កម្ពុជា​បាត់​លុយ​ ៣១ ​​លាន​ដុល្លារ​ពី​ការ​នាំ​ខ្សាច់​ស៊ីលីកា​ទៅ​តៃវ៉ាន់

សាឡង់​បូម​ខ្សាច់​ស៊ីលិកា​នៅ​ខេត្ត​ព្រះសីហនុ​ដើម​ឆ្នាំ​ ២០១៦ ​សម្រាប់​នាំ​ចេញ​។ រូបថត មាតា​ធម្មជាតិ




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​រកឃើញ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បាត់​ចំណូល​ជា​ទឹកប្រាក់​ជាង​ ៣១ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ចេញ​ទៅ​កាន់​កោះ​តៃវ៉ាន់​ដោយ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចុះ​បញ្ជី​ ឬ​បន្ទាប​តួលេខ ហើយ​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ចុះ​ចេញ​ពី​តំណែង ខណៈ​ពេល​ដែល​សកម្មជន​ពីរ​នាក់​របស់​អង្គការ​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ម្សិលមិញ​។

កំណត់ត្រា​នៃ​ការ​នាំ​ខ្សាច់​ចេញ​របស់​កម្ពុជា និង​កំណត់ត្រា​របស់​ក្រសួង​ហិរញ្ញវត្ថុ​តៃវ៉ាន់​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ដែល​បង្ហាញ​ថា​កម្ពុជា​បាត់​ខ្សាច់​ជាង​ ១ ​លាន​តោន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង​ ៣១ ​លាន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ​ ២០១២ និង​ ២០១៦​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របស់​អង្គការ​មាតា​ធម្មជាតិ​កាលពី​ម្សិលមិញ​។

នេះ​ជា​ការ​រកឃើញ​ថ្មី​មួយ​ទៀត បន្ទាប់ពី​កម្ពុជា​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​ និង​ប្រទេស​ឥណ្ឌា ដែល​ទទួល​រង​ការ​ចោទប្រកាន់​ថា​បាត់​ខ្សាច់​ជាង​ ៧០ ​លាន​តោន តម្លៃ​ ៧០០ ​លាន​ដុល្លារ​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៦​។

តួលេខ​នេះ​ត្រូវ​បាន​អង្គការ​មាតា​ធម្មជាតិ​ទទួល​បាន​ពី​នាយកដ្ឋាន​គយ​តៃវ៉ាន់ ដែល​បញ្ជាក់​ថា​ប្រទេស​តៃវ៉ាន់​បាន​នាំ​ខ្សាច់​ចេញ​ពី​កម្ពុជា​​ចំនួន​ ១ ៥៣៣ ៨៥៥ តោន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​ ៣២ ២៧២ ០០០ ​ដុល្លារ​។

ដោយឡែក​តួលេខ​របស់​គយ និង​ពន្ធដារ​កម្ពុជា​វិញ​ឃើញ​មាន​ការ​នាំ​ចេញ​ទៅ​តៃវ៉ាន់​តែ​ ២៨ ៩០០ តោន​ស្មើ​នឹង​ទឹកប្រាក់​ចំនួន ២៧៥ ៦០៥,៩៨ ​ដុល្លារ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​។

តួលេខ​នេះ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បាត់​ខ្សាច់​រហូត​ដល់​ជាង​ ១ ​លាន​ ៥ ​សែន​តោន ដែល​មាន​​ចំនួន​ទឹកប្រាក់​ខុស​គ្នា​រហូត​ជាង​ ៣១ ​លាន​ដុល្លារ​។

លោក អាឡិចហាន់ ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​រដ្ឋាភិបាល​បណ្តេញ​ចេញ​ពី​កម្ពុជា​បាន​ថ្លែង​តាម​សារ​សំឡេង​ពី​ក្រៅ​ប្រទេស​មក​ថា​ការ​បាត់​ខ្សាច់​នេះ​គឺជា​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ដូច​ទៅ​នឹង​ការ​បូម​ខ្សាច់​នាំ​ចេញ​ទៅ​សិង្ហបុរី និង​ឥណ្ឌា ដែរ​។

លោក​ថ្លែង​ថា​៖ «​ការ​បាត់​នេះ​មិនមែន​បាត់​ដោយសារ​ការ​លិច​កប៉ាល់​ក្នុង​សមុទ្រ​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​ការ​ចុះ​បញ្ជី​ផ្លូវ​នៅ​ស្ថាប័នគយ និង​ពន្ធដារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​ប្រទេស​អ្នក​ទិញ​គឺ​តៃវ៉ាន់ អត់​មាន​បាត់​ទេ ព្រោះ​ប្រទេស​អ្នក​ទិញ​ទាំង​នោះ​មាន​ប្រព័ន្ធ​តុលាការ និង​ច្បាប់​តឹងរ៉ឹង​។ ហេតុ​នេះ​ខ្ញុំ​មិន​ជឿ​ថា​វា​មាន​ការ​នាំចូល​ខ្សាច់​ពី​កម្ពុជា​ខុស​ច្បាប់ ឬ​ទិញ​ពី​ «​កប៉ាល់​ខ្មោច​នោះ​ទេ​»​។ ​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​នៃ​ការ​ដឹក​ខ្សាច់​ទៅ​តៃវ៉ាន់​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ តែ​នៅ​ពេល​ដែល​គយ​ពន្ធដារ​ចុះ​បញ្ជី​ពី​ចំនួន ឬ​តម្លៃ​ខ្សាច់​ក្នុង​ប្រព័ន្ធ​របស់​គេ​គឺ​ពួកគេ​អត់​សរសេរ ឬ​ក៏​បន្ទាប​តួលេខ​។ រឿង​នេះ​ប្រាកដ ​១០០% ​ថា​អ្នក​មាន​អំណាច ស្ថាប័ន​ជំនាញ​ដឹង​។ តែ​ខ្ញុំ​ជឿ​ថា​គេ​បាន​ឃុបឃិត​គ្នា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​គេច​ពន្ធ ធ្វើ​ម៉េច​ឲ្យ​ខ្សាច់​គេច​ពី​កម្ពុជា​មិន​មាន​ចំណេញ​ដល់​រដ្ឋ ហើយ​បែរ​ជា​ចំណេញ​ដល់​ប្រទេស​ទិញ នាំ​ចូល បែប​ស្រួល បែប​ថោក ហើយ​ចំណេញ​អ្នក​រកស៊ី​ដល់​មន្ត្រី​ពុករលួយ​ដែល​ពាក់ព័ន្ធ​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​ករណី​នេះ​វា​ជាក់ស្តែង​ណាស់​ថា ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា និង​អំពើ​ពុករលួយ​រវាង​អ្នក​មាន​អំណាច​ជាមួយ​នឹង​ក្រុមហ៊ុន​នាំ​ខ្សាច់​ចេញ និង​ស្ថាប័ន​គយ និង​ពន្ធដារ​របស់​រដ្ឋាភិបាល​»​។

អង្គការ​មាតា​ធម្មជាតិ​បាន​​ផលិត​ខ្សែ​វីដេអូឃ្លីប​មួយ​ជាង​ ២ ​នាទី​ដោយ​មាន​សម្មជន​​បរិស្ថាន​ ៣ ​នាក់​កប់​ខ្សាច់​ត្រឹម​ក ហើយ​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​ការ​បាត់​ខ្សាច់​កម្ពុជា​ទៅ​ប្រទេស​តៃវ៉ាន់​នោះ​។

សកម្មជន​របស់​អង្គការ​នេះ​ឈ្មោះ លីម គីមស័រ បាន​និយាយ​ថា​ដោយ​ការ​បង្ហាញ​វត្ថុតាង​ជា​បន្តបន្ទាប់​នេះ​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ទទូច​ឲ្យ​មាន​ការ​ស៊ើបអង្កេត និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​ខ្មែរ ហើយ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ចុះ​ចេញ​ពី​តំណែង​។

សកម្មជន​បាន​និយាយ​នៅ​ក្នុង​ខ្សែ​វីដេអូឃ្លីប​ថា​៖ «​ពួក​ខ្ញុំ​ស្នើសុំ​ឲ្យ​ឯកឧត្តម ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ពិចារណា​លា​ឈប់​ពី​តំណែង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​ថ្មី​ផ្សេងៗ​ទៀត​ក្នុង​ការ​ស្តារ​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន និង​ជា​ការ​ផ្តល់​គំរូ​ដល់​កូន​ខ្មែរ​ឃើញ និង​អនុវត្ត​តាម​ផង​»​។

លោក ធុយ ឌីម៉ង អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​មាន​ប្រសាសន៍​ថា​លោក​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ដែរ​។ ប៉ុន្តែ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ដោយសារ​តែ​លោក​មិន​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​រ៉ែ​នោះ​។

ដោយ​ឡែក​ចំពោះ​ការ​ទាមទារ​ឲ្យ​លោក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង​វិញ លោក​ឌីម៉ង គ្រាន់តែ​បាន​ថ្លែង​ថា​ «​វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​និយាយ​ស្តី និង​បញ្ចេញ​មតិ​»​។

លោក យស មុនីរ៉ាក់ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ទទួល​បន្ទុក​ផ្នែក​ធនធាន​រ៉ែ និង លោក ម៉េង ស័ក្តិធារ៉ា ជា​រដ្ឋលេខាធិការ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក ស័ក្តិធារ៉ា ​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ភាព​ខុស​គ្នា​នៃ​តួលេខ​ខ្សាច់​នេះ​អាច​បណ្តាល​មកពី​បច្ចេកទេស​នៃ​ការ​កត់ត្រា ហើយ​លោក​ក៏​បាន​ឲ្យ​សួរ​ទៅ​ស្ថាប័នគយ និង​រដ្ឋាករ​ពី​កំណត់ត្រា​ខុស​គ្នា​នេះ​ផង​ដែរ​។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែង​ថា​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ដែរ​ពី​ម្សិលមិញ​។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខ្សាច់​ដ៏ចម្រូង​ចម្រាស​នេះ​ផង​ដែរ​សកម្មជន​បរិស្ថាន​ពី​អង្គការ​មាតា​ធម្មជាតិ​ឈ្មោះ ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ ​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​តែ​ចុះ​ទៅ​ថត​វីដេអូ​ឯកសារ​ពី​ការ​បូម​ខ្សាច់​នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​លោក​ឧកញ៉ា​ លីយ៉ុងផាត់ ​ក្នុង​ខេត្ត​កោះកុង​។ ក្រោយ​មក​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​សួរ​នាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

បន្ទាប់ពី​មាន​ការ​លាតត្រដាង​អំពី​ការ​បាត់​ខ្សាច់ ស៊ីលីកា​នាំ​ចេញ​ទៅ​តៃវ៉ាន់ កាលពី​ម្សិលមិញ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ សកម្មជន​មាតា​ធម្មជាតិ​ ២ ​នាក់​ឈ្មោះ ហ៊ុន វណ្ណៈ និង ឌឹម គុណឌី បាន​ថត​កប៉ាល់​យក្ស​ ២ ​គ្រឿង​ដែល​កំពុង​តែ​ចត​ទល់​មុខ​ឃុំ​ព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​គេ​សង្ស័យ​ថា​នឹង​ដឹក​ខ្សាច់​ស៊ីលីកា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

ប៉ូលិស​ និង​សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​ឃាត់​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់​កាលពី​វេលា​ម៉ោង ១០ និង ៤៥ នាទី ព្រឹក​ថ្ងៃ​ទី​​ ១២ ខែ​​កញ្ញា​នេះ​ហើយ​សមត្ថកិច្ច​កំពុង​បញ្ជូន​ពួកគេ​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ក្រោម​លេស​ថា​ដើម្បី​បន្ត​នីតិវិធី​។

ក្រុមហ៊ុន​ដែល​គេ​សង្ស័យ​ថា​​ នៅ​ក្រោម​ឱវាទ​របស់​លោក លី យ៉ុងផាត់ ​ដែល​មាន​រហស្សនាម​ថា​ស្តេច​កោះកុង​បាន​ដាក់​ពាក្យ​ប្តឹង​សកម្មជន​ទាំង​ពីរ​នាក់​នោះ​ថា​បាន​ចូល​ទៅ​ថត​វីដេអូ​នៅ​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​មួយ​នោះ​។

លោក ញៀប សំអឿន អ្នក​សម្របសម្រួល​អង្គការ​អាដហុក​បាន​ឲ្យ​ដឹង​ថា​ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ​។

លោក ឡាយ ម៉េងឡាំង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជាក់​ថា​បាន​ទទួល​អ្នក​ទាំង​ពីរ​មក​សួរ​៕

What Next?

Recent Articles

Leave a Reply

Submit Comment