UN សម្តែង​ក្តី​ព្រួយបារម្ភ​អំពី​ស្ថានភាព ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បាន​ច្រានចោល​ការ​លើក​ឡើង​ទាំងអស់​នេះ​។

លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី ៣៦ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ថា​លោក​ «​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ទំនង​ជា​ធ្វើ​ឡើង​ដោយ​មិន​គោរព​ដំណើរការ​តាម​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ ឬ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​»​។

លោក សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា​នេះ​ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​។ Al Hussein ក៏​បាន​សម្ដែង​ក្តីបារម្ភ​អំពី​ «​ការ​ថ្លែង​ជា​សាធារណៈ​ជាច្រើន​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​អំពី​ទោស​របស់​លោក កឹម សុខា​» ពី​មុន​ពេល​លោក​និយាយ​អំពី​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ការ​បិទ​កាសែត​ ឌឹខេមបូឌាដេលី និង​ «​ការ​ដក​អាជ្ញាប័ណ្ណ​វិទ្យុ​ជាច្រើន​»​។

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ប្រេកង់​វិទ្យុ​ចំនួន ៣៣ ត្រូវ​បាន​បញ្ឈប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​នេះ​។ «​ខ្ញុំ​សូម​ជំរុញ​រដ្ឋាភិបាល​មុន​ការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​ក្រោយ​ត្រូវ​ធានា​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល​ពេញលេញ​ និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។

ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​ច្រានចោល​ក្តីបារម្ភ​ទាំងអស់​នោះ​ដោយ​ថ្លែង​ថា​កម្ពុជា​បាន​អភិវឌ្ឍ​ «​នៅក្នុង​ផ្លូវ​ផ្ទាល់​របស់​ខ្លួន​» ​ពី​ប្រទេស​ចំណូល​ទាប​ទៅ​ដល់​ប្រទេស​ចំណូល​មធ្យម​។

លោក​បន្ត​ថា​៖ «​ជា​អកុសល​ល្បិចកល​នយោបាយ​ត្រូវ​បាន​ធ្វើ​ឡើង​ជាប់​ជានិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​»​។ «​ស្ថាប័ន​បរទេស​មួយ​ចំនួន​បាន​ជួយ​បង្កើត​គោលនយោបាយ​ប្រទូស្ត​រាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​» ដែល​លោក​ថា បាន​រួម​ចំណែក​ទៅ​ដល់​ «​បដិវត្តន៍​ពណ៌​»​។

ការ​ភ្ជាប់​ណា​មួយ​ទៅ​នឹង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​ត្រូវ​បាន​លោក កែវ រ៉េមី លើក​ឡើង​ថា «​អយុត្តិធម៌​»​។

បន្ទាប់មក​លោក​បាន​សង្កត់​ធ្ងន់​អំពី​កិច្ចសហការ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដទៃៗ ប៉ុន្តែ​បាន​ថ្លែង​ជា​ដដែលៗ​អំពី​ការ​ជ្រៀតជ្រែក​ «​គួរ​ត្រូវ​បញ្ចៀស​»​។

ប៉ុន្តែ​មុន​កិច្ចប្រជុំ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ​ជំរុញ​រដ្ឋាភិបាល អង្គការ​សហប្រជាជាតិ​ឲ្យ​គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ «​ដែល​លើក​ឡើង​ដោយ​ផ្ទាល់​ពី​វិបត្តិ​សិទ្ធិមនុស្ស​» ដែល​កើតឡើង​នៅ​ក្នុង​បរិបទ​នៃ​ «​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​សង្គម​ស៊ីវិល និង​បរិយាកាស​សិទ្ធិ​នយោបាយ​ក្នុង​រយៈកាល​ពីរ​ឆ្នាំ​ចុង​ក្រោយ​» ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​រួម​ទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​គណៈកម្មការ​អន្តរជាតិ​នៃ​អ្នក​ជំនាញ​ច្បាប់​បាន​ឲ្យ​ដឹង​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​ដុនដាប​នេះ​កាន់តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ចំពោះ​ «​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា មេបក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា​»​។

បន្ទាប់មក​ពួកគេ​បាន​បន្ត​កត់ត្រា​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មក​នេះ​រួម​ទាំង​ការ​វាយដំ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៥ ដោយ​អង្គភាព​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផង​ដែរ ខណៈ​ដែល​រឿងក្តី​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដូចជា​ករណី​ប្តឹងប្តល់​ប្រឆាំង​លោក​ សម រង្ស៊ី ​លោក​ កឹម សុខា និង​ការ​ចាប់​មន្ត្រី​សិទ្ធិមនុស្ស​ចំនួន​ ៥ ​នាក់​ដាក់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ដែល​ករណី​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ជាទូទៅ​ថា​ជា​រឿង​នយោបាយ និង​ករណី​មួយ​ទៀត​គឺ​ការ​បន្ត​ឃុំឃាំង​សកម្មជន​បឹងកក់ និង​ជា​សកម្មជន​ការពារ​សិទិ្ធ​ស្ត្រី​គឺ​អ្នកស្រី​ ទេព វន្នី ​ដែល​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ហើយ​។

ក្រុម​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ផង​ដែរ ទៅ​ដល់​ការ​ធ្វើ​ឃាត​អ្នកវិភាគ​នយោបាយ​គឺ​លោក កែម ឡី ​ដែល​ពួកគេ​បាន​គូស​បញ្ជាក់​ថា​វា​បាន​កើតឡើង​ប្រាំ​ថ្ងៃ បន្ទាប់ពី​ឧត្តមសេនីយ៍​ជាន់ខ្ពស់​កម្ពុជា​បាន​អំពាវនាវ​ជា​សាធារណៈ ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​បង្ក្រាប​ «​នរណា​» ​ដែល​ធ្វើឱ្យ​ចលាចល​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លើសពី​នេះ​ទៀត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ​អំពី «​វោហារស័ព្ទ​នៃ​ការ​គំរាម​កំហែង​នយោបាយ​» រួម​ទាំង​ការ​លើក​ឡើង​អំពី​ «​បដិវត្តន៍​ពណ៌​» ​និង​ការ​ចាត់​ទុក​ថា​សកម្មភាព​របស់​លោក​ កឹម សុខា ជា​អំពើ​ «​ការ​ក្បត់​ជាតិ​» ​ជាដើម​។

ប៉ុន្តែ​កាលពី​ម្សិលមិញ​លោក​ រ៉េមី ​ថ្លែង​ថា​ការ​ព្រួយបារម្ភ​ទាំង​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​ដោយ​លោក​បាន​សង្កត់​ធ្ងន់​ថា​រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​។ លោក​បាន​ថ្លែង​បន្ត​ថា​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​គឺ​ធ្វើ​តាម​ច្បាប់​ហើយ​អ្នក​រិះគន់​បាន​យល់​ «​ខុស​» ​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​រំលោភ​លើ​អភ័យឯកសិទ្ធិ​សភា​។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រុម​ផ្សេងទៀត​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាលពី​ម្សិលមិញ​ដែល​ក្នុង​នោះ​រួមមាន​ទាំង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ( COMFREL) ​អង្គការ​អាដហុក​ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ដោយ​ពួកគេ​បាន​បញ្ជាក់​ថា​ពួកគេ​មាន​ការ​ «​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​» អំពី​ការ​សម្រេច​ចិត្ត​កាត់​ទោស​មេដឹកនាំ​គណបក្ស​នយោបាយ​ការ​កាត់​បន្ថយ​សេរីភាព​សារព័ត៌មាន​។ ដូច្នេះ​ហើយ​ពួកគេ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល «​ស្ដារ​ឡើង​វិញ​នូវ​បរិយាកាស​នយោបាយ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ និង​សន្តិភាព​ហើយ​អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​គណបក្ស​នយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​»៕ PS/NS


Contact author: Leonie Kijewski

What Next?

Recent Articles

2 Responses to "UN សម្តែង​ក្តី​ព្រួយបារម្ភ​អំពី​ស្ថានភាព ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា"

  1. people says:

    Cambodia is the fake democracy country’ this government never respected constitution or international law’ ‘ U N should kick this beast regime out from U N and shut everything not do business with this beast regime’.GOD bless all cambodian people’

  2. ម៉ាមី says:

    ម៉ាមី!
    ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិងទទួលស្គាល់ជាសាធារណៈថាជាស្ថាប័នដ៏ធំចំបងមួយនៅលើពិភពលោក ហើយជានិច្ចកាលបានបំពេញតួនាទីជាអ្នកថែទំា និងមើលការខុសត្រូវដល់បណ្តាប្រទេសទុន ទាប និងមានវិបត្តិ ពិសេសលើបញ្ហា “សិទ្ធិមនុស្ស” ប៉ុន្តែស្ថាប័នមួយនេះបានកកើតឡើងក្រោយឆ្នាំ១៩៧៥ ឫក្រោយឆ្នាំ ១៩៧៩ នោះឫយ៉ាងណា ខ្ញុំបាទមិនបានដឹងឲ្យប្រាកដ៍ដែរ។ ក្នុងទសវត្សនោះប្រជាពលរដ្ឋខ្មែររាប់លានអ្នកត្រូវបានគេវាយធ្វើបាបដូចគោដូចក្របី នរាសន៍ព្រាត់ប្រាស់ឪពុកម្តាយ បងប្អូនចាកចោលស្រុកកំណើត និងរស់នៅមិនស្មើនឹងសត្វទៀតផង បើធៀបទៅនឹងជនភៀសខ្លួននាពេលថ្មីៗនេះនៅប្រទេសភូមា យើងមើលឃើញថា៖ មិនដល់ប្រជាជនខ្មែរនោះទេ ត្រង់នេះខ្ញុំចង់និយាយថា ជនជាតិភាគតិចភូមាមួយនេះគេអាចទៅកន្លែងមួយដែលមានអង្គការសប្បុរសជនមួយចំនួនគេជួយ ដូចជាអង្គការគ្រូពេទ្យគ្មានព្រំដែន ដែលផ្តល់ការថែទំាលើផ្នែកសុខភាព និងផ្សេងទៀតផ្តល់ជាទឹក និងជម្រក មានជុំរំ បោះតង់និងអាចរស់នៅជាមួយកូនតូចៗ ។ តើស្ថានការណ៍នៅពេលនោះហេតុអីបានជាបរទេសមិនចាប់ អារម្មណ៍និងកម្ពុជាផង? ។ រឿងរ៉ាវគឺវាកើតចេញពីអាមេរិកនេះតែម្តង បើវាស្អប់ហើយមានប្រទេសណាគេអើតពើ អាមេរិកទុកឲ្យប្រជាជនខ្មែរខ្លួនឯងសាកល្បងរសជាតិ”គុម្មុយនីស្ត” ត្បិតអីកូនចៅរបស់ខ្លួន សេនាប្រមុខ លន់ ណុល ធ្វើសង្រ្គាមមិនឈ្នះខ្មែរក្រហម និងធ្វើឲ្យសេតវិមានមិនសប្បាយចិត្តនេះម្យ៉ាង ម្យ៉ាងវិញទៀតបើអាមេរិកសប្បាយចិត្តនឹងជួយ ចង់កោះហៅអង្គការសហប្រជាជាតិប្រជុំ២ដងក្នុង១សប្តាហ៍ក៍បានដែរ ព្រោះខ្លួនជាប្រទេសដែលមានអំណាច និងមានលុយ ធ្វើយ៉ាងណាគៀងគងគេឯងរកវិធីសាស្រ្តណាល្អ និងមានប្រសិទ្ធិភាពដើម្បីដាក់សម្ពាធលើប្រទេសគេ ។ មានតែកម្ពុជាខ្លួនឯងទេដែលត្រូវដោះស្រាយបញ្ហាផ្ទាល់ខ្លួន ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ។ យ៉ាងណាមានអង្គការសហប្រជាជាតិដែលជាភ្នែក ជាច្រមុះអាចជួយរកដំណោះស្រាយមួយប្រកដដោយយុត្តិធម៍ផងដែរ ក៏ប៉ុន្តែកុំឲ្យតែ “ពេក” ទៅបានហើយ ។ សុំទោស!