា​រ​លាប​ពណ៌


ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មួយ​ចំនួន ដែល​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​លោក​ កឹម សុខា ក្នុង​ការ​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។ ស្ថានទូត​អាមេរិក​ចាត់​ទុក​ថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់ គ្មាន​មូលដ្ឋាន និង​មិន​ត្រឹម​ត្រូវ​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី ១២ កញ្ញា នៅ​ឯស្ថានទូត​អាមេរិក​ ថា លោក​មាន​អារម្មណ៍​ឈឺចាប់ និង​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅលើ​សហរដ្ឋ​អាមេរិក​ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម​ សុខា​ ដែល​លោក​អះអាង​ថា សុទ្ធ​តែ​ខុស​ទាំងអស់​ និង​ត្រូវ​បាន​សរសេរ​ដោយ​ចេតនា​ ក្នុង​ការ​ហៅ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​នៅ​កម្ពុជា​។

លោក​បកស្រាយ​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​គាំ​ទ្រ​ដ៏​ខ្លាំង​ក្លា​មួយ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា។ សហរដ្ឋ​អាមេរិក​បាន​ជួយ​កម្ពុជា​ក្នុងការ​បង្កើត​​ក្រប​ខ័ណ្ឌ​ការងារ​មួយ​ដែល​បាន​ទាក់​ទាញ​ក្រុមហ៊ុន​សម្លៀក​បំពាក់​ល្បីៗ​ក្នុង​ពិភព​លោក​ ដោយ​រួម​មាន​ទាំង​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ផង​ដែរ។ ​អាមេរិក​ក៏​បាន​ជួយ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម​ វិស័យ​អប់រំ វិស័យ​យុត្តិធម៌ ការ​អភិរក្ស​វប្បធម៌ ការ​លើក​កម្ពស់​សុខភាព​សាធារណៈ និង​ការ​ពង្រឹង​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ទៅនឹង​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ដែល​ចោទ​​ថា អាមេរិក​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក​ កឹម សុខា ក្នុង​ការ​បង្កើត​ផែន​ការ​ផ្តួលរំលំ​រដ្ឋាភិបាល និង​បញ្ហា​អស្ថេរភាព​សង្គមនៅកម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​។ លោក ហ៊ុន សែន ​ក៏​បាន​ចាត់​ទុក​​ប្រតិកម្ម​ និង​សេចក្តី​ថ្លែ​ងការណ៍​ទាំង​អម្បាល​ម៉ានរបស់​សហគមន៍​អន្តរជាតិ គឺ​គ្រាន់​តែ​ជា​ការ​ការពារមេបក្ស​ប្រឆាំង​​​​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ​។

មេដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រូប​នេះ ក៏​បាន​ព្រមាន​​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​កុំ​ឱ្យ​លូក​ដៃ​ចូល​ធ្វើ​អន្តរាគមន៍​ករណី​នេះ ព្រោះ​វា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា៖ «អ្វីៗ​ទាំង​អស់​ គឺមនុស្ស​នេះ​ជា​អ្នក​កសាង ដូច្នេះ​ការ​ចាប់​ខ្លួន​នៅ​ពេល​នេះ​ គឺ​ជា​ការ​ទូទាត់​បញ្ជី​ពី​ដើម​ដល់​ចប់​។ ហើយ​បាត​ដៃ​ពី​ក្រោយ​ គឺ​វា​នៅ​តែ​ដដែល​ គឺ​អាមេរិក។ អំពើ​ក្បត់​ជាតិ​ ឃុប​ឃិត​ជាមួយ​បរទេស ក្បត់​ជាតិ​ខ្លួន​ឯង គឺ​តម្រូវ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ភ្លាមៗ»

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត ​(William Heidt) ថ្លែងថា នេះ​ជា​ការ​ចោទ​ប្រកាន់​មិន​ធម្មតា​ ហើយ​លោក​ថា ជា​ធម្មតា​ ការងារ​ការ​ទូត​ ត្រូវ​បាន​ធ្វើ​ដោយ​ប្រើភាសា​ដែល​មាន​ការ​ប្រយ័ត្ន និង​ប្រកប​ដោយ​ការ​គោរព។

លោក វីល្លៀម ហៃដ្ត ​(William Heidt) អះអាង​ទៀត​ថា ព្រឹត្តិ​ការណ៍​កន្លង​ទៅ ដូច​ជា​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​ធ្វើ​ទុក​បុកម្នេញ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គមស៊ីវិល​នោះ ​គឺ​មិន​ប៉ះពាល់​ទៅលើ​សហរដ្ឋ​​​អាមេរិក​នោះ​ទេ តែ​ប៉ះពាល់​ទៅលើ​ប្រទេស​កម្ពុជា​ទៅវិញ។ លោក​បន្ត​ថា មួយ​ជំហាន​ម្តង​ៗ ព្រឹត្តិការណ៍​​​ទាំង​នេះ​កំពុង​ធ្វើ​ឱ្យ​កម្ពុជា ឯកោ​ពី​សហគមន៍​អន្តរជាតិ ខណៈ​កម្ពុជា​ត្រូវ​ការ​ជំនួយ​គាំ​ទ្រ​អន្តរជាតិ​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​ឡើង​មួយ​កម្រិត​ទៀត​ និង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន៖ «សម្តី​ប្រឆាំង​អាមេរិក​បាន​ធ្វើ​ឱ្យ​ជនជាតិ​អាមេរិក​ និង​អ្នក​ទេសចរណ៍​លោក​ខាង​លិច​ជា​ច្រើន មាន​អារម្មណ៍​លែង​កក់​ក្តៅ​ដូច​មុន​ ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​។ ក្រុមហ៊ុន​អាមេរិក​ និង​លោក​ខាង​លិច​ក៏​មាន​អារម្មណ៍​លែង​កក់​ក្តៅ​ដូច​​មុន​ដែរ ហើយ​មាន​ក្រុម​ហ៊ុន​កាន់​តែ​តិច​នឹង​មក​វិនិយោគ​នៅកម្ពុជា។ អ្នកធ្វើ​ការ​រឿង​មនុស្ស​ធម៌​អាមេរិក​ ដែល​ជា​ក្រុម​ធំជាង​គេ និង​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ ក៏​លែង​មាន​អារម្មណ៍​គិត​ថា ខ្លួន​គេ​ត្រូវ​បាន​ស្វាគមន៍​ដែរ​។ ខ្ញុំ​ប៉ាន់​ប្រមាណ​ថា អង្គការ​សប្បុរស​ធម៌​អាមេរិក​បាន​សាងសង់​សាលា​រៀន​ជាង ១ ពាន់​នៅ​កម្ពុជា​។ វា​ជា​ចំនួន​​ដ៏​ច្រើន​មែន​ទេ? ខ្ញុំ​បាន​ឮ​ពី​អង្គការ​សប្បុរស​ធម៌​ធំៗ​ខ្លះ​ថា ការ​ធ្វើ​ប្រតិបត្តិ​ការ​នៅកម្ពុជា​​ប្រឈមនឹង​ហានិភ័យ​​កាន់​តែ​​ខ្លាំង​ ហើ​យពួក​គាត់​កំពុង​តែ​ពិចារណា​ប្តូរការងារ​ល្អៗ​របស់​ពួក​គាត់ ទៅ​ប្រទេស​ឥណ្ឌូនេស៊ី បង់​ក្លាដេស និង​វៀតណាម​វិញ​។”

សេចក្តី​ថ្លែ​ងការណ៍​របស់​លោក វីល្លៀម ហៃដ្ត ​(William Heidt) នៅ​ត្រង់​ចំណុច​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន។ លោក​ ផៃ ស៊ីផាន សរសេរ​នៅក្នុង​ហ្វេសប៊ុក​របស់​លោក​ថា អ្នក​ទេសចរណ៍ និង​ពាណិជ្ជករ មិនមែន​ជា​អ្នក​បម្រើ​នយោបាយ​នោះ​ឡើយ ហើយ​សុវត្ថិភា​ព​គឺ​ជា​ចំណុច​ទាក់ទាញ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត ​(William Heidt) អះអាង​ថា អាមេរិក​មិន​មែន​ជា​ប្រទេស​ស្មុគស្មាញ​ពិបាក​ធ្វើការ​ជាមួយ​នោះ​ទេ ដោយ​គ្រាន់​ធ្វើ​ទៅ​លើ​សហរដ្ឋអាមេរិក​ដោយ​យុត្តិធម៌ និយាយ​ជា​មួយ​អាមេរិក​ដោយ​ស្មោះ​ត្រង់ ធ្វើ​សហប្រតិបត្តិ​ការ​ជា​មួយ​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ប្រើប្រាស់​អំណាច​ទីផ្សារ​របស់​អាមេរិក​ដើម្បី​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា ស្វាគមន៍​កម្មវិធី​ជំនួយ និង​ក្រុមហ៊ុន​របស់​អាមេរិក​តែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាងណា ឯកអគ្គរដ្ឋទូត​នៃ​កំពូល​មហាអំណាច​មួយ​នេះ ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​របស់​លោក​ដែរ​ថា ទោះ​បី​ជា​មាន​ព្រឹតិ្តការណ៍​ជា​ច្រើន​បាន​កើ​ត​ឡើង​កាល​ពី​មុន​ក្តី តែ​កម្ពុជា​នៅ​​​មាន​ពេល​ដើម្បី​សង្គ្រោះ​ការ​បោះឆ្នោតឆ្នាំ២០១៨ បន្ត​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ និង​ស្តារ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពី​រដដែល​ ក៏​ប៉ុន្តែ​វា​ទាម​ទារ​ឱ្យ​មាន​សកម្មភាព​ម៉ឺងម៉ាត់​ជា​បន្ទាន់។

នោះ​គឺ​ជា​ការ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ បញ្ឍប់​ការ​ធ្វើ​ទុកបុកម្នេញ​សារព័ត៌មាន​ឯករាជ្យ និង​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល។ សំខាន់​ជាង​នេះទៅ​ទៀត រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​គួរ​តែ​ចាប់​ផ្តើម​កិច្ច​សន្ទនា អំពី​អនាគត​ប្រជា​ធិបតេយ្យរបស់​កម្ពុជា ក្នុង​បរិយាកាស​បើក​ចំហរ និង​គ្មាន​សម្ពាធ៕

ជុំវិញ​ការ​ចោទ​អាមេរិក​រឿង​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម​វៀត​ណាម​វិញ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) បាន​អះអាង​ថា អាមេរិក​ទទួល​ស្គាល់​កេរ្តិ៍​ដំណែលរបស់​ខ្លួន​នេះ ហើយ​ថា អាមេរិកមាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​​នេះ​ ដោយ​បាន​ផ្តល់​ប្រាក់​ចំនួន​ជាង ១៦០ លានដុល្លារ​អាមេរិក​ សម្រាប់​ការងារ​លុប​បំបាត់អាវុធ​​យុទ្ធភណ្ឌ​​មិន​ទាន់​ផ្ទុះ។

លោក វីល្លៀម ហៃដ្ត (William Heidt) បន្ត​ថា ពាក់​កណ្តាល​នៃ​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​លុប​បំបាត់​យុទ្ធភណ្ឌដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ទឹក​ប្រាក់​ពាក់​កណ្តាល​ទៀត​នោះ គឺ​ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេសកម្ពុជា នៅតាម​ចម្ការ​មីន​ដែល​មាន​គ្រោះ​ថ្នាក់ ២០​ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ស្ថានទូត​អាមេរិក​ថា​ការ​ចោទ​អាមេរិក​នៅ​ពី​ក្រោយ​ខ្នង​បដិវត្តន៍​ពណ៌​គឺ​ជា​រឿង​ខុស​ឆ្គង"

  1. people says:

    Veitcong mafia dictator don’t know the law &order of democracy because he been train by youn-veitcong hanoi and only know how to killed and do the dirty tricks ‘and he talk like wild buffalo ‘ .This veitcong mafia dictator never see the western democracy countries helping cambodian people he only see communist are good to him like stupid communist king si hak nouk ‘.Cambodian people had enough with this beast regime and veitcong mafia dictator ‘and cambodian people will never accepted veitcong mafia dictator to be a leader in this country but this one eye dictator rob everything from cambodian people . GOD bless all cambodian people’

  2. Anonymous says:

    Cambodian people think that Sok Ersan is not good people. Cambodian people do not believe Sok Ersan.

  3. Anonymous says:

    ពេលអាមេរិចបញ្ជាក់ជំហរផ្លូវការថាមិនពាក់ព័ន្ធផែនការផ្តួលរំលំរដ្ឋាភិបាលអញ្ចឹងទៅ តើ ហ៊ុន សែន និងបក្សពួករបស់គាត់ អាចមានអីជាឡេះចង់តវ៉ានិងចោទប្រកាន់លោក កឹម សុខា ទៀត? នេះជាភាពអាម៉ាស់មួយធំបំផុតជាប្រវត្តិសាស្ត្រ របស់ សែនកំហូច សែនទុច្ចរិត សែនកំសាក សែនអយុត្តិធម៏ សែនហឹង្សា សែនឃោឃៅ សែនផ្តាច់ការ សែនអាក្រក់ សែនពុតត្បុត …..អស់អ្វីយកមកបិទបាំងអំពើទុច្ចរិតចង់សម្លាប់និងរំលាយបក្សប្រឆាំង។ យុត្តិធម៏ត្រូវតែឈ្នះ។

Leave a Reply

Submit Comment