អាមេរិកច្រានចោលការចោទថានៅពីក្រោយបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 4:53 PM
http://vodhotnews.com

នយោបាយ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt



ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ច្រានចោលការចោទប្រកាន់ថា សហរដ្ឋអាមេរិក បានគាំទ្រពីក្រោយបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល និងទទូចឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារទី១២កញ្ញាឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានសំដែងការសោកស្ដាយនិងហួសចិត្ត ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ការចោទប្រកាន់ថា អាមេរិក នៅពីក្រោយគណបក្សសង្គ្រោះជាតិ និងប្រធានបក្សមួយនេះ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល របស់លោកនាយរដ្ឋមន្ដ្រី​ ហ៊ុន សែន។

លោកមានប្រសាសន៍ថា អត្ថបទដែលផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន អំពីការចាប់ខ្លួន លោក កឹម សុខា និងសហរដ្ឋអាមេរិក គឺជាការប្រឌិតឡើងដោយគ្មានមូលដ្ឋាន និងប្រាស់ចាកពីការពិតទាំងស្រុង។

លោកថា៖ «រាល់ការចោទប្រកាន់ ដែលលោកអ្នកឮ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្ដីពីសហរដ្ឋអាមេរិក គឺសុទ្ធតែខុសទាំងអស់។ អត្ថបទនៅក្នុងសារព័ត៌មាន (កាលពីពេល) ថ្មីៗនេះ ស្ដីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបានគេសរសេរខុសទាំងស្រុង និងដោយចេតនា ក្នុងការហៅអ្វី ដែលអាមេរិកកំពុងធ្វើនៅកម្ពុជា»។

លោក William Heidt អះអាងថា ចាប់តាំងពីបង្កើតស្ថានទូតនៅកម្ពុជាឡើងវិញនៅឆ្នាំ១៩៩៤ គឺរដ្ឋាភិបាលអាមេរិក មានគោលដៅសំខាន់ គឺដើម្បីស្ដារទំនាក់ទំនងការទូតប្រទេសទាំងពីរឡើងវិញ តាមរយៈការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ សុខភាពសាធារណៈ ជម្រុញប្រព័ន្ធយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យជាដើម។

លោកបន្ថែមថា ព្រឹត្តិការណ៍នយោបាយនៅកម្ពុជាប៉ុន្មានខែ ចុងក្រោយនេះ មិនប៉ះពាល់ដល់រដ្ឋាភិបាលអាមេរិកនោះទេ ប៉ុន្ដែគឺបង្កតែផលវិបាកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៅវិញទេ។

លោក William Heidt សង្ឃឹមថា ទំនាក់ទំនងកម្ពុជាអាមេរិក នៅតែអាចវិលទៅរកភាពប្រសើរឡើងវិញ និងថា ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ នឹងអាចទទួលយកបាន ទាំងមជ្ឈដ្ឋានជាតិ និងសហគមន៍អន្ដរជាតិ លុះណាតែ រដ្ឋាភិបាលបញ្ឈប់ការដាក់គំនាបលើអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងអនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើសកម្មភាព ដោយសេរី និងគ្មានការបំភិតបំភ័យ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល និង​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ថា ​បាន​ក្បត់​ជាតិ​ខ្មែរ​ ដោយ​សំអាង​ទៅ​លើ​វី​ដេអូ​ ដែល​លោក ថ្លែង​នៅ​ក្រៅប្រទេស​កាល​ពី​ឆ្នាំ​២០១៣។ ករណីនេះ រដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់​អាមេរិកថា បានផ្តល់ការគាំទ្រដល់បក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាល៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles